អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-ស្បៀងអាហារ

សង្គ្រាម​អ៊ុយក្រែន ៖បើតាម​រូបភាព​ផ្កាយ​រណប អ៊ុយក្រែន​បាត់បង់​​ទិន្នផលស្រូវសាលី មួយភាគបី

​ដោយ​ហេតុ​សង្គ្រាម រដូវ​សាបព្រោះសូវ​សាលី​ឆ្នាំនេះ​​ជួប​ភាព​រអាក់រអួល​យ៉ាង​ខ្លាំង ដូច្នេះ​នៅពេល​រដូវ​ច្រូតកាត់​មក​ដល់​ អ៊ុយក្រែន​ក៏​នឹង​ទទួល​​ទិន្នផល​ស្រូវ​សាលី​តិច​ជាង​ធម្មតា​ដែរ។ បើ​តាម​ការ​វិភាគ ​​របស់​ក្រុមហ៊ុន​Kayrros តាម​រយៈ​រូប​ភាព​ផ្កាយរណប នៅឆ្នាំ​២០២២​នេះ ទិន្នផល​ស្រូវ​សាលីអ៊ុយក្រែន​នឹង​ធ្លាក់​ចុះ​៣៥%​ បើ​ប្រៀប​ទៅនឹង​ឆ្នាំ​២០២១។

សង្គ្រាម​អ៊ុយក្រែន ៖ រូបភាព​ផ្កាយ​រណបព្យាករឃើញបាត់បង់​ទិន្នផលស្រូវសាលី មួយភាគបី
សង្គ្រាម​អ៊ុយក្រែន ៖ រូបភាព​ផ្កាយ​រណបព្យាករឃើញបាត់បង់​ទិន្នផលស្រូវសាលី មួយភាគបី © Pixabay / Andrey Braynsk
ផ្សាយពាណិជ្ជកម្ម

ក្នុង​រដូវ​​សាបព្រោះ​ដាំស្រូវសាលីឆ្នាំ​នេះ​ កសិករ​ ត្រូវ​​ជួប​ការ​លំបាក​ដោយ​ជាក់​ស្តែង ដូច​ជា​ត្រូវ​គេច​គ្រាប់​បែក គ្រាប់​ផ្លោង​ ពាក់​កាស ពាក់អាវក្រោះ ឬខ្វះ​ប្រេង ដើម្បី​បញ្ជាយានយន្ត។ ដោយមិន​អាច​ប្រកែក​បាន​ ផ្ទៃដី​ដាំដុះបាន​​​រួម​តូច​ជា​ធម្មតា​យ៉ាង​ខ្លាំង។​​ ​រូបភាព​ផ្កាយរណប​ពី​ថ្ងៃទី ១៤ ដល់​២២​មេសា របស់​ Terra de la Nasa ជា​អំណះអំណាង​បញ្ជាក់​បន្ថែម។ ដោយ​ប្រើ​​វិធីសាស្ត្រ​គណនាទិន្នផល​រុក្ខជាតិ​និង​ធញ្ញជាតិ​ដ៏​ប្រាកដ​ ​​ក្រុមហ៊ុន​ Kayrros ជំនាញ​ខាងវិភាគ​​​រូបភាព​ផ្កាយរណប​និងដៅ​ទីតាំងភូមិសាស្ត្រ​  ប៉ាន់​ប្រមាណ​ថា អ៊ុយក្រែនគិត​ក្នុង​ដំណាក់កាល​នេះ នឹង​មាន​សមត្ថភាព​ប្រមូល​​ផល​ស្រូវ​សាលី​ត្រឹម​ប្រមាណ​តែ​​២១​ពាន់​លាន​តោន​​តែ​ប៉ុណ្ណោះ សម្រាប់​រដូវ​ច្រូតកាត់​ឆ្នាំ​២០២២ ពោល​គឺ​តិច​ជាង​ឆ្នាំ​២០២១​ចំនួន ១២​លាន​តោន។ ហើយ​បើ​ប្រៀប​ទៅនឹង​មធ្យមភាគ​​៥​ឆ្នាំ​ចុងក្រោយ​កន្លង​មក​នេះ ទិន្នផល​ស្រូវ​សាលី​អ៊ុយក្រែន​នឹង​ធ្លាក់​ចុះ​២៣%។ នេះ​បើ​តាម​ក្រុម​អ្នក​ជំនាញ​ដដែល ដែល​ព្យាករ​ទៀត​ថា ដោយ​ហេតុ​ការប្រយុទ្ធ​​នៅ​តែ​បន្ត និង​ជញ្ជ្រុំ​ខ្លាំង​ លើ​​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន ដែល​ជង្រុក​ស្រូវ​សាលី​របស់​ប្រទេស​ ទិន្នផល​ស្រូវ​សាលី​ជាក់​ស្តែង​នឹង​មា​នកំរិត​ទាបជាង​តួលេខ​ខាង​លើ។

កសិករ​ដែល​អាច​សាបព្រោះ​ដាំ​ស្រូវ​បាននៅពេល​នេះ​ ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ដឹកជញ្ជូន​ និង​ស្តុក​ទុក​ទៀត នៅពេល​ទទួល​ផល។ ការ​នាំចេញ​​តាម​ផ្លូវ​រថភ្លើង​និង​តាម​ផ្លូវ​គោក អាច​ជំនួស​ការ​ដឹកជញ្ជូន​តា​ម​ផ្លូវទឹក​ (នាវា​) បាន​តែ​មួយ​ភាគ​តូច​ទេ។ ​តែ​កំពង់ផែ​អ៊ុយក្រែន​នៅ​តាម​សមុទ្ទ​ខ្មៅ និង​សមុទ្ទ​Azov ដែល​ជា​ច្រកផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​​ មិន​អាច​ធានា​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​​បាន​ឡើយ​ ព្រោះ​រុស្ស៊ី​បាន​​បិទ​ខ្ទប់​អស់​ទៅ​ហើយ។

រុស្ស៊ី​និង​អ៊ុយក្រែន​ជា​ប្រទេស​នាំចេញ​ស្រូវ​សាលី​ដ៏ចំបង​នៅលើ​ពិភពលោក និង​តំណាង​ឱ្យ​៣០%​នៃ​ពាណិជ្ជកម្ម​ធញ្ញជាតិ​ពិភពលោក។ នៅពេល​​ប្រទេស​ទាំងពីរ​នេះ​មាន​សង្គ្រាមនឹង​គ្នា​ ​ ​ប្រទេស​ជា​ច្រើនផ្សេង​ទៀត​​​ដែល​រំពឹង​ខ្លាំង​លើ​នាំ​ចូលគ្រាប់​​ធញ្ញជាតិ​ពីអ៊ុយក្រែន​និង​រុស្ស៊ី ចាប់​រង្គោះរង្គើ​និង​ធ្លាក់​ក្នុង​វិបត្តិ​អស្ថិរភាព​ចំណីអាហារ។ ប្រព័ន្ធ​ផ្គត់ផ្គង់​ស្បៀងអាហារពិភពលោក​​ក៏​រង​ផល​ប៉ះពាល់​ទៅ​តាម​នោះ​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ ក្រុមប្រទេស​មហាអំណាច​កសិកម្ម​ ៥១ប្រទេស​ មាន​អាទិ៍​សហភាពអឺរ៉ុប សហរដ្ឋ​អាមេរិក កាណាដា និង​អូស្ត្រាលី​បាន​ជួបប្រជុំ​គ្នា​នៅ​ទីក្រុង​ហ្សឺណែវ ប្តេជ្ញា​ធ្វើការ​រួម​គ្នា​ដើម្បី​ធានា​រក្សា​សុវត្ថិភាពពិភពលោក ផ្តល់​ស្បៀង​អាហារ​ឱ្យបាន​គ្រប់​គ្រាន់ មិន​ថា​អ្ន​កក្រខ្លាំង​ អ្នក​ងាយ​រងគ្រោះ​ឬ​ជន​ធ្វើ​បំលាស់​ទីទេ។ ទីផ្សារ​ កសិកម្ម​និង​ស្បៀងអាហារ​ត្រូវ​បើក​ចំហ​ជានិច្ច ប្រកបដោយ​តម្លាភាព និង​គ្មាន​ការ​ដាក់​បម្រាម​ពាណិជ្ជកម្មកសិកម្ម​ និងកសិឧស្សាហកម្ម​​គ្មាន​ហេតុផល​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ