អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-នុយក្លេអ៊ែរ

អ៊ុយក្រែន​អះអាងថា ស្ថានីយ៍​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​ដំណើរការឡើងវិញ តែ​​ប្រឈម​​នឹង​​ការ​បែកធ្លាយ​​ធាតុ​វិទ្យុសកម្ម

រោងចក្រអគ្គិសនីនុយក្លេអ៊ែរ ហ្សាប៉ូរីចា ដែលបានរងនូវការបាញ់ប្លោងផ្ទួនប៉ុន្មានថ្ងៃមកនេះ បាន​ចាប់ផ្តើមដំណើរការឡើងវិញហើយ​ កាលពីថ្ងៃសៅរ៍​ម្សិលមិញ។​ តែយ៉ាងណា ក្រុម​ហ៊ុន​អគ្គិសនី​អ៊ុយក្រែន បានអះអាងថា វាអាចមាន​ហានិភ័យខ្ពស់ណាស់ ព្រោះស្ថានីយ៍នេះអាចប្រឈមនឹងភ្លើងឆេះ ព្រមទាំងការ​បែកធ្លាយ ​ធាតុ​វិទ្យុសកម្ម​ថែមទៀតផង​។

រ៉េអាក់ទ័រនុយក្លេអ៊ែរ​​ទាំង៦ នៃស្ថានីយ៍​អគ្គិសនីហ្សាប៉ូរីចា ថតពីលើអាកាស ដោយផ្កាយរណប Maxar Technologies ថ្ងៃទី១៩ សីហា ២០២២
រ៉េអាក់ទ័រនុយក្លេអ៊ែរ​​ទាំង៦ នៃស្ថានីយ៍​អគ្គិសនីហ្សាប៉ូរីចា ថតពីលើអាកាស ដោយផ្កាយរណប Maxar Technologies ថ្ងៃទី១៩ សីហា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

រសៀលថ្ងៃសោរ៍​ទី​២៧សីហា នៅលើ​បណ្តាញ​តេឡាក្រាម ក្រុមអគ្គិសនី​អ៊ុយក្រែន Energoatom បានអះអាងថាស្ថានីយ៍អគ្គិសនី​នុយក្លេអ៊ែរ ហ្សាប៉ូរីចា បានរងនូវការ​បាញ់ប្លោងយ៉ាងដំណំបន្ថែមទៀត​ ពីសំណាក់​កងទ័ពរុស្ស៊ី ក្នុង​រយៈ​ពេល​​២៤ម៉ោង​ចុងក្រោយ​​។​ មហន្តរាយ​ដែល​អាចបង្កឡើង ដោយ​ករណី​បាញ់​ប្លោងគ្រាប់​ផ្ទួន​ៗនេះ គឺវាអាចធ្វើ​ឲ្យ​បែកធ្លាយ​សារធាតុអ៊ីដ្រូហ្សែន និង ​ធាតុវិទ្យុសកម្ម​ផ្សេងទៀត។

ក្រុមហ៊ុន​អ៊ុយក្រែន ដែលជាប្រតិបត្តិករ​គ្រប់គ្រងដំណើរការរោងចក្រហ្សាប៉ូរីចានេះ​ បាន​អះអាងថា ហានិភ័យនេះមានខ្ពស់ខ្លាំងណាស់​។ រោងចក្រនេះ បានដើរឡើងវិញនៅព្រឹកថ្ងៃសៅរ៍មែន តែអាចមិន​គោរព​ដល់​ស្តង់ដារសន្តិសុខ​ សុវត្ថិភាព ទាក់ទិននឹង​គ្រោះអគ្គីភ័យ ព្រមទាំង​ការ​បែកធ្លាយ​ធាតុវិទ្យុសកម្មទេ។​

ដោយឡែក ពីភាគីរុស្ស៊ី​វិញ គេបានអះអាងថា កងទ័ពអ៊ុយក្រែនបាន​បាញ់គ្រាប់​កាំភ្លើងត្បាល់ ចំនួន​១៧គ្រាប់ សំដៅ​មក​តំបន់រោងចក្រអគ្គិសនី​ហ្សាប៉ូរីចា ក្នុងរវាង​២៤ម៉ោងចុងក្រោយ​។ ​គ្រាប់ចំនួន​៤គ្រាប់ បានធ្លាក់​លើ​ដំបូលស្ថានីយ៍ ខណៈគ្រាប់​ផ្សេងទៀត បាន​ធ្លាក់នៅក្បែរតំបន់ស្តុកកាកសំណល់​នុយក្លេអ៊ែរប្រើរួច និង​ទីតាំងស្តុក​សារធាតុ​ថ្មី​​ដែលគេទុកយកទៅដុតផលិតចរន្ត​​អគ្គិសនី​​។

យ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានទទួលស្គាល់ថា ខ្លួន​មិនអាច​ចូលទៅកៀកនឹងទីតាំង ហើយ​ក៏មិនអាចស្វែងរកប្រភពឯករាជ្យណាមួយ មកបញ្ជាក់អំពីការចោទប្រកាន់ របស់ភាគីទាំងសងខាងដែរ។

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍​កន្លងមកនេះ សុវត្ថិភាព​នៅស្ថានីយ៍អគ្គិសនីនុយក្លេអ៊ែរ ហ្សាប៉ូរីចា បានបង្កឲ្យ​មាន​ការព្រួយបារម្ភជាខ្លាំង ពីសំណាក់សហគមន៍​អន្តរជាតិ។ ស្ថានីយ៍នេះ ស្ថិតនៅ​ជាយក្រុង Energodar ដែលត្រូវបាន​កងទ័ពរុស្ស៊ី ​វាយ​ដណ្តើម​កាន់កាប់តាំងតែពីខែមីនាមក។ ដោយសារតែការបាញ់​ប្លោងគ្រាប់​ផ្ទួន​ៗទៅលើស្ថានីយ៍នេះ អ្នកជំនាញ​បាន​ថ្លែងការបារម្ភអំពីគ្រោះថ្នាក់នុយក្លេអ៊ែរទ្រង់ទ្រាយធំ ព្រោះស្ថានីយ៍នេះជាស្ថានីយ៍នុយក្លេអ៊ែរធំជាងគេបង្អស់នៅអឺរ៉ុប។​

កាលពីថ្ងៃសុក្រ ទី២៦សីហា លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានអំពាវនាវ ឲ្យ​ស្វែងរកដំណោះស្រាយ ​បញ្ជូន​អ្នកជំនាញ​នៃទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ចុះទៅត្រួតពិ​និត្យ​ដល់ស្ថានីយ៍នេះ ឲ្យ​បានឆាប់ជាទីបំផុត។​ លោក​បាន​អះអាងថា ពីមួយថ្ងៃទៅមួយថ្ងៃ ភាគីរុស្ស៊ីបាន​រុញស្ថានការណ៍នេះ ឲ្យ​កាន់តែអាក្រក់ ធ្ងន់ធ្ងរទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ