អានតួអត្ថបទ
អ៊ុយក្រែន-គ្រីមេ

អ៊ុយក្រែន​រៀប​ចំ​វេទិកា​អន្តរជាតិ​ស្តីពី​គ្រីមេ ម៉ូស្គូ​ស្រែក​ប្រឆាំង

ប្រតិភូ​តំណាង​ឱ្យ​ប្រទេស​ចំនួន​ជាង​៥០​ កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទទី ២៣​សីហា ២០២១ នៅ​ទីក្រុង​ គៀវ ដើម្បី​ទាមទារ​យក​តំបន់​គ្រីមេ ពី​រុស្ស៊ី​មក​វិញ។ នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​អ៊ុយក្រែន​បាន​រៀប​ចំ​​វេទិកា​អន្តរជាតិ​​ដើម្បី​គ្រីមេ គិត​ចាប់​តាំង​ពី​រុស្ស៊ី​បាន​ក្រសោប​យក​ដែន​ដី​គ្រីមេ​កាលពី​ឆ្នាំ​២០១៤មក។ ភ្លាម​មួយ​រំពេច ម៉ូស្គូ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បរិហារ​​វេទិកាអន្តរជាតិ​នេះ​​ភ្លាមដែរ។

វេទិកា​អន្តរជាតិ​ស្តី​ពី​គ្រីមេ រៀប​ចំ​ធ្វើ​នៅ​ក្រុង​គៀវ​ប្រទេស​អ៊ុុយក្រែន ថ្ងៃទី ២៣​សីហា ២០២១
វេទិកា​អន្តរជាតិ​ស្តី​ពី​គ្រីមេ រៀប​ចំ​ធ្វើ​នៅ​ក្រុង​គៀវ​ប្រទេស​អ៊ុុយក្រែន ថ្ងៃទី ២៣​សីហា ២០២១ © AFP
ផ្សាយពាណិជ្ជកម្ម

"កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​របស់​​អន្តរជាតិ​ ត្រូវ​តែ​រុញ​​រុស្ស៊ី​ឱ្យ​ចូល​មក​អង្គុយ​ចរចា​ អំពី​ ​ដែន​ដី​គ្រីមេរបស់​អ៊ុយក្រែន។ អ៊ុយក្រែន​តែ​ម្នាក់​ឯង​មិន​អាច​យក​គ្រីមេ​បាន​មក​វិញ​ទេ ! ត្រូវ​តែ​មាន​ការ​គាំទ្រ​កំរិត​អន្តរជាតិ​ ទើប​អាច​រំដោះតំបន់​គ្រីមេ​បាន។" នេះ​ជា​​សុន្ទរកថារបស់​លោក​ រ៉ូឡូឌីមៀរ ហ្សេឡេនស្គី​ Volodynmyr Zelenski ប្រធានាធិបតី​អ៊ុយក្រែន ​នា​ឱកាស​បើក​វេទិកាអន្តរជាតិ​ស្តីពីគ្រីមេ ដោយ​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប លោក Charles Michel​ថា អ៊ុយក្រែន​នឹង​មិន​ឯកា ហើយ​គ្រីមេគឺ​ជា​អ៊ុយក្រែន។ "ការ​ក្រសោប​យក​គ្រីមេ" ជា​ទង្វើ​រំលោភ​បំពាន​សន្តិសុខ​អឺរ៉ុប​យ៉ាង​ងងើល​បំផុត។ នេះ​បើ​តាម​ប្រសាសន៍​រប់ស​លោ​ក​នាយក​រដ្ឋមន្ត្រីស៊ុយអែត។​

នេះ​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​គ្រីមេ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​រុស្ស៊ី​មក ដែល​មាន​ការ​រៀប​ចំ​វេទិកា​អន្តរជាតិដើម្បី​គ្រីមេ នៅ​លើ​ទឹក​អ៊ុយក្រែន។ វេទិកា​អន្តរជាតិ​ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ​ទី ២៣​សីហា​នេះ​ ​បាន​ការ​ចូល​រួម​ពី​តំណាង​មក​ជា​ច្រើន​ប្រទេស និង​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល ១៥​ប្រទេស មាន​អាទិ៍ប៉ូឡូញ ម៉ុលដាវី ឬស៊ុយអែត​ជា​ដើម។ ចំណែក​បារាំង អាល្លឺម៉ង់ សហរដ្ឋ​អាមេរិក និង​តួកគី បាន​បញ្ជូន​តំណាង​ត្រឹម​ជា​រដ្ឋមន្ត្រី​ឬ​ប្រធាន​សភា​មក​ចូល​រួម។

ប៉ុន្តែ​ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល ក្រេម​ឡាំង​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​ភ្លាម​ ដោយ​ចាត់​ទុក​​វេទិកាអន្តរជាតិ​​ស្តី​ពី​គ្រីមេ ជា​ព្រឹត្តិការណ៍​ប្រឆាំង​នឹង​រុស្ស៊ី។ បើ​តាម​សារព័ត៌មាន​អ៊ុយក្រែន រុស្ស៊ី​បាន​ដាក់​សម្ពាធ​​លើ​បណ្តា​ប្រទេស​ជា​ច្រើន តាំង​ពី​មុន​​វេទិកា​បើក មិន​ឱ្យ​មក​ចូល​រួម​ក្នុង​ជំនួប​អន្តរជាតិ​នេះ​ទេ​ និង​ថែម​ទាំង​បាន​ដាក់​ទណ្ឌកម្ម​លើរូប​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​អ៊ុយក្រែន​ Dmytro Kouleba ដើម្បី​សង​សឹង​ចំពោះ​សកម្មភាព​រៀប​ចំ​វេទិកា​អន្តរជាតិ​ស្តី​ពីគ្រីមេ​នេះ។

សូម​រំឭក​​ថា គ្រី​មេ​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​រុស្ស៊ី នៅ​ខែ​មីនា​ឆ្នាំ​២០១៤ ក្រោយ​មាន​ផ្ទុះ​ចលនា​បដិវត្ត​នៅ​​ទីក្រុង​គៀវ ដែល​​ម៉ូស្គូ​ចាត់​ទុក​ជា​រដ្ឋប្រហារ។ ហេតុការណ៍​នោះ​បាន​ជំរុញ​​ឱ្យ​មាន​សង្គ្រាម​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ទល់​នឹង​ចលនា​ទាមទារ​ផ្តាច់​ទឹក​ដី​គាំទ្រ​ដោយ​រុស្ស៊ី​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ