អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី៖មានចាប់ខ្លួនបាតុករជាង ១ ៣០០នាក់នៅក្នុងក្បួនបាតុកម្មប្រឆាំងនឹងការកេណ្ឌទ័ពរបស់លោកពូទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​រុស្ស៊ី ក្បួន​បាតុកម្ម​ត្រូវ​បាន​រៀបចំ​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស​ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេច​របស់​ប្រធានាធិបតី​លោក​ពូទីន​ក្នុង​ការ​កេណ្ឌទ័ព​មួយ​ភាគ​ទៅ​ជួយ​ច្បាំង​នៅ​លើ​សមរភូមិ​អ៊ុយក្រែន។ តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​ក្រៅរដ្ឋាភិបាល មាន​មនុស្ស​ជាង ១ ៣០០នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ក្នុង​ក្បួនបាតុកម្ម។ ទន្ទឹម​នឹង​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម មាន​ពលរដ្ឋ​រុស្ស៊ី​មួយ​ចំនួន​បាន​ព្យាយាម​ចាកចេញ​ពី​រុស្ស៊ី​ដើម្បី​គេច​ពី​ការ​កេណ្ឌទ័ព។ ដោយឡែក ការ​ប្រកាស​កេណ្ឌទ័ព​ពី​លោក​ទីន​ពេល​នេះ​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​យល់​ឃើញ​ខុសៗ​គ្នា។

នៅរុស្ស៊ី មានចាប់ខ្លួនបាតុករជាង ១ ៣០០នាក់នៅក្នុងក្បួនបាតុកម្មប្រឆាំងនឹងការកេណ្ឌទ័ពរបស់លោកពូទីន។
នៅរុស្ស៊ី មានចាប់ខ្លួនបាតុករជាង ១ ៣០០នាក់នៅក្នុងក្បួនបាតុកម្មប្រឆាំងនឹងការកេណ្ឌទ័ពរបស់លោកពូទីន។ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

គេ​អាច​ពន្យល់​បកស្រាយ​ក្រោម​ហេតុផល​ចំនួន​ពីរ​ទាក់ទង​នឹង​បាតុកម្ម​ប្រឆាំង​នឹង​ការ​ប្រកាស​កេណ្ឌទ័ព​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ពេល​នេះ ទី១ ពលរដ្ឋ​រុស្ស៊ី​មួយ​ភាគ​នៅ​តែ​បន្ត​ប្រឆាំង​នឹង​ការ​ដែល​លោក​ពូទីន​បាន​ធ្វើ​សង្រ្គាម​នៅ​អ៊ុយក្រែន និង​ហេតុផល​ទី២ ក្រុម​គ្រួសារ​រុស្ស៊ី​មួយ​ភាគ​មិន​ចង់​បញ្ជូន​កូនចៅ​របស់​ខ្លួន​ទៅ​ចូល​រួម​នៅ​ក្នុង​សង្រ្គាម​មួយ​នេះ។ គួរ​បញ្ជាក់​បន្តិច​ថា​នៅ​រុស្ស៊ី សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ត្រូវ​បាន​លោក​ពូទីន​ហៅ​ជា​ប្រតិបត្តិការ​យោធា​ពិសេស​ក្នុង​គោលដៅ​រំដោះ​ពលរដ្ឋ​ជា​បងប្អូន​ចេញ​ពី​កណ្តាប់ដៃ​ពួក​ណាហ្ស៊ី​បែប​ថ្មី។

បញ្ហា​នៅ​ត្រង់​ថា សង្រ្គាម​មួយ​នេះ​កំពុង​អូសបន្លាយ​ជិត ៧ខែ និង​ដែល​នា​រយៈពេល​ចុងក្រោយ​នេះ ទ័ព​អ៊ុយក្រែន​ហាក់​កំពុង​មាន​ប្រៀប និង​ដណ្តើម​បាន​ត្រឡប់​វិញ​នូវ​តំបន់​មួយ​ចំនួន​ពី​កណ្តាប់ដៃ​ទ័ព​រុស្ស៊ី។ នេះ​ហើយ​ជា​មូលហេតុ​ដែល​បាន​ជំរុញ​ឲ្យ​លោក​ពូទីន​ប្រកាស​កេណ្ឌទ័ព​បម្រុង​ចំនួន ៣០០ ០០០នាក់ ក្នុង​ថ្ងៃ​ពុធ ទី២១ កញ្ញា។ តើ​មាន​ប៉ុន្មាន​គ្រួសារ​ដែល​ចង់​បញ្ជូន​កូនចៅ​ទៅ​កាន់​សមរភូមិ​សង្រ្គាម?។ ចម្លើយ​ចំពោះ​សំណួរ​នេះ ត្រូវ​បាន​ស្តែង​ឡើង​តាម​រយៈ​ក្បួន​បាតុកម្ម​ប្រឆាំង​នៅ​ក្នុង​ខេត្ត ក្រុង​មិន​តិច​ជាង ៣៨ នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​នៅ​ក្រុង​មូស្គូ ឬ​នៅ Saint-Pétersbourg។

« ពូទីន​ចុះ​ចេញ​ទៅ។ បញ្ឈប់​សង្រ្គាម និង​គ្មាន​ការ​កេណ្ឌទ័ព » ទាំង​នេះ​ជា​សម្រែក​របស់​ក្រុម​បាតុករ។ ក្បួនបាតុកម្ម​ត្រូវ​បាន​កម្លាំងប៉ូលិស​វាយបង្រ្កាប​យ៉ាង​ហិង្សា។ មាន​បាតុករ​យ៉ាង​តិច ១ ៣៣២នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​មាន​រងរបួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ គួរ​រម្លឹក​ថា នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​មាន​ក្បួន​បាតុកម្ម​ទាក់ទង​នឹង​សង្រ្គាម​នៅ​អ៊ុយក្រែន។ តាំង​ពី​ថ្ងៃ​ផ្តើម​សង្រ្គាម​ក្នុង​ថ្ងៃទី២៤ កុម្ភៈ មាន​ការ​ចាប់​ខ្លួន​បាតុករ​មិន​តិច​ជាង ១៦ ០០០នាក់​ទេ។ មួយ​វិញ​ទៀត​នៅ​រុស្ស៊ី ការ​ចូល​រួម ឬ​មួយ​ក៏​ការ​អំពាវនាវ​ឲ្យ​ចូលរួម​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​សង្រ្គាម​នៅ​អ៊ុយក្រែន​ជា​ខុស​រឿង​ខុស​ច្បាប់ និង​អាច​ដេក​ក្នុង​គុក​ចំនួន ១៥ឆ្នាំ។

ចលនា​រត់ចេញ​ពី​រុស្ស៊ី​ដើម្បី​គេច​ពី​ការ​កេណ្ឌទ័ព

ក្រៅ​ពី​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ប្រកាស​កេណ្ឌទ័ព​របស់​លោក​ពូទីន មាន​ពលរដ្ឋ​រុស្ស៊ី​មួយ​ចំនួន​បាន និង​កំពុង​ព្យាយាម​រក​ទិញ​សំបុត្រ​យន្តហោះ​ដើម្បី​ចាកចេញ​ពី​រុស្ស៊ី​ទៅ​កាន់​ប្រទេស​ផ្សេង។ តែ​មាន​កំណត់​សម្គាល់​មួយ​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន គឺ​ការ​ដែល​សហភាព​អឺរ៉ុប​បាន​បិទដែនអាកាស​មិន​ឲ្យ​យន្តហោះ​ចេញ​ពី​រុស្ស៊ី​ចុះ​ចត​នៅ​លើ​ទឹកដី​អឺរ៉ុប​ដែល​ជា​ទណ្ឌកម្ម​មួយ​ប្រឆាំង​រុស្ស៊ី។ នេះ​ដោយ​មិន​និយាយ​ពី​ចំណាត់ការ​របស់​ប្រទេស​លោកខាងលិច​ផ្សេង ដូច​ជា​អាមេរិក។

តែ​ដើម្បី​គេច​ពី​ការ​កេណ្ឌទ័ព​ពេល​នេះ ពលរដ្ឋ​រុស្ស៊ី​នាំ​គ្នា​ចាកចេញ​ទៅ​កាន់​ប្រទេស​ក្បែរខាង​ដែល​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ ឬ​ក៏​មិន​ពិបាក​សុំ​ទិដ្ឋាការ។ ក្រុម​ប្រទេស​ដែល​កំពុង​ពេញ​និយម​ពេល​នេះ​មាន​ដូច​ជា​អាមេនី ហ្សកហ្ស៊ី អាស៊ែបៃហ្សង់ ឬ​មួយ​ក៏​ប្រទេស​កាហ្សាក់ស្ថាន។ បន្ទាប់​មក ទីក្រុង​អ៊ីស្តង់ប៊ុល​ប្រទេស​តួកគី​ក៏​ជា​គោលដៅ​មួយ​ដែរ។ ក្រៅ​ពី​ការ​ចាកចេញ​ពី​រុស្ស៊ី មាន​ពលរដ្ឋ​ខ្លះ​ទៀត​បាន​ធ្វើ​ការ​បម្លាស់ទី​ក្នុង​ស្រុក​ទៅ​កាន់​ព្រំដែន​ដើម្បី​ត្រៀម​ខ្លួន​ចាកចេញ​ពី​ទឹកដី​រុស្ស៊ី។ ពេញ​មួយ​ថ្ងៃ​ពុធ ទី២១ កញ្ញា ពោល​នៅ​ក្រោយ​ការ​ប្រកាស​កេណ្ឌទ័ព​របស់​លោក​ពូទីន ពលរដ្ឋ​រុស្ស៊ី​មួយ​ចំនួន​បាន​នាំ​គ្នា​រក​ទិញ​សំបុត្រ​យន្តហោះ​ដោយ​មាន​អ្នក​ខ្លះ​ត្រូវ​រង់ចាំ​ដល់​សប្តាហ៍​ក្រោយ ឬ​ច្រើន​ថ្ងៃ​ទៅ​មុខ​ទើប​មាន​កន្លែង​ជិះ។

នៅ​លើ​គេហទំព័រ​ស្វែង​រក ដូច​យ៉ាង Google ការ​វាយ​ពាក្យ « សំបុត្រ​យន្តហោះ » ឬ​ឃ្លា « ចាកចេញ​ពី​រុស្ស៊ី » បាន​កើន ១០០ដង​លើស​ពី​ថ្ងៃ​ធម្មតា។ ទន្ទឹម​គ្នា​នេះ តម្លៃ​សំបុត្រ​យន្តហោះ​បាន​ឡើង​ថ្លៃ​ខ្លាំង ១គុណ ជា ១០ ហើយ​ទោះ​ក្នុង​តម្លៃ​ថ្លៃ​ខ្លាំង​ក៏​គ្មាន​សំបុត្រ​លក់​ដែរ។ មួយ​វិញ​ទៀត សូម្បី​តែ​សំបុត្រ​យន្តហោះ​ជិះ​ក្នុង​ស្រុក​ពី​ក្រុង​មូស្គូ​ទៅ​កាន់​តំបន់​ព្រំដែន​ប៉ែក​ខាង​ត្បូង​ក៏​ឡើង​ថ្លៃ​កប់​ពពក​ដែល​ពី​មុន​ទិញ​ក្នុង​តម្លៃ​ត្រឹម ៧០ដុល្លារ​បាន​ឡើង​ដល់ ៧៥០ដុល្លារ។ តើ​មាន​ពលរដ្ឋ​រុស្ស៊ី​ប៉ុន្មាន​នាក់​បាន​ចាកចេញ និង​កំពុង​ត្រៀមខ្លួន​ចេញ​ពី​រុស្ស៊ី​ដើម្បី​គេច​ពី​យុទ្ធនាការ​កេណ្ឌទ័ព​ពេល​នេះ?។ គេ​គ្មាន​តួលេខ​ផ្លូវការ​ទេ។

ការ​កេណ្ឌទ័ព​នៅ​រុស្ស៊ី​មិនមែន​ជា​រឿង​ងាយ​ស្រួល?

នៅ​រុស្ស៊ី បុរស​គ្រប់​រូប​សុទ្ធ​តែ​បាន​បំពេញ​កាតព្វកិច្ច​យោធា ហើយ​ក្នុង​មួយ​ឆ្នាំៗ មាន​យុវជន​ប្រមាណ​ជា ២៥០ ០០០នាក់​បាន​បំពេញ​កាតព្វកិច្ច​យោធា។ មួយ​វិញ​ទៀត អ្នក​ដែល​បាន​បំពេញ​កាតព្វកិច្ច​យោធា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទាហាន​បម្រុង។ នេះ​ដោយ​មិន​គិត​ពី​អតីត​ទាហាន​ជា​ច្រើន​ម៉ឺននាក់​ផ្សេង​ទៀត​ដែល​បាន​ចូល​និវត្តន៍​ទេ។ ដូច្នេះ ការ​ស្វែង​រក​ទ័ព​បម្រុង​ចំនួន ៣០០ ០០០នាក់​មិន​មាន​អ្វី​លំបាក​ទេ។ អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​គិតគូរ និង​សម្រេច គឺ​អាយុ និង​កម្រិត​យល់ដឹង​ផ្នែក​កងទ័ព។ តើ​ត្រូវ​សម្រេច​យក​ចាប់​ពី​អាយុ​ប៉ុន្មាន​ទៅ និង​ត្រូវ​មាន​ការ​យល់ដឹង​ផ្នែក​កងទ័ព​កម្រិត​ណា?។

បើ​ទ័ពបម្រុង​ដែល​លោក​ពូទីន​ចង់​បាន​ជា​អតីត​ទ័ព​ដែល​មាន​បទពិសោធន៍​នៅ​លើ​សមរភូមិ​សង្រ្គាម និង​ចេះ​ប្រើ​អាវុធ​ស្ទាត់ជំនាញ គឺ​មិន​មាន​អ្វី​ចោទ​ទេ។ ចំណោត​នៅ​ត្រង់​ថា អតីត​ទ័ព​ភាគ​ច្រើន​សុទ្ធ​តែ​មាន​​អាយុ​ច្រើន​ខ្លាំង។ ផ្ទុយ​ទៅ​វិញ បើ​ទ័ពបម្រុង​ដែល​លោក​ពូទីន​ចង់​បាន​ជា​ក្រុម​យុវជន​ដែល​មាន​ចំណេះដឹង​យោធា​ត្រឹម​កម្រិត​បាន​បំពេញ​កាតព្វកិច្ច​យោធា វា​ជា​រឿង​លំបាក​ខ្លាំង ព្រោះ​គេ​ត្រូវ​ការ​ហ្វឹកហ្វឺន​ពួក​គេ​ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត។ ចំណែក​ការ​ហ្វឹកហ្វឺន​ត្រូវ​ការ​ពេល​យូរ​រហូត​ដល់​រាប់​ខែ​ក៏​មាន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នកជំនាញ​យោធា។

ការ​លំបាក​មួយ​ទៀត​ដែល​ក្រុម​អ្នកជំនាញ​បាន​មើល​ឃើញ គឺ​ការ​ខ្វះ​គ្រឿង​សព្វាវុធ​ដែល​រុស្ស៊ី​កំពុង​ជួប​ប្រទះ។ ចូរ​កុំ​ភ្លេច​ថា រុស្ស៊ី​បាន​ប្រើ​អាវុធ​ច្រើន​ណាស់​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​ជិត ៧ខែ​កន្លង​ទៅ។ ដូច្នេះ បើ​លោក​ពូទីន​ចង់​បញ្ជូន​ទ័ពបម្រុង​ជា​យុវជន​ភ្លាមៗ​ទៅ​កាន់​សមរភូមិ​សង្រ្គាម​អ៊ុយក្រែន​ដើម្បី​ជួយ​ច្បាំង​ទ័ពរុស្ស៊ី​នៅ​ទីនោះ គឺ​ប្រហែល​មិន​ខុស​គ្នា​នឹង​បញ្ជូន​ពួក​គេ​ឲ្យ​ទៅ​ស្លាប់​ទេ។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​សង្រ្គាម​ជិត ៧ខែ រុស្ស៊ី​បាន​បាត់បង់​ទាហាន​របស់​ខ្លួន​ច្រើន​គួរ​សម។ តាម​ក្រុង​មូស្គូ មាន​ទាហាន​រុស្ស៊ី​ស្លាប់ ៥ ៩៣៧នាក់។ តែ​ក្រុម​អ្នក​វិភាគ​យោធា​បាន​អះអាង​ថា មាន​ស្លាប់​ចន្លោះ ២០ ០០០នាក់ និង ៣០ ០០០នាក់។ ចំណែក​អាមេរិក​បាន​លើក​ឡើង​នូវ​តួលេខ​អ្នក​ស្លាប់​នៅ​ចន្លោះ​ពី ៧០ ០០០នាក់​ទៅ ៨០ ០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ