អានតួអត្ថបទ
សង្រ្គាមអ៊ុយក្រែន

អង្គការ​FAO ទាញសញ្ញាអាសន្ន​ពីបញ្ហា​សន្តិសុខស្បៀង បង្កឡើង​ដោយ​សង្រ្គាមអ៊ុយក្រែន

អង្គការ​ចំណីអាហារ​និងកសិកម្ម​ហៅកាត់ថា FAO ដែលជាទីភ្នាក់ងារ​មួយ​របស់​អង្គការ​សហប្រជាជាតិបាន​ព្រមាន កាលពីថ្ងៃ​សុក្រ​ថា នឹង​មាន​មនុស្ស ពី ៨ ទៅ​១៣​លាននាក់​បន្ថែមទៀតនៅក្នុង​ពិភពលោក ​ដែល​អាច​រងគ្រោះ ខ្វះអាហាររូបត្ថម្ភ បើសិន ការនាំចេញ​ស្បៀងអាហារ​ពីរុស្ស៊ី និង​អ៊ុយក្រែន រងប៉ះពាល់​ដោយសារការអូសបន្លាយសង្រ្គាម​នៅ​អ៊ុយក្រែន។ តាម​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​ តម្លៃស្បៀងអាហារ​ពិភពលោក​អាច​កើនឡើង ពី​៨% ទៅ ២០%​ដោយសារ​សង្រ្គាមអ៊ុយក្រែន។

ដំណាំស្រូវសាឡី​នៅ​ក្នុង​តំបន់​កៀវ ជុំវិញទីក្រុង​កៀវ​របស់អ៊ុយក្រែន នៅខែ កក្កដា ២០២០។ ដោយសារ​សង្រ្គាម​ឈ្លានពាន​របស់រុស្ស៊ី នៅអ៊ុយក្រែន ដំណាំស្រូវសាឡី​ត្រូវ​អាក់ខាន
ដំណាំស្រូវសាឡី​នៅ​ក្នុង​តំបន់​កៀវ ជុំវិញទីក្រុង​កៀវ​របស់អ៊ុយក្រែន នៅខែ កក្កដា ២០២០។ ដោយសារ​សង្រ្គាម​ឈ្លានពាន​របស់រុស្ស៊ី នៅអ៊ុយក្រែន ដំណាំស្រូវសាឡី​ត្រូវ​អាក់ខាន REUTERS - VALENTYN OGIRENKO
ផ្សាយពាណិជ្ជកម្ម

សង្រ្គាមឈ្លានពាន​រុស្ស៊ី នៅ​ប្រទេស​អ៊ុយក្រែន​ប៉ះពាល់​ដោយប្រាកដ ប្រជាជនអ៊ុយក្រែនមុនគេ ដែលកំពុង​រងគ្រោះ ស្លាប់ និង​របួស​ដោយសារ​ការវាយប្រហារ​របស់ទាហាន​រុស្ស៊ី។ ប៉ុន្តែ អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ ហៅកាត់ជាភាសា​អង់គ្លេស​FAOបានវាយតម្លៃ​ថា សង្រ្គាមអូសបន្លាយ​នៅអ៊ុយក្រែន នឹង​ជះឥទ្ធិពល​អាក្រក់ ប៉ះពាល់​ដល់​ជីវិត​ ប្រជាជន ​នៅក្នុង​ប្រទេស​ជាង ៥០ ដែល​ពឹង​អាស្រ័យ​ខ្លាំង​លើ​ការនាំចូល​ស្រូវសាឡី ពីរុស្ស៊ី និងអ៊ុយក្រែន។ អេហ្ស៊ីប តួកគី បង់ក្លាដែស អ៊ីរ៉ង់ ទិញនាំចូល​ស្រូវសាឡី ៦០%​ពី​រុស្ស៊ី និងអ៊ុយក្រែន។

តាម អគ្គនាយក​អង្គការ​FAO លោក​Qu Dongyu សង្រ្គាម​ប្រយុទ្ធគ្នា​នៅ​អ៊ុយក្រែន ដែលបា​បង្អាក់សកម្មភាព​ធ្វើ​កសិកម្ម នៅអ៊ុយក្រែន ហើយ​និង​ការដាក់ទណ្ឌកម្ម​លើ​ការនាំចេញ​របស់​រុស្ស៊ី ពី​សំណាក់ប្រទេស​លោកខាងលិច នឹង​ជះផលអាក្រក់​លើ​សន្តិសុខស្បៀង​ពិភពលោក ពីព្រោះថា អ៊ុយក្រែន និង​រុស្ស៊ី ជា​ជង្រុក​ផលិត​ស្រូវសាឡី និងគ្រាប់ធញ្ញជាតិ​នាំមុខគេ​ក្នុង​ពិភពលោក។ រុស្ស៊ី ជាប្រទេស​នាំចេញ​ស្រូវសាឡី​ច្រើនជាងគេ​ ចំណែក​អ៊ុយក្រែន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៥។ កសិផល​របស់​រុស្ស៊ី និងអ៊ុយក្រែន រួមចូលគ្នា តំណាង​ឲ្យ​២ភាគ៣​នៃ​ការនាំចេញគ្រាប់ធញ្ញជាតិ​ក្នុងពិភពលោក។

នៅ​ថ្ងៃ​សុក្រ ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ​ម៉ាក្រុង​បានព្រមាន​ថា សង្រ្គាមអ៊ុយក្រែន​នឹង​ធ្វើ​ឲ្យ​អឺរ៉ុប និង​អាហ្វ្រិក​ជួប​អស្ថិរភាព ក្នុង​ផ្នែក​ចំណីអាហារ​ នៅក្នុង​រយៈពេល ១ឆ្នាំទៅមុខ។ សម្រាប់​អគ្គនាយក​អង្គការ​FAO បញ្ហាអសន្តិសុខ​ស្បៀង បង្កឡើង​ដោយ​សង្រ្គាមអូសបន្លាយ​នៅអ៊ុយក្រែន នឹងអាច​ធ្វើ​ឲ្យមនុស្ស​ពី ៨ ទៅ ១៣​លាននាក់​បន្ថែមទៀតនៅក្នុង​ពិភពលោក ដែលអាច​ជួបបញ្ហា​ខ្វះអាហារូបត្ថម្ភ នៅ​ឆ្នាំ នេះ និង​ឆ្នាំក្រោយ។ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាហ្វ្រិកខាងជើង តំបន់​ដើមបូព៌ា និង​អាហ្រ្វិក​ជុំវិញ​តំបន់​សាហារ៉ា​នឹង​រងប៉ះពាល់​ដោយសារ​បញ្ហាអសន្តិសុខស្បៀង ដែលមួយផ្នែក​បណ្តាល​មកពី​សង្រ្គាមអ៊ុយក្រែន។

នៅក្នុង​សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃ​សុក្រ អង្គការ​សហប្រជាជាតិ​បាន​ណែនាំ​គ្រប់ប្រទេស បន្ត ការដោះដូរ​ពាណិជ្ជកម្ម និង​ទិញនាំចូលស្បៀង តាមតែអាចទៅបាន ដើម្បី ការពារ​សកម្មភាព​ផលិតកម្ម ក្នុងគោលដៅ បំពេញតម្រូវការ​ជាតិ និង​អន្តរជាតិ។ អង្គការ​FAO បាន​ក្រើនរំលឹកផងដែរ ថ្នាក់ដឹកាំ​រដ្ឋាភិបាល បង្កើត​កម្មវិធី​ការពារ​សង្គម ព្រោះថា ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​នៅអ៊ុយក្រែន មនុស្ស​កាន់តែច្រើន​នៅក្នុងពិភពលោក​នឹង​អាច​ងាយធ្លាក់ខ្លួន​ក្នុង​ភាពក្រីក្រ និង​គ្រោះអត់ឃ្លាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ