អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន​ខក​ចិត្ត​នឹង​ទស្សនកិច្ច​របស់​AIEA នៅ​មជ្ឈមណ្ឌលហ្សាប៉ូរីចា តែរុស្ស៊ីអបអរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិAIEA បាន​ទៅ​ដល់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ ហ្សាប៉ូរីចា នៅ​រសៀល​ថ្ងៃព្រហស្បតិ៍ ទី ១ កញ្ញា ២០២២ ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​សន្តិសុខ​នុយក្លេអ៊ែរ​។ ពេល​ត្រលប់​មក​ដល់​ក្រុង​កៀវ​វិញ នាយកទីភ្នាក់ងារ​ លោក Rafael Grossi បាន​អះអាង​ ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បាន​រង​ការ​​រំលោភ​បំពាន​​ ជា​ច្រើន​លើក​ច្រើន​សា និង​បាន​ប្រកាស​ថា អ្នក​ជំនាញ​​​មួយ​ក្រុម​ បន្តធ្វើការ​នៅ​ទីនោះ​រហូត​ដល់​ថ្ងៃ​អាទិត្យ ឬ​ដល់​ថ្ងៃ​ចន្ទទី ៥​កញ្ញា។

លោក​ រ៉ាហ្វាអែល ហ្កូស៊ី នាយកទីភ្នាក់ងារថាមពលបរមាណូ​អន្តរជាតិ ថ្លែងទៅកាន់​អ្នកសារព័ត៌មាន​នៅមជ្ឈមណ្ឌលហ្សាប៉ូរីចា ថ្ងៃទី ១ កញ្ញា​ ២០២២
លោក​ រ៉ាហ្វាអែល ហ្កូស៊ី នាយកទីភ្នាក់ងារថាមពលបរមាណូ​អន្តរជាតិ ថ្លែងទៅកាន់​អ្នកសារព័ត៌មាន​នៅមជ្ឈមណ្ឌលហ្សាប៉ូរីចា ថ្ងៃទី ១ កញ្ញា​ ២០២២ AFP - GENYA SAVILOV
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​មាន​ឧបសគ្គ​រារាំង​ច្រើន​ក៏​ដោយ ក៏​នៅទីបំផុត ក្រុម​អ្នក​ជំនាញ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ហៅកាត់​ថា​ AIEA បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មជ្ឈមណ្ឌល​ហ្សាប៉ូរីចា នៅ​រសៀលថ្ងៃ​ព្រហស្បតិ៍​ ទី ១ កញ្ញា ​ម្សិលមិញ​ ដើម្បី​ពិនិត្យ​ស្ថានភាព​សន្តិសុខ​នុយក្លេអ៊ែរ។

បេសកកម្មត្រួតពិនិត្យរបស់​AIEA

ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្មដ៏ត្រឹម​ត្រូវ ​ល្អ​ឥតខ្ចោះ​​ ក្រុម​អ្នកជំនាញត្រូវ​​ទៅ​ពិនិត្យ​​គ្រប់​ផ្នែក​នៃ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ទាំងមូល រាប់​ទាំង​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ កន្លែង​ស្តុក​សំណល់​វិទ្យុសកម្ម ​កន្លែង​ស្តុក​គ្រឿង​ចំហេះ ប្រព័ន្ធ​សង្គ្រោះ​បន្ទាន់ និង​គ្រប់​តំបន់​ដែល​អាច​មាន​ពាក់ព័ន្ធ​នឹង​សំណល់​វិទ្យុសកម្ម​។ បន្ទាប់​មក​ទៀត និង​កាន់​តែប្រសើរ​មែន​ទែន ក្រុម​ប្រតិភូ​​អាច​ទៅ​ជួប​ជជែក​ជាមួយ​អ្នក​ធ្វើការ​នៅក្នុង​មជ្ឈមណ្ឌល​ ដែលជា​ជនជាតិ​អ៊ុយក្រែន ដើម្បី​បាន​ដឹង​អំពី​លក្ខខណ្ឌការងាររបស់​ពួក​គេ​។

មជ្ឈមណ្ឌល​ហ្សាប៉ូរីចា បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​រុស្ស៊ី​តាំង​ពី​ថ្ងៃទី ៤​ខែ​មីនា​មក ប៉ុន្តែ​អ្នក​គ្រប់គ្រង​មើល​ដំណើរ​ការ​រោងចក្រ គឺ​ជា​បុគ្គលិក​អ៊ុយក្រែន​ទេ។

ហើយ​ជា​ចុងក្រោយ​គឺ ទៅ​​ត្រួត​ពិនិត្យ​ការ​ខូច​ខាត​ដែល​បង្ក​ឡើង​ដោយការ​​ផ្លោង​ផ្តក់​គ្រាប់​មក​លើ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​​ នារយៈពេល​ប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះ មាន​អាទិ៍​ការ​ទៅ​មើល​ស្ថានភាព​បណ្តាញ​អគ្គីសនី ដែលរង​​អគ្គីភ័យ​ខូច​អស់​​មួយ​ភាគកាលពី​ប៉ុន្មាន​ថ្ងៃ​មុន និងការ​​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ នូវ​ប្រព័ន្ធ​ផ្ទេរ​ទិន្នន័យជា​ស្វ័យប្រវត្តិ​ ទៅ​​ឱ្យភ្នាក់ងារ​AIEA​ ដើម្បី​​ធានាសុវត្ថិភាព​នុយក្លេអ៊ែរ ថាពិត​ជា​​គ្មាន​ជាតិ​វិទ្យុ​សកម្មសាយភាយ​ក្នុង​បរិយាកាស។

​ប៉ុន្តែ​AIEA មាន​អំណាច​ត្រឹម​ផ្តល់​អនុសាសន៍​ប៉ុណ្ណោះ ឯ​កា​រសម្រេច​ធ្វើ​គឺ​ស្ថិត​នៅលើ​ដៃ​រុស្ស៊ី ដែល​ជា​អ្នក​គ្រប់គ្រង​តំបន់​។

​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ រង​ការ​រំលោភ​បំពាន​ច្រើន​លើក​ច្រើនសា

ក្នុង​ប្រវត្តិ៦៥ឆ្នាំ ​របស់​ទីភ្នាក់ងារ​ថាមពលបរមាណូ​​អន្តរជាតិ នេះ​ជា​លើក​ទីមួយ​ហើយដែល​ក្រុម​អ្នក​ជំនាញ ត្រូវ​​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមរភូមិ​ប្រយុទ្ធ ​មុន​អាច​ផ្តើម​បេសកកម្ម​របស់​ខ្លួន។  បន្ទាប់​ពី​ឆ្លង​កាត់​ឧបសគ្គ​រហូត​ដល់​នាទី​ចុងក្រោយ​មក​  ដូច​ជា​ការ​បាញ់​ផ្លោង​លើ​តំបន់​ជុំ​វិញ​មជ្ឈមណ្ឌល លើ​ផ្លូវ​ដែល​ក្រុមប្រតិភូ​ត្រូវ​ឆ្លងកាត់ ក្រុម​អ្នក​ជំនាញ​AIEA បាន​​ចុះ​ទៅដល់​ និង​ធ្វើការ​​ត្រួត​ពិនិត្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ រយៈ​ពេល​៤-៥ម៉ោង។

លោក រ៉ាហ្វាអែល ហ្កូស៊ី នាយក​ទីភ្នាក់ងារ​ថាមពលបរមាណូ ដែល​ជា​អ្នក​ដឹកនាំបេសកកម្ម​នៅ​ហ្សាប៉ូរីចា​ផ្ទាល់ បាន​ប្រកាស​ថា បាន​ឃើញ​នូវ​អ្វី​ដែល​ចង់​ឃើញ  (​រ៉េអាក់ទ័រ ប្រព័ន្ធ​សង្គ្រោះ​បន្ទាន់ និង​ប៉ុស្តិ៍​បញ្ជាការ ព្រមទាំង​កន្លែង​ផ្សេង​ទៀត) និង​បានជួប​បុគ្គលិក​និង​ក្រុមការងារ​អ៊ុយក្រែន​ ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ដំណើរ​ការ​របស់​​មជ្ឈមណ្ឌលនុយក្លេអ៊ែរ ប្រកប​​ដោយ​​ឆន្ទៈ​និង​វិជ្ជាជីវៈ​ ទោះ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​យ៉ាង​ណា​ក៏​ដោយ។ ​នេះ​គ្រាន់​តែជា​ការ​ងារ​ផ្តើម​តែ​ប៉ុណ្ណោះ អធិការ​៥​រូប ក្នុង​ចំណោម​ប្រតិភូ​ទាំង​១៤​រូប នឹង​បន្ត​ការងារត្រួត​​ពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​សន្តិសុខ​របស់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ រហូតដល់​ថ្ងៃ​អាទិត្យ ឬ​ថ្ងៃ​ចន្ទទី ៥ កញ្ញា​ផង។ ហើយ​ផុត​ពី​ថ្ងៃនោះ​ទៅ​ AIEA នឹង​បន្ត​រក្សា​វត្តមាន​ ជាប់​រហូត​នៅ​មជ្ឈមណ្ឌល​នេះ​ទៀត។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ហ្កូស៊ី ដដែល​ តែ​​មិន​បានលម្អិត​ថា​តើ​រក្សា​វត្តមាន​បែបណា​ និង​យ៉ាង​ដូចម្តេច​ទេ។

ពេល​មក​ត្រលប់​មក​ក្រុង​កៀវវិញ ទើប​លោក​នាយក​ទីភ្នាក់ងារ​បាន​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ស្ថានភាពសន្តិសុខ​​ ដោយ​បរិហារ​ថា​មាន​ការ​រំលោភ​បំពាន ប៉ះពាល់​ដោយ​ផ្ទាល់​​​លើមជ្ឈមណ្ឌលនុយក្លេអ៊ែរ​ជា​ច្រើន​លើក​ច្រើន​សា។ គឺ​ជាអ្វី​ដែល​មិន​ត្រូវ​ឱ្យ​កើត​មាន​ជា​ថ្មីទេ​។

​ក្រុង​កៀវ​ ខក​ចិត្ត ​​

​​ដំណើរ​ទៅ​ដល់​មជ្ឈមណ្ឌលនុយក្លេអ៊ែររបស់​ប្រតិភូAIEA វិជ្ជមានណាស់សម្រាប់រុស្ស៊ី តែ​​លោកប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី មិនពេញ​ចិត្ត​នឹង​ប្រសាសន៍​បែប​ប្រុង​ប្រយ័ត្ន​ជ្រុល​របស់​លោក រ៉ាហ្វាអែល ហ្កូស៊ី​ទេ។ នៅក្នុង​សុន្ទរកថា ប្រចាំ​ពេល​ល្ងាច លោក ហ្សេឡេនស្គី ​បានឆ្លៀត​បន្ទោស​លោក ហ្កូស៊ី ថា​លាក់​បាំង​មិន​និយាយ​ជា​សាធារណៈអំពី​បញ្ហា​រំសាយ​អាវុធ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា ដូច​​ដែលអ្នក​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ ក្នុង​ពេល​ជួប​ពិភាក្សា​​នៅទីក្រុង​កៀវ កាលពី​ថ្ងៃអង្គារ។ ក្រុង​កៀវ​បាន​ចោទ​មូស្គូ​ថា​បាន​ពង្រាយ​ទ័ព​ជាច្រើន​រយ​នាក់​ ពង្រាយ​កាំភ្លើង​ធំ និង​ស្តុក​គ្រាប់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​នេះ។

នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​​ដដែល​នេះ លោក Mykhailo Podolyak ទីប្រឹក្សា​ដ៏​ជំនិតម្នាក់​របស់​ប្រធានាធិបតី​អ៊ុយក្រែន បាន​ធ្លាយ​មាត់​នៅក្នុង​បទ​សម្ភាសន៍​មួយ​ ប្រកាស​ថា​សម្រាប់​ក្រសែ​ភ្នែក​លោក ស្ថាប័ន​អន្តរជាតិ​និង​បេសកកម្មអន្តរការី គ្មាន​ប្រសិទ្ធភាពសោះ​ គ្មានបានការ គ្មាន​វិជ្ជាជីវៈ​ទេ និង​មិនដែល​ត្រៀម​លក្ខណៈ​ធ្វើការ​ក្នុង​លក្ខខណ្ឌ​អាក្រក់​ខ្លាំង​សោះ។ បើ​តាម​ទីប្រឹក្សា​រូប​នេះ​ដដែល​ ការ​រិះគន់​មិនមែនសំដៅ​លើ​​តែ​ភ្នាក់ងារ​ថាមពលបរមាណូអន្តរជាតិទេ គឺ​រាប់​ទាំង​អង្គការ​សហប្រជាជាតិ  Amnesty International និង​កាកបាទក្រហម​ផង។ អង្គការ​កាកបាទ​ក្រហម​ ដែល​ទើប​បាន​អំពាវនាវ​ នៅ​ថ្ងៃ​ម្សិលមិញ ឱ្យបញ្ឈប់​រាល់​គ្រប់​សកម្មភាពយោធា​នៅ​ជុំ​វិញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ដោយ​ពន្យល់​ថា ឱ្យ​​គិត​ខុស​តែ​បន្តិច​ ច្បាស់​ជាមាន​មហន្តរាយ​នុយក្លេអ៊ែរ​ផ្ទុះ​ឡើង​ភ្លាម​ ហើយ​មាន​ធ្លាយ​នុយក្លេអ៊ែរ​មែន​ នោះ​គេ​ច្បាស់​ជាជួបការ​លំបាក ឬ មិន​អាច​ ផ្តល់​ជំនួយ​មនុស្សធម៌​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ