អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើហ្វេសប៊ុក​ដើរ​តួ​បំផុស​អំពើ​ហិង្សា​និ​ងការ​ស្អប់​ខ្ពើម​ជនជាតិ​រ៉ូហ៊ីងយ៉ា យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើ​តាម​របាយការណ៍​របស់​អង្គការ Amnesty International ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​ទី ២៩ កញ្ញា ២០២២ ហ្វេសប៊ុក​មានចំណែក​ទទួលខុស​ត្រូវ​ លើ​ការ​ផ្សព្វផ្សាយព័ត៌មាន​បំផុស​ឲ្យ​ស្អប់​ជនជាតិ​រ៉ូហ៊ីងយ៉ា រហូត​មាន​អំពើ​កាប់​សម្លាប់​ជនជាតិ​ភាគ​តិច​កាន់សាសនា​អ៊ីស្លាម​នៅភូមា អស់​ជា​ច្រើន​នាក់​ កាលពី​ឆ្នាំ​២០១៧។ នៅក្នុង​របាយការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់ អង្គការ​ក្រៅ​រដ្ឋាភិបាល​អង់គ្លេសបាន​រៀប​រាប់​ថា​បណ្តាញ​សង្គម​ហ្វេសប៊ុក​ មិន​ខ្វល់​សោះ​នឹង​បញ្ហា​សិទ្ធិមនុស្ស។ ដូច្នេះ​ក្រុមហ៊ុន​មេតា ត្រូវ​តែ​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​ ក្នុង​​អំពើ​ហិង្សា​រើសអើងជនជាតិ​ភាគតិច​ ដែលបន្ត​ជ្រកក្រោន​ ​ក្នុង​ចំនួន​ដ៏​ច្រើន​ នៅជំរំ​ជនភៀស​ខ្លួន​ប្រទេស​បង់ក្លាដែស។

តើហ្វេសប៊ុក​ដើរ​តួ​បំផុស​អំពើ​ហិង្សា​និ​ងការ​ស្អប់​ខ្ពើម​ជនជាតិ​រ៉ូហ៊ីងយ៉ា យ៉ាងណា ?
តើហ្វេសប៊ុក​ដើរ​តួ​បំផុស​អំពើ​ហិង្សា​និ​ងការ​ស្អប់​ខ្ពើម​ជនជាតិ​រ៉ូហ៊ីងយ៉ា យ៉ាងណា ? AFP/File
ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំ​២០១៧ ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅភូមា បាន​រង​អំពើ​ហិង្សា​កាប់​សម្លាប់ ចាប់​រំលោភ​បំពាន​ ដុត​ផ្ទះ​សម្បែង ពី​សំណាក់​ក្រុមយោធា​ភូមា​​ ដែល​​ជំរុញ​ឱ្យ​ជនជាតិភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​ ជា​ច្រើន​ម៉ឺន​​នាក់​នាំ​គ្នា​រត់​ភៀស​ខ្លួន​ចេញ​ទឹក​ដី​កំណើត​ភូមា ហើយ​បច្ចុប្បន្ន​កំពុង​បន្ត​ជ្រក​កោន​ក្នុង​ជំរំ​នៅ​ប្រទេស​បង់ក្លាដែស​ជិត​ខាង ប្រមាណ​៨សែន៥ម៉ឺននាក់។​ ​​បើ​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​ Amnesty International ហ្វេសប៊ុក​មានតួនាទី​ស្នូល ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​រើងអើងនិង​ស្អប់​ខ្ពើម​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ានេះ និង​តាំងពី​ឆ្នាំ​២០១២​មក​។ នៅភូមា​ បណ្តាញ​សង្គម​គឺ​ជា​សេវា​អ៊ីនធ័រនែត​តែមួយ​គត់​ដែល​គេ​អាច​ប្រើ​បាន​ដោយ​សេរី។ តាម​រយៈ​ហ្វេសប៊ុក រាល់​គ្រប់​សារ​ហិង្សា​ សារ​បែប​ស្អប់​ខ្ពើម​គ្នា បាន​​រីក​សាយភាយ យ៉ាង​លឿន​ និ​ងកាន់​តែធំ។ អ្នក​ខ្លះ​ បញ្ចេញ​គំនិត​ស្អប់​និង​ខឹង​ខ្លាំង​រហូត​​ចង់​​សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា ​​លើ​ទំព័រ​ហ្វេសប៊ុក​ ដោយ​ចំៗ ដែលចូល​រួម​ចំណែក​ពន្យុះ​​​ក្រុមយោធា​ដែល​ក៏​មាន​ចិត្ត​ហិង្សា​ស្រាប់​ ចេញ​ធ្វើ​ប្រតិបត្តិការ​បោស​សម្អាត​ជាតិ​ពិន្ធុ​នេះ។

​តើ​ហ្វេសប៊ុក​រួម​ចំណែក​​ផ្សព្វផ្សាយ​បំផុស​ព័ត៌មាន​នាំ​ឱ្យ​មាន​​ការ​ស្អប់​ខ្ពើ​មជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា  យ៉ាង​ដូចម្តេចទៅ ?

គឺដោយសារប្រព័ន្ធ​​អាល់ហ្គោរីត​របស់​ហ្វេសប៊ុក​ផ្ទាល់​តែ​ម្តង។ ​ហ្វេសប៊ុក​ ផ្តល់អាទិភាព​​ឱ្យសារ ដែល​មាន​អ្នក​ខំមិន​ច្រើន ​ឱ្យ​លោត​​អណ្តែត ចេញលើ​​គេ​ (បើក​ទៅ​ឃើញៗ) ដោយ​មិន​គិត​អំពី​ខ្លឹមសារ​ឡើយ។ ដូច្នេះ​នៅពេល​សារ​បែប​ហិង្សា​និង​ស្អប់​ខ្ពើម​គ្នា ​ដែល​​តែងតែ​ មាន​ការ​បញ្ចេញ​យោបល់ឆ្លើយ​ឆ្លង​គ្នា​ច្រើន ទោះ​វិជ្ជមានក្តី​​អវិជ្ជមានក្តី វា​នឹង​អណ្តែត​មើល​ឃើញ​មុន​គេ។ មាន​ន័យ​ថា ហ្វេសប៊ុក​បាន​ផ្តល់​វេទិកា​ ផ្តល់​ឱកាស​ គ្មាន​ប្រៀប​ឱ្យ​ភូមា​ផ្សព្វផ្សាយ​អំពើ​ហិង្សា​និង​ការ​ស្អប់​ខ្ពើម​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា រស់​នៅក្នុង​ប្រទេស​ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា។ ក្បួន​អាល់ហ្កោរីត​របស់​ហ្វេសប៊ុក​នេះ ចោទ​ជា​បញ្ហា​នៅក្នុង​គ្រប់ប្រទេស​លើ​ពិភពលោក មិនមែន​តែ​នៅ​ភូមា​មួយ​ទេ។

ហ្វេសប៊ុកគិតផល​ចំណេញជាង​គិត​រឿង​សិទ្ធិមនុស្ស ?

ក្រុមហ៊ុន​ បាន​ដឹង និង ត្រូវ​តែ​​ដឹង​ថា ប្រព័ន្ធ​អាល់ហ្គោរីត​របស់​ហ្វេសប៊ុក អាច​នឹង​បំផុស​ ពង្រីក​សារ​ស្អប់​រ៉ូហ៊ីងយ៉ា​ឱ្យ​សាយភាយ​កាន់​តែ​កាន់​ខ្លាំង​នៅ ភូមា។ ក្រុមហ៊ុន​បាន​ទទួល​សារដាស់​តឿន​និង​ព្រមាន​ជា​ច្រើន​ដែរ។ ​កាលពី​ឆ្នាំ​២០១៤ ក្រោយផ្ទុះ​អំពើ​ហិង្សា​ខ្លាំង​បី​បួន​ថ្ងៃជាប់​គ្នា និង​តាម​រយៈ​សំណើ​របស់​រដ្ឋាភិបាលភូមា ហ្វេសប៊ុកបាន​បញ្ចេញ​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​​ម្តងប្រឆាំង​នឹង​សារ​ញុះញង់។ ​ប៉ុន្តែ ដោយ​​អន់​ចំណូល​ និងដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាអាទិភាព​ ​ក្រុមហ៊ុនលែង​​ខ្វល់​នឹង​បញ្ចេញ​សកម្មភាពដើម្បី​សិទ្ធិមនុស្ស​។ ​មេតា ត្រូវ​ការ​និង​ចង់​ឱ្យ​តែ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ស្រីប្រុស​ទាំងអស់ បន្តចូល​លេង​​និង​មើល​តាមដាន​ក្នុ​ងបណ្តាញ​សង្គម​របស់​ខ្លួន​ឱ្យ​បាន​យូរបំផុត​ កាន់​តែយូរកាលណា កាន់​តែ​ល្អកាលណុង ព្រោះ​ក្រុមហ៊ុន​នឹង​អាច​លក់​កម្មវិធី​ផ្សាយ​ពាណិជ្ជកម្ម​បាន​ចំណូល​ច្រើន​។ ក្នុង​ពេល​ដែល​យោធា​ភូមា​កំពុង​ប្រព្រឹត្ត​អំពើ​ បែប​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ក្រុមហ៊ុន​មេតា ប្រមូលបាន​​ប្រាក់​ចំណេញ​ ​ច្រើន​ណាស់ក្នុង​អំឡុងពេល​នោះ តាម​រយៈ​សន្ទុះកប់​ពពក​នៃ​សារ​ស្អប់​ខ្ពើម​គ្នាតាម​បណ្តាញ​ហ្វេសប៊ុក។​ ក្រុមហ៊ុន​ឡើង​មាន​បាន​ខ្លាំង​ តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​ Amnesty International យល់​ថា ក្រុមហ៊ុន​មេតា​ត្រូវ​ដឹង​ខ្លួន និង​សង​ជំងឺ​ចិត្ត​ដល់​រង​គ្រោះ ចំពោះ​ទង្វើ​គ្មាន​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន។​

​ជន​រងគ្រោះរ៉ូហ៊ីងយ៉ា​ ​នឹង​ទទួល​បាន​សំណង​យ៉ាង​ណា​ពី​ហ្វេសប៊ុក ?

សំណង​ជា​លុយ​កាក់​ ​ទំនង​អាច​បន្ធូរបន្ថយ​ស្ថានការណ៍​បាន​ខ្លះ ព្រោះ​ជនរ៉ូហ៊ីងយ៉ានៅក្នុង​ជំរំ​ប្រទេស​បង់ក្លាដែស ត្រដរ​រស់​ក្នុង​ស្ថានភាព​យ៉ាប់យឺន​មែនទែន មិន​ទាំង​អាច​ផ្តល់​ការ​សិក្សា​ដល់​ក្មេងៗផង។ ប៉ុន្តែ​ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ភាគច្រើន ចង់​បាន​ដំណោះស្រាយយូរអង្វែង​ច្រើន​ជាង​ ពោល​គឺ​មិន​ឱ្យ​ហេតុការណ៍​ហិង្សាដែល​ខ្លួន​ធ្លាប់​ឆ្លងកាត់​  កើត​មាន​ឡើង​ទៀត។ ពេល​នេះ​ក្រុមជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ជា​ច្រើន​ក្រុម​​កំពុង​ដាក់ពាក្យ​បណ្តឹង​​បី​ នៅ​តុលាការប្រទេស​អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ ដូច្នេះ​ទំនួល​ខុស​ត្រូវ​របស់​ហ្វេសប៊ុក​នឹង​ត្រូវ​សង​តាម​ផ្លូវ​ច្បាប់​ដោយ​ប្រាកដ។

អង្គការ​យុវជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា បាន​ដាក់​បណ្តឹង​ប្រឆាំង​នឹង​មេតា​ដែរ​នៅ​អង្គការ​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច។

សម្រាប់​ Amnesty International មេតា​ចាំបាច់​ត្រូវ​ធ្វើ​កំណែទម្រង់​​ប្រព័ន្ធ​អាល់ហ្គោរីត​របស់​ខ្លួន បើ​ពុំ​នោះ​ទេ​នឹង​មាន​សោកនាដកម្ម​ថ្មី​ដោយ​សារ​ស្នាដៃ​មេតា​ ដូច​ករណី​រ៉ូហ៊ីងយ៉ា នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត ដែល​មាន​ជម្លោះ​ជាតិ​ពិន្ធុ​ជាក់​ជា​ពុំ​ខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ