អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

សំណុំរឿង​តៃវ៉ាន់៖ប្រធានាធិបតីចិន​រំលឹក​ប្រធានាធិបតីអាមេរិក​កុំ​ឲ្យលលេង​ជាមួយភ្លើង

ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន និង​ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង​បាន​ជួបសន្ទនា​គ្នា​តាមទូរស័ព្ទ កាលពីថ្ងៃ ព្រហស្បតិ៍​ម្សិលមិញ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានរដ្ឋ​ចិនថ្មី លោកស៊ី ជីនពីង និង​លោក​ចូ បៃដិន​បានទទួលស្គាល់ថា កិច្ចសន្ទនា រយៈពេល ជាង ២ម៉ោង​របស់អ្នកទាំងពីរធ្វើឡើង ដោយស្មោះត្រង់​ឥតលាក់លៀម និង​ស៊ីជម្រៅ។ ប៉ុន្តែ ប្រធានាធិបតី​ចិន ក៏​បាន​រំលឹកប្រាប់​ប្រធានាធិបតី អាមេរិក កុំ​ឲ្យលលេង​ជាមួយភ្លើង នៅក្នុង​សំណុំរឿងតៃវ៉ាន់។ ការព្រមាន​របស់​មេដឹកនាំ​ចិន ធ្វើឡើង បន្ទាប់ពី ប៉េកាំង​បាន​គំរាមអាមេរិក​ពីផលវិបាកធ្ងន់ធ្ងរ ក្នុងករណី ប្រធានសភា​អាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ធ្វើទស្សនកិច្ច នៅតៃវ៉ាន់ ដែល​ចិន​ចាត់ទុក​ជា​ដែនដីខេត្តមួយ និង​ធ្លាប់​គំរាម​វាយដណ្តើម​យក​មក​គ្រប់គ្រង​វិញ នៅ​ថ្ងៃ​ណាមួយ។

ប្រធានាធិបតីចិន និង​ប្រធានាធិបតីអាមេរិក​បានសន្ទនាគ្នា​តាមទូរស័ព្ទ ជាង ២ម៉ោង កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ២៨ កក្កដា ២០២២
ប្រធានាធិបតីចិន និង​ប្រធានាធិបតីអាមេរិក​បានសន្ទនាគ្នា​តាមទូរស័ព្ទ ជាង ២ម៉ោង កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ២៨ កក្កដា ២០២២ © AFP - MANDEL NGAN,ANTHONY WALLACE
ផ្សាយពាណិជ្ជកម្ម

ជំនួបទ្វេភាគី​រវាង​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ផ្តោត​សំខាន់​លើ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ​ជុំវិញ​សំណុំរឿង​តៃវ៉ាន់។ បើតាម​សេតវិមាន និង​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ ដែល​មាន​រយៈពេល​ជាង​២ម៉ោង ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន​បាន​និយាយគ្នា​ត្រង់ទៅ ត្រង់មក ជាមួយ​នឹង​ការព្រមាន​គ្នា ក្នុងរឿង​កោះតៃវ៉ាន់។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន លោកប្រធានាធិបតី ស៊ី ជីនពីង​បាន​ព្រមាន​ប្រាប់សមភាគី​អាមេរិក កុំ​ឲ្យលេងជាមួយភ្លើងព្រោះថា អ្នកលេងភ្លើង​រមែងរលាក ហើយ​លោកសង្ឃឹមថា ភាគីអាមេរិក​នឹង​យល់​ពីច្បាស់ពីរឿងនេះ។

ប្រធានាធិបតី​ចិន​ចង់​និយាយ​យោង​ដល់​គម្រោង​ទស្សនកិច្ច​របស់​លោកស្រីណាន់ស៊ី ប៉េឡូស៊ី ប្រធាន​សភាអ្នកតំណាងរាស្រ្ត​របស់​អាមេរិក នៅ​តៃវ៉ាន់ ដែល​ចិនចេញមុខ​ប្រឆាំង​ដាច់ខាត។ នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទជាមួយ​លោកចូ បៃដិន កាលពីថ្ងៃម្សិលមិញ ប្រមុខរដ្ឋ​ចិន​បាន​រំលឹក​សាជាថ្មី​ថា អាមេរិក​គួរ​គោរព​គោលការណ៍​ចិនតែមួយ។ លោកបាន​សង្កត់ធ្ងន់ដែរថា ចិនប្រឆាំងដាច់ខាត ការប្រកាសឯករាជ្យ របស់តៃវ៉ាន់ និងការលូកដៃ​ពីកម្លាំងខាងក្រៅ។

លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន​បាននិយាយ​ប្រាប់​លោក​ស៊ី ជីនពីង​វិញ​ដែរថា គោលនយោបាយ​របស់​អាមេរិក ចំពោះ​តៃវ៉ាន់​មិន​បាន​ផ្លាស់ប្តូរ និង​ថា អាមេរិក​ប្រឆាំង​ដាច់ខាត​នឹង​ការព្យាយាម​ជាឯកតោភាគី​ដើម្បី​ផ្លាស់ប្តូរ​លក្ខន្តិកៈដើម Statut quo​ក្នុងសំណុំរឿង​តៃវ៉ាន់។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់​សេតវិមាន។

គេអាចនិយាយបាន​ថា សហរដ្ឋអាមេរិក​ទទួល​ស្គាល់​ជា​ផ្លូវការ​គោលការណ៍​ប្រទេស​ចិន​តែ​មួយ ប៉ុន្តែជាមួយគ្នា​នោះ អាមេរិក​របស់​រដ្ឋបាល​លោកចូ បៃដិន​ប្រឆាំងដាច់ខាត​មិន​ឲ្យ​ចិន​កុម្មុយនិស្ត​ប្រើ​កម្លាំង​យោធា​វាយ​យក​តៃវ៉ាន់​ទាំង​កម្រោល។

សម្រាប់​សេតវិមាន កិច្ចសន្ទនា ទ្វេភាគី​រវាង​មេដឹកនាំ​អាមេរិក និង​ចិន ជា​ផ្នែក​មួយ​នៃការប្រឹងប្រែង​របស់​រដ្ឋបាល​លោកចូ បៃដិន​ដើម្បី បន្ត​រក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ពោល​គឺ​ទុកជម្លោះ​ឲ្យនៅ​ដោយឡែក និង នៅតែ​ធ្វើការ​ជាមួយគ្នា នៅពេល​មានប្រយោជន៍រួម។ មន្រ្តីសេតវិមានម្នាក់​ដែល​បាន​ចូលរួមក្នុងគម្រោង​រៀបចំ​កិច្ចសន្ទនា​តាមទូរស័ព្ទរវាង​មេដឹកនាំ​ចិន និង​អាមេរិក បាន​និយាយបា្រប់ទីភ្នាក់ងារព័ត៌មាន​អង់គ្លេស​Reuters ថា រដ្ឋបាល​លោក​ចូ បៃដិន​គិត​ថា ការនិយាយ​ផ្ទាល់​រវាង​មេដឹកនាំ និង​មេដឹកនាំ ​គឺ​ជាមធ្យោបាយដ៏​ល្អបំផុត​ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​ជុំវិញ កោះតៃវ៉ាន់។

សេតវិមាន​បាន​អះអាងហើយថា កំពុងធ្វើការ​ទាក់ទង​ជាប់ជានិច្ច​ជាមួយ​ក្រុមការងារ​របស់​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ដើម្បី​ច្បាស់ប្រាកដ​ក្នុងចិត្តថា លោកស្រី​បាន​ទទួល​គ្រប់ព័ត៌មាន មុន​នឹង​លោកស្រី​សម្រេចចិត្ត​ធ្វើ​ទស្សនកិច្ច​នៅតៃវ៉ាន់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ