អានតួអត្ថបទ
បោះឆ្នោតប្រជាមតិអ៊ុយក្រែន

លោកចូ បៃដិន​សន្យា​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ និង​បន្ទាន់ ក្នុងករណី​រុស្ស៊ី​កាត់​យក​ទឹកដី​អ៊ុយក្រែន

បន្ទាប់ពី​បរិហារ​ថ្កោលទោស​រុស្ស៊ី ខ្លាំងៗ នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិថា រុស្ស៊ី​បានរំលោភ​ច្បាប់​របស់​អង្គការសហប្រជាជាតិ ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន​បាន​អះអាង កាលពីថ្ងៃ​សុក្រ​ម្សិលមិញថា អាមេរិក នឹង​ដាក់​ទណ្ឌកម្ម​ភ្លាមៗ និង​ធ្ងន់ធ្ងរ ទៅលើ​រុស្ស៊ី បើសិន​រុស្ស៊ី​កាត់យកទឹកដីអ៊ុយក្រែនបន្ថែមទៀត នៅក្នុង​ក្របខណ្ឌ​នៃ​ការរៀបចំ ការបោះឆ្នោតប្រជាមតិ នៅតំបន់​កាន់កាប់ដោយ​កងទ័ព​រុស្ស៊ី ដែល​ចាប់ផ្តើម​ពីថ្ងៃ​សុក្រទី ២៣​កញ្ញា រហូត​ដល់​ថ្ងៃទី ២៧​កញ្ញា​សប្តាហ៍ក្រោយ។

ប្រធានាធិបតីអាមេរិក លោកចូ បៃដិនឡើងថ្លែងនៅក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិលើកទី ៧៧ នៅថ្ងៃទី ២១​កញ្ញា ២០២២
ប្រធានាធិបតីអាមេរិក លោកចូ បៃដិនឡើងថ្លែងនៅក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិលើកទី ៧៧ នៅថ្ងៃទី ២១​កញ្ញា ២០២២ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន​បាននិយាយ​ចាត់ទុក​ការបោះឆ្នោតប្រជាមតិ ស្តីពីការភ្ជាប់តំបន់​ភាគខាងកើត និង​ខាងត្បូង​អ៊ុយក្រែន ទៅក្នុង​សហព័ន្ធ​រុស្ស៊ី ថា ជាការបោះឆ្នោតក្លែងក្លាយ បន្លំបោកប្រាស់ ព្រោះថា នោះគ្រាន់តែ​លេសមួយទៀត​របស់​រុស្ស៊ី ដើម្បី​កាត់យក​ទឹកដី​អ៊ុយក្រែន ដោយការចាប់បង្ខំ។

នៅក្នុង​សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ ប្រធានាធិបតី​អាមេរិក​បាន​ព្រមាន​រុស្ស៊ី របស់​លោក​ពូទីន​ពី​ការខូចខាតធ្ងន់ធ្ងរ និង​ភ្លាមៗ បើសិន​ម៉ូស្គូ ប្រើការបោះឆ្នោតប្រជាមតិ ដ៏គួរ​ឲ្យអាម៉ាស់ ដើម្បី​ក្រសោប កាត់យក​ទឹកដី​អ៊ុយក្រែន។

នៅ​មុន​ការប្រកាស​របស់​ប្រធានាធិបតីអាមេរិក ក្រុមប្រទេសមហាឧស្សាហកម្ម G7​បាន​សេចក្តីថ្លែងការណ៍មួយ ដែលនៅក្នុងនោះ គេ​បានអំពាវនាវ​ឲ្យគ្រប់ប្រទេស​ទាំងអស់ ទាត់ចោល កុំ​ទទួលស្គាល់ លទ្ធផល​នៃការបោះឆ្នោតប្រជាមតិ ដែល​គេវាយតម្លៃថា មិនស្របច្បាប់។

ប្រទេស​ចិន ដែលជា​ដៃគូពាណិជ្ជកម្ម និង​បដិសេធ​មិន​ថ្កោលទោស​រុស្ស៊ី នៅក្នុង​រឿង​ធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន មិន​បាន​ចេញមុខ​រិះគន់​រុស្ស៊ី នៅក្នុងរឿង​រៀបចំ​ការបោះឆ្នោតប្រជាមតិ ប៉ុន្តែ បានអំពាវនាវ​ឲ្យមានការគោរព​ដែនអធិបតេយ្យភាព​របស់​គ្រប់ប្រទេស។

តាំងពីថ្ងៃសុក្រទី ២៣​កញ្ញា រហូត​ដល់ថ្ងៃអង្គារ​ទី ២៧ កញ្ញា អាជ្ញាធរ​នៅក្នុង​តំបន់​ចំនួន​៤ នៅភាគខាងកើត និង​ភាគខាងត្បូង អ៊ុយក្រែន ដែលកំពុង​កាន់កាប់​ដោយ​ពួកឧទ្ទាមផ្តាច់ទឹកដីនិយម ​រុស្ស៊ី និង​កងទ័ព​រុស្ស៊ី​បាន​រៀបចំ ការបោះឆ្នោតប្រជាមតិ​ស្តីពី​ការភ្ជាប់តំបន់​ទាំង​៤ ទៅ​ក្នុង​សហព័ន្ធរុស្ស៊ី។

អង្គការ​សម្រាប់​សន្តិសុខ ប្រតិបត្តិការ​នៅអឺរ៉ុប OSCE បានរិះគន់​ការរៀបចំ​ការបោះឆ្នោតប្រជាមតិ ដែលធ្វើឡើងនៅក្នុងបរិយាកាស​អសន្តិសុខ និង​គ្មានការចូលរួម​ត្រួតពិនិត្យ​របស់​អ្នកសង្កេតការណ៍អន្តរជាតិ។ នៅពេល​ប្រជាជនមួយចំនួន ​នៅក្នុង​តំបន់គ្រប់គ្រង​ដោយ​ពួកឧទ្ទាមនិយមរុស្ស៊ី បង្ហាញទឹកចិត្ត​ចង់​ទៅរួមរស់ជាមួយមាតុភូមិរុស្ស៊ី ប្រជាជន​អ៊ុយក្រែន នៅតំបន់ភាគខាងត្បូង Kerson និង​Zaporijjia បានលើកឡើង​ពីការដាក់សម្ពាធ នៅពេល អាជ្ញាធរ​លើកបន្តុបដោយ​រុស្ស៊ី និង​ទាហាន​រុស្ស៊ី ជាអ្នក​មក​គោះទ្វារ​តាមផ្ទះ ដើម្បី ប្រាប់ឲ្យពួកគេ ទម្លាក់សន្លឹកឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ