អានតួអត្ថបទ
អូតង់-ហ្វាំងឡង់-ស៊ុយអែត

អូតង់សង្ឃឹមថា​នឹង​អាច​រក​ដំណោះស្រាយ​ ដើម្បី​ទទួល​ស៊ុយអែត​និង​​ហ្វាំងឡង់​ជា​សមាជិកថ្មី

បេក្ខភាពរបស់ស៊ុយអែត និងហ្វាំងឡង់ ចូលជាសមាជិកថ្មីរបស់អង្គការសម្ព័ន្ធមិត្តអូតង់ កំពុងតែត្រូវបានតួកគីបដិសេធរារាំង។ តែយ៉ាងណា លោកស្រី Mircea Geoana អគ្គលេខាធិការរងរបស់អូតង់ បាន​អះអាងថា អូតង់​មានសុទិដ្ឋិនិយម ថាពិតជាអាចស្វែងរកដំណោះស្រាយ​បាន ដើម្បីទទួលប្រទេស​សមាជិកថ្មីទាំង២នេះ។

លោក​ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto និងលោកស្រី Sanna Marin នាយករដ្ឋមន្ត្រីហ្វាំងឡង់ ពេលធ្វើសន្និសីទកាសែត ស្តីអំពី​ការដាក់​បេក្ខភាពសុំចូលជា​សមាជិក​អង្គការអូតង់។ ហ៊ែលស៊ីនគី ថ្ងៃទី ១៥ ឧសភា២០២២
លោក​ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto និងលោកស្រី Sanna Marin នាយករដ្ឋមន្ត្រីហ្វាំងឡង់ ពេលធ្វើសន្និសីទកាសែត ស្តីអំពី​ការដាក់​បេក្ខភាពសុំចូលជា​សមាជិក​អង្គការអូតង់។ ហ៊ែលស៊ីនគី ថ្ងៃទី ១៥ ឧសភា២០២២ AP - Heikki Saukkomaa
ផ្សាយពាណិជ្ជកម្ម

 

នៅថ្ងៃអាទិត្យទី​១៥ឧសភា លោក​ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto បាន​បញ្ជាក់ថាប្រទេសលោក​និងដាក់ពាក្យ​ស្នើសុំចូលជាសមាជិកថ្មី របស់អង្គការសម្ព័ន្ធមិត្ត​អាត្លង់ទិកខាងជើង ឬហៅកាត់ថាអូតង់។ ចំណែក​ប្រទេសស៊ុយអ៊ែត ដែលនៅជាប់ហ្វាំងឡង់ ក៏នឹងរៀបចំធ្វើដូចគ្នានេះដែរ។

គួររំលឹកថា ពីមុនមកប្រទេសទាំង២នេះ ថ្មីបើជាសមាជិក​សហភាពអឺរ៉ុបមែន តែបានរក្សាភាពអព្យាក្រិត្យ​ រវាងរុស្ស៊ី និង​អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ដែលអាមេរិកជាមេដឹកនាំ​។​ ក៏ប៉ុន្តែ ក្រោយ​ពេល​ដែលរុស្ស៊ី បាន​លើកទ័ពចូលវាយឈ្លានពានអ៊ុយក្រែន មតិសាធារណៈហ្វាំងឡង់ និងស៊ុយអ៊ែត បាន​ផុសផុលនាំគ្នាគាំទ្រ ជំរុញឲ្យ​រដ្ឋាភិបាលខ្លួន​ ចាប់ផ្តើម​សុំចូលជាសមាជិករបស់អូតង់ ដើម្បីបានបង្អែកការពារខ្លួន។

ក្រោយ​ការប្រកាសពីបំណងចង់ចូលជាសមាជិកអូតង់ របស់ហ្វាំងឡង់ និង​ ស៊ុយអែត លោកស្រី Annalena Baerbock រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានថ្លែងថា ស៊ុយអែត និងហ្វាំងឡង់ គឺជាមិត្ត និងជាសមាជិកគ្រួសារអឺរ៉ុបតែមួយ។ ដូច្នេះ វាច្បាស់ណាស់ ដែល​អាល្លឺម៉ង់នឹងគាំទ្រជានិច្ច ចំពោះសេចក្តីសម្រេចចិត្ត របស់ប្រទេសទាំង២នេះ ក្នុងការការពារសន្តិសុខ។

ដោយឡែក តួកគី ដែលជាសមាជិកម្នាក់ដែររបស់អូតង់ បានបង្ហាញការជំទាស់ចំពោះបេក្ខភាពហ្វាំងឡង់ និងស៊ុយអែត។ លោកអ៊ែរដូហ្កាន់បានប្រកាសកាលពីថ្ងៃសុក្រថា លោក​មិនអាចគាំទ្របេក្ខភាពប្រទេសទាំង២នេះបានទេ ព្រោះប្រទេស២នេះ គឺជាសំបុកសំបូរក្រុមភេរវកម្ម​។​

គួរបញ្ជាក់ថា រាល់បេក្ខភាពសមាជិកថ្មី គឺត្រូវតែឆ្លងកាត់ការសម្រេចយល់ព្រមជាឯកច្ឆ័ន្ទ របស់សមាជិកអូតង់ទាំងអស់។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ លោកអង់តូនី ប្លីងកិន បានបញ្ជាក់ថា លោក​បាននិយាយគ្នាជាមួយ​ប្រមុខការទូតតួកគី តាមទូរស័ព្ទពីបញ្ហានេះ។ លោកបានបញ្ជាក់ទៀតថា អ្វីដែលលោកបានដឹង គឺមានសមាជិកច្រើនណាស់ គាំទ្របេក្ខភាព​របស់ហ្វាំងឡង់ និងស៊ុយអែត។ ដូច្នេះ​ លោកជឿថាអូតង់ប្រាកដជាអាច ស្វែងរកការស្រុះស្រួល ដើម្បីស្វាគមន៍សមាជិកថ្មីទាំង២នេះ។

ដោយឡែកលោកស្រីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាន​លើកឡើងថាអាល្លឺម៉ង់ ចង់ជំរុញនីតិវិធី​ទទួលសមាជិកថ្មីជាស្ថាពរនៅលើកនេះ អាចធ្វើទៅដោយ​លឿនរហ័សបំផុត ដោយ​មិន​ចង់ទុកសម័យ​អន្តរកាល ចន្លោះពីថ្ងៃដាក់បេក្ខភាព ទៅដល់ថ្ងៃអនុម័តទទួលជាផ្លូវការ ឲ្យចំហររងចាំយូរខែ​។ លោកស្រីបានបន្ថែមថា វាគឺជាការធានាសន្តិសុខ ជូនប្រទេសដែលមកសុំចូលសមាជិក ព្រោះគ្នាអាចត្រូវគេវាយប្រហារឈ្លានពាន ក្នុងអំឡុងពេល​ដែល​អូតង់ មិនទាន់អាចធ្វើអន្តរាគមន៍បាន ទៅតាមអ្វីដែលមានកំណត់ក្នុងមាត្រា៥នៃលក្ខខន្តិកៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ