អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថៃ៖នាយករដ្ឋមន្រ្តីលោកប្រាយុទ្ធ ចាន់អូចាហាក់មិនបានត្រៀមខ្លួនចុះចេញពីតំណែងទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ថៃ នាយករដ្ឋមន្រ្តី​លោក​ប្រាយុទ្ធ ចាន់អូចា​កំពុង​ប្រឈម​នឹង​រយៈពេល​នៃ​ការ​កាន់​តំណែង​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ។ តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន រយៈពេល​នៃ​ការ​កាន់​តំណែង​បន្ត​គ្នា​របស់​នាយករដ្ឋមន្រ្តី​ត្រូវ​បាន​កំណត់​ត្រឹម ៨ឆ្នាំ។ ដូច្នេះ​នៅ​ថ្ងៃ​ពុធ ទី២៤ សីហា លោក​ប្រាយុទ្ធ ចាន់អូចា​កាន់​តំណែង​បាន ៨ឆ្នាំ ព្រោះ​លោក​បាន​ចូល​កាន់​តំណែង​តាំង​ពី​ថ្ងៃទី២៤ សីហា ឆ្នាំ ២០១៤។ ក្រុម​ប្រឆាំង​បាន​លើក​យក​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា ១៥៨ ជា​សំអាង​ដើម្បី​ទាមទារ​ឲ្យ​លោក​ចាន់អូចា​ចុះ​ចេញ​ពី​តំណែង។ យ៉ាង​ណា​ក៏​ដោយ រឿងរ៉ាវ​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ធម្មនុញ្ញ។

នាយករដ្ឋមន្រ្តី​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា។
នាយករដ្ឋមន្រ្តី​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា។ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

តើ​ថ្ងៃ​ណា ខែ​ណា និង​ឆ្នាំ​ណា​ពិត​ប្រាកដ​ដែល​លោក​ប្រាយុទ្ធ ចាន់អូចា​បាន​ឡើង​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី?។ មាន​ចម្លើយ​ពីរ​ចំពោះ​សំណួរ​នេះ ព្រោះ​ការ​ឡើង​កាន់​តំណែង​នាយករដ្ឋមន្រ្តី​របស់​លោក​ចាន់អូចា​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់កាល គឺ​ដំណាក់កាល​មិន​ផ្លូវការ និង​ដំណាក់កាល​ផ្លូវការ។ ដំណាក់កាល​មិន​ផ្លូវការ គឺ​លោក​បាន​កាន់​តំណែង​តាំង​ពី​ថ្ងៃទី២៤ សីហា ឆ្នាំ ២០១៤ ពោល​នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ស្របច្បាប់​ដឹកនាំ​ដោយ​លោកស្រី​យីងឡាក់ និង​ដែល​លោក​ចាន់អូចា​ខ្លួន​ឯង​ជា​មេរដ្ឋប្រហារ។

ចំណែក​ដំណាក់កាល​ផ្លូវការ​វិញ លោក​ចាន់អូចា​បាន​បន្ត​កាន់​តំណែង​នាយករដ្ឋមន្រ្តី​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​ក្នុង​ថ្ងៃទី២៤ មីនា ឆ្នាំ ២០១៩។ នេះ​ជា​តំណែង​មួយ​ស្រប​ច្បាប់​បាន​មក​ពី​ការ​រៀបចំ​បោះឆ្នោត​ស្រប​ច្បាប់ ពោល​មិនមែន​បាន​មក​ពី​ការ​ធ្វើ​រដ្ឋប្រហារ​ទេ។ ដូច្នេះ បើ​គេ​គិត​តាំង​ពី​ការ​ទទួល​បាន​តំណែង​ដោយ​រដ្ឋប្រហារ​មក​ដល់​ថ្ងៃទី២៤ សីហា ឆ្នាំ ២០២២ លោក​ចាន់អូចា​កាន់​តំណែង​បាន ៨ឆ្នាំ។ តាម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន លោក​ចាន់អូចា​មិន​អាច​បន្ត​កាន់​តំណែង​មួយ​នេះ​បាន​ទៀត​ឡើយ និង​ក៏​គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​ថ្មី​ដែរ។

តែ​បើ​គេ​គិត​ពី​តំណែង​ដែល​លោក​ចាន់អូចា​បាន​បន្ត​កាន់​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​ក្នុង​ខែ​មីនា ឆ្នាំ ២០១៩ លោក​ទើប​កាន់​បាន​តែ​ជាង ៣ឆ្នាំ​ប៉ុណ្ណោះ ពោល​នៅ​មិន​ទាន់​ចប់​អាណត្តិទី១ ចំនួន ៤ឆ្នាំ​ពេញលេញ​ផង។ តែ​សម្រាប់​ក្រុម​ប្រឆាំង រយៈពេល​នៃ​ការ​កាន់​តំណែង​របស់​លោក​ចាន់អូចា​បាន​ចាប់​ផ្តើម​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​មក​ម្ល៉េះ។ យ៉ាង​ណា​ក៏​ដោយ លោក​ចាន់អូចា​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ដោយ​បាន​ត្រឹម​បញ្ជាក់​ថា ទុក​កិច្ចការ​នេះ​ឲ្យ​តុលាការ​ធម្មនុញ្ញ​ជា​អ្នក​សម្រេច។

គេ​អាច​ដឹង​ចម្លើយ​របស់​តុលាការ​ធម្មនុញ្ញ​ជា​មុន?

បើ​តាម​មើល​ទៅ ការ​សម្រេច​យ៉ាង​ណា​នោះ​របស់​តុលាការ​ធម្មនុញ្ញ​អាច​នឹង​ប្រើ​ពេល​ច្រើន​សប្តាហ៍។ អ្វី​ដែល​គេ​អាច​និយាយ​បាន និង​បើ​ផ្អែក​តាម​ក្រុម​អ្នក​ជំនាញ តុលាការធម្មនុញ្ញ​នឹង​មាន​ជំហរ​ផ្អៀង និង​គាំទ្រ​លោក​ចាន់អូចា។ នេះ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ ព្រោះ​បើ​តាម​អ្នកវិភាគនយោបាយ​ថៃ​នៅ​សកលវិទ្យាល័យ​ណារ៉េសូន​លោកស្រី​ណាក់ភិសា វ៉ៃធូនគៀត ភាព​ស្របច្បាប់​របស់​តុលាការ​ធម្មនុញ្ញ​ត្រូវ​បាន​ជជែក​ដេញដោល និង​ចោទ​ជា​បញ្ហា​តាំង​ពី​ថ្ងៃ​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៩៧ មក​ម្ល៉េះ។

អ្នកវិភាគនយោបាយ​ថៃ​រូប​នេះ​ដដែល​បាន​បញ្ជាក់​ថា តុលាការ​ធម្មនុញ្ញ​មិន​បាន​ធ្វើ​ការងារ​ដោយ​ឯករាជ្យ​ទេ ពោល​តែង​មាន​បង្កប់​ដោយ​រឿង​នយោបាយ។ តាម​លោកស្រី​ណាក់ភិសា វ៉ៃធូនគៀត ការងារ​មាន​បង្កប់​ដោយ​រឿង​នយោបាយ​របស់​តុលាការ​ធម្មនុញ្ញ​ធ្លាប់​កើត​មាន​តាំង​ពី​ជំនាន់​នាយករដ្ឋមន្រ្តី​លោក​ថាក់ស៊ីន​ចន្លោះ​ឆ្នាំ ២០០១​ដល់​ឆ្នាំ ២០០៦ មក​ម្ល៉េះ។ គួរ​រម្លឹក​ថា តុលាការធម្មនុញ្ញ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៧ ធ្លាប់​ត្រូវ​បាន​រំលាយ​ចោល​ម្តង​នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ថាក់ស៊ីន​ក្នុង​ឆ្នាំ ២០០៦ មុន​នឹង​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​ឡើង​វិញ​ក្នុង​ឆ្នាំ ២០០៧។

ក្រៅ​ពី​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​ស្ថាប័ន​តុលាការធម្មនុញ្ញ ច្បាប់រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ជា​រឿង​មួយ​មិន​គួរ​មើល​រំលង​ដែរ ព្រោះ​មក​ទល់​សព្វថ្ងៃ ថៃ​ធ្លាប់​បាន​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​ចំនួន ១៨ដង។ បើ​គិត​តាំង​ពី​ឆ្នាំ ២០០៦ ដែល​ជា​ឆ្នាំ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន ថៃ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី​ចំនួន ៤ដង និង​ដែល​ចុង​ក្រោយ​បាន​តាក់តែង​ដោយ​របបសឹក​ក្នុង​ឆ្នាំ ២០១៧។

អំណាច​នាយករដ្ឋមន្រ្តី​បន្ត​ស្ថិត​ក្នុង​ដៃ​របស់​លោក​ចាន់អូចា​នា​ការ​បោះឆ្នោត​ខាង​មុខ?

បើ​តុលាការ​ធម្មនុញ្ញ​សម្រេច​ថា លោក​ចាន់អូចា​ទើប​កាន់​តំណែង​ជា​ផ្លូវការ​បាន​តែ​មួយ​អាណត្តិ ហើយ​បើ​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​របស់​លោក​ឈ្នះ​ការ​បោះឆ្នោត​នា​ការ​បោះឆ្នោត​ខាង​មុខ លោក​ចាន់អូចា​អាច​បន្ត​កាន់​តំណែង​មួយ​អាណត្តិ​ថ្មី​សម្រាប់​រយៈពេល ៤ឆ្នាំ​បន្ថែម​ទៀត។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា មេរដ្ឋប្រហារ និង​អតីត​ឧត្តមសេនីយ​រូប​នេះ​មិនមែន​ជា​ឥស្សរជន​នយោបាយ​ដែល​មាន​ប្រជាប្រិយភាព និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជារាស្រ្ត​ថៃ​ទូទៅ​ទេ។

សូម្បី​តែ​នៅ​ផ្ទៃក្នុង​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​របស់​លោក​ក៏​មាន​អ្នក​ប្រឆាំង​នឹង​លោក​ដែរ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​របស់​លោក​បាន​រួច​ផុត​ពី​ញត្តិចាប់ថ្នាក់​ដល់​ទៅ ៤ដង​នៅ​ក្នុង​សភា។ កាល​ពី​ឆ្នាំ ២០២០ លោក​ចាន់អូចា​បាន​ប្រឈម​នឹង​រលក​ប្រឆាំង​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង។ តែ​មក​ទល់​ពេល​នេះ កៅអី​នាយករដ្ឋមន្រ្តី​របស់​លោក​ចាន់អូចា​ហាក់​មិន​ទាន់​រង្គើ ហើយ​លោក​ក៏​មិន​បាន​ផ្តល់​សញ្ញា​ណា​មួយ​ដើម្បី​ត្រៀម​ខ្លួន​ចុះចេញ​ពី​អំណាច​ទេ​នៅ​ក្នុង​វ័យ ៦៨ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ