អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្រូវសាលីអ៊ុយក្រែនក្លាយ​ជាចំណាប់ខ្មាំង​នៃ​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អឺរ៉ុប​បាន​និយាយបរិហា​រុស្ស៊ី​ថា ជាអ្នកទទួលខុសត្រូវ​ឲ្យកើតមាន​វិបត្តិស្បៀងអាហារ សព្វថ្ងៃនេះ។ នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ កាលពីថ្ងៃ​ចន្ទម្សិលមិញ ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប លោក​Charles Michel​បាន​និយាយ​រិះគន់ថា សង្រ្គាមរុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន​បាន​បង្កផលវិបាកពេញពិភពលោក ដោយ​បាន​បណ្តាល​ឲ្យតម្លៃទំនិញ ឡើងថ្លៃ រុញច្រាន​ឲ្យមនុស្ស​ជាច្រើនលាននាក់​ធ្លាក់ក្នុងភាពក្រីក្រ ជួបវិបត្តិខ្វះស្បៀងអាហារ ជាពិសេស​នៅក្នុង​តំបន់​អាហ្វ្រិក តំបន់ដើមបូព៌ា ដែល​ពឹងអាស្រ័យ​ខ្លាំង​លើការនាំចូល​ស្រូវសាលី​ពី​អ៊ុយក្រែន និង​រុស្ស៊ី​ដែលជាប្រទេស​នាំចេញ ស្រូវសាលី គ្រាប់ធញ្ញជាតិ ច្រើនជាងគេ​នៅក្នុង​ពិភពលោក។ ការចោទប្រកាន់​របស់​ភាគីអឺរ៉ុប​បាន​ធ្វើ​ឲ្យ​ឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំ​អង្គការ​សហប្រជាជាតិ ដើរចេញភ្លាម ពីអង្គប្រជុំ​នៅក្រុមប្រឹក្សា​សន្តិសុខ។

រូបភាពស្រីសាលី​នៅ​ភាគខាងត្បូង​ទីក្រុង​ Nikolaevរបស់​ប្រទេស​អ៊ុយក្រែន​នៅខេ​កក្កដា ២០១៣
រូបភាពស្រីសាលី​នៅ​ភាគខាងត្បូង​ទីក្រុង​ Nikolaevរបស់​ប្រទេស​អ៊ុយក្រែន​នៅខេ​កក្កដា ២០១៣ REUTERS - Vincent Mundy
ផ្សាយពាណិជ្ជកម្ម

នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ  ពាក្យចោទប្រកាន់​របស់​ប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោក​ស្ហាល មីស្ហែល ដែល​ថា រុស្ស៊ី ជាអ្នកទទួលខុសត្រូវ​នៃវិបត្តិ​ស្បៀងអាហារ​ក្នុងពិភពលោក​សព្វថ្ងៃ បាន​ជំរុញ ឲ្យ អ្នកតំណាង​រុស្ស៊ី​ងើប​ដើរចេញជាបន្ទាន់ពី​បន្ទប់ប្រជុំ។

ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​អង្គការសហប្រជាជាតិ លោក​Vassily Nebenzia បាននិយាយ​ប្រាប់​ទីភ្នាក់ងារព័ត៌មាន​អង់គ្លេស Reuters ថា លោក​ដើរចេញពីអង្គប្រជុំ ព្រោះ​លោក​មិនអាច​ទ្រាំស្តាប់​ពាក្យ​កុហក​ដែល​ប្រធានក្រុមប្រឹក្សា​អឺរ៉ុប​បាន​លើកឡើង​នៅ​ក្នុងកិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ។

ប៉ុន្តែ ប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោក​ស្ហាល មីស្ហែល បាន​និយាយ​ខ្លាំងៗ នៅពេល​ឃើញ​អ្នកតំណាង​រុស្ស៊ី ងើបចាកចេញ ពីបន្ទប់​ប្រជុំ​ថា លោក​Vassily Nebenzia ដើរចេញ ព្រោះ​មិន​ចង់​ស្តាប់ការពិត។

នៅក្នុង​កិច្ចប្រជុំ​របស់ក្រុមប្រឹក្សា​សន្តិសុខ​ដែល​ដឹកនាំ​ដោយប្រធានផ្លាស់វេន ប្រទេស​អាល់បានី ប្រធានក្រុមប្រឹក្សាអឺរ៉ុប​បានទម្លាក់កំហុស​ទៅលើ​សង្រ្គាមរុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន​ថា​ ជាដើមហេតុ​បង្ក​ឲ្យ​មាន​វិបត្តិស្បៀង​អាហារ​ក្នុងពិភពលោក។

បើតាម ប្រធានក្រុមប្រឹក្សា​អឺរ៉ុប រុស្ស៊ី​ផ្ទាល់​បាន​យក​បញ្ហា​ស្បៀង​មក​ធ្វើ​ជា​មីស៊ីល​ប្រឆាំង​ក្រុមប្រទេស​កំពុង​អភិវឌ្ឍ តាមរយៈ ការបិទខ្ទប់ ការនាំចេញ​ស្រូវសាលី​អ៊ុយក្រែន។ តាមប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោក​ស្ហាល មីស្ហែល លោក​ឃើញផ្ទាល់នឹង​ភ្នែក គ្រាប់ធញ្ញជាតិ ស្រូវសាលី រាប់​លាន​តោន ដែលនៅជាប់គាំង នៅកំពង់ផែ អូដេសា ដែលអ៊ុយក្រែន មិនអាចដឹក​នាំចេញ​ទៅបរទេស​បាន ដោយសារ​តែ ការបិទខ្ទប់​របស់​កងទ័ព​រុស្ស៊ី ដែលរំលោភ​ចូល​គ្រប់គ្រង​សមុទ្រ​ខ្មៅ។

នៅមុន​រុស្ស៊ី​ចូលធ្វើ​សង្រ្គាមអ៊ុយក្រែន អ៊ុយក្រែន​ជា​ប្រទេស​ធំទី ៤ក្នុងពិភពលោក​ខាងនាំចេញ​ស្រូវសាលី និង​ពោត។ របាយការណ៍​សម្រាប់រដូវ​២០២១ និង​២០២២ អ៊ុយក្រែន​ធ្លាប់​នាំចេញ​ស្រូវសាលី ២០លាន​តោន និង​ពោត ជាង ២៧លាន​តោន។ ប៉ុន្តែ ដោយសារ​តែ​ការបិទខ្ទប់​នៅ​សមុទ្រ​ខ្មៅពីសំណាក់កងទ័ព​រុស្ស៊ី សមាគម​អ្នកផលិតស្រូវសាលី អ៊ុយក្រែន​វាយតម្លៃថា ការនាំចេញ​ស្រូវសាលីរបស់អ៊ុយក្រែន ទៅ​កាន់អាហ្វ្រិក អាស៊ី ដើមបូព៌ា និងអឺរ៉ុប នៅឆ្នាំនេះ នឹងអាច​បាន​ច្រើនបំផុត ១២​លាន​តោន ពោលគឺ​តិចណាស់ បើប្រៀបធៀប​នឹង​ការប្រមូល​ផលស្រូវ​សាលី ដែលមានដល់​៦៦លាន​តោន។

ក្រៅ​ពី​ចោទ​រុស្ស៊ី​ថា ជា​អ្នកទទួលខុសត្រូវ​ធ្វើ​ឲ្យ​កើតមាន​វិបត្តិខ្វះស្បៀង និង​ចំណីអាហារ ដោយសារ​តែ​ធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន ប្រមុខដឹកនាំ​ក្រុមប្រឹក្សា​អឺរ៉ុប​នៅបាន​ចោទប្រកាន់​រុស្ស៊ី​ផងដែរ បាន​លួចស្រូវសាលី​អ៊ុយក្រែន និង​បាន​ហាមឃាត់​មិន​ឲ្យ​អ៊ុយក្រែន​សាបព្រួស បង្កបង្កើនផលកសិកម្ម នៅក្នុង​តំបន់​ដែលកងទ័ព​រុស្ស៊ី​ចូលកាន់កាប់។

រុស្ស៊ី​ពិតជា​លួចយកស្រូវសាលីអ៊ុយក្រែន?

រឿងលួចយកស្រូវសាលីអ៊ុយក្រែន នាំចេញ​ទៅបរទេស ភាគី​អ៊ុយក្រែន​បាន​ចេញមុខ​ចោទប្រកាន់​រុស្ស៊ី តាំង​ពី​សប្តាហ៍មុនម្ល៉េះ។ ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន នៅ​តួកគី និង​លីបង់​ធ្លាប់​បាន​និយាយ​ថា នៅពេលធ្វើ​សង្រ្គាមចូលកាន់កាប់​តំបន់​ជង្រុកស្រូវសាលី របស់អ៊ុយក្រែន ដូចជា​នៅកំពង់ផែ ម៉ារីយូប៉ូល និង​តំបន់ភាគខាងកើត​អ៊ុយក្រែន រុស្ស៊ី បាន​លួច​ដឹកស្រូវសាលី ទាំងតោនៗ សំដៅទឹកដី​បរទេស ដែល​ក្នុងនោះមានផងដែរ រុស្ស៊ី។

រុស្ស៊ីធ្លាប់បាន​ចេញមុខ​បដិសេធ​ការចោទប្រកាន់ ប៉ុន្តែ ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី ផ្ទាល់ ឈ្មោះ Tass ធ្លាប់​បាន​សរសេរស្រង់សំដី មន្រ្តីយោធា រុស្ស៊ី​ម្នាក់​ដែលទើបចូល​គ្រប់គ្រង​តំបន់​Kherson របស់​អ៊ុយក្រែន ដែលថា គេ​បាន​ដឹកជញ្ជូន​ស្រូវសាលី​អ៊ុយក្រែន សំដៅ​ទឹកដី​រុស្ស៊ី ដូចជា​តំបន់​គ្រីមេ ដែល​រុស្ស៊ី បានរំលោភ កាត់យកពីអ៊ុយក្រែន នៅឆ្នាំ ២០១៤។

នៅក្នុង​កិច្ចប្រជុំដាច់ដោយឡែក នៅញ៉ូវយក ប្រមុខការបរទេស​អាមេរិក អង់តូនី ប្លីងកិន មាន​យោបល់​ដូច​ប្រធានក្រុមប្រឹក្សា​អឺរ៉ុប។ តាម​លោកប្លីងកិន មាន​ព័ត៌មាន​គួរឲ្យជឿជាក់ច្រើន ដែល​ថា រុស្ស៊ី លួចស្រូវសាលី របស់​អ៊ុយក្រែន។ រូបភាពផ្កាយរណប​ជាច្រើន​បាន​បង្ហាញ​កប៉ាល់ដឹកទំនិញ​រុស្ស៊ី ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងការពារ​ជាតិរុស្ស៊ី​បាន​បើកចូលចត​កំពង់ផែស៊ីរី លីបង់ និង​តួកគីជាដើម។  ​អ្នកតំណាងអ៊ុយក្រែន នៅ​លីបង់ បាននិយាយ​ហើយថា ចាប់តាំង​ពីធ្វើសង្រ្គាម ឈ្លានពាន​អ៊ុយក្រែន រុស្ស៊ី បាន​លួចដឹកនាំចេញ​ស្រូវសាលី អ៊ុយក្រែន ទៅ​ស៊ីរី ដែលជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី។

តាមរដ្ឋមន្រ្តីការបរទេស​អាមេរិក រុស្ស៊ី សព្វថ្ងៃ​កំពុង​យក​បញ្ហា​នាំចេញ​ស្រូវសាឡី​របស់​អ៊ុយក្រែន ជា​ការគំរាម​យក​ប្រយោជន៍ នៅក្នុង​សង្រ្គាម​អ៊ុយក្រែន ពោលគឺ​រុស្ស៊ី​ចង់​ទាមទារ​ឲ្យ​ប្រទេស​លោកខាងលិច​ដកចោល​ទណ្ឌកម្មសេដ្ឋកិច្ច​លើខ្លួន ជាមុន បើសិន​គេ​ចង់​នាំចេញ​ស្រូវសាលីអ៊ុយក្រែន។

អង្គការ​សហប្រជាជាតិ កំពុងខ្វាត់ខ្វែងដៃ ចរចាខ្លាំងណាស់​ជាមួយ​រុស្ស៊ី ដើម្បី សម្រួលការនាំចេញស្រូវសាលី​អ៊ុយក្រែន ដើម្បីដោះស្រាយ​វិបត្តិខ្វះ​ស្បៀងអាហារ និង​ទំនិញឡើងថ្លៃ​នៅក្នុងពិភពលោក។

មានទៅ គឺមានមក

ក្នុងនាមជា​អ្នកសម្របសម្រួល​រវាង​រុស្ស៊ី និង​អ៊ុយក្រែន តួកគី​បាន​ដាក់ខ្លួន​ជា​អ្នកដឹកនាំចេញ​ស្រូវសាលីអ៊ុយក្រែន ប្រមាណ ២០លាន​តោន​ដែល​កំពុងជាប់គាំងស្ទះ នៅ​កំពង់ផែ​អូដេសា។ តាមទីភ្នាក់ងារ​ផ្លូវរដ្ឋ​តួកគី រុស្ស៊ី តួកគី អ៊ុយក្រែន​បាន​ចរចា យល់ស្របគ្នា​ឲ្យ​បង្កើតច្រកផ្លូវនាំចេញ​ស្រូវសាលី នៅ​សមុទ្រ​ខ្មៅ ពោលគឺ​ដូចច្រកផ្លូវមនុស្សធម៌ ដែល​គេធ្លាប់​បាន​បង្កើតឡើង​ដើម្បីជម្លៀស​ប្រជាជន​ចេញពីតំបន់​ម៉ារីយូប៉ូល​យ៉ាងដូច្នេះដែរ។

រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី លោក​ឡាវ្រូវ ធ្វើដំណើរទៅ​តួកគី​នៅថ្ងៃពុធ​ស្អែក នេះ។ ប៉ុន្តែ បញ្ហា​នៅត្រង់ថា តើ​រុស្ស៊ី​នឹងធ្វើ​សម្បទាន មិនបាញ់បំផ្លាញ កប៉ាល់​ដឹកស្រូវសាលី​របស់អ៊ុយក្រែន​នៅសមុទ្រ​ខ្មៅដែរឬទេ។ រុស្ស៊ី​ក៏ចង់​បាន​ប្រយោជន៍​មកវិញ​ដែរ បើសិន​ខ្លួន​ធ្វើ​សម្បទាននោះ។ អាច​ថា បើចង់​ឲ្យ​រុស្ស៊ី អនុគ្រោះបើកផ្លូវ​ឲ្យ​អ៊ុយក្រែន នាំចេញ​ស្រូវសាលី រាប់លាន​តោន ដើម្បី​ចេញ​ទៅ​លក់​នៅបរទេស គេ​ក៏ត្រូវគិតគូរ​ដល់​ស្រូវសាលី​របស់​រុស្ស៊ីរាប់លាន​តោន ដែល​នៅ​ជាប់គាំង​ដោយសារ​តែ​ការដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិចដែរ។ រុស្ស៊ី​មិនអាច​ចេះតែ​បណ្តោយ​ឲ្យ​អ៊ុយក្រែនបាន​ប្រយោជន៍តែម្នាក់​ឯង​ពីការនាំចេញ​ស្រូវសាលីទៅទីផ្សារនោះទេ។

ដូច្នេះ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​រុស្ស៊ី​ចុះកិច្ចព្រមព្រៀង បើក​ផ្លូវ​ឲ្យគេនាំចេញស្រូវសាលី​អ៊ុយក្រែន តួកគី និង​សហគមន៍​អន្តរជាតិ​ត្រូវតែ​ធានា​ដែរថា រុស្ស៊ី នឹង​បាន​ប្រយោជន៍​ខ្លះមក​វិញដែរ​ពីកិច្ចព្រមព្រៀងខាងលើ។ សួរថា តើគេ​ព្រម​ដកទណ្ឌកម្ម​សេដ្ឋកិច្ច ពីរុស្ស៊ី ដើម្បីជាថ្នូរ​នឹង​ការចង់បានភ្លើងខៀវ​របស់​រុស្ស៊ី ឲ្យ​គេ​នាំចេញ​ស្រូវសាលីរបស់អ៊ុយក្រែនដែរឬទេ។ នេះជាការសម្រេចចិត្ត​របស់​ក្រុមប្រទេស​លោកខាងលិច។

សេណារីយ៉ូខ្មៅងងឹត​សម្រាប់​ស្រូវសាលីអ៊ុយក្រែន

អ៊ុយក្រែន​ធ្លាប់បាន​គិតគូរ បង្កើនការនាំចេញ​ស្រូវសាលី​តាមផ្លូវគោក ដោយ​ជៀសវាង​មិនប្រើសមុទ្រ​ខ្មៅ។ ប៉ុន្តែ វា​មាន​បញ្ហា​មធ្យោបាយ Logistique ច្រើន ដោយសារ​ថា ជាង ៩០%នៃ​ស្រូវសាលី​របស់​អ៊ុយក្រែន ត្រូវបាន​ស្តុកនៅតាម​កំពង់ផែ និង​នៅលើ​កប៉ាល់​ ដែលត្រូវ​ត្រៀមខ្លួន​ដឹកនាំចេញទៅ​បរទេស។ ប៉ុន្តែ នៅពេល​សង្រ្គាមឈ្លានពាន​របស់រុស្ស៊ី ចាប់ផ្តើម ការដឹកជញ្ជូន​តាមផ្លូវទឹក​ត្រូវជាប់គាំង ដោយសារ​តែ​សមុទ្រ​ខ្មៅត្រូវស្ថិតក្រោម​ការកាន់កាប់​របស់​កងទ័ពរុស្ស៊ី។

នៅ​មួយរយៈចុងក្រោយនេះ អ៊ុយក្រែន​បាន​ព្យាយាម​បញ្ជូន​ចេញ ស្រូវសាលី​របស់​ខ្លួន​តាម​ផ្លូវគោក មក​ប៉ែក​ខាងលិច អ៊ុយក្រែន សំដៅ​ប្រទេស​ប៉ូឡូញ និង​រូម៉ានី​ជាដើម ប៉ុន្តែ ការដឹកជញ្ជូនចេញ​អាច​ធ្វើឡើង​ក្នុង​បរិមាណ​តិច ព្រោះថា ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនធំ ដូចជា​ផ្លូវរទេះភ្លើង ត្រូវបំផ្លាញ​ដោយសារ​ការវាយប្រហារ​របស់​រុស្ស៊ី។

បញ្ហា​សំខាន់​ចំពោះមុខ​មួយទៀត​របស់​អ៊ុយក្រែន នៅត្រង់ថា បើសិន​អ៊ុយក្រែន​មិនអាច​បញ្ជូនចេញ ស្រូវសាលី​ក្នុងស្តុកជាង ២០តោន​នៅពេលនេះទេ អ៊ុយក្រែន នឹង​គ្មាន​កន្លែង​សម្រាប់ស្តុក​ស្រូវសាលីថ្មី​ដែលអ៊ុយក្រែន​នឹង​អាច​ប្រមូលផល​បាន​ប្រមាណ ៧៥លានតោន​នៅ​ប៉ុន្មាន​ខែ​ខាងមុខ។ អាច​ថា អ៊ុយក្រែន ជួបវិបត្តិ​កើនចាល់​ស្រូវសាលី គ្មាន​កន្លែងស្តុក ប៉ុន្តែ ពិភពលោក ជួបវិបត្តិខ្វះស្បៀង ដោយសារ​តែសង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន ដែលជា​ឧបសគ្គនៃការនាំចេញស្រូវសាលី​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ