អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​កំពូលអាមេរិក​-​អាស៊ាន ៖ លោកបៃដិន​បង្ហាញ​គម្រោង​ជាក់លាក់​ប្រឈម​នឹង​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូលអាស៊ាន-អាមេរិក ​ពី​រថ្ងៃ​ បាន​ចាប់បើក​​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ១២​ឧសភា ដោយ​លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​​​ទទួល​ស្វាគមន៍ក្រុម​​ប្រមុខ​ដឹកនាំ​ប្រទេស​អាស៊ានទាំងអស់​​ ជា​លើក​ទីមួយ នៅសេតវិមាន។ តាម​រយៈ​ជំនួប​កំពូល​នេះ សហរដ្ឋ​ចង់​ បង្ហាញ​អំពី​ឆន្ទៈ​នយោបាយ​អាមេរិក​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍​ ​ដែលចិនពង្រីក​វត្តមាន​កាន់​តែ​ខ្លាំងឡើងៗ​និង​ឥតឈប់​ឈរ។ ដើម្បី​ទប់​ឥទ្ធិពល​​ចិនក្នុង​តំបន់ លោក​ប្រធានាធិបតី​​ចូ​បៃដិន មាន​គម្រោង​ដ៏​ជាក់លាក់​ និង​កែច្នៃ​ពាណិជ្ជកម្ម​បែប​ថ្មីជាមួយ​អាស៊ីអាគ្នេយ៍។

ជំនួប​កំពូលអាមេរិក​-​អាស៊ាន ៖ លោកបៃដិន​បង្ហាញ​គម្រោង​ជាក់លាក់​ប្រឈម​នឹង​ចិន
ជំនួប​កំពូលអាមេរិក​-​អាស៊ាន ៖ លោកបៃដិន​បង្ហាញ​គម្រោង​ជាក់លាក់​ប្រឈម​នឹង​ចិន © President Biden推特截图
ផ្សាយពាណិជ្ជកម្ម

​​ជំនួបអាមេរិក​-អាស៊ាន​​​ដែល​គ្រោង​ធ្វើ​ដំបូង​ខែមីនា​ តែ​ត្រូវ​បាន​លើក​មកធ្វើ​នៅ​​ថ្ងៃទី ១២-១៣​ឧសភាវិញ​ ជាជំនួប​ពិសេស​។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​កម្ពុជា​ដែល​ជា​​ប្រធាន​ផ្លាស់​វេនអាស៊ាន ​​នេះ​ជាជំនួប​កំពូល​អាមេរិក-អាស៊ាន​​ពិសេស​​លើក​ទីពីរ​តែ​ប៉ុណ្ណោះ​ តែ​ត្រូវ​ជា​លើក​ទីមួយ​បង្អស់​ដែល​ប្រមុខ​ដឹកនាំ​អាស៊ាន​ទាំងអស់​បាន​មកជួបជុំ​គ្នា​ ​បានទទួល​ស្វាគមន៍​ប្រមុខដឹកនាំ​នៃ​​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ នៅ​សេតវិមាន និង​ក៏​​លើក​ទីមួយ​ដែរ គិត​ចាប់​តាំងពី​ឆ្នាំ​២០៦​មក​ ដែលជំនួប​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ដឹកនាំ​របស់​​ប្រធានាធិបតី​អាមេរិក​។

ដូច្នេះ​​ជំនួប​នេះ​ មាន​អត្ថន័យ​ពិសេស បញ្ជាក់​ថា​ ទោះពិភពលោក​​វីវក់​នឹង​សង្គ្រាម​នៅអ៊ុយក្រែនយ៉ាង​ណា​ក៏​ដោយ​ ក៏​រដ្ឋបាល​លោក​បៃដិន​មិន​ភ្លេច​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក បណ្តោយ​ឱ្យ​​គូប្រជែង​ចិន​ បង្ហាញ​វត្តមាន​យ៉ាង​ខ្លាំង​ក្លា និង​យ៉ាង​រំភើយម្នាក់ឯង​​ក្នុង​តំបន់​​​ឡើយ។ អាមេរិក​មិន​អូសទាញ​អាស៊ាន​ អាស៊ី ឱ្យ​ធ្វើ​សង្គ្រាម​ត្រជាក់​ថ្មី​ទេ ! អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អាមេរិក​បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា អាមេរិក​មិន​សុំ​ឱ្យ​ក្រុមប្រទេសអាស៊ាន​ធ្វើការ​ជ្រើសរើស​រវាង​អាមេរិក​ឬ​ចិន​ឡើយ ប៉ុន្តែ​អាមេរិក​ចង់​ឱ្យ​តំបន់​អាស៊ីអាគ្នេយ៍​យល់​ថា​អាមេរិក​នៅក្បែរ​ជានិច្ច និង​កំពុង​ស្ថាបនា​ទំនាក់ទំនង​ដ៏​រឹង​មាំ​មួយ​ជាមួយ​។

១៥០លាន​​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍

ដើម្បី​យក​ចិត្ត​ក្រុម១០ប្រទេស​អាស៊ាន ​និង​ទប់​ឥទ្ធិពល​ចិន ល្ងាច​មិញ​លោក​បៃដិន បាន​បង្ហាញ​គម្រោង​ផ្តួច​ផ្តើម​ដ៏​ជាក់លាក់​មួយ​ជាមួយ​អាស៊ីអាគ្នេយ៍​ ដែល​មាន​តម្លៃ​សរុប​ ​​១៥០​លានដុល្លារ។

ជា​គម្រោង​ដ៏​​តួចណាស់​ បើ​ប្រៀប​ទៅនឹង​ចិន ដែលកាលពី​ខែ​វិច្ឆិកា​២០២១ បាន​សន្យា​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​បី​ឆ្នាំដល់​អាស៊ាន​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​កូវីដ​និង​​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ចំនួន​ដល់​ទៅ ១៥០០​លានដុល្លារឯណោះ។ ហើយ​បើ​ប្រៀប​ទៅ​នឹង​ទំហំ​ទឹក​ប្រាក់ជិត​៤០ពាន់​លាន​ដែល​សភាអាមេរិក​ត្រូវ​​អនុម័ត​​សម្រាប់​យក​ទៅ​ជួយ​អ៊ុយក្រែន គឺ​កាន់​តែ​​​តិច​ខ្លាំងមែន​ទែន​ណាស់ !

នៅក្នុងកញ្ចប់​​១៥០​លាន​ដុល្លារ​ដែល​អាមេរិក​សន្យា​ជួយ​អាស៊ាន សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ សន្តិសុខ​ សុខាភិបាល និង​វិស័យ​ផ្សេង​ទៀត ដើម្បី​​រារាំង​ឥទ្ធិពលចិន​នៅក្នុង​តំបន់​នោះ ៦០លាន​ដុល្លារ នឹង​យក​ទៅ​ប្រើ​ក្នុង​វិស័យ​ការពារ​សន្តិសុខ​ផ្លូវ​ទឹក ពោល​គឺ​ដើម្បី​ការពារ​កុំ​ឱ្យ​មានការ​លួច​នេសាទ​ដោយ​ខុស​ច្បាប់ ព្រោះ​ដូច​រចនា​បាន​ដឹង​ស្រាប់​ថា ក្នុងតំបន់​​ដែន​ទឹក​ ជុំ​វិញ​សមុទ្ទ​ចិន​ខាង​ត្បូង ជា​ប្រភព​​នៃ​ជម្លោះ​រវាង​ចិន​និង​ប្រទេស​ជិត​ខាង​​ដូច​យ៉ាង​វៀតណាម និង​ហ្វីលីពីន​ ឥត​ដាច់​។ អាមេរិកជួយ​វិស័យ​នេះ​ព្រោះ​​ចង់​​ការពារ​​​អាស៊ាន​ ​កុំ​ឱ្យ​ជួប​ករណី​​ឈ្លានពាន​ថ្មី មិន​ថា​ការ​ឈ្លានពាន​ដែន​ទឹក ឬ​បញ្ហា​សមុទ្ទ​ចិន​ខាង​ត្បូង​ទេ។ នេះ​ជា​របៀប​លើក​ទឹក​ចិត្ត​ឱ្យ​​អាស៊ាន​​ ប្រកាន់​ជំហរ​​ដាច់​ខាត​ចំពោះ​ទង្វើ​ឈ្លានពាន​រុស្ស៊ី​លើ​អ៊ុយក្រែន។

មួយ​កញ្ចប់​ធំ​ទៀត​ ទំហំ​៤០​លាន​ នឹង​ត្រូវ​វ៉ាស៊ីនតោន​យក​ទៅ​វិនិយោគ​ក្នុង​វិស័យ​ថាមពល​ស្អាត​ ប៉ុន្តែ​អាមេរិកសង្ឃឹម​ថា​នឹង​អាច​​​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ឱ្យ​ការវិនិយោគ​ក្នុង​វិស័យ​គន្លឹះ​នេះ​ឡើងដល់​២ពាន់​លាន​នៅ​ថ្ងៃអនាគត។

គម្រោង​​ពាណិជ្ជកម្ម​កែច្នៃ IPEF

ចិន​ជា​ដៃគូពាណិជ្ជកម្ម​លំដាប់​ទីមួយ​របស់​អាស៊ាន វ៉ារ​ដាច់​អាមេរិក​ឆ្ងាយណាស់។ ដូច្នេះ​ផែនការ​ផ្តួច​ផ្តើម​ថ្មី​របស់​លោក​បៃដិនមួយ​នេះ អាមេរិក​បាន​ដឹង​យ៉ាង​ច្បាស់ថា ​មិន​អាច​ទៅប្រកួត​ប្រជែង​ជា​មួយ​ចិន​បាន​ទេ។

ប៉ុន្តែ​អាមេរិក​សំលឹង​និង​ចង់​រំពឹង​លើ​វិស័យ​ឯកជន​ និង​ចង់​មាន​ពាណិជ្ជកម្ម​ជា​មួយ​អាស៊ាន តាម​គំរូ​ពាណិជ្ជកម្ម​ដែល​មាន​ក្របខ័ណ្ឌ​​បែប​ទូលំទូលាយ​ខ្លាំង ក្រសោប​លើ​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក​ទាំង​មូល។ គំរូពាណិជ្ជកម្ម​ច្នៃប្រឌិត​ថ្មី​ ធ្លាប់ត្រូវ​​បាន​លោក​ប្រមុខ​ការទូត​អាមេរិក អង់តូនី ប្លីងកិន ​លើក​ឡើង​កាលពី​ចុង​ឆ្នាំ​២០២១ និង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​ នៅ​សប្តាហ៍​ក្រោយ​ពេល​លោក​ប្រធានាធិបតី​ ចូបៃដិន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តូក្យូ​និង​សេអ៊ូល។

បើ​តាម​ទីប្រឹក្សារបស់​លោក​ប្រធានាធិបតី​អាមេរិក​ទទួល​បន្ទុកកិច្ចការ​​អាស៊ី​​ លោក Kurt Campbell ប្រទេស​អាស៊ាន​ខ្លះ​នឹង​ទទួល​បាន​ប្រយោជន៍​ធំ​ណាស់​ពី​គម្រោងក្របខ័ណ្ឌ​​ពាណិជ្ជកម្ម​​សម្រាប់​ឥណ្ឌូប៉ាស៊ីហ្វិក ថ្មី ហៅ​កាត់​ថា (Indo-Pacific Economic Framework, IPEF)។ គម្រោងពាណិជ្ជកម្ម​ថ្មី ​នឹងនាំ​អាមេរិកឱ្យ​​ចូល​ទៅ​ធ្វើ​ពាណិជ្ជកម្ម​ជា​ផ្លូវការ​ជាមួយ​ដៃគូ​ ត្រង់​ចំណុច​ជា​អាទិភាព ដូច​ជា​ស្តារ​​បណ្តាញ​ផ្គត់ផ្គង់ភស្តុភារ​ដែល​ជួប​ភាព​រអាក់រអួល​តាំងពី​ផ្ទុះ​វិបត្តិកូវីដមក ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​ - ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ឬ​ជំរុញ​វិស័យ​ថាមពល​ស្អាត​។ តែ​ខុស​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មុនៗ គំរូ​ពាណិជ្ជកម្ម​ថ្មី​របស់​លោក​បៃដិន មិន​ធានា​បើក​ទីផ្សារ​ឱ្យ​ប្រទេស​ដៃគូ​ ចូល​សហរដ្ឋ​អាមេរិក​ដោយ​សេរី​ទេ។ មហាអំណាច​សេដ្ឋកិច្ច​ទីមួយពិភពលោក ​ព្រម​ផ្តល់​ការ​អនុគ្រោះ ដរាបណា​​ប្រទេស​ផ្សេង​ព្រម​ធ្វើ​​សម្បទាន​​។

​​​គំរូ​ពាណិជ្ជកម្ម​ថ្មី​​លោកប្រធានាធិបតី​​ចូបៃដិន មាន​ទម្រង់​ជា​កូនកាត់ ដោយ​​​បង្ហាញ​យ៉ាង​ច្បាស់​ថាសហរដ្ឋ​​អាមេរិកមិន​រួសរាន់​ស្តារ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ផ្តោះប្តូរ​សេរីទេ និង​មាន​ជំហរបែប​ការពារប្រយោជន៍​​ជាតិ​និយម​ខ្លាំង​ដូច​សម័យ​លោក​ត្រាំ​អ៊ីចឹង។ សូម​រំលឹក​ថា​ ក្រោម​អាណត្តិ​លោក​ បារ៉ាក់ អូបាម៉ា​ ជា​ប្រធានាធិបតី​អាមេរិក ហើយ​លោក​បៃដិន​ជា​អនុប្រធានាធិបតី អាមេរិក​​មាន​នយោបាយ​ការ​បរទេស​ផ្តល់​អាទិភាព​ចំបង​​ដល់​តំបន់​អាស៊ី​ ដោយ​បាន​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្តោះប្តូរ​សេរី​អន្តរប៉ាស៊ីហ្វិក​ (TPP)។ តែ​អាមេរិក​របស់​​​​លោ​កប្រធានាធិបតី​ដូណាល់​ត្រាំ​ បាន​ដក​ខ្លួន​ចេញ​វិញ​ក្រោមហេតុផល​ថាកិច្ចព្រមព្រៀង​នោះ​​បាន​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ពលករ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ