អានតួអត្ថបទ
រុស្ស៊ី-កេណ្ឌទ័ព

លោកពូទីនចុះហត្ថលេខា​លើ​ច្បាប់​ដាក់ទោសធ្ងន់​អ្នកដែលមិនព្រមចូល​ប្រយុទ្ធ នៅ​សមរភូមិ

ប្រឈម​នឹងបាតុកម្ម​ប្រឆាំង​ការកេណ្ឌទ័ព និងការធ្វើចំណាកស្រុក​របស់​ពលរដ្ឋរុស្ស៊ី ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន​បាន​ចុះហត្ថលេខា លើ​កំណែទម្រង់ច្បាប់ព្រហ្មទណ្ឌ ដែលសំដៅ​ដាក់ទោសធ្ងន់​រាល់ជនណា​ដែលបដិសេធ​មិនចូល​ប្រយុទ្ធ ក្នុង​សមរភូមិ ឬ​ចុះចាញ់​ប្រគល់ខ្លួន​ទៅឲ្យ​សត្រូវ​ដោយ​គ្មានការអនុញ្ញាត​ពីថ្នាក់លើ។ កំណែទម្រង់​ច្បាប់ព្រហ្មទណ្ឌ​ទើបត្រូវ​បាន​សភា​ឌូម៉ា បោះឆ្នោតអនុម័ត កាលពីថ្ងៃ សុក្រ នៅក្នុង​បរិបទនៃការកេណ្ឌទ័ព​នៅរុស្ស៊ី និងត្រូវ​ចូលជាធរមាន ចាប់ពីថ្ងៃសៅរ៍ទី ២៤​កញ្ញា។

បុរសរុស្ស៊ី​ឱបម្តាយនៅមុខ​មណ្ឌលរើសកងទ័ព នៅ​Volgograd រុស្ស៊ី កាលពីថ្ងៃសៅរ៍ ទី ២៤​កញ្ញា ២០២២
បុរសរុស្ស៊ី​ឱបម្តាយនៅមុខ​មណ្ឌលរើសកងទ័ព នៅ​Volgograd រុស្ស៊ី កាលពីថ្ងៃសៅរ៍ ទី ២៤​កញ្ញា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍ លោកប្រធានាធិបតី​ពូទីន​បាន​ចុះហត្ថលេខា​លើកំណែទម្រង់ច្បាប់ព្រហ្មទណ្ឌ ដែលមាន​ខ្លឹមសារ​ពង្រឹង​ការដាក់ទោស​ទាហានណា​ដែល​បដិសេធ មិន​ប្រយុទ្ធ​ក្នុង​សមរភូមិ។ តាម​កំណែទម្រង់ច្បាប់ព្រហ្មទណ្ឌ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​រដ្ឋាភិបាល​រុស្ស៊ី រាល់​ទាហាន​ដែល​រត់ចោលជួរ ទាហាន​ដែល​ទម្លាក់​អាវុធចុះចាញ់ ដោយ​គ្មានការអនុញ្ញាត ទាហាន​ដែល​បដិសេធ​មិន​ប្រយុទ្ធក្នុងសមរភូមិ ឬ​ទាហាន​ដែល​មិន​ស្តាប់បង្គាប់ថ្នាក់លើ​នឹង​ត្រូវ​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគារ​១០ឆ្នាំ។

កំណែទម្រង់​ច្បាប់​ព្រហ្មទណ្ឌថ្មី​មានចែង​ផងដែរ ពីការដាក់ទោស​ពន្ធនាគារ ១៥​ឆ្នាំ​សម្រាប់​ទាហាន​ដែល​ធ្វើសកម្មភាព​លួចគាស់ទ្រព្យសម្បត្តិ​ប្រជាជន។

កំណែទម្រង់​ច្បាប់ព្រហ្មទណ្ឌ ស្តីពី​ការពង្រឹង ដាក់ទោសធ្ងន់​លើ កូនទាហាន ត្រូវបាន​សភា​ឌូម៉ា​បោះឆ្នោត​អនុម័ត កាលពីថ្ងៃ​សុក្រ នៅក្នុងខណៈពេល​ដែល​វិធានការ​កេណ្ឌទ័ព​របស់​លោកពូទីន ត្រូវ​ប្រឈម​នឹង​ចលនា​បាតុកម្ម ប្រឆាំង។

នៅថ្ងៃពុធ ការប្រកាស​របស់​លោកពូទីន ដែល​គ្រោង​កេណ្ឌទ័ព​បម្រុង​មួយភាគ​របស់​រុស្ស៊ី ប្រមាណ ៣០០ ០០០នាក់ សម្រាប់​ទៅប្រយុទ្ធ​នៅប្រទេស​អ៊ុយក្រែន បានធ្វើ​ឲ្យ​ប្រជាជន​រុស្ស៊ី មួយចំនួន​ភ័យព្រួយ និង​សម្រេចចិត្ត​ចាកចេញពីប្រទេស សំដៅប្រទេស​ជិតខាង និង​សហភាពអឺរ៉ុប។

ក្នុងកាលៈទេសៈ ដែល​ម៉ូស្គូ​ប្រើគ្រប់មធ្យោបាយ​ដើម្បី រើសបញ្ចូល​កងទ័ពស្ម័គ្រចិត្ត លោកប្រធានាធិបតី​រុស្ស៊ី​បាន​ចុះហត្ថលេខា​លើ​ក្រឹត្យផ្សេងមួយទៀត ដែល​ជួយ​សម្រួល​ជនបរទេស​ក្នុងការដាក់ពាក្យ​សុំ​សញ្ជាតិ​រុស្ស៊ី។ តាមក្រឹត្យ​ដែល​លោក​ពូទីន​ចុះ​ហត្ថលេខា​កាលពីថ្ងៃសៅរ៍ ជនបរទេស​ដែល​ចូលបម្រើក្នុងជួរកងទ័ព​រុស្ស៊ី​ក្នុងរយៈពេល​១ឆ្នាំ នឹង​អាច​ដាក់​ពាក្យសុំសញ្ជាតិ​រុស្ស៊ី ដោយលែង​ចាំបាច់​ត្រូវការ ការបញ្ជាក់​ការស្នាក់នៅ​រយៈពេល​៥ឆ្នាំ នៅរុស្ស៊ី ដូចមុន។

ក្រឹត្យប្រធានាធិបតី​រុស្ស៊ី​សំដៅ​ជាពិសេស ជនអន្តោប្រវេសន៍​មក​ពីបណ្តា​ប្រទេស​អាស៊ីកណ្តាល ដែល​កំពុងធ្វើការ ក្នុងទឹកដី រុស្ស៊ី។ នៅថ្ងៃ​សៅរ៍ ចៅហ្វាយក្រុង​ម៉ូស្គូ​បាន​ប្រកាសថា នឹង​បើក​មជ្ឈមណ្ឌល​រើសកងទ័ព​នៅ​ជំរំជនអន្តោប្រវេសន៍ នៅប៉ុន្មានថ្ងៃខាងមុខ។ នៅមុនការប្រកាសកេណ្ឌទ័ព​របស់​លោក​ពូទីន​ទៅទៀត ប្រធានាធិបតី​របស់​អ៊ូសបេគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន បាន​អំពាវនាវ​ឲ្យប្រជាជន​របស់ខ្លួន ដែលកំពុងរស់នៅ ធ្វើការ​នៅ​រុស្ស៊ី កុំ​ឲ្យ​ប្រលូកខ្លួន ចូលធ្វើ​សង្រ្គាម នៅអ៊ុយក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គីវិញ បានអំពាវនាវ​កាលពីថ្ងៃ​សុក្រ ឲ្យពលរដ្ឋអ៊ុយក្រែន ដែលរស់នៅក្នុង​តំបន់កាន់កាប់​របស់​កងទ័ព​រុស្ស៊ី រត់លាក់ខ្លួន ឬ​ធ្វើផែនការបំផ្លិចបំផ្លាញប្រយោជន៍​រុស្ស៊ី ក្នុងករណី​ដែលពួកគេ​ត្រូវចាប់បង្ខំ​ឲ្យ​ចូលបម្រើក្នុងជួរកងទ័ពរុស្ស៊ី។

គួរបញ្ជាក់ដែរថា នៅមួយថ្ងៃ ក្រោយ លោកពូទីន ប្រកាស​កេណ្ឌទ័ព​៣សែននាក់បន្ថែមទៀត ​សម្រាប់​ទៅប្រយុទ្ធ​នៅ​អ៊ុយក្រែន ប្រធានាធិបតី​អ៊ុយក្រែន បាន​បង្ហោះសារ​វីដេអូ មួយ ដែលនៅក្នុងនោះ លោក​បាននិយាយជា ភាសា​រុស្ស៊ី ​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​រុស្ស៊ី​ធ្វើបាតុកម្មប្រឆាំង​នយោបាយ​កេណ្ឌទ័ព ឬបើមិនដូច្នេះទេ រត់ចោលប្រទេស។ ចុងក្រោយ ពួកគេនៅតែ អាច​ទម្លាក់អាវុធ ចុះ​ចូលជាមួយ​ទាហាន​អ៊ុយក្រែន ដើម្បី​ឈប់ឃុបឃិត ប្រព្រឹត្ត​បទឧក្រិដ្ឋជាមួយ ទាហាន​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ