អានតួអត្ថបទ
សង្រ្គាមអ៊ុយក្រែន

អ៊ុយក្រែន​ចោទ​តួកគីបាន​ទទួលយកស្រូវសាឡី ដែលរុស្ស៊ី លួចប្លន់ពីអ៊ុយក្រែន

ខណៈពេល​ដែល​ពិភពលោក​អាច​ប្រឈម​នឹងការខ្វះ​ស្បៀង ដោយសារ​សង្រ្គាមអ៊ុយក្រែន ឯកអគ្គរដ្ឋអ៊ុយក្រែន​ប្រចាំ​ប្រទេស​តួកគី​បាន​និយាយ​ចោទរុស្ស៊ី​ថា បាន​លួច​ស្រូវសាលី​របស់​អ៊ុយក្រែន ដើម្បីនាំចេញ​ទៅបរទេស ដែល​នៅក្នុងនោះ មាន​ផងដែរ តួកគី។ នៅថ្ងៃ​សុក្រ​ទី៣​មិថុនា ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន នៅ​លីបង់​បាន​អះអាងដែរ​ថា រុស្ស៊ី​បានលួចដឹកស្រូវសាលីជាង ១សែនតោនចេញពី​តំបន់អ៊ុយក្រែន​ដែល​រុស្ស៊ីកាន់កាប់ សំដៅ​ប្រទេស​ស៊ីរី។

កប៉ាល់មានទង់ជាតិ​រុស្ស៊ី ឈ្មោះ Matros Koshka នៅ​ Bosphorus នៅពេល​វា​ធ្វើដំណើរចេាកចេញពី ទីក្រុង​អ៊ីស្តង់ប៊ូល​របស់​តួកគី​សំដៅ​សមុទ្រ​មេឌីទែរ៉ាណេ នៅថ្ងៃទី ២៧​ឧសភា ២០២២
កប៉ាល់មានទង់ជាតិ​រុស្ស៊ី ឈ្មោះ Matros Koshka នៅ​ Bosphorus នៅពេល​វា​ធ្វើដំណើរចេាកចេញពី ទីក្រុង​អ៊ីស្តង់ប៊ូល​របស់​តួកគី​សំដៅ​សមុទ្រ​មេឌីទែរ៉ាណេ នៅថ្ងៃទី ២៧​ឧសភា ២០២២ REUTERS - YORUK ISIK
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ឱកាស​រំលឹក​ពីការខាតបង់ ការបំផ្លិចបំផ្លាញ​ប្រទេស នៅក្រោយ ១០០​ថ្ងៃ​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន ប្រចាំ​តួកគី បានសរសេរ​ក្នុង​សារ​Twitter ចោទប្រកាន់ខ្លាំងៗ​រុស្ស៊ី ថា បាន​លួច​ស្រូវសាលី​របស់​អ៊ុយក្រែន ដោយឥតអៀនខ្មាស។ តាម​អ្នកតំណាងអ៊ុយក្រែន រុស្ស៊ី​បាន​លួចដឹកជញ្ជូន​ស្រូវសាលី​របស់​អ៊ុយក្រែន ទៅកាន់​បរទេស ដែល​នៅក្នុង​នោះមានផងដែរ​តួកគី។

នៅក្នុង​សារទ្វីត​របស់ខ្លួន​កាលពីថ្ងៃ​សុក្រ ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​បាន​សរសេរ​ដែរ​ថា ខ្លួន​បាន​ស្វែងរក​ជំនួយ​ពី​តួកគី ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

តួកគី​បាន​ប្រកាន់​ជំហរ​ស្រពិចស្រពិល នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី។ តួកគីដែលតាំងខ្លួនជា​សម្ព័ន្ធមិត្ត​របស់អ៊ុយក្រែន ​បាន​បញ្ជូន​លក់​យន្តហោះ​ដ្រូន​ទៅ​ឲ្យ​កងទ័ពអ៊ុយក្រែន ប៉ុន្តែ ជាមួយគ្នានោះ តួកគី ដែលជាសមាជិក​មួយ​របស់​អង្គការអូតង់​បាន​បដិសេធ មិន​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី។ រុស្ស៊ី ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ថាមពល និង​គ្រាប់ធញ្ញជាតិ​ដ៏សំខាន់​សម្រាប់​តួកគី។

ក្រៅពី​តួកគី រុស្ស៊ី​បាន​លួចនាំចេញផងដែរ​ស្រូវសាលី​របស់​អ៊ុយក្រែន ទៅ​ប្រទេស​ស៊ីរី ដែលជា​សម្ព័ន្ធមិត្ត​របស់រុស្ស៊ី។ នៅក្នុង​សេចក្តីថ្លែងការណ៍​ផ្ញើទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​នៅប្រទេស​លីបង់​បាន​និយាយ​ថា ចាប់តាំង​ពីធ្វើ​សង្រ្គាម ចូលកាន់កាប់​តំបន់មួយចំនួន​របស់​អ៊ុយក្រែន នៅ​៣ខែមកនេះ រុស្ស៊ី​បានលួច នាំចេញ​ស្រូវសាលី អ៊ុយក្រែន ប្រមាណ ៤សែនតោន ទៅកាន់​ប្រទេស​ស៊ីរី។ សម្រាប់​អ្នកតំណាង​អ៊ុយក្រែន នៅលីបង់ នេះជាសកម្មភាព​ឧក្រិដ្ឋមួយទៀត​របស់​រុស្ស៊ី។

នៅមុន​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី អ៊ុយក្រែន​ជា​ប្រទេសដ៏ធំ​ទី៣ នៅក្នុង​ពិភពលោក ខាងនាំចេញ​ស្រូវសាលី។ នៅមុន​សង្រ្គាម អ៊ុយក្រែន​តែ​ម្នាក់ឯង​អាច​ផ្គត់ផ្គង់ គ្រាប់ធញ្ញជាតិ និង​ប្រេងផ្កាឈូករ័ត្ន សម្រាប់​តម្រូវការ​ពាក់កណ្តាល​របស់ពិភពលោក។

ប៉ុន្តែ ការនាំចេញ​ស្រូវសាលី និង​គ្រាប់ធញ្ញជាតិរបស់​អ៊ុយក្រែន​ត្រូវ​ជាប់គាំង ដោយសារ​កំពង់ផែ និង​ផ្លូវទឹក​របស់​អ៊ុយក្រែន នៅសមុទ្រខ្មៅ ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងទាំងស្រុង​របស់​កងទ័ពរុស្ស៊ី។ ចំណែក​រុស្ស៊ី​ដែលជា​ប្រទេស​នាំចេញ​ស្រូវសាលី​សំខាន់​មួយដែរនៅក្នុងពិភពលោក ក៏មិនអាច​នាំចេញបាន​ច្រើន ដោយសារ​តែ​ទណ្ឌកម្ម​របស់​ក្រុមប្រទេស​លោកខាងលិច។ ចាប់តាំង​ពី​មាន​សង្រ្គាមនៅ​អ៊ុយក្រែន តម្លៃចំណីអាហារនៅក្នុងពិភពលោក បាន​ហក់​ឡើងខ្ពស់។ អង្គការស្បៀងអាហារ​ពិភពលោក​បាន​ព្រមាន​រួចហើយថា បើសិន​សង្រ្គាមនៅតែ​បន្ត នោះ វិបត្តិ​ខ្វះស្បៀង និង​គ្រោះអត់ឃ្លាន នឹង​កើតមាន យ៉ាងធ្ងន់ធ្ងរបំផុត នៅតាម​ប្រទេស​អាហ្វ្រិក និង​ដើមបូព៌ា ដែល​ពឹងអាស្រ័យខ្លាំង​លើ​ការនាំចូល​ស្រូវសាលី ពីអ៊ុយក្រែន និង​រុស្ស៊ី។

ទៅ​តាមសំណើ​របស់​អង្គការ​សហប្រជាជាតិ តួកគី ធ្លាប់​បាន​សុំខ្លួន​ដឹកជញ្ជូន​ស្រូវសាលី របស់​អ៊ុយក្រែន នៅ​សមុទ្រ​ខ្មៅ ប៉ុន្តែ ត្រូវ​មាន​ការធានា សន្តិសុខ​ពីរុស្ស៊ី។ នៅមុន​ដំណើរទស្សនកិច្ច​របស់ប្រមុខការបរទេស​រុស្ស៊ី ទៅ​តួកគី នៅថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ រុស្ស៊ី ធ្លាប់​បាន​បញ្ជាក់ហើយថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យអ៊ុយក្រែន ដឹកជញ្ជូន​ស្រូវសាលី ចេញ​ពី​កំពង់ផែ​អ៊ុយក្រែន បើសិន​អ៊ុយក្រែន យល់ព្រម​ដោះមីន ​នៅក្នុង​សមុទ្រ​ខ្មៅជាមុនសិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ