អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅមហាសន្និបាតអ.ស.ប រុស្ស៊ី​សន្យា​ការពារ​តំបន់​អ៊ុយក្រែនដែល​នឹង​ភ្ជាប់ខ្លួន​មក​ក្នុង​ទឹកដី​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប៉ុន្មានថ្ងៃ​ក្រោយ រងការរិះគន់ និង​ថ្កោលទោស​ខ្លាំងៗ ពី​មេដឹកនាំ​ប្រទេស​លោកខាងលិច នៅមហាសន្និបាត អង្គការ​សហប្រជាជាតិ នៅក្នុង​រឿង រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ដើម្បីភ្ជាប់យកតំបន់​៤​របស់​អ៊ុយក្រែន មកក្នុង​សហព័ន្ធ​រុស្ស៊ី ប្រមុខការបរទេស​រុស្ស៊ី កាលពីថ្ងៃ​សៅរ៍ម្សិលមិញ បាន​ប្រើវេទិកា​របស់​អង្គសន្និបាត​របស់​អង្គការ​សហប្រជាជាតិ ដើម្បី វាយបក​លោកខាងលិចថា ប៉ុនប៉ង​បំផ្លាញ​រុស្ស៊ី។ នៅមហាសន្និបាត​អង្គការ​សហប្រជាជាតិ រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី លោក​ឡាវ្រូវ Lavrov បាន​ប្រកាស​ដែរថា រុស្ស៊ី​សន្យា នឹង​ការពារ​ទាំងស្រុង​ដែនដី​អ៊ុយក្រែន ដែល​ក្លាយជា​កម្មសិទ្ធិ​របស់​រុស្ស៊ី នៅ​ក្រោយ ការបោះឆ្នោត​ប្រជាមតិ។ តើ​រុស្ស៊ី​មានអំណះអំណាងអ្វី​មក​និយាយ​ការពារខ្លួន នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ពីរឿង​ធ្វើ​សង្រ្គាមឈ្លានពានរបស់ខ្លួន និង​នយោបាយ​កាត់យក​ទឹកដី​របស់​អ៊ុយក្រែន?

រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី លោក​Sergei Lavrov ឡើងនិយាយ​នៅមហាសន្និបាត​អង្គការ​សហប្រជាជាតិលើកទី ៧៧ ដោយ​រិះគន់​អាមេរិក និងប្រទេស​លោកខាងលិច​ និងថា រុស្ស៊ី​នឹង​ការពារ​ដែនដី​ដែល​ប្រកាស​ភ្ជាប់ខ្លួនមក​រុស្ស៊ី
រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី លោក​Sergei Lavrov ឡើងនិយាយ​នៅមហាសន្និបាត​អង្គការ​សហប្រជាជាតិលើកទី ៧៧ ដោយ​រិះគន់​អាមេរិក និងប្រទេស​លោកខាងលិច​ និងថា រុស្ស៊ី​នឹង​ការពារ​ដែនដី​ដែល​ប្រកាស​ភ្ជាប់ខ្លួនមក​រុស្ស៊ី REUTERS - EDUARDO MUNOZ
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីរងការវាយប្រហាររិះគន់​ពី​មេដឹកនាំ​លោកខាងលិច ដោយសារ​ការរៀបចំ​បោះឆ្នោតប្រជាមតិ ដើម្បី​កាត់យក​ទឹកដី​អ៊ុយក្រែន រុស្ស៊ី តំណាង​ដោយ​រដ្ឋមន្រ្តីការបរទេស​បានឡើង​និយាយ​ការពារ​ខ្លួន នៅមហាសន្និបាតអង្គការ​សហប្រជាជាតិ។ រុស្ស៊ី​បានចូលធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន ជាង​៧ខែមកហើយ។ ចាប់តាំងពីថ្ងៃសុក្រ អាជ្ញាធរនៅតំបន់ចំនួន​៤​របស់​អ៊ុយក្រែន ដែល​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី ក៏​កំពុង​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ស្តីពីការភ្ជាប់ខ្លួន ក្នុង​ទឹកដី​រុស្ស៊ី​ទៀត។

នៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិ ប្រមុខការបរទេស​រុស្ស៊ី លោក​Sergei Lavrov​បាន​ឡើង​និយាយ​ការពារ​ប្រតិបត្តិការ​យោធាពិសេស នៅ​អ៊ុយក្រែន ថា វាកើត​ឡើង ដោយសារ​តែ​រុស្ស៊ី គ្មានជម្រើស។

តាមរដ្ឋមន្រ្តីការបរទេស​រុស្ស៊ី ដោយសារ​តែ​អសមត្ថភាព​ចរចា​របស់​ក្រុមប្រទេស​លោកខាងលិច ហើយនិង​មហិច្ឆតា​ធ្វើសង្រ្គាម​របស់​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​វាយប្រហារ​ទៅលើ​ប្រជាជន​ នៅ​តំបន់ដុនបាស់ ភាគខាងកើត​អ៊ុយក្រែន រុស្ស៊ី គ្មានជម្រើសអ្វីផ្សេង​ក្រៅពី បញ្ជូនកងទ័ព​ទៅបើកប្រតិបត្តិការពិសេស នៅអ៊ុយក្រែន ដើម្បី​ការពារ​ជនជាតិ​រុស្ស៊ី អ្នកនិយាយភាសា​រុស្ស៊ី ដែលកំពុងរងការគំរាម​សន្តិសុខ នៅ​តំបន់​ដុនបាស់។ ដើម្បី​បញ្ជាក់​អំណះអំណាង​របស់ខ្លួន រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី បាន​ស្រង់សំដី​របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី ដែល​បាន​និយាយ​កាលពីខែសីហា​កន្លងទៅថា សម្រាប់អ្នកដែលមានអារម្មណ៍ថា ខ្លួនមានឈាមជ័រ​រុស្ស៊ី ត្រូវ​ចាកចេញពីអ៊ុយក្រែន បើសិន​ពួកគេគិត​ពីអនាគត កូនចៅ​របស់ពួកគេ។

នៅត្រង់​ចំណុចនេះ ប្រមុខការបរទេស​រុស្ស៊ី​បាននិយាយប្រាប់​មហាសន្និបាតអង្គការ​សហប្រជាជាតិ ថា ប្រជាជន​ នៅ​តំបន់​ទាំង​៤​របស់អ៊ុយក្រែន រៀបចំ ការបោះឆ្នោតប្រជាមតិ ដើម្បី​ភ្ជាប់ខ្លួន​ទៅក្នុងទឹកដី​រុស្ស៊ី ក៏ព្រោះតែ​សំដី​រើសអើង​របស់​ប្រធានាធិបតី​អ៊ុយក្រែននោះឯង។ ប្រជាជន​ទាំងនោះ ចង់​ទាមទារគ្រប់គ្រងទឹកដី ដែល​ធ្លាប់ជា​កម្មសិទ្ធិ​របស់ជីដូនជីតា​របស់ពួកគេ។ ដូច្នេះ រុស្ស៊ី​មានតែ ជំរុញ ឲ្យ​ក្តីប្រាថ្នារបស់ពួកគេ​បាន​សម្រេច ហើយ​រុស្ស៊ី​សន្យា​នឹង​ការពារ​ទាំងស្រុង ទឹកដី​អ៊ុយក្រែនទាំងនោះ ក្នុងករណី​ដែល​លទ្ធផល​ឆ្នោតប្រជាមតិ​បង្ហាញថា ពួកគេ​ចង់​មកភ្ជាប់ខ្លួន​ក្នុងទឹកដីរុស្ស៊ី។

មួយវិញទៀត បើតាម​ ប្រមុខ​ការបរទេស​រុស្ស៊ី រលកស្អប់​អ្នកនិយាយ​រុស្ស៊ី មិនត្រឹម​មាននៅក្នុង​រដ្ឋាភិបាល អ៊ុយក្រែន ដែលរុស្ស៊ី​ចាត់ទុក​ថា ដឹកនាំ​ដោយ​ក្រុមណាហ្ស៊ីថ្មីតែប៉ុណ្ណោះទេ ប៉ុន្តែ គេឃើញ រលកស្អប់​ជនជាតិ​រុស្ស៊ី នៅក្នុង​ចំណោម​ប្រទេសលោកខាងលិច បាន​កើតមាន​កាន់តែច្រើន មិនធ្លាប់មាន​ពីមុនមក។

ប៉ុន្មានថ្ងៃ​ក្រោយ​មេដឹកនាំ​លោកខាងលិច នាំមុខ​ដោយ​លោកចូបៃដិន ឡើង​និយាយ​ថ្កោលទោស​រុស្ស៊ី នៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិ ពីរឿង​ធ្វើ​សង្រ្គាមឈ្លានពានអ៊ុយក្រែន ហើយចុងក្រោយ គឺ​ការរៀបចំបោះឆ្នោត​ប្រជាមតិ ដើម្បីកាត់យកទឹកដី​អ៊ុយក្រែន បន្ថែមទៀត រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី (ដល់​វេនរបស់ខ្លួនម្តង) បាន​ប្រើ​វេទិកា​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពីថ្ងៃ​សៅរ៍ម្សិលមិញ ដើម្បី​រិះគន់ ចោទប្រកាន់ ក្រុមប្រទេស​លោកខាងលិច នាំមុខ​ដោយ​អាមេរិក កំពុងប៉ុនប៉ង ចង់​បំផ្លាញ​រុស្ស៊ី។

នៅមហាសន្និបាតអង្គការ​សហប្រជាជាតិ ប្រមុខការបរទេស​រុស្ស៊ី ប្រកាស​សន្យា​ការពារ​ទាំងស្រុង តំបន់​អ៊ុយក្រែន​ដែល​ធ្វើ​ប្រជាមតិ​ភ្ជាប់ខ្លួន​ទៅសហព័ន្ធរុស្ស៊ី

នៅក្នុង​សន្និសីទ​ដ៏វែង​ដែលរៀបចំឡើង​នៅក្រោយ​ការឡើង​ថ្លែង​នៅមហាសន្និបាតអង្គការ​សហប្រជាជាតិ ប្រមុខការបរទេស​រុស្ស៊ី​បាននិយាយ​ចំអក​ដាក់ក្រុមប្រទេស​លោកខាងលិចថា កំពុងកើតរោគចិត្ត និង​ថា រុស្ស៊ី​នឹង​គោរព​ឆន្ទៈ ការសម្រេចចិត្ត​របស់​ប្រជាជនដែលធ្លាប់រស់នៅ​ឈឺចាប់ ជាច្រើនឆ្នាំ​ដោយសារ​របបណាហ្ស៊ី នៅអ៊ុយក្រែន និង​ដែល​ចង់ភ្ជាប់ខ្លួន​ទៅរស់នៅជាមួយ​​រុស្ស៊ី។

តាមការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុករុស្ស៊ី TASS សភាឌូម៉ា​របស់រុស្ស៊ី គ្រោង​នឹង​បើកការពិភាក្សាស្តីពីការដាក់បញ្ចូល​តំបន់ ភាគខាងត្បូង និង​ភាគខាងកើត ​អ៊ុយក្រែន ទៅក្នុងទឹកដី​រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី ២៩​កញ្ញា ពោល​គឺ​នៅ​២ថ្ងៃ ក្រោយ​បិទបញ្ចប់​ការបោះឆ្នោត​ប្រជាមតិ នៅក្នុងតំបន់​ទាំង៤នោះ។

នៅពេល​សួរថា តើ​រុស្ស៊ី​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ការពារ​ទឹកដី​អ៊ុយក្រែន ដែល​រុស្ស៊ី​នឹង​ដាក់ភ្ជាប់​ទៅក្នុងទឹកដី​រុស្ស៊ី នៅក្រោយ​ការបោះឆ្នោតប្រជាមតិ ប្រមុខការ​បរទេស​រុស្ស៊ី បាន​បញ្ជាក់​ថា ទឹកដី​ទាំងឡាយណា ដែល​ត្រូវភ្ជាប់​ចូល​ក្នុង​ផែនទី ទឹកដី​រុស្ស៊ី ទៅតាមការចែង​របស់​រដ្ឋធម្មនុញ្ញ នឹង​ទទួល​បាន​ការការពារពីរដ្ឋរុស្ស៊ី។ មានន័យថា រាល់ច្បាប់ មនោគមវិជ្ជា យុទ្ធសាស្រ្ត​របស់សហព័ន្ធរុស្ស៊ី នឹងត្រូវ​អនុវត្តពេញដែនដីរុស្ស៊ី។ ដោយសង្កត់ធ្ងន់​ពី​មនោគមវិជ្ជារបស់​រុស្ស៊ី ទាក់ទង​នឹង​ការប្រើប្រាស់អាវុធ​នុយក្លេអ៊ែរ  រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានិយាយ​អះអាងថា រុស្ស៊ី មាន​មនោគមវិជ្ជាស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ ដែល​ជាឯកសារ​បើកចំហរ និយាយ​ពី​សិទ្ធិ​ប្រើអាវុធប្រល័យជីវិត។

នៅក្រោយ​ប្រធានាធិបតី​រុស្ស៊ី ប្រកាស​ប្រើគ្រប់មធ្យោបាយ ដើម្បី​ការពារ​ទឹកដី​រុស្ស៊ី អនុប្រធានក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី បាន​និយាយ​ថា មធ្យោបាយ​ដែល​លោកពូទីន លើកឡើង​នោះ មានផងដែរ ការប្រើអាវុធយុទ្ធសាស្រ្ត​នុយក្លេអ៊ែរ។

ចិន និង​ឥណ្ឌា​អំពាវនាវ​ឲ្យមានការចរចាដើម្បីរកច្រកចេញ​ឲ្យវិបត្តិអ៊ុយក្រែន

ឡើងថ្លែង​នៅថ្ងៃ​តែមួយ ជាមួយ​រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី នៅមហាសន្និបាតអង្គការ​សហប្រជាជាតិ ប្រមុខការបរទេស​ចិន លោក​វ៉ាង យី និង​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា Subrahmanyam Jaishankar មិន​បាន​បង្ហាញជំហរ​គាំទ្រ​រុស្ស៊ី ហើយ​ក៏​មិន​និយាយ​ចំៗ​ពី​ការបោះឆ្នោតប្រជាមតិ របស់​រុស្ស៊ី ក្នុង​ការកាត់យកទឹកដី​អ៊ុយក្រែនដែរ។

ប៉ុន្តែ ទោះ​ជា​មិន​រិះគន់ចំៗ​រុស្ស៊ី ប៉ុន្តែ គេ​យល់​ខ្លះថា រដ្ឋមន្រ្តីការបរទេស​ចិន និង​រដ្ឋមន្រ្តី​ការបរទេសឥណ្ឌា​រអៀស​ចិត្តដែរ ដែលឃើញ រុស្ស៊ី ដែលចិន និង​ឥណ្ឌា បដិសេធ​មិន​ថ្កោលទោស ក្នុងរឿងធ្វើសង្រ្គាម​ឈ្លានពានអ៊ុយក្រែន នៅតែ​បន្ត ផ្គើន រៀបចំ ការបោះឆ្នោត​ប្រជាមតិ ដើម្បី​កាត់យក​ទឹកដី​អ៊ុយក្រែន ហើយនិង​បាន​គំរាមប្រើអាវុធ​នុយក្លេអ៊ែរទៀត។

ឥណ្ឌា និង​ចិន ដែល​សំឡឹង​ផលប្រយោជន៍​ពីទំនាក់ទំនង​សេដ្ឋកិច្ច ជាពិសេស​ការទិញប្រេង និង​អាវុធ​ពី​រុស្ស៊ី នៅពេលនេះ ហាក់​ដកខ្លួន ឃ្លាតឆ្ងាយបន្តិច​ពីរុស្ស៊ី និង​បានទាមទារ​ឲ្យភាគី​ជម្លោះ​ត្រលប់មក​ចរចា និង​គោរព ដែនអធិបតេយ្យភាព​រៀងៗ​ខ្លួន។

ថ្លែង​នៅមហាសន្និបាតអង្គការ​សហប្រជាជាតិ រដ្ឋមន្រ្តីការបរទេស​ឥណ្ឌា​បាន​និយាយ​ថា នៅពេល​សង្រ្គាមអ៊ុយក្រែន កាន់តែ​ឆេះសន្ធោសន្ធៅ គេ​បាន​សួរពីជំហររបស់​ឥណ្ឌា តើ​នៅ​ខាងណា?

រដ្ឋមន្រ្តីការបរទេស​ឥណ្ឌា​បាន​បញ្ជាក់​ថា ឥណ្ឌាឈរ​នៅ​ខាងសន្តិភាព នៅខាង​ភាគី​ដែលគោរពច្បាប់អន្តរជាតិ និង​នៅខាងក្រុមដែល​ទាមទារ​ឲ្យមានការចរចា ការទូត​ដើម្បី រកច្រកចេញ​ឲ្យ​វិបត្តិអ៊ុយក្រែន។ ដូច្នេះ ជំហរ​របស់ឥណ្ឌា​ច្បាស់ណាស់គឺ​គាំទ្រ​សកម្មភាព​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី បើក​ការចរចាជំរុញ​សន្តិភាព​រវាង​អ៊ុយក្រែន និង​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ