អានតួអត្ថបទ
AIEA-អ៊ុយក្រែន

អ៊ុយក្រែន ៖ ភ្នាក់ងារ​ថាមពលបរមាណូអន្តរជាតិ​ចេញ​ទៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ហ្សាប៉ូរីចា

នាយកទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិហៅកាត់​ថា​អាអ៊ីអឺអា AIEA  បាន​ជូន​ដំណឹង​នៅព្រឹក​ថ្ងៃ​ចន្ទទី ២៩ សីហា ២០២២​នេះ ថា​ក្រុមការងារ​របស់​ភ្នាក់ងារ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ុយក្រែន ហ្សាប៉ូរីចា។ នារយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មក​នេះ រោងចក្រ​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​​ការ​វាយប្រហារ​ ដែល​ជា​អាច​ជា​គ្រោះ​ហានិភ័យ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរ​យ៉ាង​ធ្ងន់ធ្ងរ។

រូបថត​ផ្កាយរណប រោងចក្រ​នុយក្លេអ៊ែរហ្សាប៉ូរីចា Zaporíjia
រូបថត​ផ្កាយរណប រោងចក្រ​នុយក្លេអ៊ែរហ្សាប៉ូរីចា Zaporíjia AP - Planet Labs PBC
ផ្សាយពាណិជ្ជកម្ម

ដឹកនាំ​​​លោកនាយក រ៉ាហ្វាអែល ហ្ក្រូស៊ី​ ផ្ទាល់​តែ​ម្តង ក្រុមការងារ​របស់​ទី​​ភ្នាក់ងារថាមពលបរមាណូ​អន្តរជាតិ​កំពុង​ធ្វើ​ដំណើរ​ទៅ​ ហ្សាប៉ូរីចា ដើម្បី​ធានាការពារសន្តិសុខអ៊ុយក្រែន និង​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ដ៏​ធំ​ជាង​គេ​នៅអឺរ៉ុប។ នេះ​ជា​សារទ្វីត​របស់​លោក រ៉ាហ្វាអែល ហ្ក្រូស៊ី នាយក​ទីភ្នាក់ងារ​AIEA ដោយ​គូសបញ្ជាក់​ថា បេសកកជនដែល​មាន​គ្នា​សរុប​ជាង​១០នាក់ ​នឹង​ចុះ​ទៅ​ដល់​ផ្ទាល់​កន្លែង​ ​ក្នុង​សប្តាហ៍​នេះយ៉ាង​យូរ។

នាយក​ទីភ្នាក់ងារ AIEA បាន​ទាមទារ​ចុះ​ទៅ​ត្រួត​ពិនិត្យ​រោង​ចក្រ​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា តាំងពី​ជា​ច្រើន​សប្តាហ៍​មក​ហើយ​ ដោយព្រមាន​អំពី​​ហានិភ័យ​​​​ជាក់ស្តែងនៃ​​​​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​។

ប៉ុន្តែដោយ​ហេតុ​តែ​មាន​សកម្មភាព​​យោធា​រុស្ស៊ី ​ នេះ​ជា​បេសកកម្ម​ដ៏លំបាក​​បំផុត​របស់​ទីភ្នាក់ងារ។ នេះ​បើតាមសំដី​របស់​រដ្ឋមន្ត្រីក្រសួងការបរទេស​អ៊ុយក្រែន។ ព្រួយ​បារម្ភ​ខ្លាំង​ខ្លាច​មាន​មហន្តរាយនុយក្លេអ៊ែរ ​ក្រុម​ប្រទេសលូតលាស់​ខ្លាំង​ជាង​គេ​ ​G៧ បានចេញ​​សេចក្តី​ថ្លែងការណ៍​ នៅ​​ថ្ងៃចន្ទ​នេះ​ដែរ ​ឱ្យ​មាន​កា​រធានា​សេរីភាព​ និង​សុវត្ថិភាព​ជូន​​បេសកកជន​អាអ៊ីអឺអា​ ក្នុង​នៅពេល​បំពេញ​ការងារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ហ្សាប៉ូរីចា។

នៅរវាង​ពី​ថ្ងៃ​ព្រហស្បតិ៍​និ​ងថ្ងៃ​សុក្រ​ មជ្ឈមណ្ឌល​និង​ម៉ាស៊ីនប្រតិករ​ទាំង​៦ បាន​កាត់​ផ្តាច់​ទាំង​ស្រុង​ ដោយ​ហេតុ​តែ​ដាច់​បណ្តាញ​អគ្គីសនី មុន​អាច​ភ្ជាប់​ឡើង​វិញ​បាន​។ ក្រោយ​ពី​បាន​ព្រមាន​កាលពី​ថ្ងៃសៅរ៍​អំពី​គ្រោះ​រីកសាយភាព​ជាតិ​វិទ្យុសកម្ម​និង​អគ្គីភ័យ​នៅ​រោង​ចក្រ​នុយក្លេអ៊ែរ​នេះប្រសិនបើ​មាន​ការ​វាយប្រហារ​គ្នា​ថ្មីទៀត នៅ​ថ្ងៃ​ចន្ទនេះ​ក្រុមហ៊ុន​អគ្គីសនី​អ៊ុយក្រែន Energoatom បាន​អះអាងតាម​បណ្តាញ​សង្គម​ថា មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្សាប៉ូរីចា ដំណើរ​ការ​ទាំង​រំលោភ​វិន័យ​សន្តិសុខ​ខាង​ផ្នែកសាយភាយ​វិទ្យុសកម្ម​និង​អគ្គីភ័យ។

​មាន​ផ្តុំ​ម៉ាស៊ីនប្រតិករ​ចំនួន៦ ក្នុង​ចំណោម​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​សរុប​​១៥​របស់​អ៊ុយក្រែន មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្សាប៉ូរីចា បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​កងទ័ព​រុស្ស៊ី​តាំងពី​ដើម​ខែ​មីនាមក ពោល​គឺ​ក្រោយ​ពីរុស្ស៊ី​​បាន​បើក​ប្រតិបត្តិការ​ចូល​ឈ្លានពាន​អ៊ុយក្រែន បាន​ប៉ុន្មាន​ថ្ងៃ។ ហើយ​ រោងចក្រមាន​ទីតាំង​​​ស្ថិត​នៅ​ជិត​សមរភូមិ​ប្រយុទ្ធ​ភាគ​ខាង​ត្បូង​​រវាង​កងកម្លាំង​រុស្ស៊ី​និង​អ៊ុយក្រែន​បំផុត។​ កៀវ​និង​មូស្គូ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ថា​បាន​បាញ់​ផ្លោង​និង​ទម្លាក់​គ្រាប់​បែក​ ដែល​អាច​នឹង​ប៉ះពាល់​ដល់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ