អានតួអត្ថបទ
ហ្វេសប៊ុក-រ៉ូហ៊ីងយ៉ា

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាប្តឹង​ហ្វេសប៊ុកទារ​សំណង​១៥០ពាន់​លានដុល្លារ

នៅថ្ងៃចន្ទទី ៦ ធ្នូ ២០២១​នេះ ក្រុមជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹងក្រុមហ៊ុន​ហ្វេសប៊ុក នៅ​​តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា។ ក្នុង​បណ្តឹង​ ក្រុមជនភៀស​ខ្លួនរ៉ូហ៊ីងយ៉ា​​​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​​ជា​ទឹក​ប្រាក់​ចំនួន ១៥០ពាន់​ដុល្លារ ពី​បណ្តាញសង្គម​ហ្វេសប៊ុក ពីបទ​បាន​បណ្តោយ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​សារ​ស្អប់​ខ្ពើម​ជនជាតិ​ភាគតិច។

ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ប្តឹង​ក្រុមហ៊ុន​ហ្វេសប៊ុក ពីបទ​បណ្តោយ​ឱ្យ​មានការ​បង្ហោះសារ​ស្អប់ខ្ពើម​រើសអើង​ជនជាតិ​ភាគតិច
ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ប្តឹង​ក្រុមហ៊ុន​ហ្វេសប៊ុក ពីបទ​បណ្តោយ​ឱ្យ​មានការ​បង្ហោះសារ​ស្អប់ខ្ពើម​រើសអើង​ជនជាតិ​ភាគតិច REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

ហ្វេសប៊ុក​ប្រៀប​ដូច​ជា​ម៉ាស៊ីនដែល​មានកម្មវត្ថុ​តែ​​មួយ​ គឺពង្រីក​អភិវឌ្ឍន៍​។ តែ​ការ​អភិវឌ្ឍលូត​លាស់​របស់​ហ្វេសប៊ុក​ មាន​បណ្តុះ​ទៅ​ដោយ​ភាព​ស្អប់​ខ្ពើម បែងចែង និង​ព័ត៌មាន​មិនពិត​ ដែល​ប៉ះពាល់​ដល់​ជីវិត​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា រាប់ម៉ឺន​នាក់។ នេះ​បើ​តាម​សំណេរ​ប្តឹង​របស់​ក្រុមជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ទៅ​កាន់​តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា ទី​ដែល​ហ្វេសប៊ុក​មាន​ទីស្នាក់ការ​ធំ​នៅ​ទីនោះ។

​ពាក្យ​​បណ្តឹងបាន​សង្កត់ធ្ងន់ទៀតថា បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ បាន​សម្រួល​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត និង​ការ​ផ្សព្វផ្សាយ​ទ្រឹស្តី​បែប​ជ្រុល​និយម​ លើ​បណ្តាញ​សង្គម ដែលពាក្យ​ទាំង​នោះ​បាន​​ប្រែ​ក្លាយ​ទៅជា​​អំពើ​ហិង្សា​នៅក្នុង​សង្គម​រស់​នៅ​ជាក់ស្តែង។ ស្ថានភាព​បែប​នេះ បាន​រុញ​ច្រាន​ឱ្យ​ក្រុម​អ្នក​មាន​និន្នាការ​ជ្រុលនិយម​បន្តិច​ស្រាប់​ កាន់​តែ​ជ្រុលនិយម​ខ្លាំង​ឡើង​ និង​កាន់​តែ​បាន​ដៃ​សម្រាប់​ក្រុមមេដឹកនាំ​ជ្រុលនិយម និង​ផ្តាច់ការ​និយម។ នេះ​បើ​តាម​ខ្លឹមសារ​នៃ​បណ្តឹង​រួម​របស់​ក្រុម​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ាដដែល។

អង្គការ​ការ​ពារសិទ្ធិមនុស្ស​បាន​បន្ទោសតាំង​ពី​យូរ​មក​ហើយថា​​​បណ្តាញ​សង្គម​ហ្វេសប៊ុក មិន​បាន​បញ្ចេញ​សកម្មភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត និង​ព័ត៌មាន​ភូតភរ។ អ្នក​រិះគន់​ខ្លះ​បាន​ថែម​ទាំងធ្លាប់​បាន​​ចោទ​ប្រកាន់​ហ្វេសប៊ុកថា ទោះ​បី​មាន​សញ្ញា​បញ្ជាក់​អំពី​ខ្លឹមសារ​បែប​រើសអើង​ស្អប់​ខ្ពើម​គ្នា​​ក្តី ក៏​ក្រុមហ៊ុន​មិន​ខ្វល់​អើពើ​ដែរ គឺ​ទុក​បណ្តោយរហូត​​មាន​ការ​គាប​សង្កត់​ធ្វើ​បាប​ជនជាតិ​ភាគតិច ឬ​ឥទ្ធិពល​លើ​លទ្ធផលបោះឆ្នោត​ណាមួយ​។ ភាព​អសកម្ម​របស់​ហ្វេសប៊ុក​ដែល​បាន​ជំរុញ​ឱ្យ​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​ដើរ​ចេញ​ពី​ក្រុមហ៊ុន និង​ឡើង​ទៅ​ប្រកាស​នៅ​មុខ​សភាអាមេរិក​កាលពី​ខែឧសភា​ ថាក្រុមហ៊ុន​ហ្វេសប៊ុក​ទាក់ទាញ​ឱ្យ​មាន​អំពើ​ហិង្សា​ជាតិ​ពិន្ធុ​ នៅក្នុង​បណ្តា​ប្រទេស​ខ្លះ។

ហ្វេសប៊ុក​មិន​ទាន់បញ្ចេញ​​ប្រតិកម្មអ្វី​ទេទៅនឹងបណ្តឹងរបស់​ជនជាតិ​រ៉ូហ៊ីងយ៉ាទេ។ ហើយ​បើ​តាម​​​ច្បាប់​អាមេរិក​ ហ្វេសប៊ុក​គ្មានទំនួល​ខុ​សត្រូវ​អ្វីនៅ​​​ចំពោះសារដែល​​អ្នក​ប្រើប្រាស់​បង្ហោះ​លើ​បណ្តាញឡើយ។ ប៉ុន្តែ​បណ្តឹង​របស់​ក្រុមជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ានេះ​អាចនឹងទទួល​បាន​ការ​ចាប់​អារម្មណ៍ពិសេសពី​តុលាការអាមេរិក​​ព្រោះ​ជនជាតិ​រ៉ូហ៊ីងយ៉ា មិន​បាន​ទទួល​ការ​ការពារ​អ្វី​ទាំងអស់​ ពី​​ច្បាប់​ភូមា។

សូម​បញ្ជាក់​ថា ជា​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម រស់នៅ​រាប់ជំនាន់​ក្នុង​ប្រទេស​ភូមា តែគ្មាន​សញ្ជាតិ គ្មាន​ប្រទេស គ្មាន​សិទ្ធិសេរីភាព​អ្វី​ទាំង​អស់ និង​ត្រូវ​រស់​ក្រោម​ការ​បង្ក្រាប​យ៉ាង​ហិង្សា ​ក្នុងនាម​ជាជន​ខុស​ច្បាប់ពី​សំណាក់​របប​សឹក​ភូមា​ និងរង​​ការ​​រើសអើងយ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ដែល​ប្រជាជន​ភាគ​ច្រើន​ជា​អ្នកកាន់​សាសនា​ព្រះ​ពុទ្ធ។ ជនភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា​ បដិសេធ​មិន​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​ទេ ដរាប​ណា​គ្មាន​ការ​ធានា​សន្តិសុខ​និង​សមភាព​តាម​ផ្លូវ​ច្បាប់​។ ពួក​គេ​សុខ​ចិត្ត​រស់​នៅក្នុង​ជំរំរខេករខាក​នៅ​ព្រំប្រទល់​ប្រទេសបង់ក្លាដែស តាំង​ពី​ឆ្នាំ ២០១៧មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ