អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាមអ៊ុយក្រែន ៖ លោក ពូទីន ប្រកាស​កេណ្ឌ​ទ័ព៣សែន​នាក់ទៅ​ជួយច្បាំង​នៅ​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃពុធ​ទី ២១​កញ្ញា ២០២២​នេះ លោកប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀ ពូទីន បានចុះ​ហត្ថលេខា​លើ​ក្រិត្យ​មួយ​​ប្រកាស​កេណ្ឌទ័ព​​ មួយ​ភាគ​មក​ជួយបំពេញ​កាតព្វកិច្ច “​ធ្វើ​ប្រតិបត្តិការ​យោធា​ពិសេស​នៅអ៊ុយក្រែន”។ សេចក្តីប្រកាស​នេះធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយ​ការ​ប្រកាស​ធ្វើ​ប្រជាមតិ​ភ្ជាប់​តំបន់​ភាគ​ខាង​កើត​និង​ខាង​ត្បូង​អ៊ុយក្រែន​ជាមួយ​រុស្ស៊ី។ ហើយ​ជាមួយ​នឹង​ការ​គំរាម​​ប្រើគ្រប់​មធ្យោបាយ “ពោល​គឺ​​​នុយក្លេអ៊ែរ” ដើម្បីការពារ​ប្រទេស​រុស្ស៊ី លោក​ពូទីន បាន​ចោទ​អូតង់​ថា​ជាដើមហេតុ​នាំ​ឱ្យ​មាន​​ចំណាប់​ថ្នូរនុយក្លេអ៊ែរ។ 

លោក ពូទីន ប្រកាស​កេណ្ឌ​ទ័ព៣សែន​នាក់ទៅ​ជួយច្បាំង​នៅ​អ៊ុយក្រែន​​ ក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ
លោក ពូទីន ប្រកាស​កេណ្ឌ​ទ័ព៣សែន​នាក់ទៅ​ជួយច្បាំង​នៅ​អ៊ុយក្រែន​​ ក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ AP
ផ្សាយពាណិជ្ជកម្ម

លោកប្រធានាធិបតី ពូទីន គ្រោង​​​​ថ្លែង​សុន្ទរកថាទៅ​កាន់​ប្រជាជាតិ​រុស្ស៊ី​ តាមកញ្ចក់​ទូរទស្សន៍ នៅយប់​មិញ​ទេ ប៉ុន្តែទំនង​ដោយ​ភាព​សំខាន់​ខ្លាំង​នៃ​ខ្លឹមសារ ទើប​លោក​សម្រេច​ចិត្ត​ធ្វើ​​នៅព្រឹកថ្ងៃទី ២១​កញ្ញា​វិញ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​រុស្ស៊ី​ទាំង​អស់ ទាំង​អ្នក​នៅភាគ​ខាងកើត​បំផុតនៃ​ប្រទេស​​ អាច​ស្តាប់​និង​ទទួល​ព័ត៌មាន​បាន​ទន្ទឹម​ពេល​គ្នានឹង​អ្នក​រស់​នៅក្នុង​រដ្ឋធានី​មូស្គូ។

នៅក្នុង​សុន្ទរកថា លោក​ពូទីន បាន​ព្រលយ​បែប​គំរាមកំហែង ថា​រុស្ស៊ី​ត្រៀម​ជា​ស្រេច​នឹង​ប្រើគ្រប់​មធ្យោបាយ​ (​អាវុធ​នុយក្លេអ៊ែរ) ដើម្បីតប​ត​​​ប្រឈម​នឹង​ក្រុម​លោក​ខាង​លិច​ -​អូតង់​ ដែល​​មាន​​ចង់​បំផ្លាញ​រុស្ស៊ី ដូច​បាន​បំផ្លាញ​សហភាព​សូវៀត។ ហើយ​លើក​នេះមិន​មែន​ជា​ពាក្យ​បំផ្លើស​បំភ័យ​ទេ​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ពូទីន ដោយ​ថែម​ទាំង​បាន​ប្រកាស​ កេណ្ឌទ័ព​ចំនួន​បីសែន​នាក់ ដើម្បី​​បំប៉ន​កម្លាំង​ក្នុងការ​​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន។

គ្រប់​ពលរដ្ឋ​រុស្ស៊ីពេញ​វ័យ​ ​ជា​ទ័ព​បម្រុង ធ្លាប់​បាន​បម្រើក្នុង​ជួរ​កងទ័ព និង​ដែល​មាន​បទពិសោធន៍​យោធា ត្រូវកេណ្ឌ​យក​ទៅ​ធ្វើ​ជា​កម្លាំង​ ​ពង្រឹង​ និងយាម​ខ្សែ​សមរភូមិ​ជួរ​ក្រោយ។ បើ​តាម​លោក​ពូទីន ​​រុស្ស៊ី​ចាំ​បាច់​ត្រូវ​ការ​កម្លាំងជួយការពារ​ ព្រោះ​សមរភូមិ​ប្រយុទ្ធ​ជួរ​មុខ ​នៅ​ភាគ​ខាង​ត្បូង​និង​ខាង​កើត​ប្រទេស​អ៊ុយក្រែន ឡើង​​វែង​ប្រមាណ​ជាង​១ពាន់​គីឡូម៉ែត្រ។

កេណ្ឌទ័ព​មួយភាគ ?

ក្រិត្យ​កេណ្ឌ​ទ័ពដែលលោក​ពូទីន​បាន​ចុះ​ហត្ថលេខារួច​ហើយ ត្រូវ​​ចូល​ជា​ធរមាន​​ភ្លាមចាប់​ពី​ថ្ងៃពុធ​ទី ២១​កញ្ញា​នេះ​តែ​ម្តង។

មាន​​ពាក្យ​ចចាមអារាម​និយាយ​អំពី​ការ​កេណ្ឌទ័ព​ទូទៅ​ ទូទាំង​ប្រទេសផង បើ​តាមប្រសាសន៍​របស់​លោក​ពូទីននេះ​គ្រាន់​តែ​​ជា​ការ​កេណ្ឌ​ទ័ព​ តែ​មួយ​ភាគប៉ុណ្ណោះ។ ​មួយ​ភាគ​ដែល​ត្រូវ​នឹង​ចំនួន​បីសែន​នាក់ តំណាង​ឱ្យ​​ប្រមាណតែ​ជាង​​​​១%​នៃ​ចំនួន​ពលរដ្ឋ​បម្រុង​ដែល​រុស្ស៊ី​អាច​កេណ្ឌយក​មក​កាន់អាវុធ​បាន។ បើកេណ្ឌ​ទូទាំង​ប្រទេស រុស្ស៊ី​មាន​សក្តានុពល​អាច​កេណ្ឌ​ទ័ព​សរុបបាន​​ចំនួនដល់​ទៅ​ ២៥​លាន​នាក់។ នេះ​បើ​​តាម​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។

ប៉ុន្តែ​ សម្រាប់​ពេល​នេះ​ លោក​ពូទីន មិនអាច​ប្រើ​ពាក្យ​កេណ្ឌទ័ព​ទូទៅ​​បាន​ទេ ព្រោះ​បើ​តាម​បច្ចេកទេស ការ​កេណ្ឌទ័ព​ធ្វើ​ឡើង​លុះ​ណា​តែ​ប្រទេស​មាន​សង្គ្រាម និង​ចេញ​ធ្វើ​សង្គ្រាម។ តែ​តាំងពី​ដំបូង​ឡើង​លោក​ពូទីន​បាន​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​ខ្លួន ថា រុស្ស៊ី​ បើក “​ប្រតិបត្តិការ​យោធាពិសេសនៅអ៊ុយក្រែន” ដើម្បី​រំដោះ​ប្រជាពលរដ្ឋ​ជា​បងប្អូន​ពី​កណ្តាប់​ពួក​ណាហ្ស៊ី​បែប​ថ្មី​តែ​ប៉ុណ្ណោះ។ មិន​ដែលប្រើ​ឡើយពាក្យ​ថា ធ្វើ​សង្គ្រាម។

​​មួយ​រយៈ​ចុងក្រោយ​នេះ កង​កម្លាំង​រុស្ស៊ី ហាក់​ទន់​ដៃ ចុះ​ខ្សោយ គ្មាន​តុល្យការ​ថ្មី​ល្អ​ប្រសើរ​ទេ។ និយាយ​ឱ្យ​ចំ​កងទ័ព​រុស្ស៊ី​បាន​ចាញ់​នៅ​លើ​សមរភូមិ ហើយ​មិន​អាច​រើស​ទ័ព​ថ្មី​មក​ជួយ​បាន​ទេ។ កា​រ​​បាត់​បង់​ជីវិតទាហាន​លើ​សមរភូមិ​ក៏​អស់​ច្រើន។ ជា​លើក​ទី​មួយ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ផ្តល់​តួលេខ​ថា​មាន​ទាហាន​រុស្ស៊ី ៥៩៣៧​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅក្នុង​សមរភូមិ​អ៊ុយក្រែន តែតិច​ជាង​ការ​ពិត​ឆ្ងាយ​ណាស់​​បើ​តាម​អ៊ុយក្រែន​និង​បស្ចិមលោក​។

ពីប្រតិបត្តិការ​យោធា​ទៅ​សង្គ្រាម​រវាង​រុស្ស៊ី​និង​អូតង់ ?

ទន្ទឹម​នឹង​ការ​ប្រកាស​កេណ្ឌទ័ព លោក​ពូទីន​បាន​បញ្ជាក់​គាំទ្រ​ការ​​ធ្វើ​ប្រជាមតិ​នៅ​តំបន់​ភាគ​កើត​និង​ខាង​ត្បូង​អ៊ុយក្រែន។ ព្រឹត្តិការណ៍​ពីរ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា ការ​បើក​ផ្លូវឱ្យ​មាន​ការ​ប្រយុទ្ធតតាំង​ខ្លាំង​ឡើង​វិញ​ និងជា​​ការ​ពន្លឿន​ប្រតិបត្តិការ​យោធានៅអ៊ុយក្រែន ឱ្យប្តូរ​ទម្រង់​ទៅ​​ជា​សង្គ្រាមនៅ​​​រុស្ស៊ី។

គំនិត​ចង់​រៀប​ចំធ្វើ​ប្រជាមតិភ្ជាប់​តំបន់​ភាគ​ខាង​កើត​និង​ខាង​ត្បូង​អ៊ុយក្រែន ដែល​ស្ថិត​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី ទៅ​​ជា​ដែនដី​ក្នុង​សហព័ន្ធ​រុស្ស៊ី បាន​លេច​ឡើង​យូរ​មក​ហើយ ដោយ​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៤វិច្ឆិកា ដែល​ត្រូវ​​​ចំថ្ងៃ​បុណ្យ​ “ទិវាបង្រួបបង្រួម​ប្រជាជនរុស្ស៊ី”​ ខាង​មុខ​ឯណោះ។ ប៉ុន្តែ​ក្រុម​មេដឹកនាំ​និយម​រុស្ស៊ី នៅភាគ​ខា​ង​ត្បូង​និង​ខាង​កើត​អ៊ុយក្រែន ស្រាប់​តែ​ពន្លឿន​ពេលវេលា​មក​ប្រកាស​ធ្វើ​នៅ​ថ្ងៃ​ខាន​ស្អែក (២៣-២៧​កញ្ញា​)នេះ​វិញ យ៉ាង​​ទាន់​ហន់ និង​ហាក់​ដូច​ជា​មិន​បាន​ព្រាង​ទុក​ជាមុន​ផង។ ដូច្នេះ​វា​ពិត​ជា​មិនមែន​រឿង​ចៃដន្យ​ទេ។

បើ​តាម​អ្នក​ជំនាញ Alexander Baunov ដ៏ល្បីល្បាញ​នៅវិទ្យាស្ថាន​Carnegie លោក​ពូទីន​ ទំនង​ចង់ឃើញលទ្ធផលចាញ់​ឈ្នះនៃ​​​ “​ប្រតិបត្តិការ​យោធាពិសេស” ឱ្យ​បាន​ឆាប់​បំផុត ក្នុង​បំណង​ធំ​មួយ គឺ​ប្តូរ​ផ្លាស់​ទម្រង់​នៃ​ជម្លោះ​នៅអ៊ុយក្រែន​។

គំនិត​បែប​នេះ ត្រូវ​បាន​បណ្តុះ​និង​លូត​លាស់​ខ្លាំង ក្រោយ​ពី​មាន​ជំនួប​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ កាលពី​សប្តាហ៍​មុន នៅអ៊ូសបេគីស្ថាន។ កាលណោះ​ ដៃគូ​ជា​ច្រើន​របស់​រុស្ស៊ី មាន​ជាអាទិ៍​ប្រមុខ​ដឹកនាំ​ឥណ្ឌា និង​តួកគី បាន​ប្រាប់​លោក​ពូទីន​ដោយ​ផ្ទាល់ថា​មិន​មែនជា​ពេល​ត្រូវ​ធ្វើ​សង្គ្រាម ទើប​លោក​​ពូទីន​​សន្យា​បិទ​បញ្ចប់​ដោយ​ឆាប់​រហ័សតាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ឯ​ការ​ធ្វើ​ប្រជាមតិ​វិញ បើ​តាម​អ្នក​ស្រាវជ្រាវ​  គឺ​ជា​ខ្សែរឿង​​តែ​មួយ​ដូចកាលក្រសោប​យក​​គ្រីមេ កាលពី​ឆ្នាំ​២០១៤។ ថ្ងៃនេះ​ធ្វើ​ប្រជាមតិ ស្អែកទទួល​ស្គាល់​ដែន​ដី​ភាគ​ខាង​កើត​និង​ខាង​ត្បូង​ជារបស់​រុស្ស៊ី ហើយថ្ងៃ​​​ស្អែក​​បន្ទាប់​ ​នឹង​មាន​កា​រវាយប្រហារ​ តែ​លើក​នេះ​គឺ​នៅ​លើ​ទឹក​ដី​រុស្ស៊ី ដើម្បី​រំដោះ​ពី​ដៃ​ក្រុម​ណាហ្ស៊ី​។ ជា​សង្គ្រាម​លើ​ទឹក​ដី​រុស្ស៊ី ដែលរុស្ស៊ី​​ត្រូវ​ការពារ​ជា​ដាច់​ខាត។ ដូច្នេះក្នុង​នាម​ជា​ប្រធានាធិបតី​ លោក​ពូទីន មាន​សិទ្ធិស្រប​ច្បាប់​ នឹង​សម្រេច​កិច្ចការគ្រប់យ៉ាង ក្នុង​​ការពារ​ប្រទេស​។ ពោល​គឺ​ជា​ការ​ប្រកាស​សង្គ្រាម​ដោយ​ចំៗ​រវាង​រុស្ស៊ី​ ជា​មួយ​អ៊ុយក្រែន​និង​អូតង់។

អ្នក​វិភាគ​និ​ងអ្នក​ជំនាញ​សន្និដ្ឋាន​ថា អ្វី​ដែល​កើត​ឡើង​នៅ​​ថ្ងៃ​នេះ ជាការ​ដាក់​​ឱសានវាទ​ ដែល​មាន​ច្រក​ចេញ​​តែ​ពីរ​គត់ រុស្ស៊ីឈ្នះ​ ឬ​សង្គ្រាម​នុយក្លេអ៊ែរ​។ គ្មាន​ទេ​ជម្រើស​ទីបី។ ប៉ុន្តែ​សម្រាប់​ក្រុម​លោក​ខាង​លិច ភាសា​របស់​លោក​ពូទីនថ្ងៃនេះ គឺ​ជា​សញ្ញា​នៃ​​ការ​ចុះ​ខ្សោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ