អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

G៧ សន្យាគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន និងរិះគន់ឥណ្ឌាដែលហាមការនាំចេញស្រូវសាលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍ ទី១៤ ឧសភា ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ក្នុង​លោក​ហៅកាត់ G៧ បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​រយៈពេល ៣ថ្ងៃ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម G៧ បាន​សន្យា​បន្ត​គាំទ្រ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​អ៊ុយក្រែន​ទាំង​ស្រុង។ ទន្ទឹម​គ្នា​នេះ G៧ ក៏​បាន​បញ្ជាក់​ពី​ការ​គ្មាន​ថ្ងៃ​ទទួល​ស្គាល់​ជា​ដាច់​ខាត​នូវ​ខ្សែព្រំដែន​អ៊ុយក្រែន​ដែល​រុស្ស៊ី​បាន​ព្យាយាម​គូសវាស​ថ្មី​តាម​កម្លាំងបាយ។ ដោយឡែក G៧ បាន​រិះគន់​លើ​ការ​សម្រេចចិត្ត​របស់​ឥណ្ឌា​ដែល​បាន​ហាម​ការ​នាំ​ចេញ​ស្រូវសាលី។

នៅ​ថ្ងៃ​សៅរ៍ ទី១៤ ឧសភា ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ក្នុង​លោក​ហៅកាត់ G៧ បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​រយៈពេល ៣ថ្ងៃ​ក្នុង​ប្រទេស​អាល្លឺម៉ង់។
នៅ​ថ្ងៃ​សៅរ៍ ទី១៤ ឧសភា ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ក្នុង​លោក​ហៅកាត់ G៧ បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​រយៈពេល ៣ថ្ងៃ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ AFP - KAY NIETFELD
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​រួម​របស់​ក្រុម​ប្រទេស G៧ អាច​មាន​ឥទ្ធិពល​តិច ឬ​ច្រើន​នៅ​ក្នុង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ តែ​ប្រហែល​មិន​ឈាន​ដល់​បង្ខំ​ឲ្យ​រុស្ស៊ី​បញ្ឈប់​សង្រ្គាម​នៅ​អ៊ុយក្រែន​ពេល​នេះ​បាន​នៅ​ឡើយ​ទេ។ ពិត​ណាស់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ក្នុង​លោក​ហៅកាត់ G៧ ដែល​មាន​ប្រទេស​អាល្លឺម៉ង់ កាណាដា អាមេរិក បារាំង អ៊ីតាលី ជប៉ុន និង​អង់គ្លេស​បាន​សន្យា​គាំទ្រ​ពេញទី​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​អ៊ុយក្រែន​ទាំង​ស្រុង ក្នុង​នោះ​ក៏​មាន​តំបន់​គ្រីមេ​ដែល​រុស្ស៊ី​បាន​ក្រសោក​យក​ក្នុង​ឆ្នាំ ២០១៤។ តែ​ក្នុង​ពេល​ជាមួយ​គ្នា G៧ បាន​ទុក​ឲ្យ​អ៊ុយក្រែន​ជា​អ្នក​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​រឿង​ទឹកដី។

អ្វី​ដែល G៧ ចង់​និយាយ​នៅ​ត្រង់​ចំណុច​នេះ បើ​អ៊ុយក្រែន​យល់​ថា ការ​ធ្វើ​សម្បទាន​តំបន់​ណា​មួយ​របស់​ខ្លួន​ទៅ​ឲ្យ​រុស្ស៊ី​ជា​ថ្នូរ​នឹង​ការ​ធានា​ឲ្យ​មាន​សេរីភាព និង​សន្តិភាព​នៅ​ក្នុង​ប្រទេស G៧ នឹង​គាំទ្រ​លើ​ការ​សម្រេចចិត្ត​របស់​អ៊ុយក្រែន។ ការ​បញ្ជាក់​របស់ G៧ បាន​ធ្វើ​ឡើង ខណៈ​ដែល​រុស្ស៊ី​កំពុង​ផ្តោត និង​ពង្រឹង​ការ​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​ដុនបាស់​ដែល​មួយ​ភាគ​បាន​គ្រប់គ្រង​ដោយ​ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដី​និយម​គាំទ្រ​រុស្ស៊ី​តាំង​ពី​ឆ្នាំ ២០១៤។ បន្ទាប់​មក បាន​សន្យា​បន្ថែម​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី និង​បាន​ស្នើ​ជា​ថ្មី​ឲ្យ​រុស្ស៊ី​បញ្ឈប់​សង្រ្គាម​មួយ​ដែល​អ៊ុយក្រែន​មិន​បាន​អុជអាល និង​បញ្ចប់​ការ​រងទុកសោក រួម​ទាំង​ការ​បាត់បង់​ជីវិត​ជនស៊ីវិល។

ទន្ទឹម​គ្នា​នេះ  G៧ មិន​ភ្លេច​អំពាវនាវ​ជា​ថ្មី​ឲ្យ​ប្រទេស​បេឡារុស​ឈប់​ជួយ​សម្រួល និង​គាំទ្រ​រុស្ស៊ី​នៅ​ក្នុង​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។ ការ​អំពាវនាវ​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន G៧ ធ្វើ​ទៅ​កាន់​ប្រទេស​ចិន​ដោយ​ស្នើ​ឲ្យ​ចិន​កុំ​រារាំង​លើ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី កុំ​ឲ្យ​ចិន​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​នៃ​សកម្មភាព​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​កុំ​ឲ្យ​ចិន​ព្យាយាម​ធ្វើ​ឲ្យ​ស្របច្បាប់​លើ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ពេល​នេះ។

ឥណ្ឌា​ពន្យល់​ពី​មូលហេតុ​អតិផរណា និង​លក្ខខណ្ឌ​អាកាសធាតុ

ក្រៅ​ពី​ប្រធានរឿង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន G៧ បាន​ចាប់​អារម្មណ៍​ដោយ​រិះគន់​លើ​ការ​សម្រេចចិត្ត​របស់​ប្រទេស​ឥណ្ឌា​ដែល​ហាម​ការ​នាំ​ចេញ​ស្រូវសាលី។ មាន​មូលហេតុ​សំខាន់​ចំនួន​ពីរ​ដែល​ឥណ្ឌា​បាន​លើក​ឡើង​ដើម្បី​បញ្ជាក់​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​ក្នុង​ការ​ហាម​ការ​នាំ​ចេញ​ស្រូវ​សឡី ទី១ គឺ​ដើម្បី​គ្រប់គ្រង​អត្រា​អតិផរណា​លើ​ស្បៀងអាហារ​ក្នុង​ស្រុក និង​ទី២ គឺ​ទុក​ស្រូវសាលី​ដើម្បី​ចិញ្ចឹម​ពលរដ្ឋ​ទាំង​ជិត ១ ៤០០លាននាក់​របស់​ខ្លួន។ ពិត​ណាស់ នៅ​ពេល​ផ្ទុះ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ភ្លាម ឥណ្ឌា​បាន​ចេញ​មុខ​ប្រកាស​សន្យា​ធានា​នាំ​ចេញ​ស្រូវសាលី​របស់​ខ្លួន​ក្នុង​បរិមាណ​ពី ៧លានតោន​ទៅ ១០លានតោន​ចាប់​ពី​ថ្ងៃទី១ មេសា ឆ្នាំ ២០២២ ដើម្បី​ចិញ្ចឹម​មនុស្សលោក។

ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ការ​ដាំ ការ​ប្រមូល និង​ការ​នាំ​ចេញ​ស្រូវសាលី​អ៊ុយក្រែន និង​រុស្ស៊ី​បាន​ជាប់គាំង​ដោយសារ​សង្រ្គាម។ តែ​នេះ​ដោយ​ឥណ្ឌា​មិន​បាន​គិត​ពី​បញ្ហា​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង​ដែល​ឥណ្ឌា​បាន​ជួប​តាំង​ពី​ខែ​មីនា ពិសេស​នា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។ តាម​រដ្ឋាភិបាល​ក្រុង​ញូដែលី លក្ខខណ្ឌ​អាកាសធាតុ​ពេល​នេះ​អាច​ធ្វើ​ឲ្យ​ការ​ប្រមូល​ផល​ស្រូវសាលី​ធ្លាក់​ចុះ​យ៉ាង​តិច ៥% ក្នុង​ឆ្នាំ ២០២២ បើ​ធៀប​នឹង​ឆ្នាំ ២០២១ ដែល​ប្រមូល​បាន​ប្រមាណ​ជា ១១០លានតោន។ នេះ​ហើយ​ជា​ហេតុផល​ដែល​ឥណ្ឌា​បាន​ហាម​ការ​នាំ​ចេញ​ស្រូវសាលី​ដើម្បី​ទុក​ចិញ្ចឹម​ពលរដ្ឋ​របស់​ខ្លួន។ តែ​ក្នុង​ពេល​ជាមួយ​គ្នា ឥណ្ឌា​បាន​បញ្ជាក់​ពី​ការ​រក្សាសិទ្ធិ​ក្នុង​ការ​បន្ត​លក់​ទៅ​ឲ្យ​ប្រទេស​ដែល​ត្រូវ​ការ​ចាំ​បាច់ និង​ថា វិធានការ​ថ្មី​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​ទិញ លក់​ដែល​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​ប្រទេស G៧ បាន​រិះគន់​លើ​ការ​សម្រេចចិត្ត​របស់​ឥណ្ឌា និង​អំពាវនាវ​ឲ្យ​ឥណ្ឌា​រក្សា​ទុក​ទីផ្សារ​ចំហ​ដដែល។ « បើ​គ្រប់​គ្នា​ចាប់​ផ្តើម​ដាក់​កំហិត​លើ​ការ​នាំ​ចេញ​បែប​នេះ​ ឬ​បិទ​ទីផ្សារ​ទាំង​ស្រុង វា​នឹង​ធ្វើ​ឱ្យ​វិបត្តិ​កាន់​តែ​អាក្រក់​ឡើងៗ រួម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឥណ្ឌា និង​កសិករ​ឥណ្ឌា​ខ្លួន​ឯង​ផង »នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋមន្រ្តី​កសិកម្ម​អាល្លឺម៉ង់។

ឥណ្ឌា​ជា​ប្រទេស​ផលិត​ស្រូវសាលី​ទី១ ក្នុង​លោក តែ​មិនមែន​ជា​ប្រទេស​នាំ​ចេញ​ទី១ ទេ

ឥណ្ឌា​ជា​ប្រទេស​ផលិត​ស្រូវសាលី​លំដាប់​ទី២ ក្នុង​លោក បន្ទាប់​ពី​ប្រទេស​ចិន។ តែ​ឥណ្ឌា និង​ចិន​មិនមែន​ជា​ប្រទេស​ដែល​បាន​នាំ​ស្រូវសាលី​ចេញ​ច្រើន​ជាង​គេ​លើ​លោក​ទេ។ មួយ​វិញ​ទៀត ចិន និង​ឥណ្ឌា​ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​គេ​ជាង​ក្នុង​លោក​ដោយ​មាន​ជាង ១ ៤០០លាននាក់​នៅ​ចិន និង​ជិត ១ ៤០០លាននាក់​នៅ​ឥណ្ឌា។ ដូច្នេះ​សម្រាប់​ចិន និង​ឥណ្ឌា ការ​រក្សា​ទុក​ស្រូវសាលី​ចិញ្ចឹម​ក្រពះ​ពលរដ្ឋ​ខ្លួន​ឯង​ជា​អាទិភាព​ទី១ មុន​នឹង​នាំ​ចេញ។ នៅ​ក្នុង​បរិបទ​ធម្មតា ពោល​មុន​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ពិភពលោក​មិន​ចំណោត​រឿង​ស្រូវសាលី​ទេ ព្រោះ​ក្រៅ​ពី​ចិន និង​ឥណ្ឌា រុស្ស៊ី​ជា​ប្រទេស​ផលិត​ទី៣ ហើយ​អ៊ុយក្រែន​ស្ថិត​នៅ​លំដាប់ទី៨។

លើស​ពី​នេះ រុស្ស៊ី​ជា​ប្រទេស​នាំ​ចេញ​ស្រូវសាលី​ទី១ ក្នុង​លោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​អ៊ុយក្រែន។ តែ​បញ្ហា​នៅ​ត្រង់​ថា សង្រ្គាម​អ៊ុយក្រែន​ពេល​នេះ​បាន​ធ្វើ​ឲ្យ​ជាប់​គាំង​លើ​ការ​ដាំដុះ ប្រមូលផល និង​ការ​នាំ​ចេញ​ស្រូវសាលី​អ៊ុយក្រែន។ ពី​ខាង​រុស្ស៊ីដោយសារ​តែ​រុស្ស៊ី​ជាប់​ទណ្ឌកម្ម​បស្ចិមលោក​ក្នុង​សង្រ្គាម​អ៊ុយក្រែន​ពេល​នេះ រុស្ស៊ី​មិន​អាច​នាំ​ស្រូវសាលី​ចេញ​បាន​ទេ។ ដូច្នេះ​បើ​ប្រទេស​ផ្សេង ដូច​យ៉ាង​ឥណ្ឌា​បាន​ផ្អាក​ការ​នាំ​ចេញ​ស្រូវសាលី​របស់​ខ្លួន​ទៀត តើ​ពិភពលោក​មាន​ស្រូវសាលី​មក​ពី​ណា​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ក្រុម​ប្រទេស​ដែល​ពឹង​លើ​ស្រូវសាលី​រុស្ស៊ី និង​អ៊ុយក្រែន។ គួរ​បញ្ជាក់​ថា អ៊ុយក្រែន​ក៏​ជា​ប្រទេស​នាំ​ចេញ​ពោត​លំដាប់ទី៣ ក្នុង​លោក និង​ជា​ប្រទេស​កសិកម្ម​ដំណាំ​ផ្កា​ឈូករ័ត្ន​សម្រាប់​ធ្វើ​ប្រេងឆា​ដែរ។

ខណៈ​នេះ អ៊ុយក្រែន​មិន​អាច​បន្ត​ដំា​ស្រូវសាលី ពោត ឬ​ផ្កាឈូករ័ត្ន​ដូច​ទម្លាប់​សព្វ​មួយ​ដង​បាន​ទៀត​ទេ។ ដល់​អ៊ីចឹង​ទៅ តម្លៃ​ស្រូវសាលី ពោត​រួម​ទាំង​ផ្កាឈូករ័ត្ន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​ឡើង​ថ្លែ​ខ្ពស់។ ក្រុម​ប្រទេស​ដែល​ពឹង​ច្រើន ឬ​សឹង​ទាំង​ស្រុង​លើ​ស្រូវ​សាលី​រុស្ស៊ី និង​អ៊ុយក្រែន​ជា​អ្នក​ដែល​កំពុង​ប្រឈម​ខ្លាំង​ជាង​គេ ពិសេស​ក្រុម​ប្រទេស​អាហ្វ្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ