អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែនប្រារព្ធ​ខួប​​ឯករាជ្យជាតិ​ ចំខួប​៦ខែ​នៃ​ការ​ឈ្លានពានរបស់​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃពុធទី ២៤​សីហា​២០២២​នេះ ជា​ថ្ងៃ​គម្រប់​ខួបលើក​ទី​៣១​ឆ្នាំ​ដែល​អ៊ុយក្រែន​បានទទួល​​​​ឯករាជ្យ​ ពី​អតីត​សហភាពសូវៀត និង​ត្រូវ​ចំ​គម្រប់​ខួប​៦​ខែ​គត់​ដែល​រុស្ស៊ីចាប់​​បើក​ប្រតិបត្តិការពិសេស​​ឈ្លានពាន​​អ៊ុយក្រែន។ ៦​ខែក្រោយ​ សមរភូមិ​បាន​រំកិល​ទៅ​ភាគ​ខា​ង​ត្បូង រុស្ស៊ីហាក់​នៅ​តែ​មិន​អាច​បញ្ជាក់ឱ្យ​ច្បាស់​លាស់​អំពី​​កម្មវត្ថុ​នៃសង្គ្រាម។​ ​​តែ​ឆ្លង​ថ្ងៃ​ជា​និម្មិតរូប​បែបនេះ ​ អ៊ុយក្រែន​សង្ស័យ​​ថា​រុស្ស៊ី​អាច​នឹងផ្លោង​ទម្លាក់​គ្រាប់​បែក​ កាន់​តែ​សន្ធាប់​​​ឃោរឃៅ​កាន់​តែ​ខ្លាំង​។

រថក្រោះ​រុស្ស៊ី ដែល​អាជ្ញាធរ​អ៊ុយក្រែន យក​មក​តាំង​នៅ​ក្រុង​ ក្នុង​ថ្ងៃ​បុណ្យឯករាជ្យជាតិ ថ្ងៃទី ២៤ សីហា ២០២២
រថក្រោះ​រុស្ស៊ី ដែល​អាជ្ញាធរ​អ៊ុយក្រែន យក​មក​តាំង​នៅ​ក្រុង​ ក្នុង​ថ្ងៃ​បុណ្យឯករាជ្យជាតិ ថ្ងៃទី ២៤ សីហា ២០២២ AP - Evgeniy Maloletka
ផ្សាយពាណិជ្ជកម្ម

តាម​ទម្លាប់​ តាំងពីឆ្នាំ​១៩៩១​មក អ៊ុយក្រែន​តែង​ប្រារព្វ​ខួប​ឯករាជ្យ​ជាតិ ដោយ​ដង្ហែក្បួនព្យុះហយាត្រា​ យ៉ាង​គគ្រឹកគគ្រេង។ កាលពី​ឆ្នាំទៅ ក្បួន​ព្យុះហយាត្រា​មាន​ទាំង​កងទ័ព​អាមេរិក​និងអង់គ្លេស​ចូល​រួម​ដង្ហែផង។​ ប៉ុន្តែ​ក្នុង​ថ្ងៃ​ខួបលើក​ទី​៣១​នេះ ពុំមាន​កម្មវិធី​អ្វី​រីករាយ​​ឡើយ។ រដ្ឋធានី​មាន​ដំណើរ​ការ​ជា​ធម្មតា ​តែ​ស្ងាត់​​បន្តិច ហើយ​មាន​ការ​ឆែកឆេរ​ស្ទើរ​គ្រប់​ផ្លូវបំបែក និងមាន​ស្នូរ​ស៊ីរ៉ែន ការពារ​ដែនអាកាស​រន្ទឺលាន់​ឡើង​បញ្ជាក់​ថា​គ្រោះថ្នាក់​ជិត​មក​ដល់ផង។ ប្រជាពលរដ្ឋ​អ៊ុយក្រែន​ ត្រូវ​សំងំ​នៅក្នុង​ផ្ទះ។ អាជ្ញាធរ​ក្រុង​កៀវ បាន​ចេញ​បម្រាម ​មិន​ឱ្យ​មានកា​រជួប​ជុំ​គ្នា​ តាំងពី​ថ្ងៃ​ចន្ទ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​។ នៅ​តាម​ខេត្ត​ក្រុង​ផ្សេង​ទៀត នៅភាគ​ខាង​ត្បូង​ជា​ឧទាហរណ៍​​ អាជ្ញាធរ​បាន​ដាក់​បម្រាម​គោចរ​ ​រហូត​ដល់​ព្រឹក​ស្អែកតែ​ម្តង។

អាជ្ញាធរ​អ៊ុយក្រែន​សង្ស័យ​ថា​​ រុស្ស៊ី​អាច​នឹងឆ្លៀត​ធ្វើ​សកម្មភាព​បង្ក​ហេតុ​ ដែល​អាក្រក់​ខ្លាំង​ វាយប្រហារ​យ៉ាង​​សាហាវ​ខ្លាំង​មក​លើ​អ៊ុយក្រែន​ ក្នុង​ថ្ងៃពុធ​នេះ។ នេះ​តាម​ប្រសាសន៍​របស់លោក​ប្រធានាធិបតី​អ៊ុយក្រែន​ ហ្សេឡេនស្គី ​កាលពី​ថ្ងៃ​សៅរ៍​ទី ២០​សីហា​ម្តង និង​ម្តង​ទៀត ​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ។ ម្សិលមិញ​នេះ​ដែរ ឯកអគ្គរដ្ឋ​ទូត​អាមេរិ​ក​ប្រចាំទីក្រុង​កៀវ ក៏​បាន​ផ្សព្វផ្សាយ​សារ​បែប​អាសន្ន​ ​ថា​រុស្ស៊ី​អាច​នឹង​បង្កើន​ការ​បាញ់ផ្លោង​ទម្លាក់​គ្រាប់​បែប​ខ្លាំង​បន្ថែម​ទៀត​លើ​អ៊ុយក្រែន ក្នុង​ថ្ងៃ​ខាង​មុខ​ ហើយ​ផ្តល់​អនុសាសន៍​ឱ្យ​ពលរដ្ឋ​អាមេរិក​ចាក​ចេញ​ភ្លាម​ពី​ទឹក​ដី​អ៊ុយក្រែន។

សហរដ្ឋ​អាមេរិក​បន្ថែម​ជំនួយ​យោធា​ថ្មី​ ៣ពាន់​លាន​ដុល្លារ

រុស្ស៊ី​បាន​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​វាយលុក​លើ​ក្រុង​កៀវ នៅ​ថ្ងៃទី ២៤​កុម្ភៈ​ ដោយ​គ្មាន​នរណា​គិត​ស្មាន​ដល់។ ពេល​នោះ​យោធា​អ៊ុយក្រែន​ហេងហាង​មែន​ទែន​​ព្រោះ​មិន​បាន​ត្រៀម​លក្ខណៈ​សោះ ប៉ុន្តែ​បន្តិច​ម្តងៗ​កម្លាំង​តស៊ូ​អ៊ុយក្រែន​កាន់តែ​រឹងមាំ ដោយ​អាច​ច្រាន​កងទ័ព​រុស្ស៊ី​ឱ្យ​ដក​ចេញ​ពី​តំបន់​ជុំ​វិញ​ក្រុង​កៀវ នៅ​ចុង​ខែ​មីនា​។ ការ​ប្រយុទ្ធ​តតាំង​ ងាក​ទៅ​ផ្តុំ​គ្នា​​ខ្លាំង​នៅ​តែ​តំបន់​ភាគ​ខាង​កើត និង​ខាង​ត្បូង​ប្រទេស​​អ៊ុយក្រែន ដែល​កង​កម្លាំង​រុស្ស៊ី​រុល​ទៅមុខ​យ៉ាង​យឺតៗ។ បាន​ជំនួយ​ពី​លោក​ខាង​លិច​ អ៊ុយក្រែន​កាន់​តែ​រឹង​មាំ​ហើយ​ មាន​ឆន្ទៈតស៊ូ​​ចង់​ដណ្តើម​ទឹក​ដី​របស់​ខ្លួន​មក​វិញ ជាង​ពេល​ណា​ៗ​ទាំងអស់។

សង្គ្រាម​នៅអ៊ុយក្រែន​បាន​ឈាន​ចូល​ដល់​​ខែទី​៧​ ឯ​សាមគ្គីភាព​របស់​ក្រុម​លោក​ខាង​លិច​ចំពោះ​អ៊ុយក្រែន​​មិន​បាន​ថមថយ​ទេ។ ក្នុង​ថ្ងៃ​ប្រកប​ដោយ​និម្មិតរូប​បំផុត​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​ថ្មី​ទៀតដល់​ក្រុង​កៀវ ក្នុងទំហំទឹកប្រាក់​ប្រមាណ ៣ពាន់​លាន​ដុល្លារ។ គិត​តាំង​ពី​ផ្ទុះ​សង្គ្រាម​មក នេះ​ជា​កញ្ចប់​ជំនួយ​ដ៏​ធំមហាសាល​បំផុត ដែល​ជា​មូលនិធិ​របស់​ក្រសួងការពារ​ជាតិ​ សម្រាប់​ឱ្យ​​អ៊ុយក្រែន​អាច​យក​ទៅប្រើបាន​ភ្លាម​ ​ក្នុង​ការ​ចាយ​វាយ ​ទិញ​អាវុធ​ថ្មី ឬ​សម្រាប់​ចំណាយ​ក្នុង​ការ​បំពាក់បំប៉ន​យោធា​និង​ប្រតិបត្តិការ​ផ្សេងៗ។ កាលពី​ថ្ងៃ​សុក្រ​ ក្រសួងការពារ​ជាតិ​អាមេរិក​បាន​ប្រកាស​ទម្លាយ​ថវិកា​ចំនួន ៧៧៥​លាន​ដុល្លារ​ ចេញ​ពីមូលនិធិ​នេះ​ ក្នុង​ទម្រង់​ជា​ការ​ផ្តល់​ជំនួយ​មីស៊ីល​បន្ថែម​សម្រាប់​បំពាក់​កាំភ្លើ​ងធំ​អាមេរិក​ទៅ​ឱ្យ​អ៊ុយក្រែន។ អាវុធ​ដែល​បាន​ប្តូរផ្លាស់​ស្ថានភាព​នៅលើ​សមរភូមិ​ប្រយុទ្ធ​។ នេះ​បើ​តាម​ការ​លម្អិត​របស់​អ្នក​ទទួល​ខុស​ត្រូវ​ក្រសួងការពារ​ជាតិ​អាមេរិក។

សង្គ្រាម​អ៊ុយក្រែន​នេះ បាន​ជះ​ឥទ្ធិពល​យ៉ាង​ជាក់​ស្តែង​មក​លើ​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ទ្វីបអឺរ៉ុប ដែល​រំពឹង​លើ​ហ្កាស​និង​ធ្យូងថ្ម​រុស្ស៊ី។ ប៉ុន្តែ​សហភាព​អឺរ៉ុប ត្រៀម​ជា​ស្រេច​នឹង​គាំទ្រ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម​ទោះ​យូរ​យ៉ាងណា​ក៏ដោយ។  សហភាព​អឺរ៉ុប​បាន​ប្រកាស​គម្រោង​​បើក​វគ្គ​បំពាក់​បំប៉ន​យោធា និងជួយ​រៀប​ចំ​ស្ថាប័ន​យោធា​​អ៊ុយក្រែន​។ ​ជាមួយ​នឹង​ការ​សន្យា​មិន​ទទួល​ស្គាល់​​ការ​ប៉ុនប៉ង​ប្តូរ​លក្ខន្តិកៈ​ប្រទេសអ៊ុយក្រែន​ជា​ដាច់​ខាត​ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់បាន​ប្រកាស​បញ្ចូន​អាវុធ​ថ្មី​បន្ថែម​ឱ្យ​អ៊ុយក្រែន​​ក្នុង​តម្លៃ​ទឹក​ប្រាក់​ប្រមាណ​៥០០​លាន​អឺរ៉ូ។ ហើយ​អង់គ្លេសប្រកាស​​បន្ត​គាំទ្រនិង​ជួយ​អ៊ុយក្រែន​ទាំង​ផ្នែក​សេដ្ឋកិច្ច​ យោធា ... ចាំបាច់​រហូត​ទាល់​រុស្ស៊ីបញ្ចប់​សង្គ្រាម​និង​ដក​ខ្លួន​ចេញ ពី​អ៊ុយក្រែន។ ប្រធានាធិបតី​បារាំង​ ម៉ាក្រុង ក៏​បាន​ប្រកាស​គាំទ្រ​អ៊ុយក្រែនដែរ នៅ​ថ្ងៃ​នេះ ដោយ​​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​បង្ហាញ​ភាព​ទន់​ខ្សោយ​ និងភាព​​អនុគ្រោះ​ដល់​រុស្ស៊ី ឱ្យ​សោះ។

សង្គ្រាមគ្មាន​ថ្ងៃ​​​បញ្ចប់​ ?

អ្នក​វិភាគ មើល​មិន​ឃើញ​ហេតុផល​ដែល​ជំរុញ​ឱ្យ​ភាគីបក្សដិបក្ស​បញ្ចប់​សង្គ្រាម​ទេ។ គ្រាន់​តែ​ឃើញ​​ប្រតិបត្តិការ​យោធា​រុស្ស៊ី​ភ្លាម​​ សំឡេង​បាន​ឮ​ចេញ​ស្ទើរ​ពី​គ្រប់​មាត់ព្យាករ​ថា សង្គ្រាម​អាច​នឹងអូសបន្លាយ​យូរ។ នៅ​ថ្ងៃ​ទី ១៩ មិថុនា ប្រមុខ​ដឹកនាំ​អង្គកា​រ​អូតង់ បាន​ ​ពញ្ញាក់​ស្មារតី​ដៃគូ​ ឱ្យ​ត្រៀម​លក្ខណៈ​ប្រឈម​នឹង​សង្គ្រាមរាប់​ឆ្នាំ។ ប្រសាសន៍​របស់​លោក​កាន់​តែ​សមហេតុផល នៅ​​ពីរខែ​​ក្រោយ​។

​តាំងពី​ប៉ុន្មាន​សប្តាហ៍​មក​នេះ ស្ថានភាព​នៅលើ​សមរភូមិ​ ហាក់ចាប់នឹង។ កងកម្លាំង​រុស្ស៊ី​ស្ថិត​ក្នុង​ជំហរ​ការពារ​ខ្លួនច្រើន​ជាង​បើ​ទោះបី​ពួកគេ​ប៉ុនប៉ងវាយសម្រុក​ក៏​ដោយ​ ក៏​មិន​អាច​ ​បាន​ដូច​មុន។ ឯកម្លាំង​អ៊ុយក្រែន​អាច​នឹង​មាន​លទ្ធភាព​សម្រុក​ដណ្តើម​ទីតាំង​ខ្លះ​មក​វិញ​បាន​ ក្នុង​ពេល​ខ្លី​ខាង​មុខ។ បើ​តាម​នាយក​កម្មវិធី​អឺរ៉ុប​ Marie Dumoulin សង្គ្រាម​អ៊ុយក្រែន​អាច​អូសបន្លាយ​យ៉ាងហោច​​ដល់​ឆ្នាំ​២០២៣​ ព្រោះ​នៅឆ្នាំ​២០២៤​ប្រទេស​ទាំងពីរ អ៊ុយក្រែន​និង​រុស្ស៊ី​ ត្រូវ​រៀប​ចំការ​បោះឆ្នោត​។ មិន​ដឹង​ថា​តើ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី អាច​តើ​តួនាទី​ប៉ុណ្ណា​ក្នុង​សង្គ្រាមហើយ​ខាង​ណា​បាន​ចំណេញ​ទេ។

ហើយ​សម្រាប់​ពេល​នេះ មាន​ហេតុការណ៍​ថ្មី​អាច​មក​ពន្លឿន​ជម្លោះ និង​ធ្វើ​ឱ្យ​សង្គ្រាម​មាន​លក្ខណៈ​កាន់​តែមិនជាក់​លាក់​ខ្លាំង។ ​គឺ ថ្ងៃទី ២៤​សីហា អាច​ជា​កត្តា​ចម្រើន​ភាព​តាន​តឹង​ ព្រោះ​អ៊ុយក្រែន​ ប្រារព្វ​ខួប​៣១​ឆ្នាំ​នៃ​ការ​បាន​ទទួល​ឯករាជ្យ​ ក្រោយពី​សហភាព​សូវៀតដួលរលំទៅ ត្រូវ​ចំ​ថ្ងៃ​ខួប​៦​ខែ​នៃ​ការចាប់​ផ្តើម​ប្រតិបត្តិយោធា​រុស្ស៊ី ព្រោះ​តាម​ទម្លាប់​មក រុស្ស៊ី​ចូល​ចិត្ត​ធ្វើ​សកម្មភាព​អ្វី​មួយ​ក្នុង​ថ្ងៃ​ជា​និម្មិតរូប​ណាស់។ ទីពីរ គឺ​ការ​ស្លាប់​របស់​អ្នក​ស្រី ដារីយ៉ា ឌូហ្គីណា កូនស្រី​របស់​មេគំនិតអ្នក​ជាតិ​និយម​ស្និទ្ធ​នឹង​ក្រេមឡាំង​ ក្នុង​ភេរវកម្ម​ក្បែរ​ទីក្រុង​មូស្គូ អាច​ជា​ការ​បន្ថែម​គ្រឿង​ឱ្យ​សង្គ្រាមមាន​ភាព​តាន​តឹង​មួយ​កំរិត​ទៀត។ ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី​បាន​ចោទ​ថា​ជា​ស្នាដៃ​អ៊ុយក្រែន ដូច្នេះ​រុស្ស៊ី​នឹង​សងសឹក​ដោយ​គ្មាន​អាសូរ​លើ​ក្រុម​និ​ងអ្នក​បញ្ជារៀប​ផែនការភេរវកម្ម​នេះ​ទេ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រមុខ​ការទូត​រុស្ស៊ី ស៊ែកហ្គៃ ឡាវ្រូស​ កាលពីម្សិលមិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ