អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

សង្រ្គាមអ៊ុយក្រែន៖លោកពូទីនយល់ព្រមឲ្យបញ្ជូនទាហានស៊ីឈ្នួលស៊ីរីទៅអ៊ុយក្រែន

ប្រទេស​រុស្ស៊ី​បាន​បញ្ចូល​យុទ្ធសាស្រ្ត​ថ្មី​មួយ​ទៀត​ទៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​ដោយ​នៅ​ថ្ងៃ​សុក្រ ទី១១ មីនា ប្រធានាធិបតី​លោក​ពូទីន​បាន​យល់ព្រម​ឲ្យ​មាន​ការ​បញ្ជូន​ទាហាន​ស៊ីឈ្នួល​ជនជាតិ​ស៊ីរី​ទៅ​កាន់​អ៊ុយក្រែន។ ទន្ទឹម​គ្នា​នេះ លោក​ពូទីន​ក៏​បាន​បញ្ជាក់​ពី​ការ​សិក្សា​លើ​សំណើ​ពង្រឹង​វត្តមាន​កម្លាំងទ័ព​រុស្ស៊ី​នៅ​តាម​ព្រំដែន​ជាប់​ក្រុម​ប្រទេស​សមាជិក​របស់​អង្គការ​អូតង់។ ចំណែក​ប្រមុខ​អង្គការ​អូតង់​មិន​បាន​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​ពូទីន​នេះ​ទេ តែ​បាន​បញ្ជាក់​ថា អូតង់​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បញ្ជៀស​មិន​ឲ្យ​សង្រ្គាម​អ៊ុយក្រែន រុស្ស៊ី​ក្លាយ​ជា​សង្រ្គាម​ចំហ​រវាង​រុស្ស៊ី និង​អូតង់។

ប្រធានាធិបតី​រុស្ស៊ី លោកពូទីន។
ប្រធានាធិបតី​រុស្ស៊ី លោកពូទីន។ © AFP
ផ្សាយពាណិជ្ជកម្ម

គំនិត​ឲ្យ​មាន​ការ​បញ្ជូន​ទាហាន​ស៊ីឈ្នួល​ស្ម័គ្រចិត្ត​ជនជាតិ​ស៊ីរី​ទៅ​កាន់​សមរភូមិ​សង្រ្គាម​អ៊ុយក្រែន គឺ​ជា​សំណើ​របស់​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​រុស្ស៊ី​លោក​ស៊ែរហ្គី ស្ហយហ្គូ។ តាម​លោក​ស៊ែរហ្គី ស្ហយហ្គូ អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចង់​ទៅ​អ៊ុយក្រែន​ច្រើន​ជា​មនុស្ស​មក​ពី​តំបន់​ដើមបូព៌ា ពិសេស​ជនជាតិ​ស៊ីរី។ ដោយ​មិន​បាច់​ពិចារណា​ច្រើន សំណើ​របស់​ប្រមុខ​ការពារជាតិ​ត្រូវ​បាន​ប្រធានាធិបតី​លោក​ពូទីន​យល់ព្រម​ភ្លាមៗ​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ។ ការ​យល់ព្រម​នេះ​ត្រូវ​បាន​លោក​ពូទីន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ក្រុម​ប្រទេស​លោកខាងលិច​ដែល​គាំទ្រ​អ៊ុយក្រែន​ក៏​បាន​ប្រមូល និង​បញ្ជូន​ទាហានស៊ីឈ្នួល​ក្នុង​លោក​ទៅ​កាន់​អ៊ុយក្រែន​ដោយ​ធ្វើ​ឡើង​ជា​ចំហ​ទៀត​ផង។

ចំណែក​លោក​ឌីមីទ្រី ប៉េស្កូវ អ្នក​នាំពាក្យ​របស់​លោក​ពូទីន​បាន​បន្ថែម​ដោយ​ចំអក​ថា បើ​បស្ចិមប្រទេស​ត្រេកត្រអាល​នឹង​វត្តមាន​ទាហាន​ស៊ីឈ្នួល​គ្រប់​ជាតិសាសន៍​នៅ​អ៊ុយក្រែន រុស្ស៊ី​ក៏​មាន​ទាហាន​ស៊ីឈ្នួល​ដែល​ចង់​ទៅ​ប្រយុទ្ធ​នៅ​អ៊ុយក្រែន​ដែរ។ ឃើញ​ថា វត្តមាន​ទាហាន​ស៊ីឈ្នួល​នៅ​លើ​សមរភូមិ​អ៊ុយក្រែន​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​សង្រ្គាម​អ៊ុយក្រែន រុស្ស៊ី​កាន់​តែ​សន្ធោសន្ធៅ​ឡើង។ ទន្ទឹម​នឹង​យល់ព្រម​ឲ្យ​មាន​ការ​បញ្ចូន​ទាហានស៊ីឈ្នួល​ស៊ីរី​ទៅ​ជួយ​ច្បាំង​ទាហាន​រុស្ស៊ី​នៅ​អ៊ុយក្រែន បុរស​ខ្លាំង​រុស្ស៊ី​ក៏​បាន​បញ្ជាក់​ពី​ការ​សិក្សា​លើ​សំណើ​ឲ្យ​ពង្រឹង​វត្តមាន​កម្លាំងទ័ព​រុស្ស៊ី​នៅ​តាម​ព្រំដែន​ជាប់​ក្រុម​ប្រទេស​សមាជិក​របស់​អង្គការ​អូតង់។

នៅ​ក្នុង​ន័យ​នេះ លោក​ពូទីន​បាន​ប្រាប់​រដ្ឋមន្រ្តី​ការពារជាតិ​ឲ្យ​រៀបចំ​របាយការណ៍​មួយ។ គួរ​បញ្ជាក់​ថា​តាំង​ពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន អូតង់​បាន​ដាក់​ពង្រាយ​ទ័ព​ជា​ច្រើន​ពាន់នាក់​នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក​ដែល​មាន​ព្រំដែន​ជាប់​រុស្ស៊ី និង​អ៊ុយក្រែន។ ប្រមុខ​អង្គការ​អូតង់​លោក​យែន ស្តុលទែនប៊ែរ​មិន​បាន​ប្រតិកម្ម​តប​នឹង​ការ​ថ្លែង​របស់​លោក​ពូទីន​ទេ តែ​បាន​ព្យាយាម​បញ្ជាក់​ថា អូតង់​មាន​ទំនួលខុសត្រូវ​ក្នុង​ការ​បញ្ជៀស​កុំ​ឲ្យ​សង្រ្គាម​រុស្ស៊ី អ៊ុយក្រែន​ក្លាយ​ជា​សង្រ្គាម​ចំហ​រវាង​រុស្ស៊ី និង​អូតង់។ ទន្ទឹម​គ្នា​នេះ លោក​យែន ស្តុលទែនប៊ែរ​ក៏​បាន​អំពាវនាវ​ឲ្យ​លោក​ពូទីន​បញ្ឈប់​សង្រ្គាម​មួយ​នេះ និង​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​ចរចា។ ប្រមុខ​អង្គការ​អូតង់​បាន​និយាយ​ដូច​នេះ​នៅ​ក្នុង​វេទិកា​ការទូត​មួយ​រៀបចំ​ដោយ​ប្រទេស​តួកគី​ក្នុង​ថ្ងៃ​សុក្រ ទី១១ មីនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ