អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​តួកគីប្តូរចិត្ត លែងប្រឆាំង​ឲ្យ​ស៊ុយអែត និង​ហ្វាំងឡង់ចូលជាសមាជិករបស់អូតង់ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្រោយ​ការចរចា​យ៉ាងស្វិតស្វាញ ជាង ៤ម៉ោង កាលពីថ្ងៃ​អង្គារទី ២៨​មិថុនា តួកគីដក​វេតូ លែង​ប្រឆាំង​សមាជិកភាព​របស់​ស៊ុយអែត និង​ហ្វាំងឡង់ តទៅទៀត និង​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈរួម ជាមួយ​ស៊ុយអែត និង​ហ្វាំងឡង់ ដែល​បើកផ្លូវ​ឲ្យ​ស៊ុយអែត និង​ហ្វាំងឡង់​អាច​ចូលជា​សមាជិកថ្មី​ពីរបន្ថែម​ទៀត​របស់​អង្គការនៃសន្ធិសញ្ញា អាត្លង់ទិក​ខាងជើង ហៅកាត់ជាភាសា​បារាំងថា អូតង់។ នៅ​ថ្ងៃ​អង្គារ នៅក្រោយ រដ្ឋមន្រ្តី​ការបរទេស​តួកគី ស៊ុយអែត និង​ហ្វាំងឡង់ ចុះហត្ថលេខា​លើ​អនុស្សារណៈរួម វិមាន​ប្រធានាធិបតី​តួកគី​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដែលថា តួកគី​បាន​ទទួលអ្វីដែល​ខ្លួន​ធ្លាប់ទាមទារ​ចង់បាន។

ទាហានរបស់​ប្រទេស​ហ្វាំងឡង់នៅក្នុង​សមយុទ្ធ​ឈ្មោះ Arrow 22 នៅភាគខាងលិច​ប្រទេស​ហ្វាំងឡង់។ នៅ​ថ្ងៃទី​៤​ឧសភា ហ្វាំងឡង់​និង​ស៊ុយអែត​បាន​បង្ហាញជំហរ​ចង់​ចូលជា​សមាជិក​របស់អូតង់ នៅក្រោយ​ឃើញ​រុស្ស៊ី​ចូលឈ្លានពាន​អ៊ុយក្រែន
ទាហានរបស់​ប្រទេស​ហ្វាំងឡង់នៅក្នុង​សមយុទ្ធ​ឈ្មោះ Arrow 22 នៅភាគខាងលិច​ប្រទេស​ហ្វាំងឡង់។ នៅ​ថ្ងៃទី​៤​ឧសភា ហ្វាំងឡង់​និង​ស៊ុយអែត​បាន​បង្ហាញជំហរ​ចង់​ចូលជា​សមាជិក​របស់អូតង់ នៅក្រោយ​ឃើញ​រុស្ស៊ី​ចូលឈ្លានពាន​អ៊ុយក្រែន AP - Heikki Saukkomaa
ផ្សាយពាណិជ្ជកម្ម

ឧបសគ្គ​សម្រាប់​ស៊ុយអែត និង​ហ្វាំងឡង់ ដើម្បី​អាច​ក្លាយជា​សមាជិក​របស់​អូតង់ លែង​មានទៀតហើយ បន្ទាប់ពី តួកគី បាន​បើកភ្លើងខៀវ។ នៅថ្ងៃ​អង្គារ​ម្សិលមិញ ពោល​គឺ​នៅ​ប៉ុន្មាន​ម៉ោង​មុន អូតង់​ប្រកាស​បើកជំនួបកំពូល​ជាផ្លូវការ នៅប្រទេស​អេស្ប៉ាញ រដ្ឋមន្រ្តី ការបរទេស តួកគី ស៊ុយអែត និង​ហ្វាំងឡង់ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈរួម មួយ ដែល​នៅក្នុងនោះ តួកគី យល់​ព្រម លែង​ប្រឆាំង​ការចូលជា​សមាជិក​របស់​ស៊ុយអែត និង​ហ្វាំងឡង់ នៅក្នុង​អង្គការ​អូតង់។

តួកគី​បាន​ធ្វើ​ឲ្យ​គេភ្ញាក់ផ្អើល កាល​ពី​ថ្ងៃ​ម្សិលមិញ នៅ​ពេល​រដ្ឋមន្រ្តី​ការបរទេស​តួកគី​ដាក់ខ្លួន​អង្គុយជាមួយ រដ្ឋមន្រ្តី​ការបរទេស​ស៊ុយអែត និង​ហ្វាំងឡង់ ដើម្បី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈរួម ដែលនៅក្នុងនោះ តួកគី​សុខចិត្ត​យល់ព្រម​ឲ្យ​ស៊ុយអែត និង​ហ្វាំងឡង់​ចូលជាសមាជិកថ្មីបន្ថែម​របស់​អង្គការសម្ព័ន្ធអាត្លង់ទិក​អូតង់។ តួកគី​លែង​វេតូ ប្រឆាំង។ នេះ​ជា​រឿង​ដែលគេ​មិនបាន​នឹកស្មានដល់​នោះទេ សូម្បី រហូតមកដល់​ថ្ងៃ​ចន្ទម្សិលម្ង៉ៃ តួកគី​នៅតែ​បង្ហាញ​ជំហរប្រឆាំងដែរ។

ជាសមាជិកសំខាន់​មួយ​របស់អូតង់ តួកគី បាន​ចេញមុខ​ប្រឆាំង តាំងពីពាក់កណ្តាល​ខែ​ឧសភាមកម្ល៉េះ នៅពេល​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ដែល​ខ្លាចការគំរាមកំហែង​របស់​រុស្ស៊ី បាន​ដាក់​ពាក្យ​សុំ​ចូលជាសមាជិក​របស់​អូតង់។ តាំងពីដំបូងទី តួកគី បាន​ចេញមុខ​ប្រឆាំង​មិន​ឲ្យ​អូតង់​ទទួល​យក​ស៊ុយអែត និង​ហ្វាំងឡង់ ក្នុងហេតុផលថា ប្រទេស​ទាំងពីរ បាន​ផ្តល់ជំរក​ដល់​សកម្មជន​បក្ស​ពលករគួដឌីស្ថាន PKK​ដែល​ រដ្ឋាភិបាល​តួកគីចាត់ទុក​ជា​ក្រុមភេរវនិយម។ តួកគី​ធ្លាប់​បាន​ទាមទារ​ឲ្យ​ស៊ុយអែត និង​ហ្វាំងឡង់​ធ្វើ​បត្យាប័ន បញ្ជូន​សកម្មជនប្រឆាំង​នៅបរទេសទាំងនោះ មក​ឲ្យរដ្ឋាភិបាល​តួកគីវិញ ប៉ុន្តែ ស៊ុយអែត និងហ្វាំងឡង់ បដិសេធ​រហូតមក។ ម្យ៉ាងទៀត តួកគី ក៏ខឹង​អន់ចិត្ត​នឹង​ស៊ុយអែត ដែរ នៅពេល​ប្រទេស​ទាំងពីរ ដាក់បម្រាម មិន​ឲ្យគេលក់នាំចេញ​អាវុធ ទៅ​ប្រទេស​តួកគី នៅក្រោយ​ពេល​ដែលរដ្ឋាភិបាល​តួកគី​បើកប្រតិបត្តិការ​យោធា បង្រ្កាបទៅលើ​ក្រុមគួដឌីស្ថាន នៅ​ទឹកដី​ស៊ីរី​ភាគខាងជើង ​ក្បែរ​ព្រំដែន​តួកគី នៅ​ឆ្នាំ ២០១៩។

តួកគីអះអាងថា ខ្លួនបានទទួលអ្វីៗដែលខ្លួនទាមទារចង់បាន

នៅថ្ងៃ​ម្សិលមិញ បន្ទាប់​ពីការចរចា​យ៉ាងស្វិតស្វាញ រវាងមេដឹកនាំ​តួកគី ស៊ុយអែត និង​ហ្វាំងឡង់ នៅមុន​បើកជំនួបកំពូលអូតង់​នៅ​អេស្ប៉ាញ ប្រទេស​ទាំងបី តួកគី ស៊ុយអែត និងហ្វាំងឡង់​នៅទីបំផុត បាន​រកឃើញ​កិច្ចព្រមព្រៀង​រួមមួយ ដើម្បី​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​របស់​តួកគី ជាពិសេស នៅក្នុងរឿង​នាំចេញអាវុធ និង​ការប្រយុទ្ធប្រឆាំង​បណ្តាញភេរវនិយម។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន វិមានប្រធានាធិបតី​តួកគី​បាន​អះអាងថា តួកគី​បានទទួលគ្រប់អ្វីដែល​ខ្លួន​ទាមទារ​ចង់បាន នោះ គឺ ការសហការ​ពេញទំហឹង​របស់​ស៊ុយអែត និង​ហ្វាំងឡង់ ដើម្បី ប្រឆាំង​សកម្មជន​គួដឌីស្ថាន។ តាម​ការប្រកាស​របស់​អគ្គលេខាធិការ​អង្គការ​អូតង់ នៅក្នុងអនុស្សារណៈ ស៊ុយអែត និង​ហ្វាំងឡង់​បាន​យល់ព្រម​កែប្រែច្បាប់ ដើម្បី​រឹតបន្តឹង​ការសហការជាមួយ​តួកគី​ក្នុងការប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម។ ស៊ុយអែត និង​ហ្វាំងឡង់​បាន​យល់ព្រមដែរ​ក្នុងរឿង​ធ្វើបត្យាប័ន​សកម្មជន​គួដឌីស្ថាន ដែល​តួកគី​ចាត់ទុក​ជា​ក្រុមភេរវនិយម។

បន្ទាប់ពី​ប្រទេស​ទាំងបី​ចុះ​កិច្ចព្រមព្រៀង​នឹងគ្នារួចហើយ អគ្គលេខាធិការអង្គការ​អូតង់​បាន​ប្រកាស​ជាឱឡារិក ផ្លូវការ អញ្ជើញ​ឲ្យ​ស៊ុយអែត និង​ហ្វាំងឡង់​ចូលរួមជាមួយ​បក្សសម្ព័ន្ធអូតង់។ ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន ដែលធ្លាប់​បាន​ទទួល​មេដឹកនាំ​ហ្វាំងឡង់ និង​ស៊ុយអែត បាននិយាយ​អបអរ​ព្រោះថា កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងបី នឹង​ទៅ​ពង្រឹង​សន្តិសុខ​របស់​អូតង់។ មន្រ្តី​ជាន់ខ្ពស់​របស់សេតវិមានបាននិយាយថា ទម្រាំ​មាន​ថ្ងៃនេះ អាមេរិក​គឺ​បាន​ខ្នះខ្នែង ជួយ​អន្តរាគម​ច្រើនណាស់។

លោកចូ បៃដិន​ជួប​ប្រធានាធិបតី​តួកគី នៅថ្ងៃពុធ

អាមេរិក​បានលូកដៃអន្តរាគម​មែន ដើម្បី​បញ្ចុះបញ្ចូល​ឲ្យភាគី​និយាយ​ចុះសម្រុងគ្នា ប៉ុន្តែ អាមេរិក​មិន​បាន​ធ្វើ​សម្បទាននោះទេ ព្រោះថា តួកគី​ផ្ទាល់ ដែល​ក៏​មិនបាន​សុំ​ការធ្វើ​សម្បទាន​ពិសេស ណាមួយ ពី​អាមេរិក ជាថ្នូ​នឹង​ការដកវេតូ​របស់ខ្លួន​នោះដែរ។ នេះបើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​សេតវិមាន។

ប៉ុន្តែ តួកគី​នឹង​មានរឿងនិយាយ​ច្រើនជាមួយ អាមេរិក នៅក្នុង​ជំនួបកំពូល​រវាង​ប្រធានាធិបតីអាមេរិក និង​តួកគី នៅថ្ងៃ​ពុធនេះ នៅក្រៅក្របខណ្ឌ​នៃ​ជំនួបកំពូលអូតង់ នៅ​អេស្ប៉ាញ។

នៅមុន​ចាកចេញពីទីក្រុង​អង់ការ៉ា ដើម្បីចូលរួមប្រជុំ​របស់អង្គការ​អូតង់​នៅ​អេស្ប៉ាញ ប្រធានាធិបតី​តួកគី ធ្លាប់​បាន​លើកឡើងថា សំណុំរឿង​សំខាន់​រវាង​អាមេរិក និង​តួកគី គឺ យន្តហោះចម្បាំង F16 ​ដែលតួកគី​បាន​ចុះ​កិច្ចសន្យា ទិញ និង​បង់​ថ្លៃ​ខ្លះរួចហើយ​ទៅ​អាមេរិក ប៉ុន្តែ ត្រូវ​អាមេរិក​ផ្អាក នៅបន្ទាប់ពី អាមេរិក​ខឹងតួកគី ដែល​រត់ទៅទិញ ប្រព័ន្ធខែល​ការពារ​មីស៊ីល​ពីប្រទេស​រុស្ស៊ី។ សំណុំ​រឿង​សំខាន់​មួយទៀត គឺ​ប្រតិបត្តិការទ័ព​របស់​តួកគី នៅ​ទឹកដី​ភាគខាងជើង​ស៊ីរី ដែល​ជាប់ព្រំដែនជាមួយ​តួកគី។ តួកគី​ចង់បើកប្រតិបត្តិការទ័ព វាយប្រហារ​ទៅលើ​ក្រុមទាហាន​គួដឌីស្ថាន នៅស៊ីរី ដែល​រដ្ឋាភិបាលតួកគី​ចាត់ទុក​ជា​បក្សសម្ព័ន្ធ​របស់​ក្រុមគួដឌីស្ថាន​តួកគី។ ដើម្បី​អាច​បើកប្រតិបត្តិការនេះ តួកគី ត្រូវការ​ភ្លើងខៀវ​ពីអាមេរិកដែល​ជា​អ្នកធ្លាប់​ផ្តល់ជំនួយសព្វាវុធ ទៅ​ឲ្យក្រុមនេះ ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

អ្នកដែលរងគ្រោះដោយសារ​កិច្ចព្រមព្រៀង តួកគី ស៊ុយអែត និង​ហ្វាំងឡង់

អ្នកដែលចំណេញពីកិច្ចព្រមព្រៀង ​គឺ​ស៊ុយអែត ហ្វាំងឡង់ ហើយ​តួកគី​រឹតតែ​ចំណេញជាងគេ។ ប៉ុន្តែ អ្នកដែល​ខាតបង់ រងគ្រោះ​ដោយសារ​កិច្ចព្រមព្រៀង​តួកគី​ស៊ុយអែត និង​ហ្វាំងឡង់ លើកនេះ គឺសកម្មជនគួដឌីស្ថាន និង​ក្រុមអ្នកប្រឆាំង​រដ្ឋាភិបាល​តួកគី ដែលបាន​រត់ទៅ​លាក់​ខ្លួនជ្រកកោន នៅ​ស៊ុយអែត និង​ហ្វាំងឡង់ នៅក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច​នៅតួកគី។

សូមបញ្ជាក់ថា នៅក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច​នៅតួកគី នៅ​ឆ្នាំ ២០១៦ មាន​ប្រជាជន​តួកគី​ច្រើននាក់ណាស់​ដែលបាន​រត់គេចខ្លួន​ទៅបរទេស ដើម្បី​គេច​ពី​យុទ្ធនាការបោសសម្អាត​របស់​រដ្ឋាភិបាល​ទៅលើ​ក្រុម​អ្នកប្រឆាំង។ ប៉ុន្តែ អំណើះតទៅ សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​តួកគី​នៅ​ស៊ុយអែត និង​ហ្វាំងឡង់ លែង​នៅបាន​ស្ងប់សុខ​ទៀតហើយ។

ដើម្បី បញ្ចុះបញ្ចូល​ឲ្យ​តួកគី ឈប់​វេតូ ប្រឆាំង មិន​ឲ្យ​ខ្លួន​ចូលជាសមាជិក​របស់​អូតង់ ស៊ុយអែត និង​ហ្វាំងឡង់​បាន​សុខចិត្ត​កែប្រែច្បាប់ ដើម្បី​ធ្វើយ៉ាងណា​អាច​ធ្វើ​បត្យាប័ន​សកម្មជន​ប្រឆាំង​តួកគី ដែល​រដ្ឋាភិបាល​តួកគី ចាត់ទុក​ជាភេរវជន និង​កំពុងស្វែងរក​តាមចាប់ខ្លួន។

អូតង់​កំពុងញុះញង់​រុស្ស៊ី?

រុស្ស៊ី​បាន​ចូលធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន រហូតមកដល់ពេលនេះ ក៏ដោយសារតែ​លេសថា អូតង់​មាន​ចេតនា​ចង់​ពង្រីកដែនឥទ្ធិពល​របស់ខ្លួន​ទៅ ក្បែរ​ទឹកដី​រុស្ស៊ី។ រុស្ស៊ីចូលធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន ក្នុង​បំណង​បំភ័យ​កុំ​ឲ្យ​ប្រទេស​អឺរ៉ុបផ្សេងទៀត​ចុះចូលជាសមាជិក​របស់អូតង់។ ប៉ុន្តែ ផ្ទុយទៅវិញ យុទ្ធសាស្រ្ត​យោធា​របស់​អ៊ុយក្រែន រឹតតែលើកទឹកចិត្ត​ឲ្យ​ស៊ុយអែត និងហ្វាំងឡង់ ចង់​ចូលជាសមាជិក​ថ្មីបន្ថែម​របស់​អូតង់។

ដោយសារ​តែ ខ្លាច​រុស្ស៊ី​ធ្វើ​សង្រ្គាម​ឈ្លានពានចូលលុកលុយ ដូច​ដែល រុស្ស៊ី​កំពុង​ធ្វើ​នៅអ៊ុយក្រែន ស៊ុយអែត និង​ហ្វាំងឡង់ បានញាប់ដៃជើង ដាក់ពាក្យសុំ​ចូល​ជាសមាជិក​របស់​អូតង់។ ស៊ុយអែត​សុខចិត្ត​លះបង់​ចោល​អព្យាក្រឹត​ជាង ២០០ឆ្នាំ​របស់ខ្លួន ចំណែក​ហ្វាំងឡង់​ក៏លែង​តាំង​ខ្លួន​ជា​ប្រទេស​អព្យាក្រឹត តទៅទៀត ដោយ​សុខចិត្ត​ចូលរួម​ក្នុង​បក្សសម្ព័ន្ធយោធា​អូតង់ ក៏ព្រោះតែ​ចង់​បាន​ខែលការពារ​ពីមាត្រា​ទី​៥​របស់​អូតង់។ មាត្រា​ទី​៥​របស់​អូតង់ដែលចែងថា ការវាយប្រហារ​ទៅលើ​ប្រទេស​សមាជិក គឺដូចជា​ការវាយប្រហារ​ទៅលើ​អូតង់។ មាត្រាទី​៥និយាយ​ពី​កាតព្វកិច្ច​របស់​អូតង់​ក្នុង​ការចូល​ជួយ​សមាជិក​របស់​ខ្លួន​ ដែល​ទទួល​រង​ការ​វាយប្រហារ​ពី​ប្រទេស​ផ្សេង។

ពេលនេះ ទោះជា​តួកគី​លែងជា​ឧបសគ្គ នៃ​ការចូលជាសមាជិក​របស់ស៊ុយអែត និង​ហ្វាំងឡង់ ប៉ុន្តែ មិនមែន​មានន័យថា ស៊ុយអែត និង​ហ្វាំងឡង់​ធូរទ្រូង រួចខ្លួន​នោះទេ។ ដំណើរការ នីតិវិធី​ដើម្បី​អាចចូលជា​សមាជិក​របស់​ប្រទេស​ទាំងពីរ គឺ​នៅត្រូវការពេលវេលា យូរខែ​តទៅទៀត ព្រោះគេ​ត្រូវ​រង់ចាំ​ឲ្យប្រទេស​សមាជិក​ទាំង ៣០​របស់​អូតង់​ផ្តល់​សច្ចាប័ន សិនជា​មុនសិន ទើប​ស៊ុយអ៊ែត និង​ហ្វាំងឡង់​អាច​ចូលជា​សមាជិក​ពេញសិទ្ធិ។

ក្តីបារម្ភ​ចម្បង នៅពេលនេះ គឺ​ទាក់ទង​ទៅនឹង​បញ្ហា​សន្តិសុខ​របស់​ប្រទេស​ទាំងពីរ ដែល​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការគំរាមកំហែង​ពី​សំណាក់​រុស្ស៊ី នៅ​ក្នុង​សម័យអន្តរកាល គឺ​ចាប់​ពី​ពេល​ដាក់បេក្ខភាព រហូត​ទៅដល់​ពេល​បាន​ចូល​ជា​សមាជិក មុន​នឹង​អាច​ទទួល​បាន​ការ​ការពារយ៉ា​ងពេញលេញ ពី​សំណាក់អូតង់។ អ្នកនាំពាក្យ​របស់​វិមាន​ក្រេមឡាំ ងលោក Dmitri Peskov ធ្លាប់​បាន​ព្រលយ​រួចហើយ ថា ការ​ពង្រីក​សមាជិក​អង្គការ​អូតង់​ និង​ពង្រីក​សម្ព័ន្ធភាព​យោធា​នៅ​ជាប់ព្រំដែន​រុស្ស៊ី គឺ​មិនធ្វើ​ឲ្យ ​ពិភពលោក​និង​តំបន់​ ជួប​ស្ថិរភាព​នោះទេ។ នៅ​ខែ​កុម្ភៈ អ្នកនាំពាក្យ​របស់​វិមានក្រេមឡាំងរូបនេះ​បានលើកឡើងថា «ប្រសិនបើ ហ្វាំងឡង់ ហ៊ានសម្រេចចិត្តចូលជាសមាជិក​អូតង់ គឺច្បាស់ជាទទួលផលវិបាកអាក្រក់ជាមិនខាន»។ នៅ​ក្នុង​ក្តីបារម្ភ​នេះហើយ ដែល​ហ្វាំងឡង់ និង​ស៊ុយអែត​បាន​ព្យាយាម​ស្វះស្វែង​រក​ការធានា​ពីប្រទេស​​សម្ព័ន្ធមិត្តអូតង់ ទាំង​ការធានា​សន្តិសុខ​នៅ​ក្នុង​សម័យអន្តរកាល និង​ទាំងការ​ពន្លឿន​នីតិវិធី ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ដំណាក់កាល​អន្តរកាល​នេះ​មាន​រយៈពេល​ខ្លី​តាមដែល​អាច​ធ្វើ​ទៅបាន។

នៅ​ពាក់កណ្តាល​ខែ​ឧសភា​ឆ្នាំនេះ ហ្វាំងឡង់ និងស៊ុយអែត បានចុះកិច្ចព្រមព្រៀងការពារជាតិ​ជាមួយ​អង់គ្លេស ដែលនៅក្នុងនោះ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរិស ចនសុន បាន​អះអាង​ធានា​ថា ប្រសិន​បើ​ប្រទេស​ទាំងពីរ​នេះ មួយ​ណា​ក៏ដោយ ដែលត្រូវ​រងការ​វាយ​ប្រហារ​ គឺ​អង់គ្លេស​នឹង​ផ្តល់​ជំនួយ​ជួយ​វាយ​បកវិញ រាប់ទាំង​អន្តរាគមន៍​យោធា​អង់គ្លេសផង។

តាមរយៈ​កិច្ចព្រមព្រៀង​ត្រីភាគីនេះ ប្រទេស​ទាំងបីត្រូវ​ចែករំលែក​ព័ត៌មាន​សម្ងាត់ៗ​ជាមួយ​គ្នា និង​ចូលរួម​អភិវឌ្ឍបច្ចេកទេសវិជ្ជា​និង​ហ្វឹងហាត់​យោធា​រួម​គ្នា​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ