អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើការបំផ្ទុះរថយន្ត​បំផ្លាញ ស្ពាន​គ្រីមេ អាចទៅដុតកំហឹង​របស់​លោកពូទីន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មាធិការស៊ើបអង្កេត រុស្ស៊ី​បាន​បើក​ការស៊ើបអង្កេតឧក្រិដ្ឋកម្ម​ទៅលើ​ហេតុការណ៍​ផ្ទុះ​បំផ្លាញ ស្ពាន​គ្រីមេ នៅ​ព្រឹក​ថ្ងៃ​សៅរ៍នេះ។ តាមគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ដែលដកស្រង់ផ្សាយ​ដោយ​កាសែត​ក្នុងស្រុក នៅវេលា​ម៉ោង ៦ព្រឹក ម៉ោង​នៅ​រុស្ស៊ី រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បាន​ផ្ទុះ នៅលើ​ស្ពាន​គ្រីមេ និង​រាលដាល ធ្វើ​ឲ្យ​ផ្ទុះ​ឆេះ​ស៊ីទែន​ដឹកប្រេង ដែល​គេ​កំពុង​ដឹកសំដៅ​ឧបទ្វីបគ្រីមេ ដែល​រុស្ស៊ី បាន​កាត់យក​ពីអ៊ុយក្រែន កាលពី​ឆ្នាំ ២០១៤។តាមអាជ្ញាធររុស្ស៊ី តុល្យការចុងក្រោយបង្ហាញថា មានមនុស្ស​៣នាក់​ស្លាប់​នៅក្នុងហេតុការណ៍បំផ្ទុះឆេះស្ពានគ្រីមេនៅថ្ងៃទី ៨​តុលា។​ តើ​ការបំផ្ទុះបំផ្លាញ​ស្ពានដែលជាសមិទ្ធិផល​របស់​លោកពូទីន និងជានិមិត្តរូប​នៃការកាត់យក​ទឹកដី​អ៊ុយក្រែន ពីសំណាក់រុស្ស៊ី អាច​ជា​ស្នាដៃ​របស់​អ៊ុយក្រែន?

ស្ពានគ្រីមេ​ ផ្នែក​ខាងចុងជាប់ទឹកដីរុស្ស៊ី​ត្រូវ​ភ្លើងឆេះសន្ធោសន្ធៅ ដោយសារ​ការផ្ទុះរថយន្ត ដែល​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី​កំពុង​ស្រាវជ្រាវស្វែងរកមុខអ្នកបង្កហេតុ នៅថ្ងៃទី ៨​តុលា ២០២២។
ស្ពានគ្រីមេ​ ផ្នែក​ខាងចុងជាប់ទឹកដីរុស្ស៊ី​ត្រូវ​ភ្លើងឆេះសន្ធោសន្ធៅ ដោយសារ​ការផ្ទុះរថយន្ត ដែល​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី​កំពុង​ស្រាវជ្រាវស្វែងរកមុខអ្នកបង្កហេតុ នៅថ្ងៃទី ៨​តុលា ២០២២។ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

រូបភាពនៅលើ​បណ្តាញសង្គម ដូចជា​តេឡេក្រាម និង​ទ្វីតធ័រ ដែល​អាជ្ញាធរ​រុស្ស៊ីនៅទៀបកោះ​គ្រីមេ ​បានបង្ហោះផ្សាយ​នៅព្រឹកព្រលឹមថ្ងៃសៅរ៍ បាន​បង្ហាញ​ភ្លើងឆេះ​សន្ធោសន្ធៅ​លើស្ពានគ្រីមេ ដែល​តភ្ជាប់​ពីទឹកដី​រុស្ស៊ី ទៅកាន់​គ្រីមេ។

តាម​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី នៅម៉ោង​ប្រមាណ ៦ព្រឹក​នេះ រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បានផ្ទុះ នៅ​លើ​ស្ពាន នៅ​ប៉ែកខាងទឹកដី​រុស្ស៊ី។ កម្លាំងផ្ទុះរបស់វា​បានរាលដាល​ទៅដល់​ស៊ីទែនដឹកប្រេង នៅលើ​ស្ពានរទេះភ្លើង​ក្បែរនោះ។ តាមអាជ្ញាធរ​រុស្ស៊ី ស៊ីទែនដឹកប្រេង ចំនួន ៧បាន​ផ្ទុះឆេះដ៏សន្ធោសន្ធៅនៅលើស្ពាន មុននឹង​ត្រូវ​គេ​ពន្លត់​ចប់សព្វគ្រប់​មកវិញ។

នៅក្រោយ ហេតុការណ៍ផ្ទុះឆេះ នៅលើ​ស្ពាន អាជ្ញាធរ​បានបិទ​ចរាចរណ៍​លើ​ស្ពានទាំងស្រុង ព្រោះថា កម្លាំងផ្ទុះ​របស់​រថយន្ត បាន​ទៅបំផ្លាញ ធ្វើ​ឲ្យ​ស្ពាន​មួយផ្នែក សម្រាប់​ការចរាចរណ៍​រថយន្ត បាក់ធ្លាក់​ចូលក្នុងទឹក ចំណែក ស្ពាន​រទេះភ្លើង​រងការខូចខាត​យ៉ាងដំណំ ដោយសារភ្លើងឆេះស៊ីទែនប្រេង។

អ្នកទទួលខុសត្រូវរុស្ស៊ី​សម្រាប់​តំបន់​ខឺសិន ដែលជា​ក្រុងជិតខាងរបស់​គ្រីមេ​បាន​និយាយ​ថា ដោយសារ​កម្លាំងផ្ទុះឆេះខ្លាំង គេត្រូវការ​ពេលវេលា​យ៉ាងហោច ២ខែ ដើម្បី​ជួសជុល មុន​នឹង​ដាក់ឲ្យដំណើរការ​ប្រើប្រាស់ឡើងវិញ។

តើស្ពានគ្រីមេ​សំខាន់​ប៉ុណ្ណា​សម្រាប់​រុស្ស៊ី ?

ស្ពានគ្រីមេជា​ច្រកផ្លូវដ៏សំខាន់​សម្រាប់​រុស្ស៊ី មិនថា ក្នុងផ្នែក​យុទ្ធសាស្រ្ត​យោធា​នៅ​អ៊ុយក្រែន និងភូមិសាស្រ្ត​នយោបាយ​របស់​រុស្ស៊ី។

ស្ពានគ្រីមេ ជា​និមិត្តរូប​នៃ​នយោបាយ​ភ្ជាប់ទឹកដី​របស់រុស្ស៊ី នៅបន្ទាប់ពី រុស្ស៊ី កាត់យក​ដោយ​ខុសច្បាប់ ឧបទ្វីបគ្រីមេ ពី​អ៊ុយក្រែន នៅ​ឆ្នាំ ២០១៤។ ត្រូវដឹង​ថា នៅក្រោយ​ប្រកាស​ភ្ជាប់តំបន់គ្រីមេ​ទៅក្នុង​ទឹកដី​រុស្ស៊ី នៅ​ឆ្នាំ ២០១៤ ប្រធានាធិបតី​រុស្ស៊ី លោកពូទីន​បាន​បញ្ជា​ឲ្យ​គេ​សាងសង់​ស្ពាន​តភ្ជាប់ពី​ដែនដីរុស្ស៊ីភាគខាងត្បូង ទៅកាន់​ឧបទ្វីបគ្រីមេ។ ជាមួយថវិកា​សាងសង់ មហាសាល ៣,៧ពាន់លាន​ដុល្លារ លោក​ពូទីន​បាន​ទៅសម្ពោធ ដាក់​ឲ្យប្រើប្រាស់​ស្ពាន នៅ​ឆ្នាំ ២០១៨។ មន្រ្តីរុស្ស៊ី​ឧស្សាហ៍​និយាយ​អួតសរសើរ​ស្ពាន គ្រីមេ ថា ជាមោទនភាព​របស់​រុស្ស៊ី ព្រោះថា ស្ពាន​ប្រវែង ជាង ១៧គីឡូម៉ែត្រ ​ជា​ស្ពាន​ឆ្លងសមុទ្រ​ដ៏វែងជាងគេ​នៅអឺរ៉ុប។

មួយវិញ​ទៀត ស្ពានគ្រីមេ​មិនត្រឹម​ជា​និមិត្តរូបនៃ​នយោបាយរុស្ស៊ី កាត់យកទឹកដីគ្រីមេ​របស់​អ៊ុយក្រែន ប៉ុន្តែ វាជាច្រកសំខាន់​ដែលរុស្ស៊ី​ប្រើ សម្រាប់​ដឹកជញ្ជូន​ទ័ព ភស្តុភា និងសព្វាវុធ ទៅ​សមរភូមិប្រយុទ្ធ​នៅទឹកដី​អ៊ុយក្រែន។

តើ​ការបំផ្ទុះ​រថយន្ត ដែលឈានទៅបំផ្លាញ ស្ពាន គ្រីមីមួយផ្នែក ជា​ស្នាដៃ​អ្នកណា?

នៅថ្ងៃសៅរ៍ ភាគី​រុស្ស៊ី​នៅមិនទាន់ បាន​កំណត់ ​ចោទប្រកាន់​ត្រង់ៗ​ថា ការបំផ្ទុះរថយន្ត​ដែលបានបំផ្លាញ​ស្ពានគ្រីមេ​ជាស្នាដៃ​របស់​អ៊ុយក្រែន​នោះទេ។ តាម​អ្នកនាំពាក្យ​របស់​ក្រេមឡាំង ប្រធានាធិបតី​រុស្ស៊ី លោកពូទីន​បាន​បញ្ជា​ឲ្យ​គេ​បើកការស៊ើបអង្កេត បន្ទាន់ នៅក្រោយការផ្ទុះឆេះ​ នៅលើស្ពានគ្រីមេ។

ប៉ុន្តែ ក្នុងអំឡុង​ពេល​រង់ចាំ​ការសន្និដ្ឋាន​របស់​គណៈកម្មការស៊ើបអង្កេត ប្រធានសភា នៅតំបន់​គ្រីមេដែលលើកបន្តុបដោយ​រដ្ឋអំណាច​រុស្ស៊ី បានបរិហាររួចហើយថា គឺ​អ៊ុយក្រែន​ដែលជាមេគំនិតបំផ្លាញស្ពានគ្រីមេ។

អ៊ុយក្រែន​អាចជា​ផ្ទាំងស៊ីប ត្រូវ​គេចង្អុរមុខ​ចោទប្រកាន់ ព្រោះថា ការបំផ្លិចបំផ្លាញ​ប្រយោជន៍​រុស្ស៊ី នៅ​ទឹកដីគ្រីមេ ជា​ក្តីប្រាថ្នា​រហូតមក​របស់​អ៊ុយក្រែន។ កន្លងមក អ៊ុយក្រែន​ក៏ធ្លាប់​រងការចោទប្រកាន់ថា ជាអ្នកនៅពីក្រោយ ការបំផ្ទុះគ្រាប់​ជាច្រើន ដង នៅ​ទឹកដីគ្រីមេ។ ជាក់ស្តែង នៅបន្ទាប់ពី​រុស្ស៊ី លើកឡើង​ពីករណី បង្កវិច្ឆេទកម្ម ទៅលើ​មូលដ្ឋាន ទ័ពរុស្ស៊ី Djankoï​នៅគ្រីមេ កាលពីខែ សីហា អ៊ុយក្រែន​ក្រោយមក ​បាន​ចេញមុខ​ទទួលស្គាល់ថា ការបំផ្ទុះបំផ្លាញ​កន្លែងស្តុកគ្រាប់​របស់​រុស្ស៊ី នៅមូលដ្ឋានទ័ព​នៅ​គ្រីមេ ជាស្នាដៃ​របស់ខ្លួន។

ប៉ុន្តែ លើកនេះ អ៊ុយក្រែន​មិនបាន​ចេញមុខ​ប្រកាសទទួលខុសត្រូវ​លើ​ការបំផ្ទុះគ្រាប់ ដែលបំផ្លាញស្ពានគ្រីមេ។ ផ្ទុយទៅវិញ មន្រ្តីធំៗ​របស់អ៊ុយក្រែន ដែលនៅក្នុងនោះ​មានផងដែរ​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោកប្រធានាធិបតី​ហ្សេឡេនស្គី បាន​សរសេរសារ​ទ្វីតជាបន្តបន្ទាប់ ចំអកឡកឡើយ​ដាក់​រុស្ស៊ី ដូចជា​ថា ការផ្ទុះឆេះស្ពាន គ្រាន់តែ​ជាការចាប់ផ្តើម ឬ​ជា​អំណោយសម្រាប់​បុណ្យខួបកំណើត​របស់​លោកពូទីនជាដើម។

នៅក្នុងសារទ្វីតដែលបង្ហាញរូបភាព​ភ្លើងឆេះស្ពាន លោក​Mykhailo Podolyak ទីប្រឹក្សារបស់​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ចាត់ទុក​ហេតុការណ៍ឆេះស្ពាន​នៅគ្រីមេ​ថា គ្រាន់តែ​ជាការចាប់ផ្តើម និង​ថា អ្វីដែលខុសច្បាប់ គួរតែត្រូវ​បំផ្លាញ។ អ្វីដែល​លួចពីអ៊ុយក្រែន ត្រូវ​ត្រលប់មកអ៊ុយក្រែនវិញ និង អ្វីៗ​ដែលស្ថិតក្រោមការកាប់កាប់​របស់​រុស្ស៊ី នឹង​ត្រូវ​វាយរំដោះឲ្យមានសេរីភាពឡើងវិញ។

មន្រ្តីអ៊ុយក្រែន​ខ្លះ​បាន​ប្រៀបករណីផ្ទុះបំផ្លាញស្ពានគ្រីមេលើកនេះ ទៅនឹង​ហេតុការណ៍​ឆេះលិច​នាវាចម្បាំង​របស់​រុស្ស៊ី  MOSKVAកាលពីខែមេសា។ ដើមឡើយ រុស្ស៊ី អះអាងថា ត្រូវ​ខូចបំផ្លាញ ដោយសារ​ភ្លើងឆេះ ពីខាងក្នុង ប៉ុន្តែ តាមពិត គឺ​ត្រូវ​រងគ្រាប់​មីស៊ីល​របស់អ៊ុយក្រែន។ កាលណោះ ដើម្បី​វាយសងសឹកវិញ រុស្ស៊ី បាន​បាញ់​មីស៊ីល​យ៉ាងសន្ធឹក​វាយប្រហារ​លើកងទ័ពអ៊ុយក្រែន។

តើរុស្ស៊ីនឹងប្រតិកម្ម​យ៉ាងណា?

នៅពេលមានហេតុការណ៍​ផ្ទុះគ្រាប់ នៅ ទឹកដីគ្រីមេដែលជា​កម្មសិទ្ធិ​របស់​រុស្ស៊ី អាជ្ញាធរ​រុស្ស៊ី​ធ្លាប់​បាន​អះអាង​ថា ស្ពានគ្រីមេ ដែល​ស្ថិតឆ្ងាយ ពី​សមរភូមិអ៊ុយក្រែន (ស្ថិតនៅ​មួយចំហៀង​ទៀត​របស់​ឧបទ្វីបគ្រីមេ) ​មិនងាយ​នឹង​រង​ការវាយប្រហារ​ពី​អ៊ុយក្រែន​នោះទេ។

រុស្ស៊ីផ្ទាល់​ក៏ធ្លាប់​បាន​ព្រមាន​រួចហើយថា នឹង​ធ្វើការវាយបក សងសឹក​វិញ បើសិន កងទ័ព​អ៊ុយក្រែន​វាយប្រហារស្ពានគ្រីមេ និង​ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នៅគ្រីមេ ដែល​រុស្ស៊ី​បាន​ចាត់ចូល​ជា​ដែនដី​របស់​ខ្លួន​តាំង​ពីឆ្នាំ ២០១៤។

បើសិន​អ៊ុយក្រែន ជា​អ្នកនៅពីក្រោយ​ហេតុការណ៍​បំផ្ទុះរថយន្ត​ដែលឈាន​ទៅបំផ្លាញ​ស្ពានគ្រីមេ មែន នោះ វាគឺចេតនា ​បំបាក់​មុខមាត់​រុស្ស៊ី ខ្លាំងណាស់ ជាពិសេស​នៅក្នុង​កាលៈទេសៈដែល​កងទ័ព​រុស្ស៊ី​ចុះខ្សោយ​នៅសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន។

នៅព្រឹកមិញនេះ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​រុស្ស៊ី​បាន​ចាត់ទុក ពាក្យចំអក​របស់​មន្រ្តីអ៊ុយក្រែន ទាក់ទង​នឹង​ការផ្ទុះឆេះស្ពាន គ្រីមេថា ជាការស្តែង​ឲ្យឃើញ ពី​ចរិកភេវរនិយម​របស់​អ៊ុយក្រែន។ ចំណែក សមាជិក​សភា​រុស្ស៊ី​ម្នាក់ទៀត បាន​ទាមទារ​ឲ្យ​មានការឆ្លើយតបជាបន្ទាន់ បើសិន​រុស្ស៊ី​មិនចង់​ឲ្យមាន​ការវាយប្រហារ​ភេវរកម្ម​បែបនេះ កើតឡើងកាន់តែ​ច្រើន​នៅរុស្ស៊ី។

ប្រឈម​នឹង​បរាជ័យ​ក្នុង​សង្រ្គាម​អ៊ុយក្រែន លោក​ពូទីន​ធ្លាប់​បាន​គំរាម​ប្រើអាវុធ​នុយក្លេអ៊ែរ​តាក់ទិក ក្នុង​សង្រ្គាម​អ៊ុយក្រែន។ ដូច្នេះ តើ​ការបំផ្ទុះបំផ្លាញ ស្ពានគ្រីមេ ជា​មេភ្លើង​ឈាន​ទៅ​ជំរុញ ឲ្យប្រធានាធិបតី ប្រើធម៌​ក្តៅនៅក្នុង​សង្រ្គាម​អ៊ុយក្រែន? រឿងនេះ គ្មានអ្នកណា​ដឹង ក្រៅពីលោក​ពូទីន នោះទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ