អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​អ៊ុយក្រែន ៖ អឺរ៉ុប​នឹង​ហាមឃាត់​មិន​ឱ្យ​​ទេសចររុស្ស៊ី​ចូលឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​សុន្ទរកថា​បើក​បវេសនកាល​នយោបាយ នា​ល្ងាច​ថ្ងៃ​សុក្រ​ទី ១៩​សីហា ​លោក​ប្រធានាធិបតី​បារាំង ​អេម៉ានុយអែល ម៉ាក្រុង​ បាន​និយាយ​ច្រើន​អំពី​ស្ថានភាព​អ៊ុយក្រែន ដោយ​​​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បារាំង​ហ៊ាន​លះបង់ ដើម្បី​សេរីភាព​និង​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​អឺរ៉ុប។ លះ​បង់​យ៉ាង​ណា​ លោក​ម៉ាក្រុង​មិន​បាន​លម្អិត​ទេ ប៉ុន្តែ​​​សង្គ្រាម​​រុស្ស៊ី​នៅ​អ៊ុយក្រែន ​កំពុងជះ​ឥទ្ធិពល​និង​​​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ចអឺរ៉ុប។ ​ក្នុង​បរិបទ​បែប​នេះ តើ​អឺរ៉ុបធ្វើ​អ្វី​បាន​ទៀត​ ដើម្បី​ជួយ​អ៊ុយក្រែន ? អ៊ុយក្រែន​បាន​ស្នើ​សុំ​ឱ្យ​អឺរ៉ុប​បន្ថែម​ទណ្ឌកម្ម ដោយ​ឈប់​ឱ្យ​ទេសចររុស្ស៊ី​ចូល​មក​កំសាន្ត​នៅ​អឺរ៉ុប​។ អឺរ៉ុបនឹង​ផ្តើម​​ពិចារណា​លើ​សំណើ​នេះនៅចុង​ខែ តែ​អឺរ៉ុប​​ទំនង​ជា​ពិបាក​ទទួល​យក​បន្តិច​ហើយ​។

ទេសចរ​ដើរ​នៅមុខ​សារៈមន្ទីរ  Louvre Museum ក្រុង​ប៉ារីស
ទេសចរ​ដើរ​នៅមុខ​សារៈមន្ទីរ Louvre Museum ក្រុង​ប៉ារីស AP - Francois Mori
ផ្សាយពាណិជ្ជកម្ម

​រដ្ឋមន្ត្រីក្រសួងការបរទេស​អ៊ុយក្រែន បាន​ប្រកាស​ថា ពលរដ្ឋ​រុស្ស៊ី​ភាគ​ច្រើន​គាំទ្រ​សង្គ្រាម​ និង​បាន​នាំ​គ្នា​ទះដៃ​អបអរ​សាទរ នៅពេល​ឃើញមីស៊ីលរុស្ស៊ី​វាយប្រហារ​ក្រុងរបស់​​អ៊ុយក្រែន និង​សម្លាប់​ពលរដ្ឋ​អ៊ុយក្រែនបាន។ ​ដូច្នេះត្រូវ​ទុក​ឱ្យ​ពួកគេ​រីករាយ​ដើរហើរ​តែក្នុង​ប្រទេស​គេ​ទៅ។ នេះ​ហើយ​ជា​ហេតុផល​ដែលជំរុញ​ឱ្យ​ប្រធានាធិបតី​​អ៊ុយក្រែន លោក ហ្សេឡេនស្គី ​ស្នើ​សុំ​ឱ្យ​​ក្រុម​លោក​ខាង​លិច​ឱ្យ​បិទទ្វារ​​ព្រំដែន មិន​ទទួល​ពលរដ្ឋ​រុស្ស៊ី​នោះ។ នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត​វ៉ាស៊ីនតោនប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី ៨ សីហា ២០២២ ​លោក​ហ្សេឡេនស្គី បាន​សង្កត់ធ្ងន់ទៀតថា ពលរដ្ឋ​រុស្ស៊ី​ ត្រូវតែ​​រស់​​​ក្នុង​ភព​របស់​ពួកគេ (ក្នុង​ប្រទេស​រុស្ស៊ី) ​រហូត​ទាល់​តែ​មាន​ការ​ប្តូរ​ផ្លាស់​ស្មារតី​​។ ប៉ុន្តែ​ក្រេមឡាំង​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ថា ​អ៊ុយក្រែន​ទាមទារជ្រុល​ហួសហេតុ។

ហ្វាំងឡង់ អេស្តូនី ប៉ូឡូញ ឆែក ផ្តើម​មិន​ស្វាគមន៍​ទេសចររុស្ស៊ី

​ហ្វាំងឡង់ និងក្រុម​ប្រទេស​នៅ​តំបន់​បាល់​ទិក​  បាន​ផ្តួចផ្តើម​គំនិត​ហាមឃាត់​ទេសចរ​រុស្ស៊ី​ខ្លះៗហើយ គ្រាន់​តែ​ពួកគេ​ចង់បាន​ជំហរ​រួម​ មូល​គ្នា​ថ្នាក់​អឺរ៉ុប​ បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ។ ហ្វាំងឡង់​ដែល​មាន​ព្រំដែន​ជាប់​រុស្ស៊ី និង​ដែល​ទទួល​ពាក្យ​សុំ​វីសា ១០០០ច្បាប់​ក្នុង​មួយថ្ងៃៗ​ បាន​សម្រេច​ចិត្ត​កាត់​បន្ថយ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​រុស្ស៊ី ចំនួន​១០% ចាប់​ពី​ថ្ងៃទី ១​កញ្ញា​តទៅ។ តាំងពី​អឺរ៉ុប​បិទ​ព្រំដែន​អាកាស​ ដើម្បី​ដាក់ទណ្ឌកម្មរុស្ស៊ី​ដែល​ចូល​ឈ្លានពាន​អ៊ុយក្រែន​មក ពលរដ្ឋ​រុស្ស៊ី​កាន់តែច្រើនឡើងៗ​ បាន​សម្រុក​​ធ្វើ​ដំណើរចូល​ប្រទេស​ហ្វាំងឡង់ ដើម្បី​អាច​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀតរបស់​​​អឺរ៉ុប​ តាមរយៈ​ទិដ្ឋាការ​អឺរ៉ុប Schengen។ សម្រាប់​លោកស្រី​នាយករដ្ឋមន្ត្រី វា​មិនត្រឹម​ត្រូវសោះ​​ដែល​ពលរដ្ឋ​រុស្ស៊ី​អាច​ចូល​មក​ក្នុង​ទឹក​ដីអឺរ៉ុប ដើរ​លេង​ធ្វើ​​ទេសចរ​ណ៍ ក្នុង​ខណៈ​ដែល​ប្រទេស​រុស្ស៊ី​បន្ត​សម្លាប់​មនុស្ស​នៅអ៊ុយក្រែន​នោះ។ អេស្តូនី​វិញ ក៏​យល់​ឃើញ​ដូច​គ្នា។ លោកស្រី​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ថា ទស្សនា​អឺរ៉ុប គឺ​ឯកសិទ្ធិ​ (សិទ្ធិជាប់​នឹង​ស្ថានភាព​ខ្លះ) មិនមែន​ជារឿង​​សិទ្ធិមនុស្ស​ទេ ប៉ុន្តែ​អេស្តូនីសោកស្តាយ​ដែល​មិន​អាច​ហាមឃាត់ពលរដ្ឋរុស្ស៊ី ​មិន​ឱ្យ​ចូល​ប្រទេស​ខ្លួន​បាន​ ព្រោះ​បុគ្គលនោះ​មាន​​ទិដ្ឋការ​ចូល​ប្រទេស​ផ្សេង​ដែល​ស្ថិត​នៅក្នុង​ក្រុម​Schengenដូច​គ្នា។

​ទិដ្ឋាការSchengen អាច​អនុញ្ញាត​ឱ្យទេសចរ​ធ្វើ​ដំណើរ​ក្នុង​២៦​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប (២២ប្រទេស​ជា​សមាជិកសហភាពអឺរ៉ុប ​ន័រវែស អ៊ីស្លង់ ស៊ុយអែត ស្វីស និង​លីឆេនស្តែន)។

ចំណែក​ប៉ូឡូញ បាន​រឹត​បណ្តឹង​សេវា​ផ្តល់​វីសា តាំងពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​លើ​អ៊ុយក្រែន​ភ្លាម​ ដោយ​បញ្ឈប់​ការ​ផ្តល់​ទិដ្ឋការ​ទាំង​ស្រុង ដល់​ពលរដ្ឋ​រុស្ស៊ី ឬ​សម្រាប់​ធ្វើទេសចរណ៍ លើក​លែង​តែ​វីសា​សម្រាប់ ​មនុស្សធម៌ រៀនសូត្រ និង​ធ្វើការ​។

រដ្ឋមន្ត្រីការបរទេស​ឆែក​ដែល​កំពុង​ធ្វើ​ជា​ប្រធានផ្លាស់​វេន​សហភាពអឺរ៉ុបវិញ ក៏សម្តែង​ការ​គាំទ្រដែរ​​ថា ក្នុង​អំឡុង​ពេល​ដែល​ក្រេមឡាំង​កំពុង​វាយប្រហារ​លើ​អ៊ុយក្រែន​​គ្មាន​ត្រាប្រណី​ដូច្នេះ គេ​មិន​អាច​គិត​អំពី​បញ្ហា​ទេសចរណ៍ ដូច​គ្មាន​អ្វីកើត​ឡើង​​បាន​ទេ។ សាធារណរដ្ឋ​ឆែក​លែង​ផ្តល់​ទិដ្ឋការ​ដល់​ពលរដ្ឋទូទៅ​​រុស្ស៊ី​ហើយ ហើយ​នឹងបញ្ចូល​​ប្រធានបទ​នេះ ទៅក្នុង​​របៀប​វារៈ​នៃ​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប ទាំង​២៧​ នៅ​ថ្ងៃទី​​៣០-៣១​សីហាខា​ងមុខ នៅទីក្រុង​ប្រាក។

បិទ​ទេសចរណ៍ អ្នក​ប្រឆាំង​របប​ពូទីន បាត់​ឱកាស

ថ្វី​បើ​សំណើ​នេះ​បាន​ទាក់ទាញ​មតិ​សាធារណៈ​ច្រើនប្រទេស រាប់​ទាំង​ប្រទេសដែល​ពុំ​ធ្លាប់​​មាន​ប្រវត្តិ​ស្អប់​មិន​ទុក​ចិត្ត​រុស្ស៊ីផងក៏​ដោយ​ ក៏​​វិធានការ​នេះទំនង​គ្មាន​​សំណាង​​នឹង​កើត​ចេញ​ជា​រូប​រាង និង​ទទួល​បាន​ការ​អនុម័ត​ពី​សហភាព​អឺរ៉ុបទេ។ ដើម្បី​ឱ្យ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​មាន​ប្រសិទ្ធភាព​ អាទិភាព​របស់​អឺរ៉ុប​គឺ​រួម​កម្លាំង​គ្នា​ជាធ្លុង​មួយ​ប្រឈម​នឹង​ក្រេមឡាំង ពោល​គឺ​ត្រូវ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​វិធានការ​ប្រឆាំង​រុស្ស៊ី។

តែ​អាល្លឺម៉ង់ ព័រទុយហ្កាល់ ឬ​គណៈកម្មការ​អឺរ៉ុប​ផ្ទាល់​ មិន​គាំទ្រ​ទេ។ ​ក្រុម​​ប្រទេស​អ្នក​ប្រឆាំង​ក៏​មាន​ហេតុផល​របស់​គេ​ដែរ។ អាល្លឺម៉ង់​យល់​ថា​ កំហិត​ទិដ្ឋាការ​ទេសចរណ៍​អាចនឹង​ធ្វើ​ឱ្យ​​ក្រុម​អ្នក​ដែល​ចង់​រត់​ចេញ​ពី​រុស្ស៊ី គេច​ពី​របប​ពូទីន បាត់​បង់​ឱកាស។ ទណ្ឌកម្ម​អឺរ៉ុប​ត្រូវ​ដៅ​ជា​បឋម​លើ​ ម៉ាស៊ីនសង្គ្រាមរបស់​រុស្ស៊ី មិនមែន​សំដៅ​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​រុស្ស៊ី​ទេ។ នេះ​ជា​ទស្សនៈ​របស់​ព័រទុយហ្កាល់។ សម្រាប់​គណៈកម្មការ​អឺរ៉ុប ដោយ​មូលហេតុ​មនុស្សធម៌ អឺរ៉ុប​ចាំបាច់​ត្រូវ​ការពារ​ អ្នក​បះបោរ អ្នកកាសែត និង​គ្រួសារ។ ដូច្នេះ​អឺរ៉ុប​ត្រូវ​ ពិនិត្យ​និង​ផ្តល់​ទិដ្ឋការ​ទៅ​តាម​ករណី​ជាក់ស្តែង​នីមួយៗ។ ​វិធានការ​ហាមឃាត់​ទេសចរ​រុស្ស៊ី ជា​ទង្វើ​បញ្ច្រាស​នឹង​តម្លៃអឺរ៉ុបខ្លួន​ឯង ព្រោះ​វាផ្ទុ​យនឹង​គោលការណ៍​​គោរព​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ និងនយោបាយ​ដាក់​ទណ្ឌកម្ម​ដែល​អឺរ៉ុប​បាន​ប្រកាន់​យក​តាំងពី​ដើមមក។ ​នេះបើ​តាមកា​រពន្យល់​របស់​អ្នក​ជំនាញ។

តាំងពី​ផ្ទុះ​សង្គ្រាម​នៅអ៊ុយក្រែន​មក សហភាពអឺរ៉ុប បាន​ព្យួរ​កិច្ចព្រមព្រៀងអឺរ៉ុប-រុស្ស៊ី ដែល​សម្រួល​ការ​ផ្តល់​ទិដ្ឋាការ​​រយៈ​ពេល​ខ្លី​ ដោយ​ហាមឃាត់​មិន​ឱ្យ​ក្រុម​ស្និទ្ធ​នឹង​របបពូទីន ដូច​ជា​ប្រតិភូ​ផ្លូវការ សមាជិក​រដ្ឋាភិបាល​ អ្នក​កាន់​លិខិត​ឆ្លង​ដែន​ការទូត ប្រធានសហគ្រាស ចេញ​ចូល​អឺរ៉ុបបាន​ទេ។ ហើយ​អឺរ៉ុប​ប្រកាស​មិន​ស្វាគមន៍​អ្នក​ទទួល​ខុស​ត្រូវ​រុស្ស៊ី​ចំនួន ១២១៤​នាក់ រាប់​ទាំង​លោក​ពូទីន​ផ្ទាល់​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ