អានតួអត្ថបទ
អាល្លឺម៉ង់-សង្រ្គាមអ៊ុយក្រែន

សង្រ្គាមអ៊ុយក្រែន៖ អាល្លឺម៉ង់ពិគ្រោះ​ជាមួយប្រជាជន​ដើម្បី​បង្កើត​យុទ្ធសាស្រ្ត​សន្តិសុខ​ជាតិ

សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន​មិនត្រឹមធ្វើឲ្យអាល្លឺម៉ង់​ស្ទុះស្ទារ​ពង្រឹង​វិស័យ​ការពារជាតិ ដោយ បង្កើន​ថវិកា​កងទ័ព​យ៉ាងច្រើន​សម្បើម (១០០ពាន់លានអឺរ៉ូ)  ​តែប៉ុណ្ណោះទេ ប៉ុន្តែ វាធ្វើ​ឲ្យ​អាល្លឺម៉ង់​ភ្ញាក់រលឹក បោះជំហាន​លើ​ផ្លូវមួយ​ដែល​អាល្លឺម៉ង់ មិនដែលធ្លាប់​ធ្វើពីមុនមក។ នោះ គឺ​ការបង្កើតយុទ្ធសាស្រ្ត​សន្តិសុខជាតិ ដោយ​មានការចូលរួម​ផ្តល់យោបល់​ពីសំណាក់​ពលរដ្ឋអាល្លឺម៉ង់។

កងទ័ពអាល្លឺម៉ង់​ដែលប្រចាំការនៅមូលដ្ឋានទ័ពរបស់អូតង់​នៅ​ប្រទេស​លីទុយអានី នៅខែ​កុម្ភៈ ឆ្នាំ​២០២២
កងទ័ពអាល្លឺម៉ង់​ដែលប្រចាំការនៅមូលដ្ឋានទ័ពរបស់អូតង់​នៅ​ប្រទេស​លីទុយអានី នៅខែ​កុម្ភៈ ឆ្នាំ​២០២២ AP - Mindaugas Kulbis
ផ្សាយពាណិជ្ជកម្ម

សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន​បាន​ចូលដល់​ខែ​ទី ៦។ នៅចំពោះមុខ​សង្រ្គាម ដែល​អាល្លឺម៉ង់​បារម្ភ​ខ្លាច​ថា នឹង​អាច​រាលដាល​នៅទឹកដីអឺរ៉ុប រដ្ឋាភិបាល​អាល្លឺម៉ង់​ចាប់ផ្តើម​ត្រូវការពលរដ្ឋ​របស់ខ្លួន។

ទៅតាមតម្រូវការ​របស់​អាជ្ញាធរ រាល់​ឃុំ​ចំនួន​៧ របស់អាល្លឺម៉ង់ ត្រូវ​បញ្ជូន​ប្រជាជន​ចំនួន​៥០នាក់​ដែល​ចេញមក​ពី​ការចាប់ឆ្នោត។ អ្នកទាំងនោះ​ដែល​អាចជា​និស្សិត មន្រ្តីរដ្ឋការ បុគ្គលិកក្រុមហ៊ុនឯកជន ឬ​អ្នកចូលនិវត្ត​មិនបាន​ជាប់​កំណែន​យោធា ប៉ុន្តែ ពួកគេ​ត្រូវជាប់​កាតព្វកិច្ច​ចូលរួម​ក្នុងការពិភាក្សា ដើម្បីបង្កើត​”យុទ្ធសាស្រ្តសន្តិសុខ​ជាតិ”។

តើ​ត្រូវធ្វើយ៉ាងណា​ដើម្បី​ឲ្យ​កងទ័ព​អាល្លឺម៉ង់​មានការទាក់ទាញ? តើ​គេត្រូវ​ត្រលប់​ទៅ​អនុវត្ត​ច្បាប់ស្តី​ពីកាតព្វកិច្ច​យោធា ដែរឬទេ? តើ​ធ្វើយ៉ាងម៉េច​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ ឬធ្វើយ៉ាងណា​ដើម្បី​ធានាការផ្គត់ផ្គង់​ថាមពល​ក្នុងប្រទេស? ទាំងនេះ​ជា​សំណួរ ដែល​អ្នកចូលរួមអាល្លឺម៉ង់ ត្រូវ​ផ្តល់ចម្លើយ។ រាល់​គំនិត​យោបល់​របស់​ប្រជាពលរដ្ឋ​អាល្លឺម៉ង់ ដែលមានផងដែរ ក្តីបារម្ភរបស់ពួកគេ នឹង​ត្រូវ​ដាក់​បញ្ចូល​ជា​អនុសាសន៍ ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​ប្រើ​ជា​ឯកសារ​យោងសម្រាប់​ការសម្រេចចិត្ត។

ចាប់តាំង​ពី​រុស្ស៊ី​ចូលធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន នៅអាល្លឺម៉ង់ ក្តីបារម្ភ​ពីអសន្តិសុខ​មានសន្ទុះលឿនខ្លាំង។ ៨០%នៃ​ប្រជាជន​អាល្លឺម៉ង់​ចាត់ទុក​រុស្ស៊ី ជា​ការគំរាមកំហែង​សម្រាប់​ប្រទេស​របស់ពួកគេ។ វា​ជា​រឿងដែលគេមិននឹកស្មានដល់ ព្រោះថា នៅមុន​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន ប្រជាជន​អាល្លឺម៉ង់​ភាគច្រើនបាន​គិតថា អឺរ៉ុប​មាន​សន្តិភាពជាអមតៈ ព្រោះ​អឺរ៉ុប​មានតែមិត្ត​នៅជុំវិញ គឺ​គ្មានសត្រូវនោះទេ។ ដូច្នេះ​អាល្លឺម៉ង់​មិនចាំបាច់​ត្រូវក្លាយជាមហាអំណាច​យោធានោះទេ។ ប៉ុន្តែ ជាមួយសង្រ្គាមអ៊ុយក្រែន អ្វីៗ​បានប្រែប្រួល។

យុទ្ធសាស្រ្ត​សន្តិសុខ​ជាតិ​ដែល​កើតចេញមកពីការពិភាក្សា ពិគ្រោះយោបល់​ជាមួយ​ពលរដ្ឋអាល្លឺម៉ង់ គឺ​ជា​ត្រីវិស័យ​ចង្អុរទិសថ្មី សម្រាប់​ជួយ​ឲ្យអាល្លឺម៉ង់​អាច​បោះជំហាន​ទៅមុខ រក​ឃើញ​កន្លែង តួនាទីថ្មី​របស់ខ្លួន នៅក្នុង​សករាជភូមិសាស្រ្តនយោបាយ ដែល​បើកមុខ​ថ្មី ដោយសារ​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ តាម​រដ្ឋាភិបាល​អាល្លឺម៉ង់ បន្ទាប់ពី​ប្រមូល​គ្រប់​មតិយោបល់​របស់​ពលរដ្ឋ អង្គការ​សមាគម និងអ្នកជំនាញ គេ​គ្រោង​នឹង​បោះពុម្ពចេញផ្សាយ សៀវភៅ​យុទ្ធសាស្រ្ត​ស្តីពីសន្តិសុខជាតិ​អាល្លឺម៉ង នៅ​ចុងឆ្នាំនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ