អានតួអត្ថបទ
អឺរ៉ុប-ឧស្ម័ន

អឺរ៉ុប​ ៖ ហ្កាស​ អគ្គីសនី បន្តឡើង​ថ្លៃ​ រដូវ​រងារ​ត្រូវ​យ៉ាប់​យឺន​ខ្លាំង

តម្លៃ​ឧស្ម័ន​ (ហ្កាស) បន្ត​ហក់​ឡើង​ ជា​លំដាប់​និង​ជា​រៀងរាល់​ថ្ងៃ ហាក់​ដូច​ជា​គ្មាន​អ្វី​អាច​ទប់​បាន​ទេ នៅ​ចំពោះ​មុខ​ស្ថានភាព​បច្ចុប្បន្ន។ គ្មាន​ការ​នាំចូល​ពី​រុស្ស៊ី អឺរ៉ុប​ពេល​នេះ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ ក្នុង​ការ​ប្រមូល​ទិញ​ឧស្ម័នយក​​មក​បំរុង​ទុក​ ឱ្យ​បាន​គ្រប់គ្រាន់។ ប្រទេស​ខ្លះ​ដូច​យ៉ាង​អាល្លឺម៉ង់​ ដែលធ្លាប់​​រំពឹង​ខ្លាំង​លើ​ឧស្ម័ន​រុស្ស៊ី អាច​នឹង​ជួប​ការ​ខ្វះខាត ដោយ​ដុបៗ​ផង នៅ​រដូវ​រងារ​ខាង​មុខ។

តម្លៃ​ហ្កាស និង​អគ្គីសនី នៅអឺរ៉ុប បន្ត​ឡើង​ថ្លៃ​ កប់ពពក
តម្លៃ​ហ្កាស និង​អគ្គីសនី នៅអឺរ៉ុប បន្ត​ឡើង​ថ្លៃ​ កប់ពពក © REUTERS
ផ្សាយពាណិជ្ជកម្ម

អឺរ៉ុបជាពិសេស​អាល្លឺម៉ង់កំពុង​ប្រឹងទាំង​ឈឺចាប់​​ផ្តាច់​​ឧស្ម័ន​រុស្ស៊ី​ ដែលក្លាយ​ជា​មធ្យោបាយ​ដាក់​សម្ពាធគ្នា​ក្នុង​បរិបទ​​នៃ​សង្គ្រាម​នៅអ៊ុយក្រែន​។ ​នៅទីបំផុត​ ហ្កាស​បាន​ឡើង​ថ្លៃ​កប់ពពក​។

២៤៩​អឺរ៉ូ ក្នុង​មួយ​MWh។ នេះ​ជា​តម្លៃ​ឧស្ម័ន​ នៅថ្ងៃ​សុក្រ​ទី ១៩​សីហា វេលា​ម៉ោង ១១និង​៥០នាទី​ ម៉ោង​សកល ទល់​នឹង​២៤១​អឺរ៉ូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ពោល​គឺ​ជា​តម្លៃ​ដ៏​ខ្ពស់​បំផុត គិត​ចាប់​ពី​ទីផ្សារ​ហ្កាសអឺរ៉ុប​ជួប​​​​​ភាព​ជ្រួលច្របល់​បង្ក​ឡើង​ដោយ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅអ៊ុយក្រែន ដែល​បុក​តម្លៃ​ឧស្ម័ន​ឱ្យ​ឡើង​ដល់​៣៤៥​អឺរ៉ូ​ម្តង​កាលពី​ថ្ងៃទី ៧ មីនា​២០២២មក។

ចាប់​ពី​ថ្ងៃ​ទី ១​តុលា​ទៅ នៅអាល្លឺម៉ង់ ​​សហគ្រាស​និង​អតិថិជន​ទូទៅ​ត្រូវ​បង់​ថ្លៃ​​ ២,៤សេនបន្ថែម​ទៀត​ក្នុង​១KWh។ ជាង​នេះទៅទៀត បើ​តាមប្រមុខ​ដឹកនាំ​​ភ្នាក់ងារ​គ្រប់គ្រង​ថាមពល​អាល្លឺម៉ង់ លោក Klaus Müller ប្រទេស​គ្មាន​ឧស្ម័ន​បំរុង​ទុក​តាម​ផែនការ​កំណត់ដោយ​រដ្ឋាភិបាល​ទេ។ ដូច្នេះ​តំបន់​ខ្លះ នឹង​ត្រូវ​ខ្វះ​ឧស្ម័ន​ប្រើ​នៅ​រដូវ​រងារ​ខាង​មុខ ហើយ​​រដូវ​រងារ​​ឆ្នាំ​បន្ទាប់​នឹង​កាន់​តែ​លំបាក​ខ្លាំង​ទៀត។

បើ​ហ្កាស​ឡើង​ថ្លៃ ភ្លើង​ក៏​ឡើង​ថ្លៃ​តាមដែរ ដោយ​ស្វ័យប្រវត្តិ ព្រោះ​តម្លៃ​គោលនៃ​អគ្គីសនី​​គិត​ផ្អែក​ទៅ​​លើ​ចំណាយ​របស់​រោងចក្រ​​អគ្គីសនីដើរដោយ​ហ្កាស (និង​ធ្យូងថ្ម)។ ​ម្យ៉ាង​វិញ​ទៀត ដោយ​ពុំ​សូវ​មាន​ខ្យល់ ឧស្សាហកម្ម​ថាមពល​ខ្យល់​ (Eolien) ផលិត​អគ្គីសនី​បាន​តិច​ជាង​ធម្មតា​ បាន​មកចូល​រួម​ចំណែក​​ទាញ​តម្លៃ​ភ្លើង​ឱ្យ​ឡើង​ថ្លៃ​ដែរ។

ទន្ទឹម​ពេល​ជាមួយ​គ្នា កត្តា​អាកាសធាតុ​ក្តៅហួតហែង​ខ្លាំង បានកំរិត​ការ​​ផលិត​អគ្គីសនី​ ព្រោះ​​​មេឃ​ក្តៅពេកប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​បញ្ចុះ​កម្តៅ​របស់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ និង​ការ​ដឹកជញ្ជូន​ធ្យូងថ្មទៅ​កាន់​រោងចក្រ​អគ្គីសនី។ តាម​ទម្លាប់​ រដូវ​ក្តៅជាពេល​​ដែល​អឺរ៉ុប​ប្រើ​ថាមពលអស់​​តិច​ខ្លាំង ប៉ុន្តែ​ឆ្នាំ​នេះ ក្តៅ​ខ្លាំង អឺរ៉ុប​​ត្រូវការ​ភ្លើងច្រើន​​កាន់​ច្រើន​ដើម្បី​បញ្ចេះ​ម៉ាស៊ីនត្រជាក់​ និង​កង្ហារ។ ជា​លទ្ធផល​តម្លៃ​អគ្គីសនី​នាំ​ចូល​ នៅអាល្លឺម៉ង់​បាន​ឡើង​ដល់​៥០០​អឺរ៉ូ ក្នុង​មួយ​MWh​ ទល់​នឹង​ប្រមាណ​ជាង​៣០០អឺរ៉ូ​បន្តិច កាលពី​ដើម​ខែ​កក្កដា២០២២។ នេះ​អាច​ចាត់​ទុក​ថា​ជា​វិបត្តិ​ថាមពល​ដ៏​​ធំ​ជាង​គេ​បំផុត​នៅអឺរ៉ុប​ គិត​តាំងពី​ប៉ុន្មាន​ទស​វត្សរ៍​ចុងក្រោយមក​។ នេះ​បើ​តាម​អ្នក​វិភាគរបស់​ក្រុមយុទ្ធសាស្ត្រ​អឺរ៉ុប​Mirabaud៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ