អានតួអត្ថបទ
សហភាពអឺរ៉ុប-សង្គ្រាមអ៊ុយក្រែន

សហភាពអឺរ៉ុប​គ្រោង​ចេញ​ធ្វើ​​​បេសកកម្ម​បណ្តុះបណ្តាល​យោធា​អ៊ុយក្រែន

សហភាព​អឺរ៉ុប​​​នឹង​ផ្តល់​ការគាំទ្រដ៏​សំខាន់​មួយ​ដល់​យោធា​អ៊ុយក្រែន​​។ ក្រៅពី​ផ្តល់​ជំនួយ​ជា​សម្ភារៈ ​សហភាពអឺរ៉ុប មាន​​គម្រោងរៀប​ចំ​បេសកកម្ម​​បញ្ជូន​​​អ្នក​ជំនាញ​មួយ​ក្រុម​ធំ ទៅ​បង្ហាត់បង្វឹក​​យោធា​អ៊ុយក្រែន ដើម្បី​អាចធ្វើ​សង្គ្រាម​​ប្រឈម​តតាំង​នឹង​រុស្ស៊ី​បាន។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ប្រមុខ​ការទូត​សហភាពអឺរ៉ុប លោក ហ្សូសេព បូរែល Josep Borrell។

លោកប្រមុខការទូត​សហភាពអឺរ៉ុប  Josep Borrell
លោកប្រមុខការទូត​សហភាពអឺរ៉ុប Josep Borrell AP - Olivier Matthys
ផ្សាយពាណិជ្ជកម្ម

អឺរ៉ុប​នឹង​សម្រេច​គ្នា ហើយ​អនុម័ត​បេសកកម្ម​​ផ្តល់​ការ​បំពាក់បំប៉ន​ដល់​យោធា​អ៊ុយក្រែន ​នៅ​សប្តាហ៍​ក្រោយ ក្នុង​ឱកាស​ជួប​ប្រជុំ​​ក្រុមប្រឹក្សា​យោធា​សហភាពអឺរ៉ុប​នៅទីក្រុង​ប្រាក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកប្រមុខ​ការ​ទូត​សហភាព​អឺរ៉ុប ដោយ​បន្ថែម​ថា វគ្គ​បណ្តុះបណ្តាល​ នឹង​ប្រព្រឹត្តនៅក្នុង​ប្រទេស​ជិត​ខាង​។

បើតាមលោក​ប្រមុខ​ការទូត សហភាពអឺរ៉ុប​លើក​គម្រោង​នេះ​ឡើង​ព្រោះ​យល់​ថា ​សង្គ្រាមនៅអ៊ុយក្រែន មិនមែន​ជា​សង្គ្រាម​តូច​តាច ជាមួយ​ទ័ព​ព្រៃ​​ទេ តែ​ជា​សង្គ្រាម​ដែល​ភាគី​បង្ក​ហេតុ​​មាន​អាវុធ​យុទ្ធភ័ណ្ឌ​​ដ៏​សម្បើម​អស្ចារ្យ​ និង​មាន​កម្លាំង​ដល់​ទៅ​រាប់​សិប​ម៉ឺន​​នាក់។ ប្រឈម​នឹង​​សង្គ្រាម​ទ្រង់ទ្រាយ​ធំបែប​នេះ សហភាពអឺរ៉ុប​ក៏​ត្រូវ​តែ​ចេញ​ធ្វើ​បេសកកម្មទ្រង់ទ្រាយ​​ធំដែរ ទើប​សម​ល្មម​នឹងជម្លោះ។ ជា​សង្គ្រាម​ដ៏​វែង និង​ដែល​ទំនង​ត្រូវ​អូសបន្លាយពេល​យូរ​ទៀត។ ​ហេតុ​ដូច្នេះហើយ​បាន​ជា​​​សហភាព​អឺរ៉ុបមានផែនការ ​ផ្តល់​ជំនួយជា​ការ​បំពាក់​បំប៉ន​ទាហាន​​ ​និងជួយ​រៀប​ចំ​ស្ថាប័ន​យោធាអ៊ុយក្រែន​​ មិនមែន​ត្រឹម​តែផ្តល់​ជំនួយ​ជា​សម្ភារៈ​យោធា និង​ការ​បើក​វគ្គ​បណ្តុះបណ្តាល​ធម្មតា​ទេ។​ ប៉ុន្តែ​លោកប្រមុខ​ការ​ទូត បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹងបេសកកម្ម​នេះ​ទេ។

នេះ​មិនមែន​ជាបេសកកម្ម​​លើក​ទីមួយ​របស់​សហភាពអឺរ៉ុប​ទេ។ លោក​បូរែល បាន​អះអាង​បច្ចុប្បន្ននេះ អឺរ៉ុប​មាន​បេសកកម្ម​យោធា​ចំនួន​១៧ នៅទូទាំងពិភពលោក មាន​ជាអាទិ៍​បេសកកម្ម​បង្វឹកបង្ហាត់​យោធា​នៅ​តាម​បណ្តាប្រទេស​ដែលសហការជាមួយ​អឺរ៉ុប ម៉ាលី ម៉ូហ្សំប៊ិច នីហ្សេ ឬ​ឆាដ។

ជាង​នេះ​ទៅ​ទៀត លោក​ប្រមុខ​ការទូត​សហភាពអឺរ៉ុប បានរំលឹក​ថា មាន​​ប្រទេស ក្នុង​រង្វង់​សហភាពអឺរ៉ុប និង​ក្រៅ​រង្វង់​អឺរ៉ុប ច្រើនដែល​បាន​​ផ្តល់​សម្ភារៈ​បរិក្ខារ​យោធា​ដល់​អ៊ុយក្រែន​ និង​ខ្លះ​មាន​ផែនការ​​​ “ទ្វេភាគី” ជួយ​បង្វឹក​បង្ហាត់​​យោធាអ៊ុយក្រែន​រួច​ស្រេច​ទៅ​ហើយ​ ឱ្យ​ចេះ​ប្រើ​សម្ភារៈ​បញ្ជូន​ទៅ​ពី​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ