អានតួអត្ថបទ
សង្គ្រាម​អ៊ុយក្រែន-ស្បៀងអាហារ

លោក​អូឡាហ្វ ស្ហុលស៍ ៖ រុស្ស៊ី​មាន​ចំណែក​ទទួល​ខុសត្រូវ លើ​ការផ្គត់ផ្គង់​ស្បៀង​​អាហារ​​ទូទាំង​ពិភពលោក

លោកអូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានទូរស័ព្ទទៅនិយាយជាមួយ​លោកពូទីន កាលពីថ្ងៃព្រឹកថ្ងៃសុក្រទី១៣ឧសភា​ ។ នៅក្នុងការសន្ទនាទនេះ លោក​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ប្រាប់ទៅលោកពូទីនថា រុស្ស៊ីមាន​ចំណែក​ទទួលខុសត្រូវធំណាស់ នៅក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមស្បៀងហារ សម្រាប់ពិភពលោកទាំងមូល​។ វត្ថុធាតុដើមស្បៀងអាហារ ដែលកំពុងតែឡើងថ្លៃខ្លាំង បង្កឲ្យ​មានវិបត្តិនៅតាម​ប្រទេសកាន់តែច្រើនឡើងៗ។

គ្រាប់រ៉ូកែតមួយគ្រាប់ ធ្លាក់​មិនផ្ទុះ នៅកណ្តាលវាស្រែស្រូវសាឡី ជាយទីក្រុងកៀវ ថ្ងៃទី ២៣ មេសា ២០២២
គ្រាប់រ៉ូកែតមួយគ្រាប់ ធ្លាក់​មិនផ្ទុះ នៅកណ្តាលវាស្រែស្រូវសាឡី ជាយទីក្រុងកៀវ ថ្ងៃទី ២៣ មេសា ២០២២ AP - Emilio Morenatti
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតប្រកាស របស់វិមានក្រឹមឡាំង លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រាប់ទៅលោកអូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ថា “ប្រតិបត្តិការយោធាដែលរុស្ស៊ីកំពុងតែធ្វើនៅអ៊ុយក្រែន គឺដើម្បី​បោសសំអាត​ ប្រទេសនេះ ឲ្យ​អស់ស្អាតពីទ្រឹស្តីណាហ្ស៊ីសម័យថ្មី”។ លោកពូទីន ក៏បានអះអាងទៀតថា គឺភាគីអ៊ុយក្រែន ដែលបានយកជើងរាទឹក ដាក់ឧបសគ្គដល់ការចរ​ចា នាពេលកន្លងមកនេះ។

ដោយឡែក យោងតាម​ការបញ្ជាក់ពី​រដ្ឋាភិបាលអាល្លឺម៉ង់ នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទ រយៈពេល​៧៥នាទីនេះ លោកអូឡាហ្វ ស្ហុលស៍ បានឆ្លើយប្រាប់ទៅលោកពូទីនវិញថា ការចោទថាអ៊ុយក្រែនកំពុងស្ថិតក្រោមការដឹកនាំ របស់ទ្រឹស្តីណាហ្ស៊ីសម័យថ្មីនោះ វាគឺជាការចោទគ្មានមូលដ្ឋានសោះ ហើយវាជារឿងចាំបាច់ ដែលត្រូវបិទបញ្ចប់​​សង្រ្គាម​នេះ​។ លោក​អូឡាហ្វ ស្ហុលស៍ បាន​លើកឡើងទៀតថា រុស្ស៊ីមានតួនាទី និងការទទួលខុសត្រូវធំណាស់ នៅក្នុងការផ្គត់ផ្គង់ទំនិញវត្ថុធាតុដើមស្បៀងអាហារ សម្រាប់ពិភពលោក។

គួរបញ្ជាក់ថា សង្គ្រាម​នៅអ៊ុយក្រែន កំពុងតែធ្វើឲ្យទីផ្សារវត្ថុធាតុដើមស្បៀងអាហារ មានភាពជ្រួល​ច្របល់ជាខ្លាំង។​ រុស្ស៊ី និងអ៊ុយក្រែន គឺជាជង្រុងដ៏សំខាន់របស់ពិភពលោក ដូចជាគ្រាប់ពោត ​ស្រូវសាឡី និងគ្រាប់ធុញ្ញជាតិមួយចំនួនទៀតសម្រាប់ផលិត​​ធ្វើប្រេងឆា។ តម្លៃវត្ថុធាតុដើមទាំងនេះ​ បានឡើងជាលំដាប់ ធ្វើឲ្យ​តម្លៃទំនិញតាមទីផ្សារឡើងថ្លៃ។ យោងតាមការព្យាករណ៍ ក្នុងឆ្នាំ​២០២២នេះ ទិន្នផលគ្រាប់ពោតរបស់អ៊ុយក្រែន អាចនឹងធ្លាក់ចុះជាងពាក់កណ្តាល ដោយសារតែងសង្គ្រាម។

ជាងនេះទៀត ស្រូវសាឡីអ៊ុយក្រែនចំនួន​ប្រមាណ ២,៥លានតោន កំពុងជាប់គាំងនៅកំពង់ផែ មិនអាចត្រូវបានដឹកចេញបាន ដោយសារតែកងទ័ពរុស្ស៊ីឡោមព័ទ្ធកំពង់ផែអូដេសា។ កាលពីថ្ងៃទី១០ឧសភា លោក​ប្រធានាធិបតី​ហ្សេឡេនស្គី បាន​ថ្លែងសារ អំពាវនាវ ឲ្យសហគមអន្តរជាតិត្រូវជួយអន្តរាគមន៍ ដើម្បីរំដោះបើក​កំពង់ផែក្រុងអូដេសាឲ្យ​បាន ដើម្បីដឹកទំនិញស្បៀងរបស់អ៊ុយក្រែនចេញទៅក្រៅ។

យោងតាមអង្គការមនុស្សធម៌ និងអង្គការសហប្រជាជាតិ ការឡើងថ្លៃទំនិញស្បៀងអាហារនៅក្នុងពេលនេះ អាចនឹងរុញច្រានមនុស្ស​ជាច្រើនលាននាក់ ឲ្យ​ជួបគ្រោះទុរ្ភឹក្ស ជាពិសេសនៅតាមប្រទេសតំបន់អាហ្វ្រិក​។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​ នៃ​ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 បានជួបប្រជុំគ្នា កាលពីរសៀលថ្ងៃសុក្រ ដើម្បី​និយាយគ្នា អំពីវិធានការមួយចំនួន ដើម្បីធានាកុំឲ្យ​ទីផ្សារ​តម្លៃវត្ថុធាតុដើមស្បៀងអាហារ ជ្រួលច្របល់ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ