លោកស្រីគ្លីនតុនអញ្ជើញទៅអាហ្វ្រិកដើម្បីជួយជំរុញអភិវឌ្ឍប្រជាធិបតេយ្យ ពាណិជ្ជកម្ម និងសន្តិសុខ
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកស្រីហ៊ីល្លារី គ្លីនតុន បានចាប់បំពេញទស្សនកិច្ចនៅល្ងាចថ្ងៃអង្គារនៅប្រទេសសេណេហ្កាល់។ ទស្សនកិច្ចចំនួន១១ថ្ងៃនៅទ្វីបអាហ្វ្រិករបស់លោកស្រីគ្លីនតុនក្នុងគោលបំណង ជួយជំរុញអភិវឌ្ឍ ប្រជាធិបតេយ្យ ពាណិជ្ជកម្ម និងសន្តិសុខ នៅក្នុងទ្វីបមួយដែលកំពុងតែទទួលរងការវាយលុកក្នុងវិស័យសេដ្ឋកិច្ចដោយប្រទេសចិន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:៣៥
ក្រោយពីទីក្រុងដាការនៃប្រទេសសេណេហ្កាល់ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកស្រីហ៊ីល្លារី គ្លីនតុន ត្រូវអញ្ជើញទៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអ៊ូហ្កង់ដា ប្រទេសកេនយ៉ា ម៉ាឡាវី ប្រទេសអាហ្វ្រិកខាងត្បូង និងចុងក្រោយបំផុតប្រទេសហ្កាណានៅថ្ងៃទី១០សីហា ដើម្បីចូលរួមពិធីបុណ្យសពរបស់ប្រធានាធិបតីហ្កាណាដែលបានចូលមរណភាពនៅពេលថ្មីៗនេះ។
នៅទីក្រុងដាការនៃប្រទេសសេណេហ្កាល់ លោកស្រីប្រមុខការទូតអាមេរិកអញ្ជើញមកទះដៃជួយអបអរនឹងជោគជ័យរបស់លោក Macky Sall ដែលបានឈ្នះឆ្នោតកាលពីខែមីនាកន្លងទៅនៅចំពោះមុខការប្រកួតប្រជែងជាមួយលោក Abdoulaye Wade ដែលបានកាន់កាប់តំណែងប្រធានាធិបតីនៅប្រទេសសេណេហ្កាល់តាំងពីឆ្នាំ២០០០។ ទីក្រុងវ៉ាស៊ីនតោនត្រេកអរណាស់ដែលមានប្រទេសសេណេហ្កាល់ជាដៃគូដ៏មានប្រសិទ្ធិភាព ហើយនិងជាប្រទេសអាហ្វ្រិកមួយដែលប្រើភាសាបារាំង។
លោកស្រីគ្លីនតុនត្រូវមានជំនួបពិភាក្សាជាមួយ លោក Macky Sall នៅថ្ងៃពុធនេះ មុននឹងត្រូវឡើងថ្លែងសុន្ទរកថាមួយនៅមហាវិទ្យាល័យ Cheikh Anta Diop de Dakar ។ ប្រទេសសេណេហ្កាលតែងបានត្រូវគេកោតសរសើរពីគំរូប្រជាធិបតេយ្យដ៏កម្រនៅទ្វីបអាហ្វ្រិក ជាពិសេសនៅអាហ្វ្រិកប៉ែកខាងលិចដែលតែងតែកើតមានវិបត្តិនយោបាយឬរដ្ឋប្រហារ។
នៅទ្វីបអាហ្វ្រិក សហរដ្ឋអាមេរិកចង់សង្កត់បញ្ជាក់បង្ហាញឲ្យឃើញពីសារៈសំខាន់នៃការពង្រឹងស្ថាប័នប្រជាធិបតេយ្យ ហើយនិងការអភិវឌ្ឍន៍សកម្មភាពពាណិជ្ជកម្ម។ លោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ាធ្លាប់បានថ្លែងប្រាប់រួចហើយកាលពីខែមិថុនាកន្លងទៅពីយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍នៅទ្វីបអាហ្វ្រិក។
ក៏ប៉ុន្តែយុទ្ធសាស្ត្រអាមេរិកត្រូវប្រឈមទល់នឹងមហិច្ឆតារបស់ប្រទេសចិននៅអាហ្វ្រិក។ ទីក្រុងប៉េកាំងទើបនឹងបានប្រកាសឲ្យដឹងថា គេនឹងគុណទ្វេឥណទានចិននៅអាហ្វ្រិកឲ្យកើនឡើងដល់២០ពាន់លានដុល្លារ។ គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០០៩មក ប្រទេសចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មទីមួយរបស់ទ្វីបអាហ្វ្រិក។ ការដោះដូរពាណិជ្ជកម្មកាលពីឆ្នាំទៅបានស្ទុះកើនឡើងដល់កម្រិតឯតទគ្គកម្មពោលគឺដល់១៦៦,៣ពាន់លានដុល្លារ ឬបានកើនឡើងប្រមាណ៨៣% បើប្រៀបផ្ទឹមទៅនឹងឆ្នាំ២០០៩។ នេះបើយោងតាមតួលេខរបស់ទីក្រុងប៉េកាំង។
នៅថ្ងៃព្រហស្បតិ៍ លោកស្រីគ្លីនតុនត្រូវអញ្ជើញទៅប្រទេសស៊ូដង់ខាងត្បូង ដោយឆ្លងកាត់តាមប្រទេសអ៊ូហ្កង់ដា។ ប្រទេសស៊ូដង់ខាងត្បូងជារដ្ឋក្មេងខ្ចីជាងគេក្នុងលោក ដែលទើបនឹងបានប្រារព្ធបុណ្យខួបឯករាជ្យឆ្នាំទី១របស់ខ្លួន នៅថ្ងៃទី៩កក្កដាកន្លងទៅថ្មីៗនេះ។ លោកស្រីប្រមុខការទូតអាមេរិកត្រូវជួបពិភាក្សាជាមួយលោកប្រធានាធិបតី Salva Kiir ដើម្បីបញ្ជាក់បង្ហាញឲ្យឃើញនូវការគាំទ្ររបស់ស.រ.អា ហើយនិងការជំរុញឲ្យមានកិច្ចចរចារវាងប្រទេសស៊ូដង់ទាំងពីរជាបងប្អូន ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ហើយនិងបញ្ហាប្រេងកាត។ សូមបញ្ជាក់ថា ប្រទេសស៊ូដង់ទាំងពីរជាបងប្អូនមានបញ្ហាជម្លោះព្រំដែន ហើយនិងការបែងចែកសម្បត្តិធម្មជាតិ ដូចជាប្រេងកាតជាដើម។
បន្ទាប់ពីប្រទេសស៊ូដង់ខាងត្បូង លោកស្រីគ្លីនតុនត្រូវអញ្ជើញប្រទេសអ៊ូហ្កង់ដា ទោះបីជានៅទីនោះកំពុងកើតមានជម្ងឺបង្កឡើងមេរោគ អេបូឡា ក៏ដោយ។ បន្ទាប់មកទៀត លោកស្រីត្រូវអញ្ជើញទៅប្រទេសកេនយ៉ា ដើម្បីនិយាយពីបញ្ហាបោះឆ្នោតនៅឆ្នាំ២០១៣។ បន្ទាប់មកទៀត លោកស្រីប្រមុខការទូតអាមេរិកត្រូវអញ្ជើញទៅប្រទេសម៉ាឡាវី ហើយនិងប្រទេសអាហ្វ្រិកខាងត្បូងពីថ្ងៃទី៥សីហា ដល់ថ្ងៃទី៩សីហា ដោយមានជំនួបពិភាក្សាជាមួយលោកតា ណែលសុន ម៉ង់ដែឡា។ ហើយដំណើរទស្សនកិច្ចចុងក្រោយនៅថ្ងៃទី១០សីហានៅប្រទេសហ្កាណាដើម្បីចូលរួមពិធីបុណ្យសពរបស់លោកប្រធានាធិបតី John Evans Atta Mills៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ