អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក​បរាជ័យ​ក្នុង​ការសាកល្បង វ៉ាក់សាំង ប្រឆាំង​មេរោគអេដស៍ នៅអាហ្វ្រិកខាងត្បូង

អាជ្ញាធរ​សុខភាព​អាមេរិក បាន​ប្រកាស កាល​ពី​ថ្ងៃ​ចន្ទទី ៣​កុម្ភៈ  ពី​ការបញ្ឈប់ ការងារ​សាកល្បង ចាក់វ៉ាក់សាំង ប្រឆាំង ជំងឺអេដស៍ ដែល​បាន​ចាប់ផ្តើម ធ្វើឡើង តាំង​ពី​ឆ្នាំ ២០១៦  នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង។ តាម​អាជ្ញាធរ​អាមេរិកាំង គេ​បាន​សម្រេច បិទបញ្ចប់ កម្មវិធី សាកល្បង វ៉ាក់សាំង ដោយសារ​តែ វាក់សាំង​គ្មាន​ប្រសិទ្ធិភាព ជួយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការចម្លង​មេរោគអេដស៍ នៅក្នុង​ចំណោម​អ្នកស្ម័គ្រចិត្ត ដែល​បាន​ទទួល​ចាក់វ៉ាក់សាំង នៅ​អាហ្វ្រិក ខាងត្បូង។ 

វ៉ាក់សាំង​ប្រឆាំង​មេរោគអេដស៍​ដែល​គេ​ធ្វើតេស្តសាកល្បង​នៅអាហ្វ្រិកខាងត្បូង នៅថ្ងៃទី ៣០​វិច្ឆិកា ២០១៦
វ៉ាក់សាំង​ប្រឆាំង​មេរោគអេដស៍​ដែល​គេ​ធ្វើតេស្តសាកល្បង​នៅអាហ្វ្រិកខាងត្បូង នៅថ្ងៃទី ៣០​វិច្ឆិកា ២០១៦ ©MUJAHID SAFODIEN / AFP
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​អាមេរិកាំង ដែល​ជាអ្នក​ឧបត្ថម្ភ ហិរញ្ញវត្ថុ​សម្រាប់​កម្មវិធី​សាកល្បង វ៉ាក់សាំងនៅ​អាហ្វ្រិកខាងត្បូង បាន​សំដែង​ការសោកស្តាយ ដែល​កម្មវិធី ធ្វើតេស្ត​សាកល្បង វ៉ាក់សាំង​ប្រឆាំង​ជំងឺអេដស៍​ទទួល​បរាជ័យ ។

តាម​ប្រធាន​វិទ្យាស្ថាន​ជាតិអាមេរិកាំង​នៃ​ជំងឺឆ្លង លោក Anthony Fauci វ៉ាក់សាំង ប្រឆាំង​ជំងឺអេដស៍ សំខាន់​សម្រាប់​លុបបំបាត់​ជំងឺអេដស៍​ពីលើ​ផែនដី។ គេ​ធ្លាប់​សង្ឃឹម​ថា វា​នឹង​អាចជួយ​ឲ្យ​គេ​សម្រេច​គោលដៅ​នេះបាន។ ប៉ុន្តែ ភ័ព្វសំណាងមិនល្អ វ៉ាក់សាំងដែល​គេ​បាន​សាកល្បង មិនអាច​ទប់ស្កាត់​ការចម្លង​​មេរោគអេដស៍​បាននោះទេ។

អាហ្វ្រិកខាងត្បូង ដែល​មាន​ចំនួន​អ្នកឆ្លងមេរោគអេដស៍​ខ្ពស់ជាងគេ​នៅក្នុង​ពិភពលោក​បាន​ស្ម័គ្រចិត្ត​ចូលរួម ​នៅក្នុង​គម្រោងសាកល្បង​វ៉ាក់សាំង ប្រឆាំង​ជំងឺអេដស៍ នៅ​ឆ្នាំ ២០១៦។ ការធ្វើតេស្ត​សាកល្បង វ៉ាក់សាំង​បាន​ធ្វើឡើង​នៅទីតាំង​ចំនួន ១៦ ក្នុង​ប្រទេស​អាហ្វ្រិកខាងត្បូង។ ប្រជាជន​អាហ្វ្រិកខាងត្បូង ប្រុស ស្រី ជាង ៥៤០០​នាក់ អាយុ ពី ១៨ ទៅ ៣៥ឆ្នាំ ដែល​គ្មាន​មេរោគអេដស៍ សោះ បាន​ស្ម័គ្រចិត្តចូលរួម​ក្នុង​កម្មវិធី​ធ្វើតេស្ត​សាកល្បងវ៉ាក់សាំង​របស់វិទ្យាស្ថានជាតិ​អាមេរិកាំង​នៃ ជំងឺរាតត្បាត។

តេស្ត​សាកល្បង​ធ្វើ​ឡើង​ទៅលើ​ក្រុមមនុស្ស ២ប្រភេទ ដែល​សកម្មខ្លាំង ក្នុង​ទំនាក់ទំនង​ផ្លូវភេទ។ ពួកគេ​មួយ​ក្រុម​បានទទួល​វ៉ាក់សាំងចំណែក​មួយក្រុមទៀត បាន​ទទួល​ការចាក់ថ្នាំ Placebo ៦ដង ក្នុង​រយៈពេល ១៨ខែ។

នៅ ១៨ខែ​ក្រោយទទួល​វាក់សាំង ក្រុមការងារ​របស់​គម្រោង​អាមេរិកាំង ចាប់​វិភាគលើ​ទិន្នន័យដើម្បីចង់ដឹង ថា តើ​វ៉ាក់សាំងអាច​ជួយ​ផលិត អង់ទីករ​ការពារ​មេរោគ​អេដស៍​ដែរឬទេ។ ជា​អកុសល គេ​រកឃើញថា ​មនុស្ស ដែល​បាន​ទទួល​វាក់សាំង ចំនួន ១២៩នាក់ បាន​ឆ្លង​មេរោគ​អេដស៍ ចំណែក ក្នុង​ចំណោម​មនុស្ស​ដែល​បាន​ទទួល​ការចាក់ថ្នាំ Placebo មាន​១២៣​នាក់​​បាន​ឆ្លងមេរោគអេដស៍។ គឺ​លទ្ធផល​អវិជ្ជមាន ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​អាមេរិកាំង ដែល​ជាអ្នករៀបចំ​កម្មវិធី​ធ្វើតេស្តសាកល្បង សម្រេច​បញ្ឈប់​ជា​បន្ទាន់ ការធ្វើតេស្ត​សាកល្បង នៅ​ប្រទេស​អាហ្វ្រិកខាងត្បូង។

សម្រាប់ អាជ្ញាធរ​អាមេរិក ទោះជា​ការសាកល្បង លើកនេះ បរាជ័យ ប៉ុន្តែ ការស្រាវជ្រាវ​ស្វែងរក​វាក់សាំង​ប្រឆាំង​មេរោគអេដស៍​នៅតែបន្តទៀត។ ដើម្បី​ស្វែងរក​វាក់សាំង ប្រឆាំង​មេរោគអេដស៍ កម្មវិធី​តេស្តសាកល្បង វាក់សាំង​ប្រភេទៗផ្សេងទៀត ក្រៅពី HVTN 702 របស់​អាមេរិក កំពុង​ធ្វើ​នៅ​ភាគខាងត្បូង​ទ្វីបអាហ្វ្រិក នៅ​អាមេរិកខាងជើង អាមេរិក​ខាងត្បូង និង​អឺរ៉ុប​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ