អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-នុយក្លេអ៊ែរ

អ៊ុយក្រែននិងរុស្ស៊ី ទំលាក់​កំហុស​ដាក់គ្នា​សាជាថ្មី ថាបាន​​បាញ់ប្លោង​គ្រាប់​ទៅលើ​​ស្ថានីយ៍​​នុយក្លេអ៊ែរហ្សាប៉ូរីចា

ការព្រួយបារម្ភស្តីពីគ្រោះថ្នាក់​នុយក្លេអ៊ែរ នៅ​អ៊ុយក្រែន​ នៅតែមាន​ជាប្រចាំ ខណៈស្ថានីយ​៍អគ្គិសនី​នុយក្លេអ៊ែរដ៏ធំរបស់​អ៊ុយក្រែន ឈ្មោះ ហ្សាប៉ូរីចា បានក្លាយ​ជាទីតាំងផ្ទាំងស៊ីបនៃការវាយ​ប្រហារ ជាច្រើនសប្តាហ៍មកនេះ។ ហើយ​កាលពីថ្ងៃសៅរ៍ទី១៣សីហា​ កងទ័ពរុស្ស៊ី និងអ៊ុយក្រែន បានចោទ ទម្លាក់កំហុសដាក់គ្នាជាថ្មីម្តងទៀត ថាបានបាញ់​ប្លោងគ្រាប់សំដៅមក​លើស្ថានីយ៍នុយក្លេអ៊ែរនេះ។

ស្ថានីយអគ្គិសនីនុយក្លេអ៊ែរ Zaporijjia/Zaporizhzhia រូបថតថ្ងៃទី​ ៧សីហា ២០២២ ផ្តល់ឲ្យ​ក្រសួងការពារជាតិរុស្ស៊ី
ស្ថានីយអគ្គិសនីនុយក្លេអ៊ែរ Zaporijjia/Zaporizhzhia រូបថតថ្ងៃទី​ ៧សីហា ២០២២ ផ្តល់ឲ្យ​ក្រសួងការពារជាតិរុស្ស៊ី AP
ផ្សាយពាណិជ្ជកម្ម

នៅលើបណ្តាញតេឡេក្រាម ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរអ៊ុយក្រែន បានចែកចាយ​បន្តនូវសាររបស់ថ្នាក់ដឹកនាំម្នាក់នៃក្រុង Energodar ដែលបានអំពាវនាវឲ្យ​ប្រជាជនរកកន្លែងមានសុវត្ថិភាព ព្រោះកងទ័ពរុស្ស៊ីដែលគ្រប់គ្រងតំបន់នេះ កំពុងតែចាប់ផ្តើម​បាញ់​ប្លោងគ្រាប់ជាថ្មីទៀតហើយ។

យោងតាម​សក្ខីកម្មពី​ប្រជាជន​ គឺសំឡេងគ្រាប់បាញ់​ចេញពីកាណុង និងសំឡេងផ្ទុះនៅក្បែររោងចក្រអគ្គិសនីហ្សាប៉ូរីចា​​ គឺមានរយៈពេល​ឃ្លាតគ្នា ខ្ទង់តែប្រមាណ​ ៣ ទៅ​៥វិនាទីប៉ុណ្ណោះ។

ល្ងាចថ្ងៃសៅរ៍ អង្គភាព​ព័ត៌មាននៃកងទ័ព​អ៊ុយក្រែន បានអះអាងថា គឺចោរឈ្លានពានរុស្ស៊ី បានចាប់ផ្តើមបាញ់គ្រាប់ ចេញពីភូមិមួយឈ្មោះ Vodiané សំដៅទៅស្ថានីយ៍នុយក្លេអ៊ែរហ្សាប៉ូរីចា ដែល​ស្ថិតនៅ​ត្រើយខាងស្តាំងទន្លេ Dniepr ហើយដែលជាព្រំដែនបែងចែកតំបន់គ្រប់គ្រងដោយទ័ព​​រុស្ស៊ី និងតំបន់ស្ថិតក្នុងដៃរបស់​អ៊ុយក្រែន។ ប្រភពដដែលនេះ អះអាងថា គ្រាប់មួយរបស់រុស្ស៊ីបានធ្លាក់ចំប្រព័ន្ធបូមទឹក ដែលធ្វើឲ្យ​ខូចមួយផ្នែកធំ ដល់​ប្រព័ន្ធការពារអគ្គិភ័យ របស់​ស្ថានីយ​៍នុយក្លេអ៊ែរ។ ជាងនេះទៀត កងទ័ពអ៊ុយក្រែនអះអាងថា កងទ័ពរុស្ស៊ីកំពុងតែត្រៀម​ផែនការរករឿង ដោយ​បន្លំប្រើទង់ជាតិរបស់​អ៊ុយក្រែន។

ដោយឡែក ដូចសព្វមួយដង ភាគីរុស្ស៊ីបានចោទថាគឺកងទ័ពអ៊ុយក្រែនទេ ដែលជាអ្នកបានបាញ់ប្លោងគ្រាប់ ហើយ​បានធ្លាក់ទៅលើ​តំបន់ស្ថានីយ៍នុយក្លេអ៊ែរ។ មន្ត្រីចំណុះរុស្ស៊ីម្នាក់ឈ្មោះ Vladimir Rogov បានសរសេរលើ តេឡេក្រាមថា ជាថ្មីម្តងទៀត ទីក្រុង  Energodar និង​ស្ថានីយ៍នុយក្លេអ៊ែរ ហ្សាប៉ូរីចា បាន​រងនូវការបាញ់ប្លោងពីសំណាក់កម្លាំង​របស់​អ៊ុយក្រែន។

នៅក្នុងសារ​វីដេអូប្រចាំថ្ងៃ លោកប្រធានាធិបតីអ៊ុយក្រែន បាន​ថ្កោលទោសភាគីរុស្ស៊ី ថាបាន​យក​ស្ថានីយនុយក្លេអ៊ែរហ្សាប៉ូរីចា ជាចំណាប់ខ្មាំង។ លោក​បានលើកឡើងថាកងទ័ពរុស្ស៊ី យកស្ថានីយ៍នេះជាខែលបាំង ដើម្បីបាញ់​ប្លោងគ្រាប់មកលើ​ក្រុង  Nikopol និង Marganets។

គួររំលឹកថា នេះមិនមែនជាលើកទី១ទេ ដែលភាគីទាំង២បាន​ចោទទម្លាក់កំហុសដាក់គ្នា។ មានការព្រួយបារម្ភខ្លាំងណាស់ អំពីគ្រោះថ្នាក់​នុយក្លេអ៊ែរ ដែលអាចបង្កវិនាសកម្មដ៏ធំធេង ប្រសិន​បើ​រ៉េអាក់ទ័រនុយក្លេអ៊ែរ នៃស្ថានីយ៍​ដ៏ធំជាងគេបំផុតនៅអឺរ៉ុបនេះ ត្រូវផ្ទុះខូចខាត។ កាលពីថ្ងៃទី​៥សីហា គ្រាប់ផ្ទុះ​បានធ្វើ​ឲ្យខូចមួយផ្នែកនៃស្ថានីយ៍ និងបានធ្វើ​ឲ្យ​រ៉េអាក់ទ័រលេខ៣ ត្រូវបានឈប់ដំណើរការ​។ ទាំងភាគីអ៊ុយក្រែន និង​សហភាពភាពអឺរ៉ុប បានអំពាវនាវ ឲ្យ​រៀបចំ​ចាត់តំបន់ជុំវិញ​ស្ថានីយ​ហ្សាប៉ូរីចានេះ ជាតំបន់គ្មានអាវុធ ហើយ​កងទ័ពរុស្ស៊ីត្រូវតែដកថយ​ពីតំបន់ក្រុង Energodar៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ