អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុបចង់កំណត់តម្លៃថាមពលនាំចូលពីរុស្ស៊ី តើរុស្ស៊ី ឬអឺរ៉ុបដែលនឹងពិបាកដកដង្ហើមជាងគេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដែល​បាន​ឈាន​ចូល​ជិត ៦ខែ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កញ្ញា​នេះ សហភាព​អឺរ៉ុប​ហាក់​មិន​បាន​បន្ធូរ​ដៃ​ដើម្បី​សង្កត់ ក រុស្ស៊ី​ទេ។ អ្វី​ដែល​សហភាព​អឺរ៉ុប​កំពុង​គិតគូរ​ពេល​នេះ គឺ​កំណត់​តម្លៃ​ថាមពល ពិសេស​តម្លៃ​ប្រេង និង​ឧស្ម័ន​ដែល​អឺរ៉ុប​ទិញ​ពី​រុស្ស៊ី។ តែ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​ព្រមាន​រួច​ហើយ​ថា បើ​សហភាព​អឺរ៉ុប​ហ៊ាន​ចាត់​វិធានការ​មួយ​នេះ លោក​នឹង​បិទ​រ៉ូប៊ីណេ​ប្រេង និង​ឧស្ម័ន រួម​ទាំង​ថាមពល​ផ្សេង​ទៀត​ដែល​រុស្ស៊ី​បាន​លក់​ទៅ​ឲ្យ​សហភាព​អឺរ៉ុប។

លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធាន​គណៈកម្មការ​អឺរ៉ុប។
លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធាន​គណៈកម្មការ​អឺរ៉ុប។ AP - Virginia Mayo
ផ្សាយពាណិជ្ជកម្ម

គម្រោង​កំណត់​តម្លៃ​ថាមពល​នាំ​ចូល​ពី​រុស្ស៊ី​ដែល​សហភាព​អឺរ៉ុប​កំពុង​គិតគូរ​ពេល​នេះ គឺ​ផ្តោត​សំខាន់​លើ​ឧស្ម័ន។ មាន​កម្មវត្ថុ​សំខាន់​ចំនួន​ពីរ​ដែល​សហភាព​អឺរ៉ុប​កំពុង​សម្លឹង​ឃើញ​ពី​ការ​កំណត់​តម្លៃ​ឧស្ម័ន។ កម្មវត្ថុទី១ គឺ​ទប់​កុំ​ឲ្យ​តម្លៃ​ឧស្ម័ន និង​តម្លៃ​ភ្លើង​អគ្គិសនី​ហក់​ឡើង​កាន់​តែ​ខ្លាំង​ថែម​ទៀត​នៅ​អឺរ៉ុប​ដែល​កំពុង​ប៉ះពាល់​ខ្លាំង​ដល់​ពលរដ្ឋ រួម​ទាំង​ក្រុមហ៊ុន រោងចក្រសហគ្រាស។ តាម​រយៈ​វិធានការ​មួយ​នេះ អឺរ៉ុប​ចង់​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ​ទៅ​លើ​ប្រេង និង​ឧស្ម័ន រួម​ទាំង​ជួយ​ទ្រទ្រង់​លើ​សកម្មភាព​របស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ដែល​ពឹង​ខ្លាំង​លើ​ឧស្ម័ន។

ចំណែក​កម្មវត្ថុ​សំខាន់​ទី២ គឺ​សំដៅ​កាត់​បន្ថយ​ប្រាក់​ចំណូល​របស់​រុស្ស៊ី​ដែល​បាន​ពី​ការ​លក់​ឧស្ម័ន​ឲ្យ​អឺរ៉ុប មាន​ន័យ​ថា រុស្ស៊ី​នឹង​ទទួល​បាន​ប្រាក់​ពី​ការ​លក់​ឧស្ម័ន​ឲ្យ​សហភាព​អឺរ៉ុប​តិច​ជាង​មុន។ គួរ​បញ្ជាក់​ថា នៅ​មុន​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន សហភាព​អឺរ៉ុប​បាន​នាំ​ចូល​ឧស្ម័ន​រុស្ស៊ី​រហូត​ដល់​ទៅ ៤០%។ តែ​សព្វថ្ងៃ​នេះ ឧស្ម័ន​រុស្ស៊ី​ដែល​អឺរ៉ុប​បាន​នាំ​ចូល​នៅ​សល់​ប្រមាណ​តែ ៩% ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ ដោយសារ​តែ​តម្លៃ​ឧស្ម័ន​បាន​ឡើង​ថ្លៃ​ខ្លាំង​ពេក ទឹកប្រាក់​ដែល​រុស្ស៊ី​ទទួល​បាន​ពី​ការ​លក់​ឧស្ម័ន​ឲ្យ​អឺរ៉ុប​នៅ​តែ​មាន​ច្រើន នោះ​បើ​ទោះ​បី​ជា​រុស្ស៊ី​លក់​បាន​ក្នុង​បរិមាណ​តិច​ជាង​មុន​ក៏​ដោយ។

ដូច្នេះ ផ្ទាំងស៊ីប​ថ្មី​មួយ​ទៀត​របស់​សហភាពអឺរ៉ុប​នៅ​ក្នុង​ទណ្ឌកម្ម​សង្កត់ ក រុស្ស៊ី គឺ​កំណត់​តម្លៃ​ឧស្ម័ន​រុស្ស៊ី​នៅ​ក្នុង​កម្រិត​ណា​មួយ​ដើម្បី​ទម្លាក់​ចំណូល​របស់​រុស្ស៊ី និង​ធ្វើ​ឲ្យ​រុស្ស៊ី​ខ្សត់​លុយ​ក្នុង​ការ​បន្ត​ធ្វើ​សង្រ្គាម​នៅ​អ៊ុយក្រែន។ តែ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​ព្រមាន​រួច​ហើយ​ថា បើ​អឺរ៉ុប​ហ៊ាន​ចាត់​វិធានការ​មួយ​នេះ លោក​នឹង​បិទរ៉ូប៊ីណេ​ថាមពល​ទាំង​ស្រុង មិន​ថា​ប្រេង ឬ​ឧស្ម័ន។

អឺរ៉ុប​គ្រោង​ឈប់​ទិញ​ឧស្ម័ន​រុស្ស៊ី​ទាំង​ស្រុង​នៅ​រង្វង់​ឆ្នាំ ២០២៣?

អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ដែល​អឺរ៉ុប​បាន​ទិញ​ឧស្ម័ន​ពី​រុស្ស៊ី និង​ដែល​រុស្ស៊ី​បាន​លក់​ឧស្ម័ន​ឲ្យ​អឺរ៉ុប។ ដូច្នេះ ការ​ឈប់​ទិញ ឬ​ការ​ឈប់​លក់​ទាំង​ស្រុង​មិនមែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​អឺរ៉ុប និង​សម្រាប់​រុស្ស៊ី។ មួយ​វិញ​ទៀត ឧស្ម័ន​ជា​ថាមពល​មួយ​មិន​ដូច​ថាមពល​ផ្សេង​ដែល​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន ព្រោះ​វា​ជា​វត្ថុ​ខ្យល់។ ការ​ដឹក​ជញ្ជូន​ឧស្ម័ន​មាន​ពីរ​របៀប គឺ​បង្ហូរ​តាម​បំពង់ និង​ដឹក​តាម​កប៉ាល់។ តែ​ដើម្បី​អាច​ដឹក​តាម​កប៉ាល់​បាន គេ​ត្រូវ​បំប្លែង​ទៅ​ជា​វត្ថុ​រាវ​ជា​មុន ហើយ​ត្រូវ​បំប្លែង​ជា​ឧស្ម័ន​វិញ​មុន​នឹង​យក​ទៅ​ប្រើ។ នេះ​ជា​និតិវិធី​មួយ​ស្មុគស្មាញ​ដែល​ត្រូវ​ចំណាយ​ពេល​យូរ និង​ចំណាយ​លុយ​ច្រើន។

ការ​ទិញ លក់​រវាង​អឺរ៉ុប និង​រុស្ស៊ី​ដែល​នៅ​ក្បែរ​គ្នា​ជា​រឿងងាយ​ស្រួល​ដោយ​ធ្វើ​ឡើង​តាម​បំពង់បង្ហូរ​លើ​ដី ឬ​តាម​បាតសមុទ្រ។ ដូច្នេះ​បើ​អឺរ៉ុប​ឈប់​ទិញ​ឧស្ម័ន​រុស្ស៊ី​ទាំង​ស្រុង ឬ​រុស្ស៊ី​ឈប់​លក់​ឲ្យ​អឺរ៉ុប​ទាំង​ស្រុង អឺរ៉ុប​ត្រូវ​ទិញ​ពី​អ្នក​ផ្សេង ហើយ​រុស្ស៊ី​ត្រូវ​លក់​ឲ្យ​អ្នក​ផ្សេង។ តែ​ចំណោត​នៅ​ត្រង់​ថា អឺរ៉ុប​ពិបាក​រក​ឧស្ម័ន​ពី​កន្លែង​ផ្សេង​ដើម្បី​ជំនួស​ឧស្ម័ន​រុស្ស៊ី ហើយ​រុស្ស៊ី​ក៏​ពិបាក​រក​ម៉ូយ​ផ្សេង​ដើម្បី​ជំនួស​ម៉ូយ​អឺរ៉ុប។ អ៊ីចឹង​ហើយ​បាន​ជា​ជំនួញ​ឧស្ម័ន​រវាង​អឺរ៉ុប និង​រុស្ស៊ី​កំពុង​បន្ត​មាន ទោះ​មាន​តិច​ជាង​មុន​ក៏​ដោយ។ អឺរ៉ុប​ដឹង​ថា ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ក្នុង​វិស័យ​ថាមពល​ធ្វើ​ឲ្យ​រុស្ស៊ី​ឈឺ​ចុកចាប់​ខ្លាំង ហើយ​រុស្ស៊ី​ក៏​ដឹង​ដែរ​ថា អឺរ៉ុប​ឈឺចាប់​ខ្លាំង​ដូច​គ្នា បើ​គ្មាន​ឧស្ម័ន​រុស្ស៊ី។

ទោះ​ជា​យ៉ាង​នេះ​ក្តី សេណារីយ៉ូ​ឈាន​ទៅ​គ្មាន​ឧស្ម័ន​រុស្ស៊ី​ទាំង​ស្រុង​របស់​អឺរ៉ុប​ប្រហែល​ជា​រឿង​ចៀស​មិន​រួច ព្រោះ​តាម​គម្រោង អឺរ៉ុប​គ្រោង​ឈប់​ពឹង​លើ​ឧស្ម័ន​រុស្ស៊ី​បន្តិច​ម្តងៗ​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២៣។ គួរ​រម្លឹក​ថា មាន​ថាមពល​ចំនួន ៣ប្រភេទ​ដែល​អឺរ៉ុប​បាន​ទិញ​ពី​រុស្ស៊ី គឺ​ឧស្ម័ន ប្រេង និង​ធ្យូងថ្ម។ ធ្យូងថ្ម​ត្រូវ​បាន​អឺរ៉ុប​ឈប់​ទិញ​តាំង​ពី​ខែ​សីហា ហើយ​ប្រេង​ត្រូវ​បាន​អឺរ៉ុប​គ្រោង​ឈប់​ទិញ​ប្រេង​ទាំង​ស្រុង​នៅ​ដំណាច់​ឆ្នាំ ២០២២ នេះ។ ដូច្នេះ គម្រោង​កំណត់​តម្លៃ​ឧស្ម័ន​រុស្ស៊ី​របស់​អឺរ៉ុប​ពេល​នេះ​ជា​វិធានការ​បន្ទាប់​ឈាន​ទៅ​ឈប់​ពឹង​លើ​ថាមពល​រុស្ស៊ី​ទាំង​ស្រុង​តែ​ម្តង។

អឺរ៉ុប​កំពុង​ថប់​ដង្ហើម​ខ្លួន​ឯង​ដោយ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី?

អ្វី​ដែល​ច្បាស់ អឺរ៉ុប​កំពុង​ជួប​វិបត្តិ​ថាមពល​ដែល​មាន​ទាំង​ការ​ខ្វះ​ភ្លើង​អគ្គិសនី និង​ការ​ខ្វះ​ឧស្ម័ន។ រឿង​ប្រេង​ប្រហែល​ជា​មិន​សូវ​ចោទ​ប៉ុន្មាន​ទេ ព្រោះ​អឺរ៉ុប​អាច​រក​ទិញ​ពី​អ្នក​ផ្សេង​បាន។ តែ​ចំណោត​ខ្លាំង​នៅ​ក្នុង​រឿង​ឧស្ម័ន​ដែល​អឺរ៉ុប​បាន​ពឹង​ខ្លាំង​លើ​រុស្ស៊ី។ នៅ​រដូវ​រងារ​ខាង​មុខ តម្រូវការ​ថាមពល​នឹង​កើន​ឡើង​ដោយសារ​តែ​ពលរដ្ឋ​ត្រូវ​ការ​ដើម្បី​ប្រើ​ម៉ាស៊ីនកម្តៅ​នៅ​ក្នុង​ផ្ទះ។ នេះ​ដោយ​មិន​គិត​ពី​តម្រូវការ​ថាមពល​របស់​រោងចក្រ សហគ្រាស​នៅ​ក្នុង​សង្វាក់​ផលិកម្ម​ទេ។ សម្រាប់​រដូវ​រងារ​ខាង​មុខ អឺរ៉ុប និង​ប្រទេស​អឺរ៉ុប​មិន​សូវ​ចំណោត​ក្នុង​រឿង​ខ្វះ​ឧស្ម័ន​ប៉ុន្មាន​ទេ ព្រោះ​អឺរ៉ុប​បាន​រហ័សរហួន​ទិញ​ឧស្ម័ន​ស្តុក​បាន​ច្រើន​នៅ​មុន​ពេល​កំណត់។

ជាមួយ​នឹង​ការ​បន្ត​ទិញ​ឧស្ម័ន​ពី​រុស្ស៊ី និង​ពី​ប្រទេស​ផ្សេង ការ​ស្តុក​ឧស្ម័ន​របស់​អឺរ៉ុប​ពេល​នេះ​មាន​កម្រិត​ជាង ៨០% ដែល​សឹង​គ្រប់គ្រាន់​សម្រាប់​ទប់ទល់​នឹង​រដូវ​រងារ​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ និង​ដើម្បី​បំពេញ​បន្ថែម​លើ​ការ​ខ្វះ​ថាមពល អឺរ៉ុប និង​ប្រទេស​អឺរ៉ុប​បាន និង​កំពុង​អំពាវនាវ​ឲ្យ​ប្រើ​ថាមពល​ដោយ​សន្សំសំចៃ។ ជាក់ស្តែង​ក្នុង​ប្រទេស​បារាំង ប្រធានាធិបតី​លោក​ម៉ាក្រុង​បាន​កំណត់​កម្មវត្ថុ​សន្សំសំចៃ​ថាមពល​ចំនួន ១០%។ នៅ​ក្នុង​ន័យ​នេះ លោក​ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស​ទាំង​អស់ មិន​ថា​រដ្ឋ ឬ​ឯកជន ពិសេស​គឺ​ពលរដ្ឋ​បារាំង​គ្រប់​រូប។

លោក​ម៉ាក្រុង​បាន​អះអាង​ដោយ​ព្រមាន​ថា ការ​កាត់​ភ្លើង​រយៈពេល​ខ្លី ឬ​វែង​នៅ​តាម​តំបន់​មួយ​ចំនួន ឬ​ការ​ដាក់​វេន​ចែកចាយ​ភ្លើង​រវាង​តំបន់​មួយ និង​តំបន់​មួយ​នៅ​រដូវ​រងារ​ខាង​មុខ​ជា​រឿង​មិន​អាច​ចៀស​រួច ប្រសិន​បើ​បារាំង​គ្មាន​ភ្លើងអគ្គិសនី​ប្រើ​គ្រប់គ្រាន់។ គេ​មិន​ដឹង​ថា តើ​ទណ្ឌកម្ម​អឺរ៉ុប​ប្រឆាំង​រុស្ស៊ី​ក្នុង​ឧស្ម័ន​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​ថប់​ដង្ហើម​ជាង​អ្នក​ណា​ទេ។ អ្វី​ដែល​គេ​កំពុង​មើល​ឃើញ អឺរ៉ុប​ហាក់​កំពុង​រង​ផលវិបាក​ពី​ទណ្ឌកម្ម​ដែល​បាន​ដាក់​លើ​រុស្ស៊ី​ក្នុង​វិស័យ​ថាមពល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ