អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ប្រកាស​ថា​នឹង​នៅ​តែ​បន្ត​ធ្វើ​ទំនើប​កម្ម​សព្វា​អាវុធ​នុយ​ក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អង្គារ ទី៤ មករា​ ឆ្នាំ២០២២នេះ​ ស្របពេល​បញ្ជាក់​ថា​នឹង​នៅតែបន្ត​ធ្វើទំនើបកម្ម​សព្វាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ ចិន​បាន​ឆ្លៀត​ទាមទារ​ឲ្យ​រុស្ស៊ី​និង​អាមេរិក​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ទៅ​វិញ​។ សេចក្តី​ប្រកាស​របស់​ចិន​ធ្លាក់មក​ក្រោយ​ប្រទេស​មហា​អំណាច​ពិភពលោក​រួមមាន​អាមេរិក​ រុស្ស៊ី​ អង់គ្លេស ​បារាំង​ និង​ចិន​ខ្លួនឯងផង​ទើប​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​សន្យា​មិន​ឲ្យ​មាន​សង្រ្គាម​នុយក្លេអ៊ែរ​។

អ្នកទស្សនាគ្រវីទង់ជាតិចិននៅពីមុខរថយន្តយោធាដែលដឹកមីស៊ីលបាលីស្ទិក DF-41 ក្នុងអំឡុងពេលក្បួនដង្ហែរំលឹកខួបលើកទី៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។
អ្នកទស្សនាគ្រវីទង់ជាតិចិននៅពីមុខរថយន្តយោធាដែលដឹកមីស៊ីលបាលីស្ទិក DF-41 ក្នុងអំឡុងពេលក្បួនដង្ហែរំលឹកខួបលើកទី៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ដ៏កម្រមួយ​ ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ចំនួន​ ៥​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រួមមាន​អាមេរិក​ ចិន​ រុស្ស៊ី​ អង់គ្លេស​ និង​បារាំង​បាន​សន្យា​បញ្ចៀស​មិនឲ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ​នោះទេ​។

ប្រទេសទាំង ៥​បាន​ប្រកាសថា​គ្មាន​អ្នកណា​ម្នាក់​ឬប្រទេសណាមួយ​នឹង​ទទួល​ជ័យ​ជម្នះ​ពី​ការ​ធ្វើ​សង្រ្គាម​នុយក្លេអ៊ែរឡើយ​ ហើយ​បាន​សន្យាថានឹង​ពង្រឹង​វិធានការ​របស់​ពួកគេ​ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដោយគ្មាន​ការអនុញ្ញាត​ឬក៏​ដោយ​អចេតនា​។

ចិន​ប្រកាស​ថា​នឹង​បន្ត​ធ្វើ​ទំនើបកម្ម​សព្វាអាវុធ​នុយក្លេអ៊ែរ

ក៏ប៉ុន្តែ​នៅមួយថ្ងៃក្រោយចេញសេចក្តី​ថ្លែងការណ៍​ ពោលគឺ​នៅថ្ងៃអង្គារ​ ទី៤ មករា​ ឆ្នាំ២០២២​នេះ​ ចិនបាន​គូស​បញ្ជាក់ថា​នឹង​នៅតែបន្តធ្វើទំនើបកម្ម​សព្វាវុធ​នុយក្លែអ៊ែររបស់ខ្លួន​ និង​បាន​ឆ្លៀត​ទាមទារឲ្យ​អាមេរិក​ និង​រុស្ស៊ីកាត់បន្ថយ​អាវុធ​ប្រភេទនេះ​ទៀតផង​។

ទីក្រុងប៉េកាំង​បាន​ពន្យល់​ប្រាប់ថា​ការ​បន្តធ្វើទំនើបកម្ម​អាវុធនុយក្លេអ៊ែរ​របស់ខ្លួន​គឺ​ក្រោម​ហេតុផល​សន្តិសុខ​ការពារ​សុវត្ថិភាពជាតិ​ដែលជា​ហេតុផល​ឲ្យ​គេ​អាច​ទុកចិត្ត​ចិន​បាន​។

ការ​ប្រកាស​របស់​ប្រទេស​ចិន​ធ្វើឲ្យគេយល់កាន់​តែច្បាស់​ណាស់​ថា​ ការ​និយាយ​ឬ​ពាក្យ​សន្យា​ក្នុងការ​កាត់បន្ថយ​ការ​រីកសាយភាយ​អាវុធនុយក្លេអ៊ែរ​គឺជា​រឿងងាយស្រួល​ទេ​ ក៏ប៉ុន្តែ​ការ​អនុវត្តន៍​ជាក់ស្តែង​ទើបវាពិបាក​ ជាពិសេស​នៅចំពេល​ដែល​ភាព​តានតឹង​និង​ការ​ប្រឈម​មុខដាក់​គ្នា​កាន់​កើនឡើង​រវាង​មហាអំណាច​ពិភពលោក​ដូចជា​ចិននិង​អាមេរិក ជា​ឧទាហរណ៍​ជាក់ស្តែង​ស្រាប់​។

ទាក់ទង​ចំណុចនេះ​គួរ​ជ្រាបថា​បើ​យោងតាម​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុកខុល​ (Sipri) សហរដ្ឋអាមេរិក​មាន​អាវុធ​នុយក្លេអ៊ែរ​ចំនួនប្រមាណ​ ៥ ៥៥០ នៅ​ក្នុង​ខែមករា​ ឆ្នាំ ២០២១​ ចំណែក​ចិន​កាលណោះ​វិញមានខ្ទង់ ៣៥០​។

ពិភពលោក​កំពុង​បារម្ភ​ពី​ការ​ធ្វើទំនើកម្ម​សព្វាវុធ​របស់​ចិន

ប្រទេសចិន​បាន​និង​កំពុង​កសាង​សមត្ថភាព​សព្វាវុធ​របស់ខ្លួន​ក្នុង​ល្បឿន​ដ៏​លឿន​។ ក្រុម​អ្នក​ជំនាញ​សង្កេតឃើញថា​ ចិន​មាន​ភាព​ជឿនលឿន​កាន់​តែ​ខ្លាំង​នៅក្នុង​វិស័យ​បច្ចេកវិទ្យាមីស៊ីល​ អាវុធនុយក្លេអ៊ែរ​ និង​បញ្ញា​សិប្បនិម្មិត​។

ចិនឥឡូវនេះ​មិន​ដូច​ចិន​កាលពី​សម័យមុន​ឡើយ​។ លោក​ប្រធានាធិបតី​ ស៊ី ជីនពីង​ បាន​ចេញ​បញ្ជាឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​របស់​​ចិនធ្វើ​ទំនើបកម្មឲ្យ​បាន​នៅឆ្នាំ​ ២០៣៥ និងថាចិនគួរតែក្លាយជា​មហាអំណាច​យោធា​លំដាប់​ពិភពលោក​ដែល​មាន​សមត្ថភាពប្រយុទ្ធ និងឈ្នះសង្គ្រាមនៅឆ្នាំ​ ២០៤៩​។ វា​ជា​កិច្ចការ​និង​មហិច្ឆតា​ដ៏​ធំ​មួយ ប៉ុន្តែ​មហាយក្សចិន​បាន​កំណត់​គោលដៅ​របស់ខ្លួន​នេះ​រួចហើយ​។

នៅប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ មានការ​ព្រួយបារម្ភ​ជា​សកល​កាន់​តែ​ខ្លាំង​ឡើង​អំពី​ទំនើប​កម្ម​យោធា​របស់ចិន​ ជាពិសេស​បន្ទាប់ពី​កងទ័ព​ចិន​បាន​បាញ់​សាកល្បងមីស៊ីល​អ៊ីពែរសូនិកដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​ដល់​ទៅ ៥ដង​ កាលពី​ខែសីហា ឆ្នាំ​២០២១ កន្លងទៅ​។ ក្រៅពី​មាន​ល្បឿនលឿនខ្លាំង​ មីស៊ីល​អ៊ីពែរសូនិក​ដ៏ទំនើបនេះ​អាច​បញ្ជានិង​បត់បែន​តាមចិត្ត​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​រ៉ាដា​ពិបាក​តាម​ចាប់​វា​បាន​ណាស់​។

ទីក្រុង​វ៉ាស៊ីនតោន​ដែល​តែងតែ​ចោទ​ក្រុង​ប៉េកាំង​ថា​បាន​សាងសង់​សង់​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​យ៉ាង​ឆាប់​រហ័ស​ ក៏បាន​និយាយដែរថា​ប្រទេស​ចិន​កំពុង​ពង្រីក​អាវុធនុយក្លេអ៊ែររបស់​ខ្លួន​ ជាមួយ​នឹង​ចំនួន​ក្បាលគ្រាប់នុយក្លេអ៊ែរ​រហូត​ដល់ប្រមាណ​ ៧០០ នៅឆ្នាំ​ ២០២៧​ និង​អភិវឌ្ឍដល់ប្រមាណជា​ ១ ០០០ នៅ​ឆ្នាំ ២០៣០​។

ចិន​ការពារ​គោលនយោបាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន

ការពិតណាស់​ ចិននៅតែ​ការពារ​គោលជំហរ​របស់​ខ្លួនជានិច្ច​។ ជាក់ស្តែង​នៅថ្ងៃ​អង្គារនេះ ចិន​បាន​ការពារ​គោលនយោបាយ​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​ ហើយ​ឆ្លៀតនិយាយ​ដែរ​ថា​គឺ​រុស្ស៊ី និង​អាមេរិក​ដែល​រហូត​មកដល់ពេលនេះ​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដ៏​ធំបំផុត​របស់​ពិភពលោក​វិញទេ​ ដែល​គួរ​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ​។

លោកហ្វូ ខុង (Fu Cong) ប្រធាន​នាយកដ្ឋាន​គ្រប់គ្រងអាវុធ​នៅក្រសួង​ការបរទេស​ចិន​បាន​និយាយ​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ថា​អាមេរិក និងរុស្ស៊ី​ មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើន​លើស​លុបពោលគឺ​រហូតដល់ប្រមាណជា ៩០% នៃ​ចំនួន​សរុប​ទាំងអស់​ក្នុង​ពិភពលោក​។ ដូច្នោះហើយ សម្រាប់ទីក្រុងប៉េកាំង​ ប្រទេសទាំងពីរនេះដែលជាអ្នក​គួរ​តែកាត់បន្ថយ​សព្វា​វុធនុយក្លេអ៊ែរ​របស់ពួកគេ​ដូច​បាន​សន្យា​។

ទន្ទឹមនេះ ប៉េកាំង​បានក៏​ច្រានចោលផងដែរ​នូវ​ការចោទប្រកាន់​របស់​វ៉ាស៊ីនតោន​ដែល​ថា​ប្រទេស​ចិនកំពុងបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនយ៉ាងសន្ធឹក​។ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​របស់ចិន​ អះអាងថាទីក្រុង​ប៉េកាំង​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​គោលនយោបាយមិន​ប្រើប្រាស់​អាវុធនុយក្លេអ៊ែរ​ និងរក្សា​សមត្ថភាពនុយក្លេអ៊ែរ​របស់ខ្លួន​នៅត្រឹម​កម្រិត​តិច​តួច​បំផុត​ដែល​ជាកម្រិត​ត្រូវការ​ក្រោម​ហេតុផល​សន្តិសុខជាតិ​តែប៉ុណ្ណោះ​។

គួរជ្រាបថា​ ទំនាក់ទំន​ង​រវាង​ទីក្រុង​ប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន​មាន​ភាពតានតឹងខ្លាំង​ជុំវិញ​បញ្ហាជា​ច្រើន​បន្តបន្ទាប់​គ្នា​ក្នុងនោះក៏មានដែរ​ចេតនា​របស់ចិន​ក្នុងការ​បង្រួបបង្រួម​តៃវ៉ាន់​ដោយ​ប្រើ​កម្លាំងទ័ព​ប្រសិនបើចាំបាច់​។

យ៉ាងណាក៏ដោយ​ ភាគីចិន​បានបដិសេធ​ជុំវិញ​ការលើកឡើង​ទាក់ទងនឹង​លទ្ធភាពនៃ​ការ​ដាក់​ពង្រាយអាវុធនុយក្លេអ៊ែររបស់ចិន​នៅជិតច្រកសមុទ្រតៃវ៉ាន់​។ សម្រាប់ចិន​ អាវុធ​នុយក្លេអ៊ែរ​មិនមែន​ប្រើសម្រាប់ធ្វើសង្គ្រាម ឬប្រយុទ្ធគ្នានោះទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ