អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

របបសឹក​ប្រហារជីវិត​អ្នកទោសនយោបាយ ជាលើកទី ១ ក្នុងរយៈពេល ជាង​៣០ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រតិកម្ម​បាន​ធ្លាក់ចុះ ជាបន្តបន្ទាប់ នៅ​ក្រោយ​របបសឹក​ប្រហារជីវិត​សកម្មជនប្រឆាំង ៤រូប។ អ្នកនាំពាក្យ​របស់​របបសឹក​បាន​បញ្ជាក់​ការចុះផ្សាយ​របស់​កាសែត នៅថ្ងៃ​ចន្ទនេះ ដែលថា អ្នកទោស​៤នាក់ ត្រូវបាន​ប្រហារជីវិត ប៉ុន្តែ គេមិនបាន​បញ្ជាក់ថ្ងៃ ពេលវេលា​នោះទេ។ អង្គការសហប្រជាជាតិ អាមេរិក ជប៉ុន ប្រធានសភាអាស៊ាន ព្រមទាំងអង្គការ​ការពារ​សិទ្ធិមនុស្ស​បានសំដែងក្តីរន្ធត់ និង​ថ្កោលទោស​សកម្មភាព​ព្រៃផ្សៃ​របស់​របបសឹក ដែល​បាន​សម្រេច​ប្រហារជីវិត​មន្រ្តី​បក្ស​ប្រឆាំង និង​សកម្មជនដើម្បីលទ្ធិប្រជាធិបតេយ្យ។ ភូមា​មិនដែល​ប្រហារជីវិត​អ្នកទោស តាំង​ពីឆ្នាំ ១៩៨៨។

In this June 23, 2021, file photo, Commander-in-Chief of Myanmar's armed forces, Senior Gen. Min Aung Hlaing delivers his speech at the IX Moscow conference on international security in Moscow, Russia.
In this June 23, 2021, file photo, Commander-in-Chief of Myanmar's armed forces, Senior Gen. Min Aung Hlaing delivers his speech at the IX Moscow conference on international security in Moscow, Russia. AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

នៅភូមា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​បាន​ចុះផ្សាយ​នៅថ្ងៃ​ចន្ទនេះ ថា របបសឹក​បាន​ប្រហារជីវិត អ្នកទោស​៤រូប ដែល​នៅក្នុងនោះ មាន​លោកព្យូ ហ្សេណា ថ អតីត​សមាជិកសភាមកពីគណបក្ស​របស់​លោកស្រីអ៊ុងសាន ស៊ូជី និង​លោក ច មីនយូ អ្នកនិពន្ធ​និង​ជា​សកម្មជនប្រជាធិបតេយ្យ។ អ្នកនាំពាក្យរបបសឹក​ភូមា​ធ្លាប់​បាន​ប្រកាសកាលពី​ខែ​មិថុនា​ថា គេ​នឹង​ប្រហារជីវិត សកម្មជន​ប្រឆាំង ដែល​តុលាការយោធា​សម្រេច​កាត់ទោសប្រហារជីវិត កាលពី​ខែ មករា​ដើមឆ្នាំនេះ ក្នុងបទចោទប្រកាន់​ធ្វើ​សកម្មភាព​ភេរវនិយម។

ការប្រហារជីវិត​អ្នកទោស​នៅពេលនេះ គឺ​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើលខ្លាំង និង​ជារឿង​ដែលមិនបានគិតព្រាងទុកពីមុនមក ព្រោះថា ភូមា ទោះនៅ​អនុវត្ត​ទោសប្រហារជីវិត ប៉ុន្តែ មិនដែល​ប្រហារជីវិត សម្លាប់អ្នកទោស តាំង​ពី​ឆ្នាំ ១៩៨៨មកម្ល៉េះ។ តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស នៅ​ជាង ៣០ឆ្នាំមកនេះ តុលាការ​ភូមា​ធ្លាប់កាត់ទោស​ប្រហារជីវិត ​អ្នកនយោបាយ​ជាច្រើនករណីដែរ ប៉ុន្តែ ជាទូទៅ អ្នកទោស​ទាំងនោះ តែង​បាន​រួចខ្លួន និង​ត្រូវ​ដោះលែង នៅទីបំផុត ទៅតាម​វិធានការ​លើកលែង​ទោស។

តាម​កាសែត​រដ្ឋភូមា អ្នកទោស​៤នាក់ ដែល​ត្រូវ​បាន​ប្រហារជីវិត រួចរាល់ មាន លោក​ព្យូ ហ្សេណា ថ អតីតសមាជិកសភា​មកពីគណបក្ស​លោកស្រី​អ៊ុងសាន ស៊ូជី។ លោក ច មីនយូ អ្នកនិពន្ធ​និងជាអតីតមេចលនានិស្សិត​ដ៏ល្បី​ខាង​ប្រឆាំង​កងទ័ព​ភូមា នៅ​ឆ្នាំ ១៩៨៨ ហើយ​និង​សកម្មជន​២នាក់ផ្សេង​ទៀត ដែលរងការចោទប្រកាន់ថា បាន​សម្លាប់​ស្រ្តី​ម្នាក់ ដែលពួកគេសង្ស័យ ថា​ជាអ្នកយកការណ៍​ឲ្យកងទ័ព។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ភូមា​មិន​បញ្ជាក់ថា តើ​អ្នកទោសនយោបាយ​ទាំង​៤រូប​ត្រូវ​ប្រហារជីវិត​ដោយ​របៀបណានោះទេ។ ប៉ុន្តែ អ្នកនាំពាក្យរបស់របបសឹក​ធ្លាប់​បាននិយាយ​កាលពីខែ​មិថុនា​កន្លងមកថា ការប្រហារជីវិត​អ្នកទោស នឹងធ្វើឡើង​ដោយការព្យួរក។

ការប្រហារជីវិត​សកម្មជនប្រឆាំង​ទាំង​៤នាក់ លើកនេះ គឺជារឿង​ដ៏គួរភ្ញាក់ផ្អើល ហើយក៏ជារឿង​រន្ធត់ចិត្ត​ណាស់ដែរ សម្រាប់​ក្រុមគ្រួសារ​របស់​ពួកគេ​ផ្ទាល់តែម្តង។ ឧទាហរណ៍ ម្តាយ​របស់​លោកព្យូ ហ្សេណា ថ អតីតសមាជិកសភា បាន​និយាយ​ប្រាប់​កាសែត​ក្នុងស្រុកថា គេ​មិនបាន​ប្រាប់គាត់ថា គេ​នឹង​ប្រហារជីវិតកូនរបស់គាត់នោះទេ។ កាលពីថ្ងៃ​សុក្រ គាត់​ទើប​បាន​និយាយ​តាមវីដេអូ ជាមួយកូនប្រុស ដែល​មាន​សុខភាព​ល្អ និង​ដែលបានប្រាប់​ឲ្យគាត់​ជួយយកវែនតា និងសៀវភៅ​មកផ្ញើ។ នៅថ្ងៃ​ចន្ទនេះ គាត់បាន​យករបស់របរទាំងនោះមកផ្ញើកូន នៅពន្ធនាគារ ប៉ុន្តែ ពេលមកដល់​មុខ​ពន្ធនាគារ ស្រាប់តែ​មាន​ដំណឹងថា កូនរបស់គាត់ត្រូវ​គេប្រហារជីវិត​រួចទៅ​ហើយ។

តាម​កាសែត​ក្នុងស្រុកភូមា នៅក្រោយ​ការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ នៅថ្ងៃនេះ ក្រុមគ្រួសារ​របស់​អ្នកទោស​បានធ្វើដំណើរ​ទៅពន្ធនាគារ​ក្នុងក្តីសង្ឃឹមថា ពួកគេ​នឹង​អាច​ទទួល​បាន​សាកសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រតិកម្មរិះគន់​ការប្រហារជីវិត​អ្នកទោស​ដែលជា​សកម្មជនប្រឆាំង​ភូមា បានកើតមានជាបន្តបន្ទាប់

លោក Tom Andrews​ដែល​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់ភូមា ប្រតិកម្ម​ខ្លាំង​មុនគេ ដោយ​បាន​និយាយ​ថា លោក​រន្ធត់ចិត្ត និង​មានកំហឹងខ្លាំងណាស់ ដែល​លឺថា របបសឹកប្រហារជីវិត​អ្នកទោស​នយោបាយ ដែលជាអតីត​សមាជិកសភា និង​ជា​សកម្មជនប្រជាធិបតេយ្យយ៉ាងដូច្នេះ។

សមាជិកសភា​ម៉ាឡេស៊ី និង​ជាប្រធាន​គណៈកម្មការសិទ្ធិមនុស្ស​របស់​សភាអាស៊ាន​ក៏បាន​ប្រតិកម្ម​ខ្លាំងណាស់ដែរ ដោយបានកត់សំគាល់ថា ចាប់តាំង​ពី​ឆ្នាំ ១៩៨៨​ដល់​ឆ្នាំ ២០១១ ភូមា​ដឹកនាំ​ដោយ​របបសឹក​ ប៉ុន្តែ របបសឹក​ជំនាន់នោះ មិនដែល​ប្រហារជីវិត​អ្នកទោសនយោបាយម្នាក់ទេ ខុសប្លែកអីតែ​របបសឹក​ដែលដឹកនាំ​ដោយ​លោក​មីន អ៊ុងឡាំង។

អាមេរិក និងប្រទេស​ជប៉ុន​ដែល​ជាម្ចាស់ជំនួយសំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​ភូមា​បាន​សំដែងការខកចិត្ត ព្រោះថា របបសឹក​មិន​ស្តាប់តាម​ការអំពាវនាវ ដែល​បាន​សុំ​ឲ្យគេ​លើកលែង កុំ​ប្រហារជីវិតសកម្មប្រឆាំង។

នៅក្រោយ​ការប្រហារជីវិត​សកម្មជន​ប្រឆាំង លើកនេះ អង្គការ​ការពារ​សិទ្ធិមនុស្ស​វិញ រឹតតែ​ព្រួយបារម្ភ​ថា នឹងអាច​មាន​ការប្រហារជីវិត​ច្រើនទៀត ទៅថ្ងៃមុខ ព្រោះថា បើតាម​របាយការណ៍​របស់អ្នកជំនាញ​អង្គការ​សហប្រជាជាតិ កាលពី​ខែ មិថុនា តុលាការ​របបសឹកបានសម្រេច​កាត់ទោសប្រហារ​ជីវិត​មនុស្ស​១១៤នាក់ ចាប់តាំង​ពីរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី។

បើតាម​អ្នកជំនាញ របស់​អង្គការ​សហប្រជាជាតិដដែល ច្បាប់​អាជ្ញាសឹក​ថ្មី បាន​បើកភ្លើងខៀវ​ឲ្យ​កងទ័ព​មាន​សិទ្ធិ​សម្រេច​ទោសប្រហារជីវិត សម្រាប់​ការប្រព្រឹត្តបទល្មើស ចំនួន​២៣ប្រភេទ។ កងទ័ព​មិនបាន​លម្អិត​ពី​និយមន័យ នៃបទល្មើស បទឧក្រិដ្ឋ​ដែលធ្វើ​ឲ្យ​អ្នកប្រព្រឹត្ត​ត្រូវ​កាត់ទោស​ប្រហារជីវិត​នោះទេ។ ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្តែង សូម្បីតែ​អ្នកនិយាយរិះគន់​មេដឹកនាំអំណាចយោធា​ក៏អាច​ប្រឈម​នឹង​ទោសប្រហារជីវិត។ អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិបាន​ព្រមាន​ដែរ​ថា របបសឹក​នឹង​ប្រហារជីវិត​អ្នកទោសផ្សេងទៀត បើសិន​សហគមន៍​អន្តរជាតិ​មិនព្រម​ចាត់វិធានការខ្លាំងៗ ប្រឆាំង​របបសឹក នៅក្រោយការប្រហារជីវិត​អ្នកទោសនយោបាយ​លើកនេះ។

ហេតុអ្វី​បានជា​របបសឹកភូមា​សម្រេច​ប្រហារ ជីវិតមនុស្ស​នៅពេលនេះ?

របបសឹក​របស់​លោកមីន អ៊ុងឡាំង មានអ្នកទោស ជាង ១០០នាក់ ដែល ត្រូវ​បាន​តុលាការ​កាត់ទោសប្រហារជីវិត និងកំពុង​រង់ចាំថ្ងៃ​ប្រហារជីវិត​ប៉ុណ្ណោះ។  ដោយ​ប្រហារជីវិតអ្នកទោស ៤នាក់ ដែល​មាន​២នាក់ ជា​បុគ្គល​សំខាន់ នៅក្នុង​ពិភពនយោបាយ​ភូមា របបសឹក​ចង់​បំបាក់ស្មារតី របស់​ក្រុមប្រឆាំង។ សព្វថ្ងៃ របបសឹក​ភូមា​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ពីគ្រប់ទិស មិនថា ពីខាង​កងទ័ព​របស់​រដ្ឋាភិបាល​ស្រមោល ឬ​ក្រុមឧទ្ទាមជនជាតិ​ភាគតិច ដែលចេញមុខគាំទ្រ​ជួយ ក្រុមប្រឆាំង ដែលរងការបង្រ្កាប​របស់​កងទ័ព ក្រោយ រដ្ឋប្រហារយោធា។ របបសឹក​កំពុងក្រពុលមុខខ្លាំង ដោយសារ​តែ​ការប្រឆាំងរបបសឹក​កើតមាន​នៅពាសពេញប្រទេស ព្រោះ​សូម្បី​ប្រជាជន​ធម្មតា​ក៏​ត្រូវ​របបសឹកចោទប្រកាន់​ថា បាន​ជួយលាក់​ក្រុមប្រឆាំងដែរនោះ។ របបសឹក​រឹតតែ​ក្រពុលមុខខ្លាំង ដោយសារ​ការដាក់ទណ្ឌកម្ម ពី​លោកខាងលិចផង ហើយ​និងការដាក់សម្ពាធ​របស់​អាស៊ានផង ​ដែលបាន​បដិសេធ មិន​អញ្ជើញ​ភូមា ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេស​អាស៊ាន​នៅ​ចុងខែ​កក្កដានេះ។

ម្យ៉ាងទៀត ការសម្រេច​ប្រហារជីវិត​អ្នកទោស ជាលើកទី១ ក្នុង​រយៈពេល​ជាង ៣០ឆ្នាំចុងក្រោយនេះ ក៏អាច​ជា​សារ​ព្រមាន ដល់​មនុស្សក្នុង​រដ្ឋាភិបាល កុំ​ឲ្យ​ហ៊ាន​រើបំរះ ប្រឆាំង​របបសឹក​ឲ្យសោះ។ អ្នកកាសែត​ភូមា ម្នាក់​ដែលបាន​រត់ភៀសខ្លួន​ទៅប្រទេស​ថៃ បាន​និយាយ​ប្រាប់​កាសែត​បរទេស​ថា របបសឹក​ចាត់វិធានការដៃដែក ព្រោះ​នៅក្នុងជួរកងទ័ព និង​ប៉ូលិសភូមា កំពុង​មាន​ការរង្គោះរង្គើផ្ទៃក្នុង ការរត់បាក់ទ័ព​ទៅ​ខាង​ក្រុមប្រឆាំង។

ប្រហារជីវិតអ្នកទោស​ដើម្បីគំរាម បំបាក់ស្មារតី​សកម្មជនប្រឆាំងរដ្ឋប្រហារ?

ត្រឹមប្រហារជីវិតអ្នកទោស​ដើម្បី​ជា​ការគំរាម​របស់​របបសឹក គឺ គ្មាន​ប្រសិទ្ធិភាព​ទៅបំបាក់ស្មារតី​របស់​ក្រុមប្រឆាំង។ កន្លងមក ក្រុមប្រឆាំងភូមា បាន​ចោទ​ប្រកាន់មេដឹកនាំ​យោធាភូមា​ថា ចាប់តាំង ពីធ្វើ​រដ្ឋប្រហារ​នៅ​ដើមឆ្នាំមុនមក កងទ័ព​បាន​សម្លាប់​មនុស្ស​ជាង ២០០០នាក់ និង​បាន​ចាប់ឃុំខ្លួន មនុស្ស​ជាង ១៥០០០នាក់។ សព្វថ្ងៃនេះ កងទ័ព​នៅបន្ត​សម្លាប់អ្នកភូមិ ចាប់រំលោភមនុស្សស្រី និងដុតផ្ទះសម្បែង​របស់​ប្រជាជន​ស្លូតត្រង់ ក្នុងបទចោទប្រកាន់​ថា ពួកគេស៊ុំគ្រលំ​ជួយ​សកម្មជនប្រឆាំង ក្នុងព្រៃ។ ដូច្នេះ ទោះបី​ជារបបសឹក​ប្រហារជីវិត​មនុស្ស​ច្រើនជាងនេះ ប្រជាជន​គ្មានភ្ញាក់ផ្អើល ឬ​ខ្លាច​រអា​នោះទេ។ ផ្ទុយទៅវិញ ពួកគេ​មាន​តែ​ខឹងសម្បារ គុំ និង​ប្រែក្លាយ​កំហឹង​របស់ពួកគេ​ឲ្យទៅ​កម្លាំង​តស៊ូ ប្រឆាំង នឹង​របបសឹកភូមា​បន្ថែមទៀត​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ