អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​និង​សម្ព័ន្ធ​មិត្ត​ថ្កោល​ទោស​ពួក​តាលីបង់​ជុំវិញ​ការ​សម្លាប់​អតីត​មន្ត្រី​រដ្ឋាភិបាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋ​អាមេរិក​និង​ប្រទេស​សម្ព័ន្ធ​មិត្ត កាលពីថ្ងៃ​សៅរ៍ ៤ធ្នូ​ម្សិលមិញ​ បាន​ថ្កោលទោសពួក​តាលីបង់​ នៅក្រោយ​របាយការណ៍​ក្រុមសិទ្ធិ​មួយ​មនុស្ស​បង្ហាញ​ថា​ទាហាន​តាលីបង់​បន្ត​តាម​ប្រមាញ់​សម្លាប់​សមាជិក​នៃ​អតីត​មន្រ្តី​និង​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​។ បើ​យោង​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មាន​អតីត​ទាហាន​រដ្ឋាភិបាល​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​ប្រហារ​ជីវិតចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​សីហា​មក​។ តើ​របាយការណ៍​និយាយអ្វីខ្លះ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​របប​តាលីបង់​? ហើយ​ថា​តើ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​មាន​ប្រតិកម្មតប​យ៉ាងណា​ជុំវិញ​បញ្ហា​នេះ​?

ក្រោយរបាយការណ៍សិទ្ធិមនុស្សបង្ហាញថាទាហានតាលីបង់បន្តតាមប្រមាញ់សម្លាប់ អតីតមន្ត្រីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន នៅថ្ងៃសៅរ៍ ទី៤ ធ្នូ ឆ្នាំ២០២១ អាមេរិកនិងសម្ព័ន្ធមិត្ត បានចេញថ្កោលទោសពួកតាលីបង់។
ក្រោយរបាយការណ៍សិទ្ធិមនុស្សបង្ហាញថាទាហានតាលីបង់បន្តតាមប្រមាញ់សម្លាប់ អតីតមន្ត្រីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន នៅថ្ងៃសៅរ៍ ទី៤ ធ្នូ ឆ្នាំ២០២១ អាមេរិកនិងសម្ព័ន្ធមិត្ត បានចេញថ្កោលទោសពួកតាលីបង់។ AFP - BULENT KILIC
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​អំពី​ការ​សម្លាប់​អតីត​មន្ត្រី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន

នៅដើម​សប្តាហ៍នេះ​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​(HRW) បាន​ចេញ​របាយការណ៍​មួយ​កម្រាស់​ ២៥ ទំព័រ​ទាក់ទិន​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួកតាលីបង់​។

របាយការណ៍​នេះ​បង្ហាញថា​តាំង​ពី​ពួក​តាលីបង់​ចូល​កាន់​កាប់​ប្រទេស​ជិត​បួន​ខែ​មកនេះ​ មាន​ការ​ប្រហារ​ជីវិត​និង​ការ​ចាប់​ពង្រត់​អតីត​មន្ត្រី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ចំនួន​ជាង​១០០ នាក់​។ ពួកគេទាំងនោះ​មានតាំងពី​បុគ្គលិក​យោធា​ ប៉ូលិស​ ភ្ញាក់ងារ​ស៊ើបការសម្ងាត់​ និង​កងជីវពល​។

របាយការណ៍​កម្រាស់​២៥​ ទំព័រ​ខាងលើ​បាន​កត់ត្រាដែរ​ថា​មាន​ការ​សម្លាប់​សមាជិក​ចំនួន​ ៤៧ នាក់​នៃ​អតីត​កងកម្លាំង​សន្តិសុខ​អាហ្វហ្កានីស្ថាន​ដែល​បាន​ចុះចាញ់​ឬក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ពួកតាលីបង់​នៅ​ចន្លោះពី​ថ្ងៃទី​១៥​ សីហា​ ដល់ថ្ងៃ​ទី​៣១ ខែតុលា​ ឆ្នាំ២០២១​នេះ​។

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ថ្កោល​ទោស​របប​តាលីបង់​

ប៉ុន្មានថ្ងៃ​ក្រោយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ចេញផ្សាយ​របាយការណ៍​ដែល​ចងក្រង​ឯកសារ​អំពី​ការ​សម្លាប់​ឬក៏​ការចាប់ខ្លួន​អតីត​មន្ត្រីរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ អាមេរិក​និង​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ជាច្រើន​ បាន​ចេញ​ថ្កោសទោស​ចំពោះ​ទង្វើ​របស់​ពួកតាលីបង់​ដោយមិន​បង្អង់​ចាំ​យូរ​ឡើយ​។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​ កាលពីថ្ងៃសៅរ៍​ ទី៤ ធ្នូ​ ម្សិលមិញ​ ក្រុម​ប្រទេស​ចំនួន​ ២២​ ដឹក​មុខ​ដោយ​អាមេរិក​រួមមាន​ សហភាព​អឺរ៉ុប​ អូស្ត្រាលី​ អង់គ្លេស​ ជប៉ុន​ និង​ប្រទេស​ផ្សេងៗទៀត​បាន​ថ្កោលទោស​ពួកតាលីបង់​ និង​បាន​ទាមទារឲ្យ​របប​អ៊ីស្លាម​មួយនេះ​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ដែល​ថា​មិន​ធ្វើទុក្ខបុកម្នេញ​ ឬកាប់​សម្លាប់​អតីត​មន្ត្រី​និង​អតីត​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​នោះទេ​។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ សហរដ្ឋអាមេរិក​និង​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​បាន​គូស​បញ្ជាក់​ពីការព្រួយបារម្ភ​យ៉ាងខ្លាំង​របស់ពួកគេ​ចំពោះ​ការ​រកឃើញ​របស់​របាយការណ៍​នៃ​អង្គការ​សិទ្ធិមនុស្ស​។ ពួកគេ​បានអំពាវនាវឲ្យ​មាន​ការ​ស៊ើបអង្កេត​ពេញលេញ​លើ​គ្រប់​ករណី​នៃ​ការ​សម្លាប់​ក្រៅប្រព័ន្ធ​តុលាការ​ និង​ការ​បាត់ខ្លួន​ដោយបង្ខំ​។ ចំណែក​អ្នក​ដែល​ប្រព្រឹត្តខុស​ត្រូវ​តែ​ទទួលខុស​ត្រូវ​ចំពោះ​ទង្វើ​របស់ពួកគេ​។

ទន្ទឹម​នេះ​ អាមេរិក​និង​សម្ព័ន្ធមិត្ត​ដទៃទៀត​បាន​អំពាវនាវ​ផងដែរ​ឲ្យ​ក្រុម​តាលីបង់​អនុវត្ត​នូវ​ការ​លើកលែង​ទោស​ដល់​អតីត​បុគ្គលិក​យោធា​អាហ្វហ្កានីស្ថាននៃ​រដ្ឋាភិបាល​ចាស់​ដែល​ធ្លាប់​ទទួលបាន​ការ​គាំទ្រ​ពី​ទីក្រុងវ៉ាស៊ីនតោន​។

សម្រាប់អាមេរិក​និង​សម្ព័ន្ធមិត្ត​សកម្មភាព​តាមប្រមាញ់​សម្លាប់​របស់​ពួកតាលីបង់ដែល​មាន​ក្នុង​របាយការណ៍​គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរណាស់​ ហើយ​វា​ផ្ទុយ​ទៅ​នឹង​ការ​សន្យា​របស់​ពួកតាលីបង់​ដែល​ធ្លាប់​បាន​ប្រកាសក្តែងៗ​ថា​នឹង​​លើក​លែង​ទោស​គូប្រជែង​របស់​ខ្លួន​។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​ដដែល​ ក្រុមប្រទេសដឹកមុខ​ដោយ​អាមេរិកទាំងជាង ២០​ ប្រទេស​ក៏បានរំឭកឡើងវិញដែរថា​ពួកគេនឹង​ទទួលស្គាល់​ឬមិន​ទទួលស្គាល់​របប​គ្រប់គ្រង​តាលីបង់​គឺ​ដោយ​អាស្រ័យ​លើ​សកម្មភាព​ជាក់ស្តែង​របស់​ តែ​មិនមែន​ជា​ពាក្យសម្តី​សន្យា​តែ​មាត់​ឡើយ​។

ការ​រំលោភ​សិទ្ធិ​នៅ​អាហ្វហ្កានីស្ថាន

បញ្ហា​គោរព​សិទ្ធិមនុស្ស​និង​សិទ្ធិស្ត្រី​ជាដើម​គឺជា​ចំណុច​រស៊ើប​ខ្លាំង​សម្រាប់​របប​តាលីបង់​។ ចំណុច​ទាំងនេះ​ គឺជា​ឯកតា​សម្រាប់​សហគមន៍​អន្តរជាតិ​ជាពិសេស​ប្រទេស​លោក​ខាងលិចវាស់​វែង​ថ្លឹងថ្លែង​មុន​នឹង​ប្រកាស​ទទួល​ស្គាល់​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​ពួកតាលីបង់។

មេដឹកនាំថ្មី​របស់​អាហ្វហ្កានីស្ថាន​បាន​និង​កំពុងស្វែង​រកការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ចំពោះ​ការ​គ្រប់គ្រង​របស់​ពួកគេ​។ មេដឹកនាំ​តាលីបង់​សព្វថ្ងៃ​ដែល​ចង់​ទទួល​បាន​ការ​គោរពរាប់អាន​ពីអន្តរជាតិ​ បាន​សន្យា​ថា​នឹង​កែប្រែ​របៀប​គ្រប់គ្រង​ថ្មី​។ ពួកគេបាន​ប្រកាស​ថា​នឹង​មិន​សងសឹក​គូប្រជែង​ គោរព​សិទ្ធិ​ស្រ្តីនិង​គោរព​សិទ្ធិ​សេរី​ភាព​សារពត៌មាន​ជាដើម​។ល។

ក៏ប៉ុន្តែ​ អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស​បាន​និយាយ​នៅក្នុង​របាយការណ៍​របស់ខ្លួនថា​បន្ទាប់ពី​ចូល​កាន់កាប់ប្រទេស​វិញ​ មេដឹកនាំតាលីបង់​បាន​បន្ត​អនុវត្ត​ការដាក់​ទណ្ឌកម្ម​ដោយ​ហិង្សា​ដដែល​លើ​អតីតគូប្រជែង​។

អង្គការ​សហប្រជាជាតិ​ដែល​យល់ថា​របាយការណ៍​របស់​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​គួរឲ្យ​ទុកចិត្ត​បាន​ បាន​សម្តែង​ការ​ព្រួយបារម្ភអំពី​ការ​តាម​ប្រមាញ់​តាម​សម្លាប់​សមាជិក​នៃអតីតមន្រ្តី​និង​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ពី​សំណាក់​ទាហាតាលីបង់​ដើម្បី​សងសឹក​។

ដោយឡែក​ ទីក្រុងវ៉ាស៊ីនតោន​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រីតាលីបង់​កាលពី​ដើម​សប្តាហ៍នេះ​ដែល​ជា​ជុំទីពីរ​នៃ​ការ​ពិភាក្សា​ចាប់តាំង​ពី​ការ​ចាកចេញ​របស់​កងទ័ព​អាមេរិក​។ នៅ​ក្នុង​កិច្ចពិភាក្សា​ឯទី​ក្រុង​ដូហា​ប្រទេសកាតា​ មន្ត្រី​អាមេរិក​ធ្លាប់​បាន​ជំរុញរួចហើយ​ឲ្យ​ក្រុម​តាលីបង់​ដែល​ជាអ្នក​ប្រកាន់​វិន័យ​អ៊ីស្លាម​តឹងរ៉ឹង​ផ្តល់​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ដល់ស្ត្រី​ និង​កុមារី​នៅ​ទូទាំង​ប្រទេស​។

ក្នុង​អំឡុង​ពេល​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​តាលីបង់​កាលណោះ​ អាមេរិក​ក៏បាន​សម្តែង​ផង​ដែរ​នូវ​ការព្រួយបារម្ភយ៉ាងខ្លាំង​របស់ខ្លួន​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ជាច្រើន​អំពី​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេសអាហ្វហ្កានីស្ថាន​ក្រោម​ការ​គ្រប់គ្រង​របស់​ពួកតាលីបង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ