អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កម្មសិទ្ធិ​បញ្ញា​លើវ៉ាក់សាំង និង​សន្តិសុខ​ស្បៀង៖​ការខ្វែងគំនិតគ្នា​នៅអង្គការ​ពាណិជ្ជកម្ម​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្តិសុខ​ស្បៀង ការព្យួរ​កម្មសិទ្ធិ​បញ្ញា​លើ​វ៉ាក់សាំង​បង្ការកូវីដ​១៩ បញ្ហាអាកាសធាតុ និង​កិច្ចព្រមព្រៀង​ស្តី​ឧបត្ថម្ភធន​សម្រាប់វិស័យ​នេសាទ។ ទាំងនេះ​ជា​សំណុំរឿងក្តៅគគុក ដែល អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហៅកាត់ជា​ភាសាអង់គ្លេស WTO លើក​មក​និយាយ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី លើកទី ១២ ដែល ចាប់បើក​តាំងពីថ្ងៃ​អាទិត្យទី ១២ និង​ត្រូវ​បិទបញ្ចប់​នៅថ្ងៃ​ពុធ​ទី ១៥​មិថុនា។ នៅពេលប្រទេស​សមាជិក​ទាំង ១៦៤ កំពុង​បើកការចរចា​យ៉ាងមមាញឹក នៅ​ក្នុងកិច្ចប្រជុំ​នៅទីក្រុង​ហ្សឺណែវ ប្រទេស ស្វ៊ីស អ្នកជំនាញ បាន​រំលឹក​មិនឲ្យ​គេ​សង្ឃឹម​អ្វី​ច្រើនពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​WTO ព្រោះថា ការចរចាទាំងឡាយ​ដើម្បី​ឈាន​ទៅ​បង្កើតឲ្យមាន​កិច្ចព្រមព្រៀង​នឹង​ធ្លាក់ទឹក គ្រាន់តែ ប្រទេស​មួយ លើកដៃបោះឆ្នោត ​ប្រឆាំង។

អគ្គនាយិការអង្គការពាណិជ្ជកម្ម​ពិភពលោក លោកស្រី Ngozi Okonjo-Iweala ឆ្វេង និង​អគ្គនាយករង​លោក Timur Suleimenov កណ្តាល និង​ឯកអគ្គរដ្ឋទូតស្វ៊ីស នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការពាណិជ្ជកម្ម​ពិភពលោក​ថ្ងៃទី ១២​មិថុនា ២០២២ នៅទីក្រុង​ហ្សឺណែវ
អគ្គនាយិការអង្គការពាណិជ្ជកម្ម​ពិភពលោក លោកស្រី Ngozi Okonjo-Iweala ឆ្វេង និង​អគ្គនាយករង​លោក Timur Suleimenov កណ្តាល និង​ឯកអគ្គរដ្ឋទូតស្វ៊ីស នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការពាណិជ្ជកម្ម​ពិភពលោក​ថ្ងៃទី ១២​មិថុនា ២០២២ នៅទីក្រុង​ហ្សឺណែវ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចប្រជុំ តាំង​ពីថ្ងៃអាទិត្យ ម្សិលម្ង៉ៃ ប្រទេស​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​ជជែក​លើ​សំណុំរឿង​សំខាន់ៗ​បី ដែល​ជា​កង្វល់​ចំបង​របស់​ពិភពលោក ដូចជា បញ្ហា​អសន្តិសុខស្បៀង កិច្ចព្រមព្រៀង​ស្តីពី​វិស័យ​នេសាទ ហើយ​និង​កម្មសិទ្ធិ​បញ្ញា​លើ​ថ្នាំ​បង្ការ​ជំងឺកូវីដ ១៩។

ទាក់ទង​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ ប្រទេស​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កំពុងពិភាក្សាគ្នា រកដំណោះស្រាយបន្ទាន់ ដើម្បី បញ្ចេញ​ស្រូវសាឡី​របស់អ៊ុយក្រែន ដែលកំពុង​ជាប់គាំង នៅកំពង់ផែ ដោយសារតែ​សង្រ្គាមវាយប្រហារ​របស់​រុស្ស៊ី។ អង្គការសហប្រជាជាតិ ធ្លាប់​បាន​ព្រមានរួច​ហើយ​ថា សង្រ្គាម​នៅ​អ៊ុយក្រែន ដែល​ជា​ជង្រុកស្រូវសាឡី ដ៏ធំមួយ​របស់​ពិភពលោក នឹង​អាច​ធ្វើឲ្យមនុស្ស​ពី​៨ ទៅ ១០លាននាក់ បន្ថែមទៀត ក្នុងពិភពលោក​ដែលនឹង​ជួប​គ្រោះអត់ឃ្លាន ខ្វះអាហារូបត្ថម្ភ ជា​ពិសេស នៅ​តំបន់អាហ្វ្រិក និង​ដើមបូព៌ា។

នៅក្នុងកិច្ចប្រជុំ​របស់​អង្គការពាណិជ្ជកម្ម​ពិភពលោក​នៅទីក្រុង ហ្សឺណែវ​កាលពីថ្ងៃ​ម្សិលមិញ រដ្ឋមន្រ្តីកសិកម្ម​អ៊ុយក្រែន បាន​ឡើង​និយាយ​ថា សង្រ្គាម​ឈ្លានពាន​របស់​រុស្ស៊ី​បានធ្វើ​ឲ្យ​អ៊ុយក្រែន បាត់បង់​ដីកសិកម្ម ២៥%។ ប៉ុន្តែ សម្រាប់​ឆ្នាំនេះ អ៊ុយក្រែន​នៅតែអាច​ប្រមូលផល​ស្រូវសាលី បានច្រើនគ្រប់គ្រាន់​សម្រាប់​តម្រូវការ​ពិភពលោក។ បញ្ហា​នៅត្រង់​ថា អ៊ុយក្រែន​មិនអាច​នាំចេញ​ស្រូវសាឡី​របស់ខ្លួន ទៅបរទេសបាន ដោយសារ​តែ ច្រកសមុទ្រខ្មៅ ទាំងមូល កំពុង​ស្ថិតក្រោមការកាន់កាប់​របស់​កងទ័ពរុស្ស៊ី។

ក្នុងពេល​ដែលពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិខ្វះស្បៀង អង្គការសហប្រជាជាតិ បានអំពាវនាវ​ផងដែរ ដល់​ប្រទេស​កសិកម្ម​ផ្សេងទៀត ដែលជា​សមាជិក​របស់​អង្គការពាណិជ្ជកម្ម​ពិភពលោក ដូចជា​ឥណ្ឌា​ជាដើម កុំ​ឲ្យ​ធ្វើ​ច្បាប់​រឹតបន្តឹង​ការនាំចេញចំណីអាហារ។ ការអំពាវនាវ​នេះ​ធ្វើឡើង នៅក្រោយ ប្រទេស​ឥណ្ឌា បានសម្រេច​កំណត់​បរិមាណ​ស្ករ នាំចេញ ចាប់ពី​ខែ​មិថុនានេះ នៅ​បន្ទាប់​ឥណ្ឌា ទើប​សម្រេច​ផ្អាក​ការនាំចេញ​ស្រូវសាលី ក្នុងហេតុផល​ធានាសន្តិសុខស្បៀង​សម្រាប់​ប្រជាជន​របស់ខ្លួន។ ស្រូវសាលីជារឿងមួយ ប៉ុន្តែ​អ្វីដែល​កំពុងបារម្ភខ្លាច​ខ្លាំងជាងគេ គឺនៅពេល​ឥណ្ឌា អាច​នឹង​រឹតត្បិត ឬផ្អាកការនាំចេញ​អង្ករ មួយមុខទៀត។

ដើម្បី​ដោះស្រាយ​បញ្ហាបន្ទាន់ នៅចំពោះមុខ​វិបត្តិ​ខ្វះស្បៀង អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចង់​បង្កើត​ឲ្យ​បាន កិច្ចព្រមព្រៀង​ពីរ នៅ​ក្នុង​កិច្ចប្រជុំ​លើក​នេះ គឺ​ការហាមឃាត់​នូវ​ការរឹតបន្តឹង​លើ​ការនាំចេញស្បៀង និង​សន្តិសុខ​ចំណីអាហារ។ ប៉ុន្តែ ក្តីសង្ឃឹម​ថា នឹង​បង្កើត​ឲ្យបានកិច្ចព្រមព្រៀង មានតិចតួចស្តួចស្តើង ដោយសារ​តែ​ការបោះឆ្នោត ប្រឆាំង​របស់​ឥណ្ឌា ដែលជា​ជង្រុកកសិកម្មដ៏សំខាន់មួយ​ក្នុងពិភពលោក។

ឥណ្ឌា​អាច​សម្លាប់​កិច្ចប្រឹងប្រែង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែលចង់​ឲ្យ​គេ​បញ្ឈប់​ការឧបត្ថម្ភ​ធន​សម្រាប់​វិស័យនេសាទ

ការឧបត្ថម្ភធន​លើ​វិស័យនេសាទ គឺ​ជាសំណុំរឿង​ដ៏កម្រ ដែល​ប្រទេស​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ធ្លាប់​បាន​និយាយ​ចរចា ចុះសម្រុង​គ្នា​ច្រើន។ គួរបញ្ជាក់ថា បន្ទាប់ពី​និយាយ​ចរចា​អស់ជាច្រើនឆ្នាំ ប្រទេស​សមាជិក​របស់​អង្គការពាណិជ្ជកម្ម​ពិភពលោក នៅទីបំផុត បាន​យល់ព្រម ឲ្យមាន​កិច្ចព្រមព្រៀង មួយ ដែល​ហាមឃាត់ ការផ្តល់ឧបត្ថម្ភធន របស់​រដ្ឋាភិបាល សម្រាប់​អ្នកនេសាទ ក្នុងហេតុផលថា ការឧបត្ថម្ភទុន​របស់​រដ្ឋាភិបាល​បាន​ជំរុញ ឲ្យមានការនេសាទច្រើនហួសជ្រុល ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ សត្វសមុទ្រ។

ឥណ្ឌាធ្លាប់បាន​យល់ព្រម​ជា​គោលការណ៍ ឲ្យមានកិច្ចព្រមព្រៀង ដែលនឹងទៅ​បិទបញ្ចប់ ជំនួយ​ឧបត្ថម្ភ​ទុន​របស់​រដ្ឋ​សម្រាប់អ្នកនេសាទក្នុងស្រុក ប៉ុន្តែ ចង់​សុំ​ឲ្យ​គេ​លើកលែង ក្នុង​រយៈពេល​២៥ឆ្នាំ​ទៀត។ ២៥ឆ្នាំ គឺ​វែងជាង​រយៈពេល ១០ឆ្នាំ ដែល​គេ​បានកំណត់​ក្នុង កិច្ចព្រមព្រៀង របស់អង្គការពាណិជ្ជកម្ម​ពិភពលោក​សម្រាប់​បណ្តាប្រទេស​កំពុងអភិវឌ្ឍ​ដូចជា​ឥណ្ឌា។ ប្រសិន​បើគេ​មិនឆ្លើយតប​ទៅ​នឹង​ការចង់បាន​របស់​ឥណ្ឌាទេ នោះគឺ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ពិបាក​នឹង​​សង្ឃឹម​ថា នឹង​អាច​បង្កើតកិច្ចព្រមព្រៀង​ស្តីពីការឧបត្ថម្ភធន​លើ​វិស័យនេសាទ។

ការខ្វែងគំនិត​គ្នាលើ​សំណុំរឿង​ស្តីពី​ការលើកលែង​កម្មសិទ្ធិបញ្ញា លើ​វ៉ាក់សាំង​បង្ការកូវីដ អង្គការពាណិជ្ជកម្ម​ពិភពលោក​កម្រនឹង​អាច​បង្កើតចេញបាន​នូវកិច្ចព្រមព្រៀង ចាប់តាំងពី​ឆ្នាំ ២០១៣មក រហូត​ធ្វើ​ឲ្យគេ​ចោទសំណួរ​ពី​សមត្ថភាព ​របស់​អង្គការពាណិជ្ជកម្ម​ពិភពលោក ដែលមានតួនាទី​ដោះស្រាយ​ជម្លោះ វិវាទ​ពាណិជ្ជកម្ម​នៅក្នុងពិភពលោក។

នៅក្នុងកិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​ទី ១៣ មិថុនា ក្រៅតែ ពីមិនអាច​បញ្ចុះបញ្ចូល​ឲ្យប្រទេស​សមាជិក​ឲ្យ​និយាយ​ចុះសម្រុងគ្នា លើ​ការនេសាទ ការធានាសន្តិសុខ​ស្បៀង​ហើយនោះ អង្គការពាណិជ្ជកម្ម​ពិភពលោក​នៅតែមិនអាច​ជំនះ​លើ​ការខ្វែងគំនិតគ្នា ស្តីពី​ការលើកលែង​កម្មសិទ្ធិបញ្ញា​លើវ៉ាក់សាំង បង្ការកូវីដ​១៩។ នៅក្រោយ​ការពិភាក្សា​រាប់ម៉ោង កាលពី​ចន្ទ ទី ១៣​មិថុនា ក្តីសង្ឃឹម​ថា នឹង​មាន​កិច្ចព្រមព្រៀង ស្តីពីការលើកលែង​កម្មសិទ្ធិបញ្ញា លើ​ថ្នាំបង្ការកូវីដ មាន​កាន់តែ​តិចទៅៗ។

ប្រទេស​សមាជិក​របស់​អង្គការពាណិជ្ជកម្ម​ពិភពលោក​បាន​ពិភាក្សា​គ្នា​ជិតបានសម្រេច​លើ​អត្ថបទព្រាង ស្តី​កិច្ចព្រមព្រៀងមួយស្តី​ពី​ការសម្របសម្រួល​ចរាចរណ៍ វត្ថុធាតុដើម ឧបករណ៍​ចាំបាច់​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ។ ប៉ុន្តែ គេ​នៅតែ​ខ្វែងគំនិត​ និយាយមិនចុះសម្រុងគ្នា លើ​ការលើកលែង​កម្មសិទ្ធិ​បញ្ញា សម្រាប់​ផលិត​វ៉ាក់សាំង។

ប្រទេស​កំពុងអភិវឌ្ឍ​ដូចជា​ឥណ្ឌា និង​អាហ្រ្វិកខាងត្បូង ជាអ្នកផ្តួចផ្តើម ទាមទារ​ឲ្យគេ​លើកលែង​កម្មសិទ្ធិបញ្ញា​ផលិតវ៉ាក់សាំង ដើម្បី​បង្កើន​ការផលិតវ៉ាក់សាំង សម្រាប់​ការចែកចាយទូលំទូលាយ​ក្នុង​ពិភពលោក។ ប៉ុន្តែ អង់គ្លេស​និង​ស្វ៊ីស ដែលជាប្រទេស​ផលិត​វ៉ាក់សាំង​បង្ការជំងឺកូវីដ​១៩​បាន​ចេញមុខ ការពារ​កម្មសិទ្ធិបញ្ញា របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​ផលិតឱសថ​ក្នុងស្រុកដែល​បាន​ស្រាវជ្រាវរកឃើញ​វ៉ាក់សាំង។

អាមេរិក​របស់​រដ្ឋបាលលោកចូ បៃដិន បាន​យល់ស្រប​ឲ្យគេ​លើកលែង​កម្មសិទ្ធិបញ្ញា លើ​វ៉ាក់សាំង មួយរយៈសិន ក្នុងដំណាក់កាលនៃ​ការឆ្លងរាតត្បាត ប៉ុន្តែ បាន​ដាក់​លក្ខខណ្ឌ ទាមទារ​ឲ្យ​មានការចែង​ជាអក្សរ​ច្បាស់ៗ ក្នុង​កិច្ចព្រមព្រៀង​ថា ប្រទេស​ដែលមាន​សមត្ថភាព​នាំចេញ​វ៉ាក់សាំង ប្រឆាំងកូវីដ ដូចជា​ចិន ជាដើម គឺ​គ្មាន​សិទ្ធិ​នឹង​ទទួល​បាន​ការលើកលែង​កម្មសិទ្ធិ​បញ្ញា​លើ​វ៉ាក់សាំង។ ចិន​ធ្លាប់​បាន​ប្រកាស​បើកផ្លូវ​ឲ្យប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេងទៀត អាច​ផលិត និង​នាំចេញ​វ៉ាក់សាំង ប៉ុន្តែ សម្រាប់អាមេរិក ដរាបណា​ចិន​និយាយ​តែ​មាត់ គ្មាន​សរសេរ​ក្នុងក្រដាស នោះ​អាមេរិក​គ្មាន​ថ្ងៃ​ជឿជាក់ និង​យល់ព្រម​ឲ្យ​គេ​លើកលែង​កម្មសិទ្ធិ​បញ្ញា​ផលិត​វ៉ាក់សាំង​ដែល​ក្រុមហ៊ុន​អាមេរិក​បានរកឃើញមុនគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ