អានតួអត្ថបទ
អឺរ៉ុប-ថាមពល

ប្រទេស​អឺរ៉ុប​សន្យារួមគ្នា​ កាត់​បន្ថយ​​ការប្រើប្រាស់​ឧស្ម័ន ដើម្បី​ជួយ​​អាល្លឺម៉ង់

ប្រឈមនឹងបញ្ហាខ្វះឧស្ម័នប្រើប្រាស់ ដោយសារតែ​ក្រុមហ៊ុនGazprom របស់រុស្ស៊ីបានសម្រេច​កាត់​បន្ថយជាខ្លាំងនូវការផ្គត់ផ្គង់ ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុប បានស្រុះស្រួល​គ្នា កាលពីថ្ងៃអង្គារម្សិលមិញ សន្យារួមគ្នាកាត់បន្ថយ​ សន្សំសំចៃការប្រើប្រាស់ឧស្ម័ន ឲ្យ​បាន១៥%។ ការសន្យារួមគ្នាកាត់បន្ថយនេះ គឺដើម្បីជួយ​ប្រទេសអាល្លឺម៉ង់ ដែលប្រឈមនឹងបញ្ហានេះខ្លាំងជាង​ ព្រោះអាល្លឺម៉ង់រំពឹងខ្លាំងបំផុតទៅលើ​ឧស្ម័នបង្ហូរមកពីរុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងថាមពលនៃប្រទេសសមាជិកសហភាពអឺរ៉ុប កំពុងជជែកគ្នា ស្តីអំពីផែនការ​កាត់បន្ថយ​ការប្រើប្រាស់ឧស្ម័ន ។ ក្រុងព្រុចសែល ថ្ងៃទី ២៧ កក្កដា ២០២២
រដ្ឋមន្ត្រីក្រសួងថាមពលនៃប្រទេសសមាជិកសហភាពអឺរ៉ុប កំពុងជជែកគ្នា ស្តីអំពីផែនការ​កាត់បន្ថយ​ការប្រើប្រាស់ឧស្ម័ន ។ ក្រុងព្រុចសែល ថ្ងៃទី ២៧ កក្កដា ២០២២ AP - Virginia Mayo
ផ្សាយពាណិជ្ជកម្ម

នៅរដូវរងារខាងមុខនេះ អឺរ៉ុបអាចនឹងជួបបញ្ហា​ខ្វះឧស្ម័នប្រើ ដោយសារតែ​ក្រុមហ៊ុនGazprom របស់រុស្ស៊ីបានសម្រេចកាត់បន្ថយ​ នៅសល់តែ២០%ប៉ុណ្ណោះ នៃបរិមាណឧស្ម័ន​ដែលផ្គត់ផ្គង់មកអឺរ៉ុប។ លោក Jozef Sikela រដ្ឋមន្ត្រីក្រសួងថាមពលសាធារណរដ្ឋឆេក បាន​លើកឡើងថា ប្រទេសសមាជិកអឺរ៉ុប បានបង្ហាញការសាមគ្គីគ្នា ដើម្បីដោះស្រាយ​បញ្ហាវិបត្តិថាមពល។ យោងតាមលោក Jozef Sikela ការប្រជុំចរចាគ្នា កាលពីថ្ងៃអង្គារទី​២៦កក្កដា មានភាពតានតឹងជាខ្លាំង។ តែទីបំផុត​ប្រទេសសមាជិកអឺរ៉ុបបានសន្យាថានឹង រួមគ្នាកាត់បន្ថយ សន្សំសំចៃ ឲ្យបាន​១៥%នៃការប្រើប្រាស់ឧស្ម័នរួម។

ដោយឡែក ប្រទេសហុងគ្រី គឺជាប្រទេសតែមួយគត់ ដែលបានជំទាស់នឹងវិធានការកាត់បន្ថយការប្រើ​ប្រាស់ឧស្ម័ន​នេះ ដោយបានចាត់ទុកថា វាជាវិធានការគ្មានប្រសិទ្ធភាព ហើយមិនអាចអនុវត្តមាន។​ តែយ៉ាងណា វិធានការនេះ ត្រូវបាន​ក្រុមប្រទេសអឺរ៉ុបបោះឆ្នោត​ទទួលយក ដោយ​សម្លេងភាគច្រើនដាច់ខាត។

លោកស្រី Ursula Von der Layen ប្រធានគណកម្មការអឺរ៉ុប បានសំដែងការអបអរ ដែលក្រុមប្រទេសសមាជិកអឺរ៉ុប យល់ព្រមទទួលយក​វិធានការ ដែល​ស្ថាប័ន​លោកស្រីបានស្នើ ក្នុងការកាត់បន្ថយ​ការប្រើប្រាស់ឧស្ម័ន ចំនួន​១៥%។ យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ប្រទេសទាំងអស់ ត្រូវប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព កាត់បន្ថយ​ការប្រើប្រាស់ចាប់ពីខែ​សីហាខាងមុខ រហូតដល់ខែមីនាឆ្នាំក្រោយ។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះ បាន​ចែងកំណត់នូវករណីលើកលែងមួយចំនួន។ ក្នុងករណី​ដែលកង្វះឧស្ម័ន​កាន់តែចោទខ្លាំងឡើង នោះ​យន្តការកាត់បន្ថយ​ នឹងក្លាយជា​កាតព្វកិច្ចដែលប្រទេសសមាជិកទាំងអស់ត្រូវគោរព។

គួរបញ្ជាក់ថា បញ្ហាខ្វះឧស្ម័នប្រើប្រាស់នៅអឺរ៉ុប គឺមានកម្រិតមិនដូចគ្នាទេ ពីប្រទេសមួយទៅប្រទេសមួយ។ ជាក់សស្តែង​បារាំង និងអេស្ប៉ាញ ដែល​មិនរំពឹងខ្លាំងលើឧស្ម័នរុស្ស៊ី មានស្តុកគ្រប់គ្រាន់ដើម្បីប្រើប្រាស់។ ដោយឡែក អាល្លឺម៉ង់វិញ កំពុងប្រឈមខ្លាំងជាងគេ ព្រោះបច្ចុប្បន្នអាល្លឺម៉ង់នៅបន្តទិញឧស្ម័នពីរុស្ស៊ីចំនួន ៣៥%នៃតម្រូវការរបស់ខ្លួន​។ តែយ៉ាងណា ការសាមគ្គីរបស់​ក្រុមប្រទេសអឺរ៉ុប គឺសំដៅជួយអាល្លឺម៉ង់ ដែលជា​កម្លាំងចលករនៃសេដ្ឋកិច្ចអឺរ៉ុប​។​

លោក​ Robert Habeck រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ បានទទួលស្គាល់ថា អាល្លឺម៉ង់បានគិតខុសកាលពីអតីតកាល​ ធ្វើឲ្យ​ខ្លួនជាប់អន្ទាក់ រំពឹងខ្លាំង​លើប្រភព​ថាមពលរបស់​រុស្ស៊ី​។ តែយ៉ាងណាលោកអះអាងថា អាល្លឺម៉ង់នឹងប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ឲ្យ​បានលើស​ពី​១៥%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ