អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូមីក្រុងធ្វើ​ឲ្យ​ប្រទេស​នៅអឺរ៉ុប​ចាត់វិធានការរឹតបន្តឹងនៅថ្ងៃ​បុណ្យឆ្លងឆ្នាំសកល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាមួយ​នឹង​សន្ទុះឆ្លង​លឿនខ្លាំង​នៃ​មេរោគបំប្លែងខ្លួន អូមីក្រុង ប្រទេស​នៅអឺរ៉ុប​ចាប់ផើ្តម​ចាត់វិធានការ​រឹតបន្តឹងឡើងវិញនៅ ថ្ងៃ​បុណ្យ​ឆ្លងឆ្នាំ​សកល ថ្ងៃសុក្រទី ៣១​ធ្នូ​២០២១។ មេរោគបំប្លែងខ្លួន អូមីក្រុង និង​ដែលតា បានធ្វើ​ឲ្យ​ចំនួនអ្នកឆ្លងថ្មី ស្ទុះកើនខ្លាំង បំបែកឯតទគ្គកម្ម រាល់ថ្ងៃ ដូចជានៅប្រទេស​បារាំង ជាដើម ជាទី ដែល​ចំនួន​មនុស្ស​ឆ្លងកូវីដ​បានកើនឡើងដ៏ខ្ពស់ ដល់ទៅ ជាង ២សែននាក់ ក្នុង​មួយថ្ងៃ​ពុធ​ម្សិលមិញ។ នៅក្នុងពិភពលោក ចំនួន​មនុស្ស​ឆ្លងមេរោគកូវីដ មានជាមធ្យម ជាង ៩សែននាក់ ក្នុង​មួយថ្ងៃ ដែល​ជា​ចំនួន​ដ៏ច្រើន មិនធ្លាប់មាន គិត​ចាប់តាំង​ពីជំងឺកូវីដ បានផ្ទុះឡើង​ដំបូង នៅទីក្រុង​វូហាន​ប្រទេស​ចិន កាលពី​២ឆ្នាំមុន។

ស្ត្រីម្នាក់ធ្វើតេស្តរកមេរោគកូវីដ នៅ​ទីក្រុង​ញូវយ៉ក នៅពេលអូមីក្រុង​កំពុងសាយភាយ រាលដាល​ខ្លាំង។ ថ្ងៃទី ២៧ធ្នូ ២០២១
ស្ត្រីម្នាក់ធ្វើតេស្តរកមេរោគកូវីដ នៅ​ទីក្រុង​ញូវយ៉ក នៅពេលអូមីក្រុង​កំពុងសាយភាយ រាលដាល​ខ្លាំង។ ថ្ងៃទី ២៧ធ្នូ ២០២១ REUTERS - JEENAH MOON
ផ្សាយពាណិជ្ជកម្ម

នៅពេល ចំនួនអ្នកឆ្លងកូវីដ​ថ្មី​ចេះតែកើនឡើង បំបែកឯតទគ្គកម្ម​រាល់ថ្ងៃ​ ប្រទេស​មួយ​ចំនួន នៅអឺរ៉ុប តាំង​ពី​បារាំង អ៊ីតាលី ក្រិក អាល្លឺម៉ង់ ជាដើម បាន​បង្កើនវិធានការរឹតបន្តឹង​បន្ថែម នៅក្នុង​ឱកាស​ថ្ងៃឆ្លងឆ្នាំ​សកល។

ពីថ្ងៃទី ២២ ដល់​ថ្ងៃទី ២៨​ធ្នូ មនុស្ស​ប្រមាណ ៩៣៥០០០នាក់ ក្នុងពិភពលោក​បាន​ឆ្លងមេរោគកូវីដ ក្នុង​មួយថ្ងៃៗ។ តួលេខ​របស់​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP បាន​បង្ហាញថា បើប្រៀបធៀប​សប្តាហ៍កន្លងទៅ ករណីឆ្លងកូវីដ​បានកើនឡើង ៣៧%។

ដោយសារ​ជំងឺកូវីដ​នៅមិនទាន់​ទៅណាឆ្ងាយ ដូច្នេះ គេ​មិនអាច​រៀបចំ​ពិធីបុណ្យឆ្លងឆ្នាំ​សកល​ដោយ​សេរី និង​អធិកអធម ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុនៗ​នោះទេ។ ដូច​ឆ្នាំ ២០២០ ពិភពលោក​ត្រូវ​ប្រារព្ធ​បុណ្យចូលឆ្នាំ​ថ្មី ក្នុង​បរិយាកាស​ដ៏ប្រុងប្រយ័ត្នបំផុត ដើម្បី ការពារ ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ១៩ ជាពិសេស នៅក្នុង​កាលៈទេសៈ​ដែល​មេរោគកូវីដ​បំប្លែងខ្លួន​ថ្មី អូមីក្រុង ងាយនឹងឆ្លង ហើយ​ឆ្លងលឿនខ្លាំង ទ្វេរដង​បើប្រៀបធៀប​នឹង​មេរោគដែលតា ដែលមាន​ប្រភពមក​ពី​ឥណ្ឌា។

ប៉ុន្តែ ខុស​ពី​ឆ្នាំ ២០២០ ដែល ពិធីបុណ្យឆ្លងឆ្នាំ​សកល​ត្រូវ​ធ្វើឡើង​ក្នុង​បរិយាកាស​ដ៏តឹងតែង បំផុត ដោយសារ​ត្រូវ​អនុវត្ត​វិធានការ​បិទខ្ទប់ប្រទេស បម្រាមគោចរ និង​ហាម​មិន​ឲ្យ​គេ​ធ្វើ​កម្មវិធីបុណ្យ​អធឹក​អធម នៅ​ឆ្នាំ​នេះ វិធានការ​សុខាភិបាល សម្រាប់​ឱកាស​បុណ្យឆ្លងឆ្នាំ​សកល​មានលក្ខណៈធូរស្រាល​ជាងមុន។ ឧទាហរណ៍ នៅប្រទេសបារាំង ដោយសារ​តែ​ករណីឆ្លងកូវីដ​ថ្មី កើនឡើងលឿនស្លេវ ដូចបាញ់ព្រួញ ដល់​ទៅ ជាង ២សែនករណី​ក្នុង​មួយថ្ងៃ​យ៉ាងដូច្នេះ រដ្ឋាភិបាល​បាន​ផ្តោតសំខាន់​លើ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ដូសទី​៣ ឬ​ដូសជំរុញ។ នៅថ្ងៃពុធ បន្ថែម​ពីលើ​វិធានការថ្នាក់ជាតិ អាជ្ញាធរ នៅទីក្រុង​ប៉ារីស ក៏ដូចជា​នៅក្នុង​តំបន់​Iles de France ទាំងមូល ជាទីដែលនឹងអាចមាន​កម្មវិធី​ជួបជុំ​អបអរ​បុណ្យចូលឆ្នាំថ្មីច្រើននោះ បាន​សម្រេចចាត់វិធានការ តម្រូវ​ឲ្យគេ​ពាក់ម៉ាស នៅតាម​ផ្លូវ​ឡើងវិញ ចំណែក បារ​ដែលជា​កន្លែងជួបជុំផឹកស៊ី រាំច្រៀង ត្រូវ​បិទទ្វារ​បន្តទៀត រហូត​ដល់​ពាក់កណ្តាល​ខែ​មករា។

នៅប៉ារីស អាជ្ញាធរ​បាន​កាត់បន្ថយ​ម៉ោង ជប់លៀង​ឆ្លងឆ្នាំ មកនៅ​ត្រឹម​ម៉ោង ២ភ្លឺ ចំណែក ការជួបជុំ​ផឹកស៊ី នៅ​កន្លែង​សាធារណៈ ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី ត្រូវ​ហាមឃាត់។ តាម​ក្រសួង​មហាផ្ទៃបារាំង ប៉ូលិស និង​ទាហាន​ជិត ៩ពាន់នាក់ ត្រូវ​ពង្រាយ​នៅ​យប់​ថ្ងៃបុណ្យ​ឆ្លងឆ្នាំ​ដើម្បី ធានា​ឲ្យ​មានការគោរព​វិធានការ​រឹតបន្តឹង​សុខភាព។ អ្នកដែលប្រឆាំង មិន​គោរព ពាក់ម៉ាស ជាដើម ត្រូវប្រឈម​បង់ប្រាក់ពិន័យ ១៣៥អឺរ៉ូ។

នៅ​ក្រិក អាជ្ញាធរ​បាន​ហាមមិន​ឲ្យ​គេ​ចាក់ភ្លេង​នៅតាម​ភោជនីយដ្ឋាន និងនៅតាម​បារ រង្គសាល ដើម្បី កាត់បន្ថយ​ចំណង់​របស់​មនុស្ស​មិន​ឲ្យ​ទៅជួបជុំ សប្បាយឆ្លងឆ្នាំ នៅក្រៅផ្ទះ។ នៅអាល្លឺម៉ង់ ក្រៅតែ​ពី​បញ្ជា​ឲ្យ​បិទរង្គសាល អាជ្ញាធរ​បានហាម​មិន​ឲ្យ​មានការជួបជុំមនុស្ស​ច្រើនជាង ១០នាក់ សម្រាប់​អ្នកដែល​បានចាក់វ៉ាក់សាំង និង​អនុញ្ញាត​ឲ្យមានការជួបជុំ​តែរវាង​២គ្រួសារ​ប៉ុណ្ណោះ សម្រាប់អ្នកដែល​មិនបាន​ចាក់វ៉ាក់សាំង។ នៅ​ប្រទេស​ម៉ិកស៊ិក​ អភិបាលក្រុង​បានសម្រេច​លុបចោល​ការប្រារព្ធពិធីបុណ្យចូលឆ្នាំ​ថ្មី​តែម្តង ដើម្បី​បង្ការ​ទប់ស្កាត់​រលកឆ្លងថ្មី ដែល​អាច​ ខ្លាំង​ដូច​ទឹកហូរបាក់ទំនប់ ដោយសារ​អូមីក្រុង។

មេរោគបំប្លែងខ្លួន​អូមីក្រុង​មិនសូវ​គ្រោះថ្នាក់ខ្លាំង ធ្វើ​ឲ្យ​មនុស្សធ្លាក់​ខ្លួនឈឺធ្ងន់ធ្ងរ ដូចជា​មេរោគកូវីដ ដែលតា ប៉ុន្តែ ហេតុអ្វី​ គេ​ត្រូវ​រឹតបន្តឹង នៅថ្ងៃ​បុណ្យឆ្លងឆ្នាំ​សកល?

អាជ្ញាធរ​សុខាភិបាលនៅតាម​ប្រទេស​ដែលកំពុង​មានការឆ្លងខ្លាំង ដូចជា​បារាំង អង់គ្លេស អាមេរិក ជាដើម ទទួល​ស្គាល់​ថា ទោះជា​ករណីឆ្លងកូវីដ​បាន​កើនឡើង លឿនខ្លាំង ដោយសារ​មេរោគកូវីដ​បំប្លែងខ្លួន អូមីក្រុង ប៉ុន្តែ ចំនួន​អ្នកជំងឺធ្លាក់ខ្លួន​ឈឺធ្ងន់ នៅតាម​មន្ទីរពេទ្យ មិន​សូវ​កើនឡើងខ្លាំង ដូច​កាលពី​១ឆ្នាំ មុននោះទេ។ ការអះអាង​នេះ​បាន​បញ្ជាក់​សាជាថ្មី មេរោគកូវីដ​បំប្លែងខ្លួន អូមីក្រុង ងាយឆ្លង ហើយ​ឆ្លងលឿន ប៉ុន្តែ មិន​សូវគ្រោះថ្នាក់ គំរាមកំហែង​ដល់​ជីវិត ដូចជា មេរោគ​ដែលតា។ ប៉ុន្តែ នេះមិនមែនមានន័យថា គេ​ត្រូវ​មើលស្រាលវាដែរ។ ទោះជា​អូមីក្រុង​មិនគ្រោះថ្នាក់​ធ្វើ​ឲ្យ​អ្នកឆ្លង​ធ្លាក់​ខ្លួន​ឈឺខ្លាំង ប៉ុន្តែ រឿងនេះ កើតមាន​សម្រាប់​តែអ្នកដែលបាន​ចាក់វ៉ាក់សាំង​រួចហើយតែប៉ុណ្ណោះ។ ជាក់ស្តែង នៅ​អង់គ្លេស ក្រុមគ្រូពេទ្យ​បាននិយាយ​ប្រាប់​នាយករដ្ឋមន្រ្តីអង់គ្លេស ថា អ្នកដែល​ធ្លាក់​ខ្លួនឈឺធ្ងន់​៩០%​ក្នុង​បន្ទប់សង្រ្គោះបន្ទាន់ គឺ​ជាអ្នក​ដែល​មិនបាន​ចាក់វ៉ាក់សាំង​ដូសជំរុញ។

បើសិន អូមីក្រុង​ងាយឆ្លង និង​ឆ្លងលឿនខ្លាំង ជាង​មេរោគ​ដែលតា ដល់ទៅ ២ដង យ៉ាងដូច្នេះ វា​នឹង​ឆ្លងរីកសាយភាយ​ទៅដល់​អ្នកដែលមិនបាន​ចាក់វ៉ាក់សាំង និងអ្នកដែលនៅមិនទាន់​បាន​ចាក់វ៉ាក់សាំង​ដូសទី​៣ ឬ​ដូសជំរុញ។ អ្វីដែលគេ​ឲ្យគេបារម្ភខ្លាំង​ពីផលវិបាក​របស់វា គឺ​ការដាក់សម្ពាធ ទៅលើប្រព័ន្ធ​មន្ទីរពេទ្យ។

នៅថ្ងៃ​ពុធ​ម្សិលមិញ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​សាជាថ្មី ពីការគំរាមកំហែង​របស់​អូមីក្រុង​ទៅលើប្រព័ន្ធមន្ទីរពេទ្យ និង​សុខភាព​របស់​បុគ្គលិកពេទ្យ ដែល​កាន់តែ​ហត់នឿយខ្លាំង ដោយសារ ត្រូវ​ព្យាបាល អ្នកជំងឺ​កូវីដ ២ឆ្នាំមកនេះ។ ត្រូវដឹងថា បើទោះជា​អូមីក្រុង​មិនគ្រោះថ្នាក់​ដល់​ជីវិត ប៉ុន្តែ វា​បាន​ឆ្លងលឿនទៅមនុស្ស​គ្រប់​មជ្ឈដ្ឋាន។ មន្ទីរពេទ្យ ទីភ្នាក់ងារ​ជួយសង្រ្គោះ ដូចជា Pompier ក្រុមពន្លត់អគ្គិភ័យ ដែលមាន​នាទី​ជាអ្នកដឹក​អ្នកជំងឺ​ទៅពន្ទីរពេទ្យ​ដែរនោះ​ចាប់ផ្តើម​ខ្វះបុគ្គលិក​បណ្តើរៗ ដោយសារ​ពួកគេ​មួយចំនួន បាន​ឆ្លង​មេរោគកូវីដ ឬ​ត្រូវ​ធ្វើ​ចត្តាឡីស័ក ដោយសារ​ជា​ករណីជាប់ពាក់ព័ន្ធ​នឹង​អ្នកជំងឺកូវីដ។ បើសិន​មន្ទីរពេទ្យ ខ្វះបុគ្គលិក​ធ្វើការ បូកផ្សំ​នឹង​ចំនួនអ្នកជំងឺកូវីដ ឡើងចាល់​នៅមន្ទីរពេទ្យ យ៉ាងដូច្នេះ ចង់​ឬ​មិនចង់ នឹងអាច​មនុស្ស​ស្លាប់ ដោយសារ​តែ​គ្មានការព្យាបាល​ដិតដល់។

ការចាក់វ៉ាក់សាំង​មិនស្មើភាពគ្នា​ក្នុងពិភពលោក​​ផ្តល់​ឱកាស​ឲ្យ​មេរោគកូវីដ​បំប្លែងខ្លួនថ្មីបន្ត លេចមុខគំរាមកំហែង​ពិភពលោក

នៅឆ្នាំមុន គេ​ធ្លាប់​សង្ឃឹម​ច្រើន​ថា វ៉ាក់សាំង​នឹង​ជួយឲ្យ​គេ​ងើបចាកផុត ពី​វិបត្តិកូវីដ។ ប៉ុន្តែ ២ឆ្នាំ មកហើយ មេរោគកូវីដ​នៅតែរុកគួន​មនុស្សលោក​មិន​ឲ្យ​បាន​សុខ នោះបើទោះបី​ជាគេ​បាន​រកឃើញ វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​ក្តី។ មាន​មតិ​មួយចំនួន​បាន​ចោទ​ឡើងវិញ ពី​សារៈប្រយោជន៍នៃ ថ្នាំ​បង្ការជំងឺកូវីដ។

វ៉ាក់សាំង​បង្ការជំងឺកូវីដ ដែលគេ​បានរកឃើញ និង​ផលិតចែកចាយ ចាក់ពេញពិភពលោក​សព្វថ្ងៃ នៅ​មិនទាន់​មាន​សមត្ថភាព​ទៅប្រយុទ្ធប្រឆាំង ធ្វើ​ឲ្យ​មេរោគកូវីដ​រលាយ​បាត់​ពីផែនដី​នោះទេ។ ប៉ុន្តែ វា​បាន​ជួយ​ឲ្យ​អ្នកដែល​បាន​ចាក់ពេញគ្រប់ដូស​ហើយ មិនធ្លាក់ខ្លួន​ឈឺធ្ងន់។ រឿងនេះ​សំខាន់​ណាស់។ គេ​នៅចាំបានថា នៅពេល មេរោគកូវីដ​កំពុង​ធ្វើទុក្ខខ្លាំង ហើយគេ​នៅមិនទាន់​មាន​វ៉ាក់សាំង នៅ​ចុងឆ្នាំ ២០២០ មនុស្សស្លាប់​ដោយសារ​កូវីដនៅក្នុង​ពិភពលោក​មាន​ចំនួន​ច្រើន​ រាប់ម៉ឺននាក់ ក្នុងមួយថ្ងៃៗ ប៉ុន្តែ ចាប់តាំង​ពីមាន​វ៉ាក់សាំង មនុស្ស​ដែល​ធ្លាក់ខ្លួនឈឺធ្ងន់ និង​ត្រូវ​ចូលព្យាបាល​នៅ បន្ទប់សង្រ្គោះបន្ទាន់ ហើយ​និង​ចំនួន​មនុស្សស្លាប់ បាន​ធ្លាក់ថយចុះ ជាបន្តបន្ទាប់ នៅ​៣សប្តាហ៍ចុងក្រោយនេះ នោះបើទោះបីជា​ករណី​ឆ្លងកូវីដ​បាន​កើនឡើង​ដល់​កម្រិតមួយដ៏ខ្ពស់​ក៏ដោយ។

ម្យ៉ាង ​គេ​ជឿថា វ៉ាក់សាំង​បង្ការកូវីដ​នៅតែ​មិនទាន់​អាច​យកឈ្នះ បង្រ្កាប​ឲ្យ​មេរោគកូវីដ​រលត់រលាយ​ទៅវិញ បាន ក៏ដោយសារ​តែ កម្រិតចាក់វ៉ាក់សាំង​បង្ការកូវីដ នៅតែ​មិនពេញលេញ គ្រប់ទីកន្លែង​ក្នុង​ពិភពលោក។ ការចាក់វ៉ាក់សាំង​បង្ការកូវីដ​ប្រមូលផ្តុំច្រើន​តែ​នៅបណ្តាប្រទេស​អ្នកមាន ចំណែក នៅប្រទេស​ក្រីក្រ នៅតែ​ខ្វះវ៉ាក់សាំង គ្មានវ៉ាក់សាំង គ្រប់គ្រាន់​សម្រាប់​ចាក់ឲ្យប្រជាជន​របស់ខ្លួន។ ដរាបណា ការចែកចាយ​វ៉ាក់សាំង នៅតែ​មិនស្មើភាគគ្នា នៅតែ​លំអៀង​ទៅរក​ប្រទេស​អ្នកមាន​មួយក្តាប់តូច នោះ ទោះ​វ៉ាក់សាំង​រកឃើញ​ថ្មី មាន​ប្រសិទ្ធិភាព​ប៉ុណ្ណា ក៏នៅតែ​មិនអាច​ទៅលុបបំបាត់​មេរោគកូវីដ​បានដែរ។ មេរោគ​កូវីដ ដែលសកម្មខ្លាំង ក្នុងចំណោម​ប្រជាជន​ដែលគ្មាន​បានចាក់វ៉ាក់សាំង កាន់តែ​អាច​ផ្លាស់ប្តូររូបរាង  បំប្លែងខ្លួនថ្មី រហូត ហើយនិងនៅតែ​អាច​ឆ្លងរាលដាល គំរាមកំហែង​ពិភពលោក គ្មានថ្ងៃ​បញ្ចប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ