អានតួអត្ថបទ
ថៃ-នយោបាយ

ថៃ​អាច​នឹង​រៀប​ចំ​បោះឆ្នោត​មុន​កាល​កំណត់​ដោយសារ​ការ​បែក​បាក់​ផ្ទៃ​ក្នុង

ការ​បែកបាក់ផ្ទៃក្នុង​កំពុង​បង្ក​ជា​ភាព​ស្មុគស្មាញ​ខ្លាំង​ដល់​លោក​នាយករដ្ឋមន្ត្រី​ថៃ​ ប្រាយុទ្ធ ចាន់អូចា​។ នៅថ្ងៃព្រហស្បតិ៍​ ១៧មីនានេះ​ លោកប្រាយុទ្ធ​បើក​កិច្ច​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​គណបក្ស​ផ្សេងទៀត​ក្នុង​ជួរ​រដ្ឋាភិបាល​ចម្រុះថៃ​ ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្ទៃ​ក្នុង​ដែល​កំពុង​រីក​ធំ​ឡើង​ និង​ដែល​អាច​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​អាណត្តិ​។

នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ចាន់អូចា។
នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ចាន់អូចា។ AFP - JACK TAYLOR
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋ​មន្ត្រីថៃ ​ប្រាយុទ្ធ ចាន់អូចាដែលកំពុងរង​ការ​រិះគន់​ខ្លាំង​លើចំណាត់​ការ​គ្រប់​គ្រង​ជំងឺ​កូវីដ១៩​មិនបានល្អ​នោះ​ ឥឡូវនេះ​ត្រូវមកប្រឈមនឹង​វិបត្តិថ្មីមួយទៀត​គឺ​ការ​បែកបាក់​ផ្ទៃក្នុង​ នៃជួរ​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​។

កាលពីថ្ងៃអង្គារម្សិលម្ង៉ៃ​ ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក​ Prawit Wongsuwan និយាយថាប្រទេស​ថៃ​ អាច​នឹង​រៀបចំការ​បោះ​ឆ្នោតមុន​កាលកំណត់​ក្នុង​ខែ​វិច្ឆិកាខាងមុខ​ បន្ទាប់​ពី​បញ្ចប់​ការ​ធ្វើជា​ម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា APEC​។

លោក​ Prawit ដែលជាអតីតមេទ័ពថៃនិងជាអ្នករាជានិយមដ៏​មាន​ឥទ្ធិពលមួយរូបបាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មានថា​លោកបានជួបមេដឹកនាំ​មួយ​ចំនួនក្នុង​ជួររដ្ឋាភិបាលចម្រុះ​ដែល​មាន​គណបក្ស​ចំនួន ១៧កាលពីថ្ងៃចន្ទ​ដើម្បីស្នើសុំ​រំលាយសភា​បន្ទាប់ពីកិច្ចប្រជុំ APEC​។ យ៉ាងណា​រំលាយ​សភា​ឬក៏​អត់​នោះគឺ​អាស្រ័យ​លើ​នាយក​រដ្ឋមន្ត្រី​។ លោក Prawit បន្ថែម​។

ថ្លែង​បន្ទាប់​ពី​ការ​លើក​ឡើង​របស់​ឧបនាយករដ្ឋមន្ត្រី Prawit លោក ប្រាយុទ្ធ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយអ្វីឡើយអំពី​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ដែល​អាច​កើត​មាន​មុនកាល​កំណត់​។

សម្រាប់ក្រុមអ្នកវិភាគ​ ប្រសិនបើ​មានការរៀបចំបោះឆ្នោតមុនអាណត្តិមែន នោះវា​មិនមែន​ជារឿងល្អឡើយ​សម្រាប់លោក ប្រាយុទ្ធ ចាន់អូចា។ “ប្រជាជនថៃជាច្រើនចង់​ឃើញ​ឧត្តម​សេនីយប្រាយុទ្ធ ខ្ទាតចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ​”។ ​នេះបើ​តាម​សម្តី​របស់​លោក​ Thitinan Pongsudhirak ដែល​ជា​សាស្ត្រាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ Chulalongkorn ទីក្រុង​បាងកក​។

គួររំឭកថា​ អាណត្តិដឹកនាំ​ប្រទេស​របស់​លោក ប្រាយុទ្ធ នឹង​បញ្ចប់នៅខែមីនា​ ឆ្នាំ២០២៣ខាងមុខ​។ ទោះបីជាមិនបានអត្ថាធិប្បាយអ្វី​ជុំវិញរឿងបោះឆ្នោតមុនកាលកំណត់ក្តី​ តែ​ការ​បើក​កិច្ចពិភាក្សាជាមួយមេដឹកនាំផ្សេងទៀតក្នុងជួរដ្ឋាភិបាលចម្រុះ​ គឺជាសញ្ញាបង្ហាញថាលោក ប្រយុទ្ធ កំពុងខិតខំដោះស្រាយការបែកបាក់ផ្ទៃក្នុង​ដែល​កំពុង​រីក​ធំ​ឡើង និង​ដែល​អាចនាំឲ្យមានការបោះឆ្នោតមុនអាណត្តិនៅក្នុងប្រទេសថៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ