អានតួអត្ថបទ
ភូមា-រ៉ូហ៊ីងយ៉ា

រ៉ូហ៊ីងយ៉ា រំលឹក​ខួប​៥​ឆ្នាំ​នៃការ​រង​​អំពើបែប​ “ប្រល័យពូជសាសន៍” ​ពីយោធាភូមា

ថ្ងៃ​ទី ២៥​សីហា​នេះ ជា​គម្រប់​ខួប​៥​ឆ្នាំ គត់ ដែល​ជនជាតិ​ភាគតិច​ កាន់​សាសនា​អ៊ីស្លាម គ្មាន​ប្រទេស​ គ្មាន​សញ្ជាតិ រ៉ូហ៊ីងយ៉ា ចំនួន ប្រមាណ  ៧៥០០០០នាក់ បាន​រង​​​អំពើ​ហិង្សា ​បង្ក្រាប​ កាប់​សម្លាប់​របស់​យោធា​ភូមា។ ពួក​គេ​ជា​ច្រើន​ពាន់​នាក់បាន​បង្ខំ​ចិត្ត​​នាំគ្នា​រត់​គេចខ្លួន​​មក​ជ្រក​កោន​ក្នុង​ទឹក​ដី​បង់ក្លាដែស​ជាតិ​ខាង ក្នុង​ជំរំ​ដ៏​រខេករខាក Cox's Bazar។

ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅជំរំ Cox Bazar រំលឹកខួប​៥​ឆ្នាំ​នៃ​កា​រ​រង​អំពើ​ហិង្សា​ពី​សំណាក់យោធា​ភូមា
ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅជំរំ Cox Bazar រំលឹកខួប​៥​ឆ្នាំ​នៃ​កា​រ​រង​អំពើ​ហិង្សា​ពី​សំណាក់យោធា​ភូមា AP - Shafiqur Rahman
ផ្សាយពាណិជ្ជកម្ម

ពី​​ជំរំ​ជនភៀស​ខ្លួន​ដ៏​ធំ​ជាង​គេ​នៅលើ​ពិភពលោក និង​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ភូមា (ស្លៀកសារុង​) ជនរ៉ូហ៊ីងយ៉ា បាន​ប្រមូល​ផ្តុំ​គ្នា ប្រារព្វ​ពិធី​រំលឹក​ខួប​ នៃ​អំពើហិង្សា ដែល​ពួក​គេ​ចាត់​ទុក​ជា​ទង្វើ​បែប “ប្រល័យពូជាសាសន៍” ដោយ​​លើក​បដា និងពាក្យ​ស្លោក​ ស្រែក​ទាមទារ ដោយ​សន្តិវិធី ​ឱ្យ​ភូមា​រំលាយ​ច្បាប់ឆ្នាំ​១៩៨២។ ច្បាប់​ដែល​មិន​អនុញ្ញាត​ឱ្យពួក​គេ​មាន​សញ្ជាតិ​ក្នុង​ប្រទេស​កំណើត។

ប៉ុន្តែនៅក្នុងផ្ទៃ​​ប្រទេស​ភូមា​ តាំងពី​ថ្ងៃ​រដ្ឋប្រហារ​ ទី ១​កុម្ភៈ​២០២១​មក គេ​សង្កេត​ឃើញ​មាន​លេច​ឡើង​ទម្រង់​នៃ​ការ​បង្រួបបង្រួមជាតិ​ប្រឈម​នឹង​របបយោធា​ភូមា ​។ ឆន្ទៈ​ថ្មី​ដែល​អាច​ជួយ​ឱ្យ​ជនជាតិភាគតិច​​​រ៉ូហ៊ីងយ៉ា​ឱ្យ​បាន​ចូលចុះ​ក្នុង​សង្គម​ភូមា​បាន​ប្រសើរ​​ជាង​មុន​។ នេះ​ជា​ការ​យល់​ឃើញ​របស់​អ្នក​ស្រី អាឡិចសង់ដ្រា មែរសាន នរវិទូ​​ជំនាញ​ប្រទេស​ភូមា និង​ជា​សាស្ត្រាចារ្យ​-អ្នក​ស្រាវជ្រាវនៅ​វិទ្យាស្ថាន​ជាតិ​ភាសា​និង​អរិយធម៌បូព៌ា (INALCO)។

​អ្នកស្រី​ Alexandra Mersan ៖ “មាន​ការ​ប្តូរ​ផ្លាស់​ដ៏​​ចម្បង​ ​ គឺ​តាំងពី​រដ្ឋប្រហារ​មក ​​រងគ្រោះ​ រង​អំពើ​ហិង្សា​ និង​ការ​បង្ក្រាប​ពី​សំណាក់ក្រុម​​យោធាភូមា​ មិនមែន​ជា​ក្រុមជនជាតិ​ភាគតិច​ទេ តែ​ជា​ពលរដ្ឋទូ​ទាំងប្រទេស​ ​តែម្តង រាប់​ទាំង​ជនជាតិ​ភូមា​ផ្ទាល់​ផង។ បច្ចុប្បន្ន​នេះ ជនជាតិ​ដើម​ភូមា កំពុង​ប្រឈម​ឈ្លោះ​យ៉ាង​ខ្លាំង​ ជាមួយ​នឹងក្រុម​​ទាហាន​ភូមា។ ស្ថានភាព​បែប​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​ជា​ជាតិ​ពិន្ធុ​ភាគ​ច្រើន​ក្នុង​ប្រទេស​ យល់​ថា អំពើ​ហិង្សា​ និងការ​បង្ក្រាប​របស់​អាជ្ញាធរ​យោធា​ពេល​នេះ គឺ​ទុក្ខវេទនា​​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម និង​ជនជាតិ​ភាគតិច​ជា​​ទូទៅ កាលពី​ពេល​មុន​។

អ៊ីចឹង​ហើយ បាន​ជា​ក្រោយ​​រដ្ឋប្រហារ​ថ្ងៃទី ១​កុម្ភៈ​២០២១​មក គេ​ឃើញ​មាន​សេចក្តី​ថ្លែងការណ៍ មាន​​សកម្មភាព​​ខ្លះជាក់ស្តែង ខ្លះ​ជា​​និម្មិតរូបដ៏​ខ្ពង់​​ខ្ពស់ ទទួល​ស្គាល់​វត្តមានដូច​ជា​ជនជាតិ​​ផ្សេងទៀត​ដែរ និង​​ភាព​លំបាក​លំបិន​​របស់​ជនជនជាតិភាគ​តិច​ ​រ៉ូហ៊ីយ៉ា ក្នុងរយៈ​ពេល​ប៉ុន្មាន​​ទសវត្សរ៍​កន្លង​មកនេះ។ ពោល​គឺ​ជាការ​បង្ហាញ​​ឆន្ទៈបែប​បង្រួមបង្រួម​ជាតិ​ ​ឆន្ទៈ​គិត​គូរ​ដល់​ភាព​​ចម្រុះ មិន​ថា​ភាព​ចម្រុះ​ជាតិ​សាសន៍ សាសនា ឬជាតិ​ពិន្ធុ។ នេះ​ហើយ​ជា​អ្វី​​ដែល​ថ្មី”។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ