អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិថាមពល៖ហេតុអ្វី​បាន​ជា​អឺរ៉ុបចង់ធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យ​ថាមពល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន​បាន​ថ្លែង​សុន្ទរកថា​នយោបាយ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​សភា​អឺរ៉ុប​នា​ថ្ងៃ​ពុធ ទី១៤ កញ្ញា។ សុន្ទកថា​របស់​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន​បាន​ធ្វើ​ឡើង ខណៈ​ដែល​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កំពុង​បន្ត និង​ចំ​ពេល​ដែល​អឺរ៉ុប​កំពុង​ជួប​វិបត្តិ​ថាមពល។ នៅ​ក្នុង​សុន្ទរកថា ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​លើក​ឡើង​នូវ​ប្រធានបទ​ជា​ច្រើន ក្នុង​នោះ​មាន​គម្រោង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​នៅ​លើ​វិស័យ​មួយ​ចំនួន ពិសេស​ទីផ្សារ​ថាមពល។ ដោយឡែក​ក្នុង​ថ្ងៃ​ពុធ​នេះ​ដែរ លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន​បាន​ថ្លែង​សុន្ទរកថា​នយោបាយ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​សភា​អឺរ៉ុប​នា​ថ្ងៃ​ពុធ ទី១៤ កញ្ញា។
ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន​បាន​ថ្លែង​សុន្ទរកថា​នយោបាយ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​សភា​អឺរ៉ុប​នា​ថ្ងៃ​ពុធ ទី១៤ កញ្ញា។ AP - Jean-Francois Badias
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ឡើង​កាន់​តំណែង​ប្រធាន​គណៈកម្មការ​អឺរ៉ុប នេះ​ជា​លើកទី៣ ដែល​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន​បាន​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​សភា​អឺរ៉ុប។ គ្រាន់​តែ​ថា ការ​ថ្លែង​លើក​នេះ​របស់​លោកស្រី​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​មួយ​ខុស​ពី​លើក​មុន។ កាល​ពី​មួយ​ឆ្នាំ​មុន គឺ​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​ឆ្លង​សកល​កូវីដ១៩ ហើយ​ពេល​នេះ គឺ​នៅ​ក្នុង​បរិបទ​មួយ​ដែល​សង្រ្គាម​បាន​ផ្ទុះ​ឡើង​នៅ​អឺរ៉ុប​តាម​រយៈ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ដូច​គ្រប់​គ្នា​បាន​ដឹង​រួច​ហើយ​ថា សង្រ្គាម​មួយ​នេះ​បាន និង​កំពុង​បន្ត​ជះ​ផលវិបាក​ខ្លាំង​ដល់​ពិភពលោក ពិសេស​នៅ​ផ្ទៃក្នុង​អឺរ៉ុប។ វិបត្តិ​ដែល​អឺរ៉ុប​កំពុង​ជួប​ប្រទះ​ខ្លាំង​ជាង​គេ គឺ​វិបត្តិ​ថាមពល ពិសេស​ការ​ខ្វះ​ភ្លើង​អគ្គិសនី និង​ការ​ខ្វះ​ឧស្ម័ន​ប្រើប្រាស់។

នេះ​ក៏​ដោយសារ​តែ​អឺរ៉ុប​ដែល​បាន​ពឹង​ខ្លាំង​លើ​ថាមពល​រុស្ស៊ី ពិសេស​ឧស្ម័ន​បាន​កាត់​បន្ថយ និង​គ្រោង​បញ្ឈប់​ការ​នាំ​ចូល​ប្រេង និង​ឧស្ម័ន​រុស្ស៊ី​ទាំង​ស្រុង​នា​ពេល​ខាង​មុខ។ នៅ​ក្នុង​សុន្ទករថា​ជិត ១ម៉ោង លោកស្រី​វ៉ុនឌែរ ឡេយែន​បាន​សន្យា​ធ្វើ​កំណែទម្រង់​ទាំង​ស្រុង និង​ស៊ីជម្រៅ​លើ​ទីផ្សារ​អគ្គិសនី។ បន្ទាប់​មក លោកស្រី​វ៉ុនឌែរ ឡេយែន​បាន​លើក​ឡើង​ពី​ការ​បង្កើត​ឲ្យ​មាន​ស្តុក​យុទ្ធសាស្រ្ត​នូវ​វត្ថុធាតុ​ដើម និង​ការ​ទិញ​បន្ថែម​នូវ​យន្តហោះ​ចំនួន ១០គ្រឿង រួម​ទាំង​ឧទ្ធម្ភាគចក្រ​ចំនួន ៣គ្រឿង​សម្រាប់​ប្រើ​នៅ​ក្នុង​អន្តរាគមន៍​ជួយ​ពន្លត់​អគ្គីភ័យ ពិសេស​ភ្លើង​ឆេះព្រៃ​នៅ​ក្នុង​ប្រទេស​សមាជិក​អឺរ៉ុប។

គួរ​បញ្ជាក់​ថា​ថ្មីៗ​កន្លង​ទៅ អឺរ៉ុប​បាន​បញ្ជូន​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ពន្លត់​អគ្គីភ័យ​ពី​ប្រទេស​ក្រិក ស៊ុយអែត ឬ​អ៊ីតាលី​ឲ្យ​ទៅ​ជួយ​ពន្លត់​ភ្លើង​ឆេះព្រៃ​ក្នុង​ប្រទេស​បារាំង និង​អាល្លឺម៉ង់។

អាទិភាព​លើ​ថាមពល​អ៊ីដ្រូសែន

អ្វី​ដែល​អឺរ៉ុប​ចង់​បាន​នៅ​ក្នុង​វិស័យ​ថាមពល គឺ​ការ​ពន្លឿន​ឆ្ពោះ​ទៅ​រក​ថាមពល​កកើត​ឡើង​វិញ ឬ​ហៅ​ថាមពល​មិន​ចេះ​រីងស្ងួត។ នៅ​ក្នុង​សំណុំរឿង​នេះ គណៈកម្មការ​អឺរ៉ុប​ធ្លាប់​បាន​បង្ហាញ​ចេញ​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​នូវ​ផែនការ​មួយ​ដែល​មាន​ឈ្មោះ​ថា « RePower EU »។ តាម​រយៈ​ផែនការ​មួយ​នេះ អឺរ៉ុប​ចង់​បង្វែរ​ពី​ថាមពល​ដែល​ពឹង​លើ​ប្រេង ឧស្ម័ន ឬ​ឥន្ធនៈ​ផូស៊ីល​ទៅ​ជា​ថាមពល​ស្អាត ឬ​ហៅ​ថាមពល​បៃតង​ដែល​មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដូច​ជា​ថាមពល​ព្រះអាទិត្យ ឬ​ថាមពល​បាន​ពី​កង្ហារយក្ស​ជា​ដើម។ តាម​ពិត ការ​គិតគូរ​រឿង​ថាមពល​ស្អាត​របស់​អឺរ៉ុប​មិនមែន​ជា​រឿង​ថ្មី​ទេ។ គ្រាន់​តែ​ថា សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ដាស់តឿន និង​រុញ​អឺរ៉ុប​ឲ្យ​បង្កើន​ល្បឿន​កាន់​តែ​លឿន​ជាង​មុន។

នៅ​ក្នុង​ន័យ​នេះ លោកស្រី​វ៉ុនឌែរ ឡេយែន​បាន​ឲ្យ​អាទិភាព​លើ​ថាមពល​អ៊ីដ្រូសែន​ដែល​ជា​ថាមពល​បៃតង ឬ​ហៅ « អ៊ីដ្រូសែន​បៃតង »។ ដើម្បី​កសាង​អនាគត​ទីផ្សារ​ថាមពល​អ៊ីដ្រូសែន​បៃតង លោកស្រី​វ៉ុនឌែរ ឡេយែន​បាន​ប្រកាស​បង្កើត​ធនាគារ​ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះ « ធនាគារ​អភិវឌ្ឍ​អ៊ីដ្រូសែន​បៃតង » និង​គ្រោង​ដាក់​ទុន​ទុនវិនិយោគ​ចំនួន ៣ ០០០លានអឺរ៉ូ។ តាម​រយៈ​ធនាគារ​អភិវឌ្ឍ​អ៊ីដ្រូសែន​បៃតង​នេះ អឺរ៉ុប​ចង់​ផលិត​អ៊ីដ្រូសែន​បៃតង​ឲ្យ​បាន​១០លានតោន​ក្នុង​មួយ​ឆ្នាំ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០។

ដោយឡែក​នៅ​ក្នុង​បញ្ហា​តម្លៃ​អគ្គិសនី​ឡើង​ថ្លៃ​ខ្ពស់​នៅ​អឺរ៉ុប​សព្វថ្ងៃ លោកស្រី​វ៉ុនឌែរ ឡេយែន​មិន​ញញើត​នឹង​វាយប្រហារ​លើ​ក្រុមហ៊ុន​ផលិត​អគ្គីសនី​ដែល​បាន​ឆ្លៀត​ដំឡើង​ថ្លៃ​ភ្លើង​មិន​សមហេតុសមផល។ តាម​លោកស្រី​វ៉ុនឌែរ ឡេយែន ថ្លៃ​ផលិត​អគ្គិសនី​កកើត​ឡើង​វិញ​មាន​តម្លៃ​ទាប តែ​ក្រុមហ៊ុន​បាន​លក់​ចេញ​ក្នុង​តម្លៃ​ខ្ពស់​ខ្លាំង។ ទង្វើ​របៀប​នេះ​ត្រូវ​បាន​លោកស្រី​វ៉ុនឌែរ ឡេយែន​ហៅ​ជា​ការ​ឆ្លៀតឱកាស​ពី​សង្រ្គាម និង​ជា​ការ​កេងចំណេញ​លើ​ខ្នង​អ្នក​ប្រើ​អគ្គិសនី។

បង្កើត​ស្តុក​យុទ្ធសាស្រ្ត​សម្រាប់​វត្តុធាតុដើម​យុទ្ធសាស្រ្ត

មាន​វត្ថុធាតដើម​យុទ្ធសាស្រ្ត​ចំនួន​ពីរ​មុខ​ដែល​លោកស្រី​វ៉ុនឌែរ ឡេយែន​ចង់​ឲ្យ​អឺរ៉ុប​ចង់​បង្កើត​ឲ្យ​មាន​ស្តុកយុទ្ធសាស្រ្ត គឺ​លោហៈកម្រ និង​លីចូម។ កម្មវត្ថុ​នៃ​ការ​បង្កើត​ឲ្យ​មាន​ស្តុកយុទ្ធសាស្រ្ត​នូវ​វត្ថុធាតុ​ដើម​ទាំង​ពីរ​នេះ គឺ​ដើម្បី​បញ្ជៀស​ពី​ការ​ខ្វះ​ខាត និង​ពី​ការ​ពឹង​លើ​អ្នក​ដទៃ​ដូច​ដែល​អឺរ៉ុប​បាន​ពឹង​លើ​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី។ គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន ចិន​ជា​អ្នក​គ្រប់គ្រង​លើ​ការ​ផ្គត់ផ្គង់​លោហៈកម្រ និង​លីចូម​ភាគ​ច្រើន​ឲ្យ​ពិភពលោក ពោល​ដូច​គ្នា​នឹង​រុស្ស៊ី​ដែល​បាន​ផ្គត់​ឧស្ម័ន​ភាគ​ច្រើន​ឲ្យ​អឺរ៉ុប។

លោកស្រី​វ៉ុនឌែរ ឡេយែន​បាន​បញ្ជាក់​ថា​នា​ពេល​ឆាប់ៗ លោហៈកម្រ និង​លីចូម​ជា​ផលិតផល​ដែល​នឹង​សំខាន់ ចាំ​បាច់ និង​ត្រូវការ​ជាង​ប្រេង និង​ឧស្ម័ន​ទៅ​ទៀត។ តាម​ប្រធាន​គណៈកម្មការ​អឺរ៉ុប​រូប​នេះ​ដដែល តម្រូវការ​លោហៈកម្រ​នៅ​អឺរ៉ុប​នឹង​គុណ​មួយ​ជា​ប្រាំ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០។ ដូច្នេះ​វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​អឺរ៉ុប​ត្រូវ​គិតគូរ​ពី​ការ​ស្វែង​រក​ការ​ផលិត និង​ការ​ស្តុកទុក​ដោយ​ខ្លួន​ឯង​នូវ​វត្ថុធាតុដើម​យុទ្ធសាស្រ្ត​ទាំង​ពីរ​នេះ។ តែ​លោកស្រី​វ៉ុនឌែរ ឡេយែន​មិន​ភ្លេច​រម្លឹក​ថា​សព្វថ្ងៃ​នេះ ចិន​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​លោក​ដែល​គ្រប់គ្រង​សឹង​ផ្តាច់​មុខ​លើ​ទីផ្សារ​លោហៈកម្រ និង​លីចូម។

សូម​រម្លឹក​ថា លីចូម​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​សម្រាប់​ផលិត​អាគុយអគ្គិសនី ហើយ​លោហៈកម្រ​ប្រើ​សម្រាប់​ផលិត​បន្ទះឈីប អេក្រង់ LCD ឬ​មួយ​ក៏​ឧបករណ៍​យោធា​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ