អានតួអត្ថបទ
អូតង់-តួកគី

តួកគី​គំរាម​រារាំង​មិន​ឱ្យ​ស៊ុយអែត​និង​ហ្វាំងឡង់​ចូល​ជា​សមាជិក​អូតង់

ប្រធានាធិបតី​តួកគី លោក អ៊ែរដូហ្កាន បាន​ប្រកាស​​ប្រឆាំង​នឹង​ការ​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់/ណាតូ របស់​​ហ្វាំងឡង់​និង​ស៊ុយអែត។ ប្រសិន​បើ​ការ​គំរាមកំហែង​របស់​តួកគីក្លាយ​ជា​ការ​ពិត នោះ​ប្រទេស​ទាំងពីរ​មិន​អាច​ក្លាយ​ជា​សមាជិក​អង្គការ​បាន​ឡើយ ព្រោះ​ក្នុង​ដំណើរ​បែប​បទតម្រូវ​ឱ្យ​មាន​ការ​គាំទ្រឯកច្ឆ័ន្ទ​​ពីប្រទេស​ជាសមាជិកទាំង​អស់។

តួកគី​គំរាម​រារាំង​មិន​ឱ្យ​ស៊ុយអែត​និង​ហ្វាំងឡង់​ចូល​ជា​សមាជិក​អូតង់
តួកគី​គំរាម​រារាំង​មិន​ឱ្យ​ស៊ុយអែត​និង​ហ្វាំងឡង់​ចូល​ជា​សមាជិក​អូតង់ AFP - ADEM ALTAN
ផ្សាយពាណិជ្ជកម្ម

តួកគី​គ្មាន​យោបល់​វិជ្ជមាន​ទាក់ទង​នឹង​បេក្ខភាព​របស់​ហ្វាំងឡង់និង​ស៊ុយអែតទេ ព្រោះ​តួកគី​មិន​ចង់​ឃើញ​អូតង់​ប្រព្រឹត្ត​កំហុស​ដដែល ជា​លើក​ទីពីរ ដូច​ពេល​ក្រិក​សុំ​ចូល​ជា​សមាជិក​អង្គការ​ដើម្បី​ប្រឆាំង​នឹង​តួកគី។ នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន ដោយ​ឆ្លៀត​បន្ទោស​ហ្វាំងឡង់​និង​ស៊ុយអែត ​ថា បាន​ផ្តល់​ជម្រក​ដល់​សកម្មជន​បក្ស​ពលករ​គួឌីស្ថាន​ ដែល​អង់ការ៉ា​​ចាត់​ទុក​ជា​ក្រុម​ភេរវនិយម។

ការ​គំរាម​ខ្ទប់​បេក្ខភាព​ស៊ុយអែត​និង​ហ្វាំងឡង់ថ្ងៃ​នេះ​​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ ព្រោះហ្វាំងឡង់ ដែល​ត្រូវប្រកាស​​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​អូតង់​​ជា​ផ្លូវការនៅ​ថ្ងៃ​អាទិត្យ​ទី ១៥​ឧសភា​ ខាង​មុខ​ទន្ទឹម​នឹងប្រទេស​ស៊ុយអ៊ែត​ជិត​ខាង មាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់។ ​នាយក​រដ្ឋមន្ត្រី​ហ្វាំងឡង់​ធ្លាប់​បានអះអាងកាលពី​ខែ​មេសា​​ថា​តួកគី​​​​គាំទ្រកម្មវត្ថុ​របស់​ហ្វាំងឡង់​។ ចំណែក​សមាជិក​អង្គការ​អូតង់​ភាគ​ច្រើន ព្រមទាំង​អគ្គលេខាធិការ​អង្គការផ្ទាល់ផង​ ក៏​បាន​ត្រៀម​លក្ខណៈ​ទទួល​ស្វាគមន៍​ហ្វាំងឡង់​និង​ស៊ុយអ៊ែត​​រួច​ជា​ស្រេច​ទៅ​ហើយ។ ប៉ុន្តែឥលូវ​​​ដំណើរការ​ពង្រីក​សមាជិក​អូតង់ បែរ​ជា​អាច​នឹង​ត្រូវ​ខកខានទៅ​វិញ​។ ​សូម​បញ្ជាក់​ថា នៅ​ពេល​ប្រទេស​ណាមួយ​សម្រេច​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​ជា​ផ្លូវការ​ហើយ សមាជិក​អូតង់​ត្រូវ​យល់​ព្រម​ជា​ឯកច្ឆ័ន្ទ​ទើប​ប្រទេស​នោះ​អាច​ចូល​ក្នុង​ប្លុក​បាន។

​​​ប្រកាស​​​ប្រឆាំង​នឹង​បេក្ខភាពហ្វាំងឡង់​និង​ស៊ុយអ៊ែត អាច​នឹង​ធ្វើ​ឱ្យ​​តួកគី អាប់​ឱន​កិត្តិយស​ និង​ជាប់​ឈ្មោះ​ជា​ប្រទេស​គាំទ្រ​​រុស្ស៊ី​ និង​ដែល​តែង​បរិហារ​ថា​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់​ជា​ការ​គំរាមកំហែង​សន្តិសុខ​រុស្ស៊ី និង​ត្រូវ​ទទួល​រង​ផល​វិបាក​សម្រាប់​អឺរ៉ុប​ទាំងមូល។ បើ​តាម​អ្នក​វិភាគ​ តួកគី​គួរ​តែ​យក​គំនិត​ប្រឆាំងនេះ​ទៅ​ចរចា​ដោយ​បិទ​ទ្វារ​។ ​តាំង​ពី​រុស្ស៊ី​​ចូល​ឈ្លានពាន​អ៊ុយក្រែនមក តួកគី​ព្យាយាម​រក្សា​ទំនាក់ទំនង​ល្អ​​ជា​មួយ​ភាគី​ជម្លោះ​ទាំងពីរ​។ តួកគី​រំពឹង​លើ​​​​រុស្ស៊ី​យ៉ាង​ខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច តែ​​ជា​អ្នក​ផ្គត់​ផ្គង់​ដ្រូន​ឱ្យ​ក្រុង​កៀវ។ តួកគី​ធ្លាប់​ទាំង​បានសាកល្បង​​ដើរ​តួនាទីជា​​អន្តរការី​នាំ​ប្រទេស​ទាំងពីរ​ឱ្យ​ជួប​ចរចាគ្នាបញ្ចប់​សង្គ្រាម​​បាន​ពីរ​ដង តែ​គ្មាន​លទ្ធផល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ