អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទស្សនកិច្ច​អាស៊ី៖ តើ​ប្រធាន​សភា​អាមេរិក​នឹង​ឆ្លៀតចុះជាន់ដី​តៃវ៉ាន់ដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធាន​សភា​អាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី​បានផ្តើមទស្សនកិច្ច​មួយជុំ​នៅអាស៊ី ដោយ​ចាប់ផ្តើម​នៅប្រទេស​សិង្ហបុរី នៅថ្ងៃចន្ទ​ទី ១​សីហានេះ។ ទស្សនកិច្ច​មួយជុំ របស់​ប្រធានសភាអាមេរិក នៅ​អាស៊ី ដែល​មាន​ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ជប៉ុន កំពុងស្ថិតក្នុងក្រសែភ្នែកតាមដានខ្លាំងណាស់ ជាពិសេស​មហាអំណាចចិន ដែលបារម្ភថា ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី​នឹងអាច​ចុះសំចត​នៅ​តៃវ៉ាន់ ដែល​ចិន​បានចេញមុខ​ប្រឆាំង​ដាច់ខាត។ ប៉េកាំង ធ្លាប់បាន​គំរាមរួចហើយថា ទស្សនកិច្ច​របស់​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នៅតៃវ៉ាន់​គឺសកម្មភាពញុះញង់​របស់​អាមេរិក ដែល​ចិន​នឹង​ចាត់វិធានការ​ខ្លាំង​វាយបកវិញ។ នៅក្រោយ​ការគំរាមកំហែង​របស់​ចិន តើ​ប្រធានរដ្ឋសភា អាមេរិក​នឹង​ឆ្លៀតចុះ​បំពេញ ទស្សនកិច្ច​នៅតៃវ៉ាន់ ដែរឬទេ?

បុរសម្នាក់​ប្រើ​កែវឆ្លុះដើម្បីមើលព័ត៌មាន​ស្តីពី​ទស្សនកិច្ច​របស់​ប្រធានសភាអាមេរិក នៅអាស៊ី។ កាសែត​បិទនៅទីក្រុង​ប៉េកាំងថ្ងៃទី ៣១​កក្កដា ២០២២
បុរសម្នាក់​ប្រើ​កែវឆ្លុះដើម្បីមើលព័ត៌មាន​ស្តីពី​ទស្សនកិច្ច​របស់​ប្រធានសភាអាមេរិក នៅអាស៊ី។ កាសែត​បិទនៅទីក្រុង​ប៉េកាំងថ្ងៃទី ៣១​កក្កដា ២០២២ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

គ្រប់គ្នា​កំពុង​ផ្តោតក្រសែភ្នែក​តាមដាន​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក នៅអាស៊ី ដែលចាប់ផ្តើម​នៅថ្ងៃនេះ នៅសិង្ហបុរី។ ទស្សនកិច្ច​របស់​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នៅអាស៊ី ក្លាយ​ជាចំណាប់អារម្មណ៍ បន្ទាប់ពី​មានព័ត៌មាន​ចុះផ្សាយ​ថា ប្រធានសភាអាមេរិក​រូប​នេះ អាច​ទៅ​បំពេញ​ទស្សនកិច្ច ​នៅ​តៃវ៉ាន់។ ប៉េកាំង​ធ្លាប់បាន​ព្រមាន​រួចហើយ ពីផលវិបាក បើសិន ប្រធាន​សភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី​ហ៊ាន​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជាដែនដីខេត្តមួយ​របស់​ចិន។

អមដំណើរ​ដោយ​ប្រធាន​គណៈកម្មការ​ទទួលបន្ទុកកិច្ចការបរទេស គណៈកម្មការ​ខាង​ស៊ើបការណ៍​សម្ងាត់ សមាជិកសភា​ជំនាញ​ខាងពាណិជ្ជកម្មអាវុធ លោកស្រីណាន់ស៊ី ប៉េឡូស៊ី​បាន​និយាយ​ថា នៅក្នុងអំឡុងទស្សនកិច្ច ក្រុមរបស់​លោកស្រី នឹង​ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ​អាស៊ី ដើម្បី​ពង្រឹង​ទំនាក់ទំនង ផលប្រយោជន៍​រួម ក្នុង​វិស័យអាទិភាព ដូចជា សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម សិទ្ធិមនុស្ស វិបត្តិអាកាសធាតុ ជាពិសេស​ការធានា​សន្តិភាព នៅក្នុង​តំបន់។

នៅថ្ងៃ​ចន្ទទី ១​សីហា លោកស្រី ប្រធានសភាអាមេរិក​បានធ្វើ​ដំណើរ​ទៅ​ដល់​សិង្ហបុរី ជាទី ដែល​លោក​នាយករដ្ឋមន្រ្តី​លី ស៊ានឡុង​បាន​បញ្ជាក់​ប្រាប់​ភាគីអាមេរិក ទំនាក់ទំនងស្ថិរភាព​ចិន និងអាមេរិក​សំខាន់​ណាស់សម្រាប់​សន្តិភាព និង​សន្តិសុខ​ក្នុងតំបន់។

ទៅតៃវ៉ាន់ ឬមិន​ទៅ?

ដរាបណា យន្តហោះ​ដឹកគណៈប្រតិភូ ដឹកនាំ​ដោយ​ប្រធាន​សភាអាមេរិក នៅ​មិនទាន់​ទៅចុះចត​នៅ​ទឹកដីតៃវ៉ាន់ គេ​នៅតែ​មិនដឹងថា តើ​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នឹង​ធ្វើ​ទស្សនកិច្ច នៅ​តៃវ៉ាន់​ដែរ​ឬទេ។

នៅក្នុង​សេចក្តីប្រកាសព័ត៌មាន​កាលពីថ្ងៃ​អាទិត្យ ប្រធាន​សភាអ្នកតំណាងរាស្រ្ត​អាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បាន​បញ្ជាក់ថា លោកស្រីរួមជាមួយ​សមាជិកសភា ៥រូប​នឹង​ធ្វើ​ទស្សនកិច្ច​មួយជុំនៅអាស៊ី ដែលមាន​សិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ប៉ុន្តែ​លោកស្រី​មិន​បាន​បញ្ជាក់​ឈ្មោះ​តៃវ៉ាន់នោះទេ។ ទស្សនកិច្ច​របស់​លោកស្រី​នៅឥណ្ឌូប៉ាស៊ីហ្វិក មាន​គោលដៅ បញ្ជាក់ជំហរគ្មានផ្លាស់ប្តូរ​របស់​អាមេរិក ក្នុងការជួយប្រទេស​មិត្ត និង​សម្ព័ន្ធមិត្ត​ក្នុងតំបន់។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដែលនិយាយ​ពីដំណើរទស្សនកិច្ច​នៅអាស៊ី ប្រធាន​សភាអាមេរិក​មិន​បាន​លើក​និយាយ​ពាក្យ​តៃវ៉ាន់​សូម្បី មួយម៉ាត់ ប៉ុន្តែ មិនមែន​មានន័យថា លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នឹង​មិនទៅតៃវ៉ាន់នោះទេ។ លោកស្រី អាច​សម្រេច​ចិត្តគ្រប់​ពេលវេលា ធ្វើទស្សនកិច្ច ដ៏គួរ ភ្ញាក់ផ្អើល នៅតៃវ៉ាន់​ក៏អាច​ថាបាន។ តាម​អ្នកសរសេរ​វិចារណកថា របស់​​កាសែត​ចិន Global time ដែល​មាន​និន្នាការគាំទ្រ​បក្ស​កុម្មុយនិស្តចិន រឿងនេះ​គឺ​អាច​ទៅរួច ព្រោះគេ​ជឿថា លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី អាច​រកលេស​ទៅ​ជាន់ទឹកដី​តៃវ៉ាន់ ដូចជា​យន្តហោះ​របស់​លោកស្រីត្រូវការចាក់សាំងបន្ទាន់ ឬ​មានបញ្ហា​បច្ចេកទេស​ជាដើម គឺ​ធ្វើយ៉ាងណា​ឲ្យតែបាន​ទៅចុះចត​នៅតៃវ៉ាន់ សូម្បី​មួយភ្លែត​ក៏បានដែរ។

ទស្សនកិច្ច​របស់​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នៅតៃវ៉ាន់​នឹង​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ

តាំងពី​មាន​ការចុះផ្សាយព័ត៌មាន​ស្តីពី​ដំណើរទស្សនកិច្ច​របស់​លោកស្រីប្រធានសភាអាមេរិក​ម្ល៉េះ ប៉េកាំង​ធ្លាប់​បានប្រតិកម្ម​ប្រឆាំង​ទស្សនកិច្ច​ចុះចត​ណាមួយ​របស់​ប្រធានសភា​អាមេរិក​នៅតៃវ៉ាន់ ដែល​ប៉េកាំង​ចាត់ទុក​ជា​ការញុះញង់ ព្រោះ​វា​រំលោភដែនអធិបតេយ្យភាព​របស់​ចិន។ នៅពេល​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី​ នៅមិនទាន់​សម្រេច​ជាផ្លូវការថា នឹង​ទៅទស្សនកិច្ច​នៅតៃវ៉ាន់ផង ប៉ុន្តែ ព័ត៌មាន​ស្តីពី​លទ្ធភាព​ធ្វើទស្សនកិច្ច​របស់​លោកស្រី​នៅតៃវ៉ាន់ បាន​ក្លាយជា​ដើមចម នៃភាពតានតឹង​កាន់តែខ្លាំងរវាង​អាមេរិក និង​ចិន ជុំវិញ​កោះតៃវ៉ាន់។

ប៉េកាំង​ធ្លាប់​បាន​ចាត់ទុក​ទស្សនកិច្ច​របស់​ប្រធានសភាអាមេរិក​នៅតៃវ៉ាន់ ថា ជា​ការរំលោភខ្សែ​បន្ទាត់ក្រហម។ នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទជាមួយ​ប្រធានាធិបតីអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍មុន លោកប្រធានាធិបតី​ស៊ី ជីនពីង បានព្រមាន​រួចហើយ កុំ​ឲ្យអាមេរិក​លលេង​ជាមួយភ្លើង ក្នុងសំណុំរឿង​តៃវ៉ាន់។

លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ដែល​ជា​ប្រធានរដ្ឋសភា​ជា​មនុស្ស​ដ៏មានអំណាចបំផុត​នៅអាមេរិក បន្ទាប់ ពីប្រធានាធិបតី និង​អនុប្រធានាធិបតី។ លោកស្រី ជា​មនុស្ស​ទី​៣ ដែល​អាច​ស្នង ចូលកាន់តំណែង​ប្រធានាធិបតី ក្នុងករណីមាន​បញ្ហាណាមួយនៅអាមេរិក។ ដូច្នេះ ដំណើរ​ទស្សនកិច្ច​ណាមួយ​របស់​លោកស្រីនៅតៃវ៉ាន់ គឺ​មានន័យស្មើនឹង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​នៅ​តៃវ៉ាន់។ សម្រាប់​ចិន ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំជាន់ខ្ពស់​របស់អាមេរិក​នៅតៃវ៉ាន់ មានន័យ​ស្មើ​នឹង​ការប្រកាស​គាំទ្រ ទទួលស្គាល់​​​រដ្ឋាភិបាល​កោះតៃវ៉ាន់ ឬ​ឯករាជ្យភាព​របស់​កោះតៃវ៉ាន់ ដែល​ចិន​ប្រឆាំង​ដាច់ខាត។

នៅ​ថ្ងៃ​ចន្ទ ប៉េកាំង តាមរយៈ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បាន​ចេញមុខព្រមាន​សាជាថ្មី​ថា ទស្សនកិច្ច​របស់​លោកស្រីណាន់ស៊ី ប៉េឡូស៊ី នៅតៃវ៉ាន់ នឹង​ជំរុញ ឲ្យ​ចិន​ចាត់វិធានការយោធាជាក់ជាមិនខាន។ កាលពីថ្ងៃសៅរ៍ ទី ៣០ ចិន​បាន​បង្ហាញ​សាច់ដុំ​យោធា ដោយបានធ្វើសមយុទ្ធ ដោយបាញ់គ្រាប់កាំភ្លើងពិត នៅ​ច្រកសមុទ្រ​តៃវ៉ាន់។ នៅថ្ងៃ​សៅរ៍ដដែល អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​ចិន​បាននិយាយថា កងទ័ពជើង​អាកាសចិន​មាន​មធ្យោបាយ​សមត្ថភាព ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព ជុំវិញ​កោះតៃវ៉ាន់។

បើតាម​អ្នកជំនាញ ទោះបីចិន​ចេញមុខ​ប្រឆាំង​ដាច់ខាត ទស្សនកិច្ច​របស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី​នៅតៃវ៉ាន់ ប៉ុន្តែ ចិន​ទំនង​មិន​ធ្វើសង្រ្គាម​ឈ្លានពាន​ចូល​វាយដណ្តើម​យកកោះតៃវ៉ាន់ នៅពេលនេះ ដោយសារ​តៃ​ទស្សនកិច្ច​របស់​លោកស្រី ប៉េឡូស៊ី​នោះដែរទេ។ ប៉េកាំង​ប្រហែល​អាចដាក់សំពាធ​យោធា​កាន់តែ​ខ្លាំង លើ​តៃវ៉ាន់ ដោយបញ្ជូន​យន្តហោះ​ចម្បាំង​ឲ្យទៅហោះចូលក្នុងដែនអាកាស​របស់​តៃវ៉ាន់ ឲ្យ​កាន់​តែ​ញឹកញាប់ ដើម្បី​ធ្វើ​ឲ្យតៃវ៉ាន់​នៅមិនស្ងប់សុខទាល់តែសោះ។

ធ្លាប់​មាន​ប្រធាន​រដ្ឋសភា​អាមេរិក​ធ្វើដំណើរ​ទៅតៃវ៉ាន់

ប្រមុខការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន​ធ្លាប់និយាយបញ្ចុះបញ្ចូល ដើម្បី បន្ថយភាពតានតឹង​ជាមួយ​ភាគីចិន។ តាម​រដ្ឋមន្រ្តីការបរទេស​អាមេរិក នៅ​ជាង ៤០ឆ្នាំ​មកនេះ មន្រ្តីអាមេរិក​ជាច្រើនរូប បាន​ធ្វើ​ទស្សនកិច្ច​ទៅ​តៃវ៉ាន់ ប៉ុន្តែ នៅទីបំផុត អាមេរិក​និង​ចិន នៅតែ​ចរចា​ដើម្បី​បន្ធូរបន្ថយភាពតានតឹងនឹង​គ្នា​រហូតមក។ ម្យ៉ាង លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ក៏​មិនមែន​ជាប្រធាន​សភា​អាមេរិក​ដំបូង​ដែល​ធ្វើ​ទស្សនកិច្ច​នៅតៃវ៉ាន់ដែរ។

នៅ​ឆ្នាំ ១៩៩៧ ប្រធានសភា​អាមេរិក ​លោក​Newt Gingrich បានក្លាយ​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​អាមេរិក​លើកដំបូងគេ​ដែល​ធ្វើទស្សនកិច្ច ​នៅតៃវ៉ាន់។

ប៉ុន្តែ សម្រាប់​ភាគីចិន ករណី​ពីរនេះ មិនដូចគ្នានោះទេ។ ទីមួយ លោក Newt Gingrich មកពីគណបក្ស​សាធារណរដ្ឋ មិនមែន​មកពី​គណបក្ស​កាន់អំណាច ព្រោះអាមេរិក​នៅពេលនោះ ដឹកនាំ​ដោយ​លោក​ប្រធានាធិបតីអាមេរិក ប៊ីល គ្លីនតុន មកពីប្រជាធិបតេយ្យ។ ចំណែកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី មកពីគណបក្ស​កាន់អំណាច គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ចូ បៃដិន។ ទី២ទៀត បរិបទនយោបាយ​នៅពេលនេះ និង​កាលពី​២៥ឆ្នាំមុន​មិនដូចគ្នា។

នៅឆ្នាំ ១៩៩៧ ចិន​ក្រោមការដឹកនាំ​របស់​លោកប្រធានាធិបតី ចាង ជីមីន កំពុងត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្ត គឺ​ការទទួល​យកដែនដី​ហុងកុង​មកគ្រប់គ្រងវិញ។ ថ្វីបើ​លោក​ធ្វើទស្សនកិច្ច​ទៅតៃវ៉ាន់ ប៉ុន្តែ ប្រធានរដ្ឋសភា​អាមេរិក លោក​Newst Gingrich ផ្ទាល់ក៏ដើរនយោបាយជំរុញទំនាក់ទំនង​ជាមួយ​ចិនដែរ។ ប្រធានាធិបតី​ចិន​នាសម័យនោះ ដែលមាន​គោលដៅ​ធំបំផុត គឺស្រោចស្រង់ចិន​ឲ្យ​ចាកផុត​ពីភាពឯកោ​នយោបាយ និង​សេដ្ឋកិច្ច ក៏មិនចង់​មានរឿងមានរ៉ាវធំដុំ​ជាមួយ អាមេរិក ដោយសារ​ទស្សនកិច្ច​របស់​ប្រធានសភាអាមេរិក លោក​ Newt Gingrichដែរ។

ប៉ុន្តែ ២៥ឆ្នាំក្រោយ ស្ថានការណ៍​មានការផ្លាស់ប្តូរ។ ចិន​សព្វថ្ងៃ​បានក្លាយជា​ប្រទេស​អ្នកមាន ជា​មហាអំណាច​សេដ្ឋកិច្ច ដែលលែង​ត្រូវការ​ជំនួយ​របស់​អាមេរិក​ទៀតហើយ។ សម្រាប់អ្នកជំនាញ​មួយចំនួន ដោយសារ​ហេតុផលនយោបាយ​ក្នុងស្រុក ពោល​គឺ​នៅមុន​ការបោះឆ្នោត ក្នុងជួរបក្ស​កុម្មុយនិស្ត នៅ​ប៉ុន្មានខែ​ខាងមុខ នៅពេលគេត្រូវ​ប្រកាស​ផ្តល់អំណាច​ដឹកនាំ​អាណត្តិទី​៣​ឲ្យ​លោក ស៊ី ជីនពីង លោក​ ចិន ស៊ី ជីនពីង​ទំនង​ចាត់វិធានការ​ធំដុំណាមួយ ក្នុងករណី​លោកស្រី ប្រធានសភាអាមេរិក​ធ្វើ​ទស្សនកិច្ច​នៅតៃវ៉ាន់ ដើម្បីកុំ​ឲ្យ​មនុស្ស​ប្រជែងជាមួយ​លោក​ក្នុងជួរគណបក្ស​ចោទប្រកាន់លោកថា លោក​ធូររលុង នៅចំពោះមុខ​នយោបាយ​ញុះញង់​របស់អាមេរិក។ ប៉ុន្តែ សម្រាប់​អ្នកជំនាញមួយក្រុមទៀត ការចាត់វិធានការដៃដែកណាមួយ ដូចជា​ការបង្កជម្លោះប្រដាប់អាវុធ ចូល​ឈ្លានពាន​តៃវ៉ាន់​នឹង​អាច​ធ្វើ​ឲ្យ​ចិនមានជោគវាសនា​ដូចរុស្ស៊ី នៅអ៊ុយក្រែន ដែលនេះជា​សញ្ញា​មិនល្អទេ សម្រាប់​សេដ្ឋកិច្ច​របស់​ចិន។ សម្រាប់​បក្សកុម្មុយនិស្ត​ចិន កំណើនសេដ្ឋកិច្ច​ជាអំណះអំណាង​សំខាន់​បំផុត ដើម្បី​ធានា​ការរក្សា​អំណាច នៅក្នុង​ក្រសែភ្នែក​របស់​ប្រជាជន។

នៅអាមេរិក វិញ ការអាក់ខាន មិនបានធ្វើទស្សនកិច្ច​របស់​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នៅតៃវ៉ាន់ នឹង​ត្រូវអ្នកនយោបាយ​មកពីគណបក្ស​ប្រឆាំង (បក្ស​សាធារណរដ្ឋ) ចាត់ទុក​ថា ជារឿងអន់ណាស់ និង​ជារឿងអាម៉ាស់​របស់​គណបក្ស​កាន់អំណាច ដែល​ចុះចាញ់​ពាក្យគំរាមកំហែង​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ