អានតួអត្ថបទ

ព្រឹទ្ធសភា​អាមេរិក​ រិះរក​វិធី​ទប់ស្កាត់​លោកត្រាំ​មិនឲ្យលក់​អាវុធ​ទៅអារ៉ាប៊ីសាអូឌីត​

សមាជិកព្រឹទ្ធសភាអាមេរិកជាច្រើននាក់ កាលពីថ្ងៃពុធ ទី ៥ មិថុនា បានបង្ហាញពីចេតនាចង់រារាំងផែនការរបស់លោកដូណាល់ ត្រាំ ក្នុងការលក់អាវុធដែលមានតម្លៃទឹកប្រាក់រហូតដល់ចំនួន ៨,១ ពាន់លានដុល្លារ ទៅឱ្យអារ៉ាប៊ីសាអូឌីតនិងសម្ព័ន្ធមិត្តអារ៉ាប់ដទៃទៀត។ និន្នាការប្រឆាំងជំទាស់នេះ បានចាប់ផ្ទុះឡើងដោយសារតែសមាជិកព្រឹទ្ធសភាអាមេរិក មិនពេញចិត្តចំពោះទង្វើឡើងចាង ក្អេងក្អាងរបស់អារ៉ាប៊ីសាអូឌីត ព្រមទាំងប្រទេសសម្ព័ន្ធមិត្តអារ៉ាប់ដទៃទៀត។

លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។
លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

សមាជិកព្រឹទ្ធសភាអាមេរិក បាននាំគ្នាប្រឆាំងជំទាស់ នឹងការលក់អាវុធទៅឲ្យសម្ព័ន្ធមិត្តជាយុទ្ធសាស្ត្ររបស់ខ្លួន គឺអារ៉ាប៊ីសាអូឌីត ដោយសារពួកគេបារម្ភខ្លាចថា អាវុធទាំងនោះ អាចត្រូវបានយកទៅប្រើប្រាស់ និងមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ជនស៊ីវិលនៅក្នុងប្រទេសយេម៉ែន។ យេម៉ែន ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាម និងកំពុងស្ថិតក្នុងស្ថានការណ៍មិនល្អទាល់តែសោះ។

សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ មកពីគណបក្សសាធារណរដ្ឋគឺលោក Lindsey Graham មានសង្ឃឹមថា ផែនការលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវលុបចោល។ លោកបានបញ្ជាក់បន្ថែមបែបនេះថា លោកយល់ និងដឹងច្បាស់ថាអារ៉ាប៊ីសាអ៊ូឌីត គឺជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្តរបស់អាមេរិក ក៏ប៉ុន្តែលោកថាទង្វើ ឬក៏ឥរិយាបថអាងយ៉ាង របស់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាមេដ បេនសលម៉ាន មិនគួរត្រូវគេលើរំលងនោះទេ។

គួរជម្រាបជូនថា សមាជិកព្រឹទ្ធសភាអាមេរិក អាចនឹងបង្ហាញពីសំណើប្រឆាំងជំទាស់ជាផ្លូវការ ចំពោះការលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត ក្នុងពេលឆាប់ៗខាងមុខនេះ។ តែទោះជាយ៉ាងណាក្តី ឱកាសក្នុងការទប់ស្កាត់មិនឲ្យរដ្ឋបាលលោកត្រាំ លក់អាវុធ ទៅឲ្យអារ៉ាប៊ីសាអូឌីត មិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះថាលោកត្រាំ មានសិទ្ធិបោះឆ្នោតវ៉េតូ ចំពោះសំណើមួយនេះ។ វិធីតែមួយគត់ ដែលអាចរារាំងលោកប្រធានាធិបតីត្រាំបាន នោះទាល់ តែសភា និងព្រឹទ្ធសភាអាមេរិក ទទួលបានសំឡេងគាំទ្រ ២ ភាគ ៣។

ពាក់ព័ន្ធរឿងនេះដែរ ប្រមុខការបរទេសអាមេរិកលោក Mike Pompeo បាននិយាយហើយថា រដ្ឋាភិបាល នឹងមិនធ្វើតាមដំណើរសុំរបស់សមាជិកព្រឹទ្ធសភាឡើយ ដោយសារតែព្រួយបារម្ភពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយប្រទេសអ៊ីរ៉ង់ ដែលជាគូប្រជែងស្លាប់រស់ក្នុងតំបន់ ជាមួយនឹងអារ៉ាប៊ីសាអ៊ូឌីត។

គួររំឭកជូនដែរថា រដ្ឋអំណាចរបស់លោកដូណាល់ ត្រាំ កាលពីខែមុន ក៏បានធ្លាប់បានគូសបញ្ជាក់ដែរថា ខ្លួននឹងធ្វើការប្រឆាំងជំទាស់ទៅនឹងសភា និងនៅតែបន្តការលក់អាវុធ ទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងប្រទេសអេមីរ៉ាតអារ៉ាប់រួមផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ