ហេតុអ្វីប្រធានាធិបតីអាមេរិក ប្រឹងសំអិតសំអាងភាពជាដៃគូជាមួយអាហ្វ្រិកខាងត្បូង ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៩
នៅថ្ងៃសុក្រទី ១៦កញ្ញា ក្នុងឱកាសទទួលស្វាគមន៍ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូហ្សា Cyril Ramaphosaនៅសេតវិមាន លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានលើកសរសើរអំពីភាពជាដៃគូដ៏ចាំបាច់រវាងប្រទេសទាំងពីរ។ អាហ្វ្រិកខាងត្បូងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដែលក៏ចង់រឹងចំណងទំនាក់ទំនងជាមួយប្រទេសអាហ្វ្រិកខាងត្បូង និងជាមួយអាហ្វ្រិកជាទូទៅដែរ។ ប៉ុន្តែជំនួបពិភាក្សារវាងប្រមុខដឹកនាំទាំងពីរ មិនអាចឈូសឆាយអស់នូវគំនិតខ្វែងគ្នាជុំវិញសង្គ្រាមនៅអ៊ុយក្រែនទេ។
បន្ទាប់ពីបានសរសើរអាហ្វ្រិកខាងត្បូង ជាប្រទេសដ៏ល្អស្អាត និងបានរំលឹកឡើងវិញពីការតស៊ូប្រឆាំងនឹងចលនាប្រកាន់ពូជសាសន៍Apartheid កាលលោកនៅជាសមាជិកព្រឹទ្ធសភាមក លោកបៃដិន ដែលមានលោក ស៊ីរីល រ៉ាម៉ាហ្វូហ្សា អង្គុយក្បែរ បានប្រកាស ថា “យើងត្រូវប្រាកដក្នុងចិត្តថាយើងយល់ពីគ្នា”។ ជាទូទៅឃ្លាបែបនេះ មានន័យថា មានចំណុចខ្វែងគ្នាដែលត្រូវលើកយកមកជជែកវែកញែក ដើម្បីបំភ្លឺគ្នានៅក្នុងកិច្ចប្រជុំ។
នៅចំពោះមុខអ្នកសារព័ត៌មាន ប្រមុខដឹកនាំរដ្ឋទាំងពីរ បានបង្ហាញឆន្ទៈចង់ពង្រឹងពង្រីក ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលអាមេរិកមានក្រុមហ៊ុនជាង៦០០រួចទៅហើយនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ បើតាមប្រធានាធិបតីអាហ្វ្រិកខាងត្បូង កិច្ចសន្ទនាជាមួយលោកចូបៃដិន ក៏មានផ្តោតផងដែរ ទៅលើបញ្ហាស្ថិរភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងកិច្ចសន្យាលម្អិតទាក់ទងនឹងជំនួយ៨៥០០លានដុល្លារសម្រាប់អាហ្វ្រិកខាងត្បូងធ្វើអន្តរកាលថាមពល ឈានទៅផ្តាច់ខ្លួនពីការប្រើប្រាស់ធ្យូងថ្ម ទៅរកថាមពលស្អាត។
ប៉ុន្តែក្រៅអំពីសំណុំរឿងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងកិច្ចសហប្រតិបត្តិការល្អពេលប្រឈមនឹងជំងឺរាតត្បាតសកលកូវីដ១៩ មានដំរីមួយក្បាលក្នុងបន្ទប់ប្រជុំ មកបាំង។ នៅអាហ្វ្រិក គេប្រើពាក្យថាដំរី គឺសំដៅលើរុស្ស៊ី។ អាហ្វ្រិកខាងត្បូង ក៏ដូចជាបណ្តាប្រទេសនៅលើទ្វីបអាហ្វ្រិកជាច្រើនផ្សេងទៀត មិនបានបញ្ចេញសំឡេងគាំទ្រសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិថ្កោលទោសរុស្ស៊ីដែលបើកប្រតិបត្តិការយោធា ចូលឈ្លានពានអ៊ុយក្រែនទេ។
រុស្ស៊ីនិងចិន ជាចំណុចរសើប
ក្រោយពីបានជួបពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិក និងបានចាប់ដៃគ្នាយ៉ាងរលាក់ដ៏ស្និទ្ធស្នាលមក លោក ស៊ីរីល ម៉ារ៉ាហ្វូហ្សា បានបញ្ជាក់ថា លោកបាន ជជែកអំពីបញ្ហារុស្ស៊ីជាមួយបៃដិនក្នុងជំនួបដ៏វិជ្ជមាននិងប្រកបដោយផ្លែផ្កា ដោយរំលឹកថា អាហ្វ្រិកខាងត្បូងមិនប្តូរជំហរទេ។ លោកបៃដិន ត្រូវគោរពសេចក្តីសម្រេចរបស់អាហ្វ្រិកខាងត្បូង នៅជា “អព្យាក្រិត្យ” ដែលមិនតម្រឹមខ្លួន ទៅកាន់ជើងខាងណា។
តាំងពីរុស្ស៊ីចាប់វាយប្រហារយោធាចូលឈ្លានពានអ៊ុយក្រែនភ្លាម អាហ្វ្រិកខាងត្បូង ធ្លាប់បានអះអាងជាច្រើនលើករួចហើយ ថាមិនព្រមស្ថិតក្រោមសម្ពាធរបស់លោកខាងលិច ក្នុងការថ្កោលទោសរបបដឹកនាំរបស់លោកពូទីនទេ ព្រោះសេចក្តីសម្រេចចិត្តថ្ងៃនេះ មានមូលហេតុរបស់វា។ គេមិនអាចបំភ្លេចអតីតកាលនិងមេរៀនប្រវត្តិសាស្ត្របានឡើយ។ អាហ្វ្រិកខាងត្បូងមិនភ្លេចការគាំទ្ររបស់សហភាពសូវៀត ក្នុងការលុបបំបាត់របបApartheid ដែលក្រុមមហាអំណាចលោកខាងលិចបានបណ្តោយឱ្យរីកដុះដាល។ នេះបើតាមការពន្យល់របស់រដ្ឋមន្ត្រីក្រសួងការបរទេសអាហ្វ្រិកខាងត្បូង កាលពីខែសីហា ពេលលោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិកអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីនោះ។
ជាងនេះទៅទៀត លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានឆ្លៀតរិះគន់ គម្រោងច្បាប់ ដែលសភាអាមេរិកកំពុងសិក្សា សំដៅចាត់ទុកសកម្មភាពរុស្ស៊ីនៅអាហ្វ្រិកថាជាគ្រោះថ្នាក់។ សម្រាប់ លោក ស៊ីរីល ម៉ារ៉ាហ្វូហ្សា ប្រសិនបើអាមេរិកអនុម័តគម្រោងច្បាប់នេះមែន នោះអាហ្វ្រិកនឹងមានអារម្មណ៍ ជាជនរងគ្រោះ ព្រោះតែមានរុស្ស៊ីជាដៃគូរបស់អាហ្វ្រិក។ វាពិតជាអយុត្តិធម៌ណាស់ ដែលអាមេរិកមកដាក់ទណ្ឌកម្មប្រទេសនៅអាហ្វ្រិកដែលមានទំនាក់ទំនងជាមួយមូស្គូនោះ។ នេះបើតាមការអះអាងរបស់លោក ម៉ារ៉ាហ្វូហ្សាដដែល។
អាហ្វ្រិកទទួលឥទ្ធិពលនយោបាយនិង យោធា របស់រុស្ស៊ីកាន់តែខ្លាំងហើយ ថែមទាំងបានចងក្រងសម្ព័ន្ធភាពសេដ្ឋកិច្ចជាមួយចិនទៀត។ អាហ្វ្រិកខាងត្បូងជាពិសេស មានទំនាក់ទំនងល្អណាស់ជាមួយចិន។ តែបទពិសោធន៍នៃទំនាក់ទំនងចិន-អាហ្វ្រិក ក៏មានទស្សនៈវិស័យវិជ្ជមាន និងអវិជ្ជមានដែរ។ ដូច្នេះហើយបានជាសហរដ្ឋអាមេរិក ចាប់មានផែនការសម្រុកផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយអាហ្វ្រិក។
អាមេរិកចង់ពង្រឹងការទូតនៅអាហ្វ្រិក
លោក ចូបៃដិន មិនទាន់ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅទ្វីបអាហ្វ្រិកនៅឡើយទេ គិតចាប់តាំងលោកបានក្លាយជាប្រធានាធិបតីអាមេរិកមក ប៉ុន្តែលោកបានផ្តួចផ្តើមគំនិត រៀបចំបើកជំនួបកំពូលអាមេរិក-អាហ្វ្រិកនៅ ខែធ្នូ ចុងឆ្នាំ នៅវ៉ាស៊ីនតោន ដើម្បីបានជួបមេដឹកនាំនៃបណ្តាប្រទេសនៅអាហ្វ្រិក។ ដើម្បីអាចសម្រេចបំណងការទូតនេះបាន អាមេរិកត្រូវការ និងត្រូវតែនិយាយដោយត្រង់ទៅត្រង់មកជាមួយមហាអំណាចរបស់ទ្វីបអាហ្វ្រិក គឺអាហ្វ្រិកខាងត្បូង។
មានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេ អាហ្វ្រិកខាងត្បូងជាជម្រើសដ៏ប្រពៃជាងគេបំផុតដែលអាមេរិកត្រូវតែយកចិត្តទុកដាក់ និងសំអិតសំអាងទំនាក់ទំនង។ ខុសពីរដ្ឋបាលអាមេរិកមុន លោកបៃដិន ផ្តល់ការរាប់អាន និងភាពរាក់ទាក់ខ្លាំងជាមួយអ្នកទទួលខុសត្រូវអាហ្វ្រិកខាងត្បូង។ ហើយកាន់តែកម្រទៅទៀត គឺក្រោយពីបានជួបពិភាក្សាគ្នារួច លោកបៃដិន បានជូនដំណើរភ្ញៀវ ត្រលប់ទៅវិញ រហូតដល់មាត់ទ្វារឡាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ