អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

អ៊ុយក្រែន​ចោទរុស្ស៊ី ថាបាន​​បាញ់​ប្លោង​​គ្រាប់​លើស្ថានីយ៍​​នុយក្លេអ៊ែរ​មួយទៀត​ នៅ​​ភាគ​ខាងត្បូង

កាលពីថ្ងៃ​ចន្ទទី​១៩កញ្ញា អ៊ុយក្រែនបានអះអាងថា រុស្ស៊ីបានបាញ់​ប្លោង​គ្រាប់ ទៅលើ​ស្ថានីយ៍​អគ្គិសនី​នុយក្លេអ៊ែរមួយកន្លែងទៀត ដែលស្ថិតនៅភាគខាងត្បូង។​ នេះជាស្ថានីយ៍​អគ្គិសនី​នុយក្លេអ៊ែរទី​៣ហើយ របស់​អ៊ុយក្រែន ដែលត្រូវបាន​រងការវាយប្រហារ ហើយដែលធ្វើ​ឲ្យ​មានការបារម្ភ​កាន់តែខ្លាំងឡើងៗ ទាក់ទិននឹងគ្រោះមហន្តរាយនុយក្លេអ៊ែរធ្ងន់ធ្ងរ។

ស្ថានីយ៍​អគ្គិសនីនុយក្លេអ៊ែរ Pivdennoukrainsk ថតដោយផ្កាយរណប Planet Labs PBC ថ្ងៃទី ៣១ ឧសភា ២០២២
ស្ថានីយ៍​អគ្គិសនីនុយក្លេអ៊ែរ Pivdennoukrainsk ថតដោយផ្កាយរណប Planet Labs PBC ថ្ងៃទី ៣១ ឧសភា ២០២២ AP - Planet Labs PBC
ផ្សាយពាណិជ្ជកម្ម

ទីតាំង​រោងចក្រអគ្គិសនី​នុយក្លេអ៊ែរ Pivdennooukraïnsk ស្ថិតនៅតំបន់ Mykolaïv ភាគខាងត្បូងអ៊ុយក្រែន បានរងនូវការវាយប្រហារ។ យោងតាម​ក្រុមហ៊ុន Energoatom ដែលជាក្រុមហ៊ុនផលិត​អគ្គិសនី​អ៊ុយក្រែន បាន​ឲ្យដឹងថា ការបាញ់ប្លោងគ្រាប់ បានធ្លាក់​ចំ​ចម្ងាយប្រមាណ​តែ៣០០ម៉ែត្រប៉ុណ្ណោះ ពី​រ៉េអាក់ទ័រនុយក្លេអ៊ែររបស់ស្ថានីយ៍នេះ។ តែយ៉ាងណា​ ក្រុមហ៊ុននេះបញ្ជាក់ថា​ ស្ថានីយ៍នេះនៅដំណើរការធម្មតាទេ​ បើទោះបី​គ្រាប់មីស៊ីលផ្ទុះ ធ្វើឲ្យ​បែបបង្អួចកញ្ចក់អាគាររាប់​រយ​នៅក្បែរទីតាំង និង​បានកាត់ផ្តាច់​បណ្តាញខ្សែចរន្តអគ្គិសនី​កម្លាំងខ្លាំង ចំនួន​៣ខ្សែ។​

នៅលើបណ្តាញតេឡាក្រាម លោក​វ្លូឌីមៀរ ហ្សេឡេនស្គី បាន​ អះអាងថា រុស្ស៊ី​កំពុង​តែ​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ប្រឈមគ្រោះថ្នាក់ តាមរយៈការវាយ​ប្រហារមកលើ​ស្ថានីយ៍​នុយក្លេអ៊ែរ៊។ លោក​បានអំពាវនាវ ឲ្យសហគមអន្តរជាតិ ត្រូវតែរួមគ្នា បិទបញ្ចប់ស្ថានការណ៍នេះឲ្យ​បាន​ មុននឹង​គ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរកើតឡើង។

គួរបញ្ជាក់ថា​ នេះគឺជាស្ថានីយ៍នុយក្លេអ៊ែរទី​៣ហើយ​របស់អ៊ុយក្រែន ដែល​បានរងការវាយ​ប្រហារ បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើងនៅថ្ងៃទី​២៤កុម្ភៈ។ ពេលចាប់ផ្តើម​សង្គ្រាមដំបូង កងទ័ពរុស្ស៊ីបាន​សម្រុកវាយ​លុក​ ដណ្តើមគ្រប់គ្រងតំបន់ក្បែររោងចក្រនុយក្លេអ៊ែរ Tchernobyl ស្ថិតនៅភាគខាងជើង មុននឹងដកទ័ពថយចេញទៅវិញ។ ក្រោយ​មក គឺការបារម្ភ កើតមាន​នៅស្ថានីយ៍នុយក្លេអ៊ែរហ្សាបូរីចា ដែល​បានរងគ្រាប់​មីស៊ីល និងរ៉ូកែតជាច្រើនលើក ហើយ​ធ្វើ​ឲ្យ​រ៉េអាក់ទ័រ​ទាំង៦​ ត្រូវឈប់ដំណើរការទាំងស្រុង។ ទីភ្នាក់ថាមពលនុយក្លេអែរអន្តរជាតិ បានអំពាវនាវ ឲ្យ​រុស្ស៊ី ត្រូវតែដកកម្លាំងទ័ពចេញ ពីស្ថានីយ៍​ហ្សាប៉ូរីចាជាបន្ទាន់ ដើម្បី​ការពារតំបន់នេះ ពីករណី​មហន្តរាយនុយក្លេអ៊ែរ​។

ដោយឡែក នៅតំបន់ភាគខាងជើង​ឯណោះ កាលពីថ្ងៃទី​១៦កញ្ញា អាជ្ញាធរអ៊ុយក្រែន បានប្រទះឃើញ​ផ្នូរកប់សពចំនួន​ប្រមាណ​៤៥០ នៅក្នុងដីព្រៃមួយកន្លែងជាយ​ក្រុង​អ៊ីហ្សយូម បន្ទាប់​ពីកងទ័ពអ៊ុយក្រែនរំដោះបានមកវិញ​។ ​បើតាម​​ពិនិត្យ​របស់អាជ្ញាធរអ៊ុយក្រែន​ គឺសាកសពភាគច្រើនជាជនស៊ីវីល ខ្លះ​មានចំណងចងនឹងដៃ ខ្លះមានស្លាកស្នាម​ត្រូវគេធ្វើទារុណកម្ម​។ អ្នកកាសែតបារាំង AFP បានស្រង់នូវ​សម្តីសាក្សីជាច្រើន ​នៅក្រុងអ៊ីហ្សយូម ថាពួកគេ​បានរងនូវការធ្វើទារុណកម្ម ពីសំណាក់កម្លាំងទាហានរបស់រុស្ស៊ី។ យ៉ាងណាក៏ដោយ នៅថ្ងៃចន្ទទី​១៩កញ្ញា លោក Dimitry Peskov អ្នកនាំពាក្យ​វិមានក្រឹមឡាំង បានចាត់ទុកដំណឹងនៃការប្រទះឃើញ​ផ្នូរសព ជិត៤៥០នៅក្រុង​អ៊ីហ្សយូម ថាជា​ការប្រឌិតកុហកទាំងស្រុង របស់អ៊ុយក្រែន។

សូមរំលឹកថា កាលពី​ដើមខែមេសា នៅក្រុងប៊ូឆា​ក្បែររដ្ឋធានី​កៀវ គេក៏បានប្រទះឃើញសាកសពជនស៊ីវិល ជាច្រើននាក់ដេកស្លាប់តាមផ្លូវ និង​សាកសពមួយចំនួនធំទៀតក្នុងរណ្តៅរួម។ ភាគី​រុស្ស៊ី​បានប្រកែកថាវាជាការរៀបចំឆាកល្ខោនរបស់អ៊ុយក្រែន។ គួរកត់សំគាល់ថា ករណី​ជនស៊ីវិល​ជាច្រើនរយនាក់ ស្លាប់​ក្នុងអំឡុងពេល​កងទ័ពរុស្ស៊ី​គ្រប់គ្រងបែបនេះ អាចចោទឡើងជាករណី​ឧក្រិដ្ឋកម្មសង្គ្រាម ឬឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ។ យ៉ាងណាមិញ សាធារណៈរដ្ឋឆេក ដែលជាប្រធានវិលជុំសហភាពអឺរ៉ុប បានទាមទារឲ្យ​បង្កើតតុលាការអន្តរជាតិ​ពិសេសមួយដើម្បីកាត់ទោសរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ