អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​អាមេរិក​និងម៉ិកស៊ិក​ជជែកគ្នា​​អំពី​បញ្ហា​អន្តោប្រវេសន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ចូ បៃ​ដិន ប្រធានាធិបតី​អាមេរិក និង​សមភាគីម៉ិកស៊ិក លោក អង់ដ្រេ ម៉ាណុយអែល ឡូប៉េស្ហ៍ អូប្រាដរ បាន​ជួប​ពិភាក្សា​​គ្នា​តាមប្រព័ន្ធ​​វីដេអូ នៅល្ងាច​មិញ ស្តី​ពី​បញ្ហា​អន្តោប្រវេសន៍ ដែល​កំពុង​មាន​ចរន្ត​លំហូរ​យ៉ាង​ខ្លាំង​ មិន​ធ្លាប់​មាន​តាម​ព្រំដែន​ប្រទេស​ទាំងពីរ។ អន្តោប្រវេសន៍​ក៏​ជា​ប្រធាន​បទ​ដ៏​រសើប​ខ្លាំង​ណាស់ដែរ​ សម្រាប់​​​រដ្ឋបាលអាមេរិក​ ដោយ​​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នឹងរំកិល​​មក​ដល់​ផង។

ការ​ចង្អុល​ច្រក​ព្រំដែន​ម៉ិកស៊ិក ដែល​អន្តោប្រវេសន៍​អាមេរិក​ខាង​កណ្តាល​ប៉ុនប៉ង​ឆ្លង​ចូល​សហរដ្ឋ​អាមេរិក
ការ​ចង្អុល​ច្រក​ព្រំដែន​ម៉ិកស៊ិក ដែល​អន្តោប្រវេសន៍​អាមេរិក​ខាង​កណ្តាល​ប៉ុនប៉ង​ឆ្លង​ចូល​សហរដ្ឋ​អាមេរិក REUTERS/Adrees Latif
ផ្សាយពាណិជ្ជកម្ម

នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ លោក ចូ បៃ​ដិន ប្រធានាធិបតី​អាមេរិក និង​សមភាគីម៉ិកស៊ិក លោក អង់ដ្រេ ម៉ាណុយអែល ឡូប៉េស្ហ៍ អូប្រាដរ បាន​ជួប​ពិភាក្សា​​គ្នា​តាមប្រព័ន្ធ​​វីដេអូ។ប្រមុខ​ដឹកនាំ​ទាំងពីរ បាន​ជជែក​គ្នា​ អស់​រយៈ​ពេល​ជិត​មួយ​ម៉ោង ជុំ​វិញ​ទំនាក់ទំនង​​ដ៏​ស្មុគស្មាញ​រវាង​អាមេរិក​និង​ម៉ិកស៊ិក ដែល​ចងជំពាក់​​គ្នា​ មិន​អាច​​កាត់​ផ្តាច់បាន ក្នុង​ស្ទើរ​គ្រប់​វិស័យ ​មិន​ថាក្នុង​វិស័យ​​ពាណិជ្ជកម្ម​ ឬបញ្ហា​អន្តោប្រវេសន៍​ស្រប​ច្បាប់ ខុស​​ច្បាប់ ឬ​បញ្ហា​ជួញដូរ​គ្រឿង​ញៀន​ទេ។ ​

សហការ​គ្នា​ដោះស្រាយ

តែ​​​អន្តោប្រវេសន៍ ជា​សំណុំ​រឿងធំ​ និង​ជា​ប្រធានបទ​ចម្បង​នៃ​កិច្ច​ពិភាក្សា​គ្នា។ មួយ​ផ្នែក​ធំ​នៃ​កិច្ចសន្ទនា ផ្តោត​ទៅ​លើ​បញ្ហា​អន្តោប្រវេសន៍ ​លើ​ការងារប្រចាំ​នៃ​កិច្ចសហប្រតិបត្តិការ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ ​វិធានការ​ដែល​ត្រូវ​ចាត់​តាំង​ឡើង​ដើម្បី​កាត់​បន្ថយ​លំហូរ​អន្តោប្រវេសន៍​នៅ​តាម​បណ្តោយ​ព្រំប្រទល់​ទាំងពីរ។

​​អ្នក​នាំពាក្យ​សេតវិមាន​បាន​ធានា​អះអាង​ថា ផ្ទុយ​ពី​រដ្ឋបាល​អាមេរិក​មុន លោក​ចូបៃដិន បាន​បង្ហាញ​ឆន្ទៈ​សហការ​​​ជាមួយ​សមភាគី លោក អូប្រាដរ ជា​ត្រីមុខ។ ជា​ការ​ជជែក​គ្នា​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​ខ្លាំង​ណាស់។ ប្រធានាធិបតី​អាមេរិកបាន​ហៅ​ប្រធានាធិបតី​ម៉ិកស៊ិក មិនមែន​​ដើម្បី​ស្រែក​ សំឡុតគំរាមម៉ិកស៊ិក ដោយ​ប្រការ​ណាមួយ​ឡើយ។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​សេតវិមាន។

មួយ​ឆ្នាំ​កន្លង​មក​នេះ រដ្ឋបាល​លោក​បៃដិន​បាន​ប្រឹង​ប្រែង​ពុះ​ពារ​ឧបសគ្គ​និង​ឆ្លង​កាត់​ការ​លំបាក​ៗ​​ច្រើនខ្លាំងណាស់​ ដើម្បី​​ស្ថាបនា​​ទំនាក់ទំនង​ទ្វេភាគី​ទាំង​វិញ។ នេះ​បើ​តាម​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ។

ប្រមុខ​ដឹកនាំ​​ប្រទេស​ទាំងពីរ​សន្យា​សាង​មធ្យោបាយ​ គ្រប់គ្រង​រលក​អន្តោប្រវេសន៍ ជា​លក្ខណៈ​​តំបន់។ ប្រធានាធិបតី​ម៉ិកស៊ិក​ នឹង​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​របស់​ខ្លួន ទៅ​ក្រុង​វ៉ាស៊ីនតោន ភ្លាម នៅ​ថ្ងៃ​ចន្ទ​ខាន​ស្អែក​នេះ ដើម្បី​រុញ​សំណុំ​រឿង​ ​​កិច្ចសហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍​ បាន​ទៅ​មុខ​ផង និងដើម្បី​​ជំនួប​កំពូល​អាមេរិក ដែល​ប្រមូល​គ្រប់​ប្រទេស​នៅ​លើ​ទ្វីបអាមេរិក ឱ្យ​មក​ជួប​ជុំ​គ្នា​នៅ​ខែ​មិថុនា​ខាង​មុខ​នធ​ផង។ ពី​ថ្ងៃទី ៥-៩​ឧសភា គឺ​រូប​លោក​អូប្រាដរ ប្រធានាធិបតី​ម៉ិកស៊ិក​ផ្ទាល់ ជា​អ្នក​​​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ ​នៅប្រទេស​គុយបា​ និង​ប្រទេស​ក្នុង​តំបន់​អាមេរិក​កណ្តាលចំនួន​​​បី​ប្រទេស (ក្វាតេម៉ាឡា សាល់វ៉ាដរ និង​ហុងឌូរ៉ាស) ដែលប្រជាជន​នាំ​គ្នា​ធ្វើ​​អន្តោប្រវេសន៍​ទាំង​ហ្វូងៗ ឆ្លងតាម​​​ម៉ិកស៊ិក ​សំដៅ​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​ម៉ិកស៊ិក​ព្រមធ្វើ​ដំណើរ​ទៅ​បរទេស អាច​ចាត់​ទុក​ជា​ករណី​ពិសេស​គួរ​ឱ្យ​កត់​សម្គាល់​ បញ្ជាក់​អំពី​ភាព​ធ្ងន់ធ្ងរ និង​ឆន្ទៈ​ចង់​ដោះស្រាយ​​សំណុំ​រឿង​អន្តោប្រវេសន៍​ហើយ ព្រោះ​តាំងពី​ឡើង​កាន់​តំណែង​នៅ​ឆ្នាំ​២០១៨មក លោក អូប្រាដរ ធ្វើ​ដំណើរ​តិចណាស់ ដោយ​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​តែ​បី​ដង​ប៉ុណ្ណោះ។

​​កំណើនអ​ន្តោប្រវេសន៍​៥ដង​

អន្តោប្រវេសន៍មិន​មែន​ជា​បញ្ហា​ថ្មី​ថ្មោង​សម្រាប់​អាមេរិក​ទេ ប៉ុន្តែ​ជា​ជំងឺរ៉ាំរ៉ៃ ហើយ​វិបត្តិ​នេះ​ជា​ប្រធានបទ​ដ៏​រសើប​ខ្លាំង​ សម្រាប់​នយោបាយ​ផ្ទៃក្នុង​អាមេរិក និង​បាន​ក្លាយ​ជា​របៀបវារៈ​មួយ ក្នុង​ស្ទើរ​គ្រប់កម្មវិធី​​ជំនួប​ និង​ ពិភាក្សា​នានា ព្រោះ​មាន​ពាក្យ​ចចាមអារាម​បំប៉ោង​ថា គណបក្ស​ប្រជាធិតេយ្យ​របស់​លោក ចូបៃដិន អាច​នឹង​ទទួល​បរាជ័យ​ នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិផង។ ប៉ុន្តែ​អ្នក​ទទួល​ខុស​ត្រូវ​​ជាន់​ខ្ពស់​រដ្ឋាភិបាល​បៃដិន បាន​ការពារ​ខ្លួន​ថា ​អន្តោប្រវេសន៍​ជា​បញ្ហា​ប្រឈម​ដ៏​ធំ នៅ​ទូទាំង​​ពិភពលោក មិនមែន​តែ​នៅ​សហរដ្ឋ​អាមេរិក​មួយ​ទេ។ ​វិបត្តិ​អាកាសធាតុ សង្គ្រាម​នៅអ៊ុយក្រែន និង​សន្តិសុខ​ចំណីអាហារ​ ជា​ដើម​ហេតុ​​នាំ​ឱ្យ​មាន​លំហូរ​អន្តោប្រវេសន៍បាន​កើន​ឡើងក្នុង​កំរិត​ដ៏​ខ្ពស់ មិនធ្លាប់​មាននេះ។

បើ​តាម​ក្រសួង​មហាផ្ទៃ​អាមេរិក​ ស្ថានភាព​​អន្តោប្រវេសន៍​នៅ​តាម​ព្រំដែន​ជាមួយ​ ម៉ិកស៊ិក​ បាន​​ឡើងស្រាប់​ទៅ​ហើយ និង​បន្ត​កើន​ឡើង​បន្ថែមទៀត​​នៅ​ខែ​ឧសភា​ខាង​មុខ នៅ​ពេល​​​វិធានការ​ Title ៤២ ដែល​អនុញ្ញាត​​តាំងពី​២ឆ្នាំ​ឱ្យ​ចាប់​បញ្ជូន​អន្តោប្រវេសន៍​ខុស​ច្បាប់​​នៅ​ព្រំដែន​ ត្រលប់​ទៅ​វិញ​ភ្លាម​ ត្រូ​វ​បញ្ចប់។ ប៉ុន្តែ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​អាមេរិក បាន​ធានាថា​បាន​ត្រៀមទប់​ទល់​​សន្ទុះ​លំហូរ​អន្តោប្រវេសន៍​នេះ​រួច​​ជាស្រេចហើយ។ ម្យ៉ាងទៀត បើ​ទោះ​បី​វិធានការ​នៅ​មាន​ជាធរមាន​នៅ​ឡើយ ក៏​ប៉ូលិស​ព្រំដែន តែង​តែ​ចាប់​ខ្លួន​អន្តោប្រវេសន៍​ខុស​ច្បាប់ ជាមធ្យម​៧៨០០នាក់​ ក្នុង​មួយ​ថ្ងៃ ​ តាំង​ពី​បី​​សប្តាហ៍​មកហើយ​ ពោល​គឺ​ជិត​៥ដង​​លើ​ស​មធ្យមភាគ​មុន​សម័យ​កូវីដ រវាង​ពី ឆ្នាំ​២០១៤-២០១៩។

ជា​រួម​ទៅ​ គ្រប់​ប្លុក​នយោបាយ​អាមេរិក​សុទ្ធ​តែ​ទទួល​ស្គាល់​ និងនិយាយ​​ស្រប​គ្នា​ថា​ អាមេរិក​មាន​បញ្ហា​ ទើប​អន្តោប្រវេសន៍​កើន​ឡើង។ ​សម្រាប់​សេតវិមាន បញ្ហា​បណ្តាល​មក​ពី​ប្រព័ន្ធ​អន្តោប្រវេសន៍​ខូច​ ដែល​សភាអាមេរិក​ត្រូវ​ជួសជុល​ឡើង​វិញ​ តែ​ក្រុម​អ្នក​សាធារណរដ្ឋ បាន​ចោទថា​ លោក​បៃដិន​ បរាជ័យ​ក្នុង​បេសកកម្ម​ការពារ​ព្រំដែន​ខាង​ត្បូង​របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ