អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​អ៊ុយក្រែន ៖ លោក​ខាង​លិច​ផាត់រុស្ស៊ី​ចេញ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចូល​ដល់​ថ្ងៃទី​១៧ កងទ័ព​រុស្ស៊ី​បង្កើន​ការ​វាយ​​ប្រហារ​កាន់​តែ​សន្ធាប់ឡើង នៅ​តាម​ក្រុង​ធំៗផ្សេងៗ​​របស់​អ៊ុយក្រែន ហើយ​បន្ត​ការ​បាញ់​ផ្លោង​លើ​លំនៅដ្ឋាន​និង​រចនា​សម្ព័ន្ធស៊ីវិល​ ជា​ពិសេស​នៅ​ក្រុងកំពង់ផែ​ម៉ារីយូប៉ូល។ បើ​​ស្ថានភាពនៅ​តែ​បន្ត​​បែបនេះ ក្រុមលោក​ខាង​លិចព្រមាន​នឹង​ដាក់​ទណ្ឌកម្ម​ថ្មីដ៏​ធ្ងន់ធ្ងរ​​បន្ថែម​ទៀត​​។ បស្ចិមលោក​និង​ក្រុមប្រទេស​មហាឧស្សាហកម្ម​ហ្សេ៧ បាន​លុប​ឈ្មោះ​​រុស្ស៊ី​ចេញ​ពី​បញ្ជី​រដ្ឋ​ទទួល​ការ​អនុគ្រោះ​ពន្ធ។ សហភាព​អឺរ៉ុប​បាន​សម្រេច​បង្កើន​កញ្ចប់​ថវិកា​ទ្វេមួយជាពីរ​សម្រាប់​ផ្តល់​ជំនួយ​សព្វាវុធ​ដល់​អ៊ុយក្រែន។

សហភាពអឺរ៉ុប​សន្យា​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​បន្ថែម​ទៀត
សហភាពអឺរ៉ុប​សន្យា​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​បន្ថែម​ទៀត REUTERS - SARAH MEYSSONNIER
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ប្រភព​អ៊ុយក្រែន កងទ័ព​រុស្ស៊ី​កំពុង សម្រុក វាយ​ខ្លាំង នៅរដ្ឋធានី និង​ក្រុងធំៗ នៅភាគ​ខាងកើត និង​ខាង​ត្បូង​ប្រទេស។ កងកម្លាំង​រុស្ស៊ី​បាន​រុល​មកដល់កាន់​តែកៀក​​មាត់​ច្រក​ចូល​ក្រុងនៅ​ទិស​ខាង​កើត​រដ្ឋ​ធានីកៀវ និង​ចាប់​វាយប្រហារ​លើ​ទីតាំង​ការពារ​អ៊ុយក្រែន នៅ​ខាង​លិច​និង​ខាង​ជើង​រដ្ឋធានីទៀត ក្នុង​​បំណង​ឡោម​ព័ទ្ធ​បិទខ្ទប់​ក្រុង​កៀវ​តែ​ម្តង។ ​នៅភាគ​ខា​ងត្បូង​ប្រទេស​វិញ ជាពិសេស​នៅក្រុងកំពង់​ផែ​​ម៉ារីយូប៉ូល​ ជា​យុទ្ធសាស្ត្រ ដែល​ទាហាន​រុស្ស៊ី​បាញ់​ជម្រំ ជាង​១០​ថ្ងៃ​មក​ហើយនោះ ភាព​ហិន​ហោច​មាន​ខ្លាំងណាស់។ បន្ទាប់​ពី​បាន​វាយប្រហារ​មន្ទីរ​សម្ភព រុស្ស៊ី​បាន​វាយផ្លោង​លើ​​វិហារ​អ៊ីស្លាម​មួយ នៅ​ក្រុងមារីយូប៉ូល បណ្តាល​ឱ្យ​ស្លាប់​ជន​ស៊ីវិល​ប្រមាណ​៨០នាក់ ក្នុង​នោះ​ខ្លះ​ជាជន​ជាតិ​តួកគីផង។ នេះ​បើ​តា​មសារ​​ ​របស់​រដ្ឋមន្ត្រីក្រសួងការបរទេស​អ៊ុយក្រែន នៅ​ថ្ងៃសៅរ៍​​នេះ។

​បង្កើន​ជំនួយ​សព្វាវុធ បង្កើន​ទណ្ឌកម្ម

ប្រឈម​នឹង​ទង្វើ​របស់​រុស្ស៊ី លោក​ខាង​លិច​គ្មាន​អ្វី​ក្រៅ​ពី​បន្ត​ប្រើ​អាវុធ​សេដ្ឋកិច្ច គឺ​ការ​ដាក់​​​ទណ្ឌកម្ម​ មួយ​ហើយ​មួយ​ទៀត​ ដាក់​លើ​រុស្ស៊ី ដោយសង្ឃឹម​ថា​នឹង​​អាច​បញ្ឈប់មហច្ឆិតា​​លោក​ពូទីន​បាន។ ​ក្រោយ​ពីជួប​ប្រជុំ​គ្នា​អស់​ពី​រថ្ងៃ​​ដែល​ផ្តោត​ជាពិសេស​លើ​សង្គ្រាម​អ៊ុយក្រែន សហភាពអឺរ៉ុប បានប្រកាស​​បង្កើន​ជំនួយ​សព្វាវុធ​សម្រាប់​អ៊ុយក្រែន ទ្វេ​ដង ​ដោយ​សម្រេច​ទម្លាយ​ថវិកា​ចំនួន ៥០០​លាន​បន្ថែម​ ពី​ទឹក​ប្រាក់​៥០០​លានប្រកាល​​កាលពី​លើក​មុន ដែល​សរុប​ទៅ​ឡើង​ដល់​ ១០០០លាន​អឺរ៉ូ​។ នេះ​ជា​កញ្ចប់​ថវិកាដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​សហភាព​អឺរ៉ុប​ដែល​យក​ទៅ​ប្រើប្រាស់​ក្នុង​ជំនួយ​យោធា​។ ទឹក​ប្រាក់​នេះ នឹង​យក​ទៅ​សង​រដ្ឋ​នីមួយៗ​ដែល​បាន​បញ្ចេញ​អាវុធ​ក្នុង​ស្តុក​ទៅ​ឱ្យ​អ៊ុយក្រែន។​ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ស្នើ​សុំ​ចំៗ​នូវ​សព្វាវុធ​ដែល​ស្រួល​ប្រើ​ និង​ដែល​ទាហាន​អ៊ុយក្រែន​អាច​ប្រើ​កើត ដូច​ជា មីស៊ីល​បាញ់​យន្តហោះ មីស៊ីល​បាញ់​រថក្រោះ។ អាវុធ​ទាំង​នេះ​បាន​ជួយ​អ៊ុយក្រែន​ឱ្យ​បង្អាក់​និង​ពន្យឺត​ដំណើរ​របស់​ងក​ទ័ព​រុស្ស៊ី​បាន​ច្រើន។

សមាជិក​សហភាពអឺរ៉ុប​ទាំង​២៧​ប្រទេស បាន​ត្រូវ​រ៉ូវ​គ្នា​ បង្ហាញ​សាមគ្គីភាពនយោបាយ​​ជាមួយ​អ៊ុយក្រែន​ដោយ​ប្រកាស​ថា អ៊ុយក្រែន​ជា​គ្រួសារ​អឺរ៉ុប​ និង​ប្រកាស​​ពង្រឹងពង្រីក​​កិច្ចព្រមព្រៀង​អឺរ៉ុប​អ៊ុយក្រែន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​២០១៤។ តែ​មិន​អឺរ៉ុប​មិន​បាន​និយាយជា​ផ្លូវការ​​ចូល រឿង​​អ៊ុយក្រែន​ជា​សមាជិកសហភាពអឺរ៉ុប​ទេ។

លើ​សំណុំ​រឿង​ហ្កាស/ឧស្ម័នវិញ ក្រុមមេ​ដឹកនាំ​អឺរ៉ុប​​បាន​ជជែក​គ្នា​អំពី​គម្រោង​កាត់​បន្ថយ​ ២/៣​​​ការ​ពឹង​ផ្អែក​លើ​រុស្ស៊ី​ក្នុង​ផ្នែក​ថាមពល​ ចាប់​ពី​ចុង​ឆ្នាំ​២០២២​នេះ​ទៅ​។ បច្ចុប្បន្ន​នេះ​អឺរ៉ុប​នាំ​ចូល​ឧស្ម័ន​ពី​រុស្ស៊ី​ដល់​ទៅ​៤០%​នៃ​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន។ ប៉ុន្តែ តាម​គម្រោង​អឺរ៉ុប​នឹង​មាន​ឯករាជ្យ​ថាមពលលែង​រំពឹង​លើ​រុស្ស៊ី​ចាប់​ពី​​ឆ្នាំ​២០២៧។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Ursula von der Leyen។ បាន​ន័យ​ថា​ សហភាពអឺរ៉ុប​នឹង​មិន​ធ្វើ​វិនិយោគ​ថ្មី​ក្នុង​វិស័យ​ថាមពល​ជាមួយ​រុស្ស៊ី​ទៀត​ទេ។

ជា​ចុងក្រោយ បើ​រុស្ស៊ី​នៅ​តែ​បន្ត​បាញ់​ផ្លោង​ លើ​ក្រុង​របស់​អ៊ុយក្រែន និង​បន្ត​ធ្វើ​សង្គ្រាម​ទៀត នោះ​សហភាព​នឹង​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​មួយ​ខ្សែ​ទៀត។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង​ ដោយ​ព្រមាន​ថា ទណ្ឌកម្ម​ថ្មី​បន្ថែមនោះ​អាច​ជា​ការ​ឈប់​នាំ​ចូល​ប្រេង​/ឧស្ម័ន​រុស្ស៊ី​ ដែល​ពេល​នេះ​អឺរ៉ុបមិន​ប៉ះពាល់​។

ដក​​រុស្ស៊ីពី​ប្រព័ន្ធ​អនុគ្រោះពន្ធ

តាំងពី​ថ្ងៃទី ២៤​កុម្ភៈ​ ថ្ងៃ​រុស្ស៊ី​បើក​ការ​វាយប្រហារ​លើ​អ៊ុយក្រែន​មក​ ក្រុមបស្ចិមលោក​ បាន​ចាត់​វិធានការ​ ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រុស្ស៊ី​បី​វគ្គ​មក​ហើយ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ត្រដរ​ខ្យល់យ៉ាង​ខ្លាំង ​ ហើយ​លុយ​រូប្ល៍ ធា្លក់​ថ្លៃ​ជា​គំហុក។

ដើម្បី​គាប​និង​សម្ងួត​សេដ្ឋកិច្ច​រុស្ស៊ី​ឱ្យ​កាន់​តែ​ឯកា លោក​ខាង​លិច ក្រុម​​ហ្សេ៧ និង​សហរដ្ឋ​អាមេរិក​នឹង​ប្រើ​ទណ្ឌកម្ម​វគ្គថ្មី​ ​ចាប់​ពី​ថ្ងៃសៅរ៍​នេះ​ទៅ​ ដោយ​​លុប​រុស្ស៊ី​ចេញ​ពីប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ដាក់ទណ្ឌកម្ម​ហាមឃាត់​មិន​ឱ្យ​រុស្ស៊ី​នាំ​ចេញ​និង​នាំ​ចូល​នូវ​ផលិតផល​មួយ​ចំនួន​ធំ។

កន្លង​មក​រុស្ស៊ី មាន​ឈ្មោះ​ជា​រដ្ឋបាន​ទទួល​ការ​អនុគ្រោះ​ជាពិសេស​ ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម ដែល​អាច​សម្រួល​រុស្ស៊ី​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ជា​ច្រើន។ ប៉ុន្តែ​ឥលូវលោក​ខាង​លិច​​លុប​ឈ្មោះ​រុស្ស៊ី​ចេញពី​បញ្ជី​អនុគ្រោះ​​ហើយ ដូច្នេះ​​សហរដ្ឋ​អាមេរិក និង​សហភាពអឺរ៉ុប អាចហាមឃាត់​ ឬ​ ដាក់​ដំឡើង​ពន្ធនាំ​ចូល​លើ​ផលិត​ផល​របស់​រុស្ស៊ី ​ពោល​គឺ​រុស្ស៊ី​នឹង​មាន​លក្ខន្តិកៈ​ពាណិជ្ជកម្ម​ប្រហាក់​ប្រហែល​នឹង​ប្រទេស​អ៊ីរ៉ង់​ ឬកូរ៉េខាង​ជើង។

បន្ថែម​ពីលើ​នេះ​ទៀត ក្រុមមហាសេដ្ឋី​ជំនិត​របស់​លោកពូទីន និង​អ្នក​កាន់អំណាច​រុស្ស៊ី​ ជា​ច្រើន​នាក់​បន្ថែម​ទៀត នឹង​ជាប់​ចូល​ក្នុង​បញ្ជី​ខ្មៅ​ជាប់​ទណ្ឌកម្ម​អាមេរិក​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោ​ក ចូ បៃដិន ប្រធានាធិបតី​អាមេរិក។ អាមេរិក​នឹង​ហាមឃាត់​ការនាំចេញ​​ផលិតផល​ប្រណិតៗ (នាឡិក ឡាន ...) ​​ទៅ​រុស្ស៊ី និង​បេឡារុស និង​ការនាំចូល​គ្រឿង​សមុទ្ទ ស្រា ពេជ្រ ពីរុស្ស៊ី​ទៀត។ ហើយ​ក្រុមហ៊ុន​អាមេរិក​ដែល​ប្រើប្រាស់​រូបិយបណ្ណ​អេឡិចត្រូនិក​ ក៏​ត្រូវ​សម្រប​គោរព​តាម​ទណ្ឌកម្ម​របស់​អាមេរិក​ដាក់​លើ​រុស្ស៊ី​ដែរ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ ​លោកស្រី​ប្រមុខ​ដឹកនាំអឺរ៉ុប បាន​ប្រកាស​ថា រុស្ស៊ី​លែងអាច​ប្រើ​​សិទ្ធិ​ជា​សមាជិក​មូលនិធិរូបិយវត្តុអន្តរជាតិ និង​ធនាគារ​ពិភពលោក ​ មួយ​រយៈ​។ សម្ព័ន្ធហ្សេ៧ នឹង​ពិគ្រោះ​គ្នា​នៅ​​សប្តាហ៍​ខាង​មុខ​ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ក្រុមគ្រួសារ​លោក​ពូទីនផង និង​ដើម្បី​ធានា​កុំ​ឱ្យ​ក្រុមមហាសេដ្ឋី​រុស្ស៊ី​អាច​ពង្វាង​ទណ្ឌកម្ម​បានទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ