អានតួអត្ថបទ
រុស្ស៊ី-ថាមពល-សង្គ្រាម​អ៊ុយក្រែន

៦ខែក្រោយ​​​សង្គ្រាម​​​អ៊ុយក្រែន​ រុស្ស៊ី​រក​ចំណូល​បាន​១៥៨ពាន់​លាន​ដុល្លារ ​ពីការ​លក់​ប្រេង-​ឧស្ម័ន-​​ធ្យូងថ្ម

ក្នុង​រវាង៦ខែចុងក្រោយ គិតចាប់ពីពេល​ដែលរុស្ស៊ីបាន​លើកទ័ពទៅធ្វើសង្គ្រាម​ឈ្លានពានអ៊ុយក្រែន គឺរុស្ស៊ីបានរកចំណូល​បានចំនួន ១៥៨ពាន់លានដុល្លារ ពី​ការលក់​ទំនិញវត្ថុធាតុដើម​ថាមពលហ្វូស៊ីល ដែលមានដូ​ចជាប្រេង ឧស្ម័ន និងធ្យូងថ្ម។ នេះគឺជាការអះអាង​លើកឡើង ក្នុងរបាយការណ៍​មួយ របស់មជ្ឈមណ្ឌលស្រាវជ្រាវ​ផ្នែក​​​ថាមពលនិង​ខ្យល់បរិសុទ្ធ ដែល​មានទីតាំងនៅ​ប្រទេសហ្វាំងឡង់ដ៍។ យោងតាមរបាយការណ៍នេះ អ្នកដែលបន្តទិញទំនិញថាមពល​ពីរុស្ស៊ីច្រើនបំផុតក្នុងរវាង៦ខែនេះ គឺ​សហភាពអឺរ៉ុប បើទោះបីជាអឺរ៉ុបបានដាក់ទណ្ឌកម្ម​លើ​រុស្ស៊ីក៏ដោយ​។

ទីតាំងស្តុក និងនាំប្រេងចេញ មួយកន្លែងរបស់​រុស្ស៊ី នៅកំពង់ផែ Novorossiisk
ទីតាំងស្តុក និងនាំប្រេងចេញ មួយកន្លែងរបស់​រុស្ស៊ី នៅកំពង់ផែ Novorossiisk AP - Sergei Guneyev
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌលស្រាវជ្រាវ​ ​ផ្នែក​ថាមពល និង​ខ្យល់បរិសុទ្ធ (CREA) បានលើកឡើងថា ដោយសារតែ​តម្លៃថាមពលបានឡើងថ្លៃខ្លាំង មានន័យថា រុស្ស៊ីបានរកចំណូល​បានយ៉ាងសន្ធឹក បើទោះបីជាទំហំនៃការនាំចេញ បានចុះថយក៏ដោយចុះ។ គិតចាប់ពី​ថ្ងៃទី​២៤កុម្ភៈ ថ្ងៃប្រកាសធ្វើសង្គ្រាម​នៅអ៊ុយក្រែន រុស្ស៊ីបានរកចំណូល​បានសរុប ចំនួន១៥៨ពាន់​លានដុល្លារ បានមកពី​ការលក់ប្រេង ឧស្ម័ន និងធ្យូងថ្ម។ ចំណូលនេះបានអនុញ្ញាតឲ្យ​រដ្ឋរុស្ស៊ី កើបប្រាក់ចំនួនយ៉ាងហោច ៤៣​ពាន់​​លានដុល្លារ ចូលហោប៉ៅ ដើម្បីទុកចំណាយ​ធ្វើសង្គ្រាមនៅអ៊ុយក្រែន។

របាយការណ៍របស់ CREA ស្តីពី​ប្រាក់ចំណូលរបស់រុស្ស៊ីក្នុងការនាំចេញទំនិញថាមពល

របាយការណ៍​បានឲ្យដឹងថា ក្នុងចំណោមអ្នកដែលបានទិញទំនិញថាមពលរុស្ស៊ីច្រើនបំផុត ក្នុងរវាង​៦ខែមកនេះ គឺសហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់ចំនួនប្រមាណ​៨៥ពាន់លានដុល្លារ។​ បន្ទាប់មកទៀតគឺមាន​ចិន តួកគី ឥណ្ឌា និងជប៉ុន​ជាដើម​។ នៅរវាងពីខែកក្កដា ដល់ខែ​សីហា ទំហំនាំ​ចេញប្រេង ឧស្ម័ន និង​ធ្យូងថ្មរបស់រុស្ស៊ី បានថយចុះចំនួន​២៥%មែន តែ​បើក្រឡេកទៅមើលប្រាក់ចំណូលរបស់រុស្ស៊ីវិញ គឺបានកើនឡើងចំនួន៣០%។​ ទំហំឧស្ម័ន ដែលរុស្ស៊ីនាំចេញ បានចុះថយដល់ទៅ៧០%ពិតមែន តែបើនិយាយពីចំណូលរកបាន​ពីការលក់ឧស្ម័នវិញ គឺនៅនឹង។ ទាំងនេះ គឺដោយសារតែតម្លៃ​ថាមពល​ឡើងថ្លៃខ្ពស់ នៅលើទីផ្សារអន្តរជាតិ​ មិនថាប្រេង ឬឧស្ម័ន​។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានសម្រេច ឈប់ទិញធ្យូងថ្ម​រុស្ស៊ីហើយ ចាប់ពីថ្ងៃទី​១០សីហា ក៏ប៉ុន្តែ​ឧស្ម័នវិញ​ គឺ អឺរ៉ុប​នៅមិនទាន់សម្រេចចិត្តទេ ដោយសារតែ​នៅត្រូវការខ្លាំង។ ជាលទ្ធផល​ ការនាំចេញ​ធ្យូងថ្មរបស់រុស្ស៊ីបានធ្លាក់ចុះយ៉ាងគំហុក ហើយរុស្ស៊ីមិនទាន់អាច​រកអតិថិជនផ្សេង មកជំនួសអឺរ៉ុប​បាននៅឡើយទេ។ ចំណែ​​ក​ប្រេងរបស់រុស្ស៊ីវិញ អឺរ៉ុបបានសម្រេច​ទណ្ឌកម្មជាដំណាក់ ដោយកាត់បន្ថយ​ការនាំចូកពីរុស្ស៊ីបន្តិចម្តងៗ។

យ៉ាងណាក៏ដោយ របាយការណ៍បានអំពាវនាវ ឲ្យក្រុមប្រទេសលោកខាងលិច ​រិះរកវិធី ដើម្បី​រិតបន្តឹង ទណ្ឌកម្មលើការនាំចេញ​ប្រេងរបស់រុស្ស៊ី ដើម្បី​កុំ​ឲ្យ​វាអាច គេច​ចេញ​បានពីសំណាញ់ទណ្ឌកម្មបានដោយ​ងាយ​​។ អ្នកស្រាវជ្រាវអះអាងថា បច្ចុប្បន្ននេះ សំណាញ់ទណ្ឌកម្មរបស់​​មហាអំណាចលោកខាងលិច​ មានក្រឡាធំៗ ងាយ​ស្រួល​គេចរបូត​ណាស់ ដោយ​រុស្ស៊ីនៅតែអាចនាំចេញ​ទៅកាន់​ប្រទេសផ្សេងទៀត។ របាយការណ៍​បាន​លើកជាអនុសាសន៍មួយចំនួន ដូចជា អឺរ៉ុបត្រូវតែ​ហាមឃាត់ កុំឲ្យ​គេយក​នាវា​ និងកំពង់ផែរបស់អឺរ៉ុប យកទៅបំរើដល់ការ​ដឹកជញ្ជូនប្រេងរបស់រុស្ស៊ី​។ ដូចគ្នាដែរ អង់គ្លេស ត្រូវតែពិចារណា ហាមឃាត់​វិស័យ​ធានារ៉ាប់រងរបស់ខ្លួន ឲ្យ​ឈប់រកស៊ីជាមួយ​វិស័យ​ដឹកជញ្ជូន​ប្រេង របស់រុស្ស៊ីតទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ